ព្រះមហាក្សត្រ​ព្រះរាជទាន​លើក​លែង​ទោស​មេឃុំ​បក្ស​ប្រឆាំង​លោក ស៊ាង ចែត

លោក​មេឃុំ​ ស៊ាង ចែត (ឆ្វេង​ក្នុង​សំលៀកពាក់​ពណ៌​ទឹក​ក្រូច) ពេល​នាំ​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha
លោក​មេឃុំ​ ស៊ាង ចែត (ឆ្វេង​ក្នុង​សំលៀកពាក់​ពណ៌​ទឹក​ក្រូច) ពេល​នាំ​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Sorn Chanratha (RFA/Sorn Chanratha)

0:00 / 0:00

0:00 / 0:00

លោក​មេ​ឃុំ ស៊ាង ចែត ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ទាន​លើកលែង​ទោស​ហើយ ក្រោយ​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បើក​ផ្លូវ​ឲ្យ​មាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ។ ការ​ដោះលែង​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​កិច្ច​ប្រជុំ​សភា គឺ​លោក ស ខេង បញ្ជាក់​ថា មេ​ឃុំ​មក​ពី​បក្ស​ប្រឆាំង​រូប​នេះ នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​វិញ​ហើយ។ បរិបទ​នយោបាយ​ដែល​ប្រែប្រួល​ដ៏​ឆាប់​បែប​នេះ ស្រប​ពេល​មេ​ដឹកនាំ​របស់​បក្ស​នយោបាយ​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​បន្ត​ប្រើប្រាស់​វប្បធម៌​សន្ទនា​ឡើង​វិញ។

លោក ហ៊ុន សែន បាន​ដឹក​ដៃ​គ្នា​ជាមួយ​លោក កឹម សុខា ត្រសង​ចូល​សភា​ជា​លើក​ដំបូង ក្រោយ​ពី​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ អវត្តមាន​ចូល​ប្រជុំ​សភា​ពេញ​អង្គ​ប្រមាណ ១​ឆ្នាំ​មក​ហើយ។ មុន​ពេល​ចាប់​ផ្តើម​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​ដំណើរ​ការ​នោះ គេ​សង្កេត​ឃើញ​ទាំង​លោក ហ៊ុន សែន និង​លោក កឹម សុខា សាសង​គ្នា​មួយ​សន្ទុះ មុន​ពេល​ដើរ​ចេញ​ពី​បន្ទប់​ប្រជុំ​សភា​ស្ងាត់ៗ។

មូលហេតុ​ដែល​នាំ​ឲ្យ​វិបត្តិ​នយោបាយ​មាន​ភាព​ប្រសើរ​ឡើង​រហូត​លោក​មេ​ឃុំ ស៊ាង ចែត ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ និង​កិច្ចការ​បន្ទាប់ ដល់​វេន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង​នៃ គ.ជ.ប នោះ ជាប់​ទាក់ទង​នឹង​ការ​ស្រុះស្រួល​ផ្នែក​នយោបាយ ដែល​បាន​ខ្វែង​គំនិត​គ្នា​ជាង​ពាក់​កណ្ដាល​អាណត្តិ​មក​ហើយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ពិសេស​ក្រោយ​ពេល​វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​ពីរ​រូប ការ​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ រដ្ឋសភា និង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ក្រោយ​ប្រជុំ​សភា​ពេញ​អង្គ​បាន​បិទ​បញ្ចប់​ថា មេ​ឃុំ ស៊ាង ចែត នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​៧ ធ្នូ នេះ។ លោក​បន្ថែម​ថា ដោយឡែក​មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប លោក នី ចរិយា នឹង​លើក​ទៅ​ពិភាក្សា​នៅ​ចុង​ខែ​ធ្នូ ខាង​មុខ​នេះ​ដែរ។ ក្រៅ​ពី​នេះ លោក ស ខេង នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ពី​ជោគ​វាសនា​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ដទៃ​ទៀត​ដែល​កំពុង​ជាប់​ឃុំ ថា​តើ​នឹង​ត្រូវ​ដោះលែង​ដែរ ឬ​យ៉ាង​ណា? លោក​បន្ត​ថា « ខ្ញុំ​មិន​បាន​ជជែក​រឿង​នេះ គឺ​ឯកឧត្ដម កឹម សុខា ជជែក​ជាមួយ​សម្ដេច​តេជោ។ បើ​តាម​ខ្ញុំ​ដឹង ប្រហែល​ជា​មុន​ដំណាច់​ខែ​១២ នេះ នឹង​មាន​ការ​ដោះស្រាយ​ករណី​មន្ត្រី​សិទ្ធិ​មនុស្ស ហើយ​និង​អគ្គលេខាធិការ​រង គ . . »

ព្រះ​មហាក្សត្រ​ព្រះរាជទាន​លើក​លែង​ទោស​មេឃុំ​បក្ស​ប្រឆាំង​លោក ស៊ាង ចែត ព្រះ​មហាក្សត្រ​ព្រះរាជទាន​លើក​លែង​ទោស​មេឃុំ​បក្ស​ប្រឆាំង​លោក ស៊ាង ចែត

ការ​លើកលែង​ទោស​មេ​ឃុំ ស៊ាង ចែត ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក ស៊ាង ចែត ដាក់​ពន្ធនាគារ ៥​ឆ្នាំ​កាល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ពី​បទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

ក្នុង​ពេល​រដ្ឋសភា​កំពុង​បន្ត​សម័យ​ប្រជុំ​ពេញ​អង្គ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ លោក ហ៊ុន សែន និង​លោក កឹម សុខា បាន​ឆ្លៀត​ពេល​ជួប​ប្រជុំ​គ្នា​ក្នុង​បន្ទប់​សម្ងាត់ ដែល​ប្រើ​ពេល​ប្រមាណ ១​ម៉ោង។ ក្រោយ​ការ​ប្រជុំ​ជា​លក្ខណៈ​ទ្វេ​ភាគី​នេះ​បាន​បិទ​បញ្ចប់ មិន​បង្អង់​យូរ​ឡើយ លោក កឹម សុខា ក៏​ជួប​ប្រជុំ​ភ្លាម​ដែរ​ជាមួយ​លោក ស ខេង។ ប្រហែល​ជា​ការ​ជួប​គ្នា​ដោយ​សម្ងាត់​រវាង​មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​លោក ហ៊ុន សែន នេះ​ហើយ ទើប​បើក​ផ្លូវ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ចុង​ក្រោយ ដែល​លោក ស ខេង បញ្ជាក់​ថា វាសនា​សកម្មជន​បក្ស​ប្រឆាំង​ដែល​នៅ​សេសសល់​ដទៃ​ទៀត ប្រហែល​ជា​មេ​ដឹកនាំ​ទាំង​ពីរ​ជជែក​គ្នា​ដាច់​ដោយឡែក។

ជុំវិញ​ដំណោះស្រាយ​នយោបាយ​នេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​មុន​ចាប់​ដំណើរ​ការ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ ដោយ​ចាត់​ទុក​លោក កឹម សុខា ជា​ដៃគូ​សន្ទនា​ថ្មី​របស់​លោក ក្នុង​ក្របខ័ណ្ឌ​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ព្រមាន​ដែរ​ថា ប្រសិន​បើ​តួនាទី​ដែល​នឹង​ផ្ដល់​ឲ្យ​លោក កឹម សុខា នេះ​មាន​ភាព​ស្មុគស្មាញ អាច​នឹង​ត្រូវ​រុះរើ​មាត្រា​មួយ​ចំនួន​ឡើង​វិញ។ លោក​បន្ត​ថា « ប្រសិន​បើ​មិន​អាច​ទទួល​យក​ការ​តែងតាំង​នេះ​បាន គឺ​មាន​តែ​វិធី​បក​ត្រឡប់​មក​ធ្វើ​វិសោធនកម្ម​មាត្រា​៤៨ ដែល​ដក​ចេញ​ទាំងអស់​នូវ​តួនាទី​ទាំងឡាយ ហើយ​វិល​ត្រឡប់​ទៅ ៤៨ . ២ វិញ »

សម្ភាស​លោក​ គឹម សុខ​ និង​ បណ្ឌិត​ មាស នី​ ជុំវិញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន

សម្ភាស​លោក​ គឹម សុខ​ និង​ បណ្ឌិត​ មាស នី​ ជុំវិញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន សម្ភាស​លោក​ គឹម សុខ​ និង​ បណ្ឌិត​ មាស នី​ ជុំវិញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន

ហាក់​ផ្ទុយ​ពី​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ​បន្តិច ដោយឡែក​លោក កឹម សុខា វិញ​យល់​ឃើញ​ថា រឿង​តួនាទី​មុខ​មាត់​វា​គ្រាន់​តែ​ជា​កិច្ចការ​ក្រៅ​ខ្លួន​ប៉ុណ្ណោះ សំខាន់​គឺ​ទិសដៅ​រួម​ដែល​បក្ស​នយោបាយ​នីមួយៗ​តែង​ប្រកាន់​យក គឺ​រួបរួម ឯកភាព​ជាតិ និង​ផ្សះផ្សា​ជាតិ​តែ​មួយ​ជាមួយ​គ្នា។

តាម​រយៈ​ការ​ឯកភាព​នយោបាយ​នេះ លោក កឹម សុខា រំពឹង​ថា បក្ស​ទាំង​ពីរ​នឹង​លែង​ខ្វែង​គំនិត​គ្នា ហើយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ជាមួយ​គ្នា។ លោក​បន្ត​ថា « ចំពោះ​តំណែង​តួនាទី មុខងារ វា​គ្រាន់​តែ​ជា​មធ្យោបាយ​សម្រាប់​យើង​ធ្វើ​ដំណើរ​ទៅ​រក​ផ្លូវ​នោះ​ទេ ប៉ុន្តែ​បើ​សិន​ជា​ទោះ​ជា​តួនាទី​ធំ​ប៉ុនណា​ក៏ដោយ ខ្ពស់​ប៉ុនណា​ក៏ដោយ តែ​បើ​យើង​ដើរ​ខុស​គោលដៅ​ដែល​យើង​ចង់​បាន ដែល​យើង​ត្រូវ​ដើរ​ជាមួយ​នោះ ក៏​មិន​អាច​ជោគជ័យ​ដែរ »

បញ្ហា​នេះ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត យល់​ឃើញ​ថា នេះ​ជា​ការ​វិវឌ្ឍន៍​មួយ​ល្អ​សម្រាប់​ប្រទេស​ជាតិ ជាពិសេស​អ្នក​ចំណេញ គឺ​ពលរដ្ឋ។ ផ្ទុយ​ពី​នេះ​វិញ អ្វី​ដែល​ជា​ចម្ងល់ និង​ជា​ការ​បារម្ភ​នោះ គឺ​អាច​ជា​ការ​លែង​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វិញ​ទេ។

យ៉ាង​ណា​ក៏ដោយ ទាក់ទិន​ការ​ផ្លាស់ប្ដូរ​តួនាទី​នេះ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)របស់​លោក​ថា មុខ​តំណែង​មិន​សំខាន់​ទេ អ្វី​ដែល​ចាំបាច់​បំផុត គឺ​ភាព​ទៀង​ត្រង់ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស។ លោក​បន្ថែម​ថា លោក​យល់ព្រម​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ឲ្យ​តែ​ប្រទេស​នៅ​គង់វង្ស និង​ឆ្ពោះ​ទៅ​រក​ភាព​រុងរឿង។

សូម​ស្ដាប់​ការ​វិភាគ​ទាក់ទង​នឹង​ការ​វិឌ្ឍន៍​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​ ដោយ​លោក​ មាស នី និង លោក គឹម សុខ តាយ​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។