សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ឬ របបខ្មែរក្រហម ដែលត្រូវបានបក្សកាន់អំណាចចាត់ទុកថា ជាច្បាប់ប្រញាប់នោះ ត្រូវបានស្ថាប័នព្រឹទ្ធសភាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន បានផ្ដល់ការឯកភាព និងអនុម័តដោយគ្មានបង្អង់ និងគ្មានការជជែកសួរដេញដោលច្រើននោះឡើយ ក្រោយពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៨ កុម្ភៈ។
សេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែកុម្ភៈ ឱ្យដឹងថា ព្រឹទ្ធសភាបានបើក សម័យប្រជុំវិសាមញ្ញដឹកនាំដោយអនុប្រធានទី១ ព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ និងសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៥រូប ដើម្បីសម្រេចលើរបៀបវារៈចំនួនពីរក្នុងនោះរួមមានសេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ចំណែក ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន មិនបានចូលរួមដឹកនាំកិច្ចប្រជុំព្រឹទ្ធសភានៅពេលនេះទេដោយលោកបានប្រកាសថា លោកមានជំងឺកូវីដ១៩។
អត្ថបទដែលទាក់ទង៖
តើច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម ចាំបាច់ដែរឬទេសម្រាប់សង្គមបច្ចុប្បន្ន?
សេចក្ដីប្រកាសព័ត៌មានឱ្យដឹងបន្ថែមថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់នេះដោយឥតកែប្រែចំនួន ៥៥សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្ដីព្រាងច្បាប់ថ្មីនេះមានចំនួន ៧មាត្រា នឹងដាក់ទោសទៅលើបុគ្គលទាំងឡាយណា ដែល មិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ឱ្យជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ហើយពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ខណៈដែលច្បាប់មុនផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារត្រឹមតែពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១លានរៀល ទៅ ៤លានរៀល។
ទោះជាយ៉ាងណាក្ដី អ្នកវិភាគថា ការអនុម័តច្បាប់ថ្មីនេះ ពុំផ្ដល់ផលចំណេញអ្វីដល់ជាតិនោះទេ ព្រោះថា ច្បាប់នេះធ្វើឡើង ដើម្បីតែការពារផលប្រយោជន៍បក្សកាន់អំណាច ដែលចង់បន្លំប្រវត្តិសាស្ត្រឱ្យពលរដ្ឋបន្តដឹងគុណបំណាច់វៀតណាមកុម្មុយនិស្ត ដែលធ្លាប់បានឈ្លានពានទឹកដីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។