តុលាការកំពូលនៅព្រឹកថ្ងៃពុធ ទី១៩ ធ្នូ បានចេញសាលដីការក្សាសេចក្ដីសម្រេចសាលាឧទ្ធរណ៍ឲ្យ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចាញ់ក្ដី មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅក្នុងសំណុំរឿង លោក ហ៊ុន សែន សូកប៉ាន់នាង ធី សុវណ្ណថា។
មេធាវីការពារក្តី ឲ្យលោក ហ៊ុន សែន គឺ លោកមេធាវី គី តិច ប្រាប់សារព័ត៌មានក្នុងស្រុកថា តុលាការកំពូលសម្រេច បដិសេធបណ្ដឹងសាទុក្ខ របស់មេធាវីការពារសិទ្ធិឲ្យលោក សម រង្សី ដោយហេតុផលទាស់នឹងគតិច្បាប់ តម្កល់សេចក្ដីសម្រេចក្នុងសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការពេញទាំងមូល និងសាលដីកាតុលាការកំពូល ត្រូវប្រកាសជាសាធារណៈ នៅថ្ងៃទី១៩ ខែធ្នូ។
នេះជាបណ្ដឹងទី៧ ប្រឆាំងលោក សម រង្ស៊ី។ ដើមហេតុនៃបណ្ដឹងនេះ គឺ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០១៧ លោក សម រង្ស៊ី ថ្លែងថា លោក ហ៊ុន សែន បានសូកប៉ាន់ អតីតសកម្មជនគណបក្សប្រឆាំង ឈ្មោះ ធី សុវណ្ណថា ជាទឹកប្រាក់ ចំនួន ១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារបក្សប្រឆាំង។ ក្នុងបណ្ដឹងនេះ លោក ហ៊ុន សែន ទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី ចំនួន ១លានដុល្លារ ឯនាង ធី សុវណ្ណថា ក៏បានដាក់ពាក្យប្ដឹងដាច់ដោយឡែកមួយផ្សេងទៀតដែរ គឺទារសំណងជំងឺចិត្ត ចំនួន៥០ម៉ឺនដុល្លារ។ បណ្ដឹងបរិហារកេរ្តិ៍ជាសាធារណៈនេះ នៅដំណាក់កាលសាលាដំបូងរាជធានីភ្នំពេញ គឺ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ចៅក្រមសម្រេចផ្ដន្ទាទោស លោក សម រង្ស៉ី ផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្ដឹង គឺ លោក ហ៊ុន សែន ចំនួន ៤ពាន់លាន រៀល។ ចំណែកនៅដំណាក់កាលសាលាឧទ្ធរណ៍វិញ កាលពីថ្ងៃទី០៦ ខែមីនា ចៅក្រមបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការទាំងអស់។ អាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់ពីមេធាវីការពារក្ដី ឲ្យលោក សម រង្ស៊ី គឺ លោក មេធាវី សំ សុគង់ និង អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោគ ជាច្រើនដង ប៉ុន្តែមិនលើកទូរស័ព្ទ។
លោក ហ៊ុន សែន ក៏ធ្លាប់ព្រមានរឹបអូសទ្រព្យសម្បត្តិ របស់ លោក សម រង្ស៊ី ដែរ ប្រសិនមិនសងលុយលោក តាមបង្គាប់របស់តុលាការ៕