តុលាការរបបក្រុងភ្នំពេញបានដោះលែងលោក រ៉ុង ឈុន និងសកម្មជនសង្គម សកម្មជននយោបាយមួយចំនួនពីពន្ធនាគារហើយ នៅថ្ងៃទី១២ ខែវិច្ឆិកា បន្ទាប់ពីពួកគាត់ជាប់ពន្ធនាគារចន្លោះពីជាង១០ខែទៅជាង១៥ខែ។ ប៉ុន្តែលោក រ៉ុង ឈុន និងសកម្មជនមួយចំនួន រិះគន់ថា ការដោះលែងភ្ជាប់ជាមួយលក្ខខណ្ឌតឹងរ៉ឹង ជាច្រើននេះ នៅតែអយុត្តិធម៌សម្រាប់ពួកគាត់។
មេដឹកនាំសហជីព និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន ព្រមទាំងសកម្មជនមួយចំនួន ត្រូវបានដោះលែងពីពន្ធនាគារជាបន្តបន្ទាប់នៅថ្ងៃទី១២ ខែ វិច្ឆិកា បន្ទាប់ពីជាប់ឃុំគ្រប់ចំនួនកំណត់។ សកម្មជនទាំងនេះ មានរូបកាយស្លេកស្លាំង និងស្គមស្គាំងដូចៗគ្នា ប៉ុន្តែពួកគាត់នៅតែបង្ហាញស្មារតី និងជំហររឹងមាំដដែល។ ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ និងប្រជាពលរដ្ឋជាង២រយ(២០០)នាក់ បាននាំគ្នារង់ចាំទទួលស្វាគមន៍ពួកគាត់នៅខាងមុខពន្ធនាគារ។
លោក រ៉ុង ឈុន ដែលចង់ទង់ជាតិខ្មែរនៅលើក្បាល បានថ្លែងដោយសេចក្តីក្លាហាននៅចំពោះមុខប្រជាពលរដ្ឋដែលទៅទទួលលោកនៅខាងមុខពន្ធនាគារថា ពន្ធនាគារ មិនអាចបំបាក់ស្មារតីលោកបានទេ។លោកបន្តថា ទោះបីជាលោក ចេញពីពន្ធនាគារក្តី ក៏នៅតែអយុត្តិធម៌សម្រាប់លោក និងសកម្មជនផ្សេងទៀតដដែល ព្រោះតុលាការ នៅតែបន្តរក្សាបទប្រកាន់ដូចៗគ្នា និងជាប្រាក់ពីលោកដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀត។ លោក រ៉ុង ឈុន អំពាវនាវឲ្យប្រជាពលរដ្ឋ យុវជន ក្រុមបញ្ញវន្ត និងគ្រូបង្រៀន ត្រូវរួមសាមគ្គីគ្នា ដើម្បីជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៖ «ខ្ញុំ រ៉ុង ឈុន មកជួបបងប្អូនវិញហើយ។ យើងត្រូវតែធ្វើដំណើរវិលទៅរកសេរីភាព។ យើងត្រូវតែស្វែងរកលទ្ធិប្រជាធិបតេយ្យជូនប្រទេសយើងតទៅទៀត។ ជំហររបស់ខ្ញុំនៅពេលនេះ ទោះបីជាខ្ញុំមកជាប់នៅក្នុងពន្ធនាគារ ជាង១ឆ្នាំ តែអារម្មណ៍ខ្ញុំ នៅតែឋិតនៅជាមួយបងប្អូនជានិច្ចហើយពន្ធនាគារនេះ មិនអាចបំបាក់ស្មារតីយុវជន បងប្អូនជនរួមជាតិបានទេ។ នៅពេលយើងឈប់ខ្លាចពេលនោះហើយគេឈប់ចាប់យើងហើយ។ យើងត្រូវតែក្លាហានទាំងអស់គ្នាដើម្បី សេរីភាពយើង សិទ្ធិយើងនិងដើម្បីប្រជាធិបតេយ្យរបស់យើង»។
លោក រ៉ុង ឈុន បានដើរចេញពីខាងក្នុងពន្ធនាគារជាមួយប្រធានគណបក្សខ្មែរឈ្នះគឺលោក សួង សុភ័ណ្ឌ។ លោក សួង សុភ័ណ្ឌ លើកឡើងថា លោកនៅតែមានឆន្ទៈនិងស្មារតីរឹងមាំដដែល ព្រមទាំងត្រៀមបន្តសកម្មភាពនយោបាយរបស់លោកឡើងវិញ ដើម្បីការពារផលប្រយោជន៍ និងប្រជាពលរដ្ឋ។
ក្រោយមានប្រជាពលរដ្ឋជាច្រើន បានប្រមូលផ្តុំគ្នារង់ចាំទទួលលោក រ៉ុង ឈុន នេះ អាជ្ញាធររបបក្រុងភ្នំពេញ ក៏បានពង្រាយកងកម្លាំងចម្រុះជាច្រើន នៅតាមដងផ្លូវមុខពន្ធនាគារ ដើម្បីឃ្លាំមើល និងរង់ចាំទប់ស្កាត់កុំឲ្យមានការដង្ហែក្បួន៖ «ជយោ ! លោក រ៉ុង ឈុន គឺជាវីរៈបុរសរបស់កម្មករខ្មែរ»។
ការដោះលែងលោក រ៉ុង ឈុន នេះ គឺបន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ លោក យន់ ណារ៉ុង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា បានសម្រេចតម្កល់ការផ្ដន្ទាទោសលោក រ៉ុង ឈុន ប៉ុន្តែបានបន្ថយទោសជាប់ពន្ធនាគារមកនៅត្រឹមរយៈពេល ១៥ខែ និង១១ថ្ងៃ នៃទោសពន្ធនាគារសរុប២៤ខែ ហើយទោសដែលនៅសល់ត្រូវបានព្យួរ។
ចំណែកកញ្ញា ស កណិការ វិញ សាលាឧទ្ធរណ៍សម្រេចឱ្យជាប់ពន្ធនាគារចំនួន១៥ ខែនិង៥ថ្ងៃនៃទោសសរុបចំនួន២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ។ ចំពោះលោក តុន និមល ត្រូវបានសាលាឧទ្ធរណ៍សម្រេចឱ្យជាប់ពន្ធនាគារចំនួន ១៤ខែ និង២៤ ថ្ងៃនៃទោសសរុបចំនួន ២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ។ បើគិតពីថ្ងៃចាប់ខ្លួនមក គឺលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល បានជាប់ពន្ធនាគារគ្រប់ចំនួនកំណត់ដែលត្រូវដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកា។
ទោះជាយ៉ាងណា សាលាឧទ្ធរណ៍ ក៏បានសម្រេចព្យួរទោសសាកល្បងអ្នកទាំង៣នាក់ចំនួន ៣ឆ្នាំ ផងដែរ ក្រោយពេលដោះលែង ដោយតម្រូវឱ្យអ្នកទាំងបី គោរពនូវវិធានការដ៏តឹងរ៉ឹងជាច្រើន ដូចជាមិនអាចទាក់ទងជាមួយគ្នា ហើយត្រូវរាយការណ៍ជូនព្រះរាជអាជ្ញានៅពេលអ្នកទាំងបីផ្លាស់ប្ដូរទីលំនៅ ឬការងារជាដើម។ ក្រៅពីនេះ សាលាឧទ្ធរណ៍ក៏សម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូង ដែលឱ្យសកម្មជនទាំង៣នាក់ បង់ប្រាក់ពិន័យម្នាក់ៗចំនួន ២លានរៀល ឬស្មើនឹង៥រយដុល្លារ(៥០០ដុល្លារ) និងបង្គាប់ឱ្យអ្នកទាំង៣នាក់ សងសំណងជំងឺចិត្តរួមចំនួន ៤០០លានរៀល ឬស្មើនឹង១០ម៉ឺនដុល្លារ(១០០.០០០ ដុល្លារ) សម្រាប់ការខូចខាតផ្សេងៗ ដល់គណៈកម្មាធិការជាតិកិច្ចការព្រំដែនផងដែរ។
មេធាវីការពារក្តី លោក សំ សុគង់ ថ្លែងថា កូនក្តីរបស់លោកទាំង៣រូប នៅតែចាត់ទុកថា ការសម្រេចក្តីនេះ ជារឿងអយុត្តិធម៌ ហើយពួកគាត់ បានប្រាប់លោកភ្លាមៗ ដើម្បីជួយដាក់បណ្តឹងជំទាស់ទៅតុលាការកំពូលទៀត៖ «នៅពេលប្រកាសសាលាដីកា បែរជាកូនក្តីរបស់ខ្ញុំទាំង បីនាក់ នៅតែមានឈ្មោះថាជាអ្នកមានកំហុស និងផ្ដន្ទាទោស និងថែមទាំងដាក់លក្ខខណ្ឌ៧ចំណុច ដែលធ្វើឲ្យការសម្រេចនេះ មិនបានផ្តល់យុត្តិធម៌ចំពោះពួកគាត់»។
នៅថ្ងៃដដែលនេះ អ្នកដែលតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន រួមមានក្រុមយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី និងសកម្មជនគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ក៏ត្រូវបានដោះលែងពីពន្ធនាគារដែរ។
សមាជិកខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ថ្លែងថា លោកត្រេកអរដែលរូបលោក និងសកម្មជនផ្សេងទៀត ត្រូវបានដោះលែងជាបន្តបន្ទាប់ ក្រោយជាប់ឃុំនិងរងទុក្ខវេទនាក្នុងពន្ធនាគារជាង១ឆ្នាំដោយអយុត្តិធម៌។ លោកបន្តថា ការដាក់ទោសពួកលោកកន្លងមកនេះ មិនអាចបញ្ឈប់ពួកលោកក្នុងការបន្តទាមទារយុត្តិធម៌សង្គមបានទេ៖ «យើងជាអ្នកការធ្វើការរឿងសិទ្ធិមនុស្ស ហើយមុនការចាប់ខ្លួននេះ យើងចង់ការពារនិងរកយុត្តិធម៌ជូនលោកគ្រូ រ៉ុង ឈុន ដែលជាវីរបុរសការពារព្រំដែនរបស់យើង។ បន្ទាប់មកអយុត្តិធម៌នេះ ធ្លាក់មកលើយើងទៀត ដូច្នេះ យើងនឹងទាមទារយុត្តិធម៌សម្រាប់ខ្លួនឯង និងសម្រាប់សកម្មជននៅថ្ងៃក្រោយទៀត»។

សមាជិកខ្មែរថាវរៈមួយរូបទៀត គឺលោកស្រី ឈឿន ដារ៉ាវី រៀបរាប់ទាំងទឹកភ្នែកនៅ ខាងមុខពន្ធនាគារថា ជារឿងឈឺចាប់ និងអយុត្តិធម៌បំផុតដែលតុលាការ សម្រេចឲ្យពួកលោកស្រី មានទោសជាប់ពន្ធនាគារ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ទោះជាយ៉ាងណា លោកស្រី នៅតែប្រកាន់ខ្ជាប់គោលជំហរដូចដើម៖ «វាអយុត្តិធម៌សម្រាប់យើង ព្រោះយើងគ្រាន់តែប្រើសិទ្ធិជាប្រជាពលរដ្ឋ សម្ដែងមតិ។ ពេលឈឺយើងត្រូវការស្រែក ព្រោះយើងមិនអាចអន់ជាងសត្វទេ។ ក្នុង សង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិសម្ដែងមតិ ម្ល៉ោះហើយការចាប់នេះ គឺជាបំពានច្បាប់ ដែលខ្ញុំមិនអាចទទួលយកបានទេ។ ការចាប់នេះ ស្មើនឹងសម្លាប់ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្លួនឯង។ ខ្ញុំកាន់តែតស៊ូលើសដើម»។
អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនលោក រ៉ុង ឈុន កាលពីយប់ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ ក្រោយពីលោកចេញសេចក្តីថ្លែងការណ៍អំពីបញ្ហាកសិករខ្មែរបាត់ដីធ្លីនៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ទៅប្រទេសវៀតណាម។ ក្រោយមកអាជ្ញាធរក្រុងភ្នំពេញ ក៏បានបន្តចាប់ខ្លួនអ្នកតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ជាច្រើននាក់ទៀតដាក់ពន្ធនាគារបន្តបន្ទាប់ ក្នុងអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ក្នុងនោះមានទាំងក្រុមយុវជនខ្មែរថាវរៈ ក្រុមយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមទាំងសកម្មជនគណបក្សសង្គ្រោះជាតិផងដែរ។ តុលាការក្រុងភ្នំពេញបានចោទប្រកាន់ពួកគាត់ដូចៗគ្នាពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ស្វាគមន៍ ចំពោះការដោះលែងសកម្មជនជាបន្តបន្ទាប់នេះ ប៉ុន្តែលោកនៅតែស្នើឲ្យតុលាការ ទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ទាំងអស់ ដើម្បីឲ្យពួកគាត់មានសេរីភាពពេញលេញឡើងវិញ៖ «សាធារណមតិ និងប្រជាពលរដ្ឋ ក៏គេយល់បែបនេះដែរថា ជាធម្មតាការដោះលែងមនុស្សដោយភ្ជាប់នូវលក្ខខណ្ឌ គឺស្មើនឹងវាស់វែងនៅសិទ្ធិសេរីភាពឲ្យដើរនេះហើយ ដូច្នេះវាអត់សមស្របនឹងសិទ្ធិសេរីភាពរបស់គាត់នៅក្នុងសង្គមប្រជាធិបតេយ្យទេ»។
ក្រុមអង្គការជាតិ-អន្តរជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យ ព្រមទាំងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិជាតិ បានចាត់ទុកថា ការចាប់ខ្លួន និងចោទប្រកាន់លោក រ៉ុង ឈុន និងសកម្មជនផ្សេងៗទៀត គឺជារឿងអយុត្តិធម៌ និងគ្មាន មូលដ្ឋានច្បាប់។ ក្រៅពីនេះ ប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ក៏កំពុងធ្វើយុទ្ធនាការទាមទារឲ្យដោះលែងពួកគេវិញជាបន្តបន្ទាប់ផងដែរ៕
សូមលោកអ្នកនាងរងចាំស្តាប់ព័ត៌មានពិស្តារនៅក្នុងកម្មវិធីផ្សាយនៅរាត្រីនេះ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។