តុលាការ​ផ្ដន្ទាទោស​គ្រូបង្រៀន​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ពី​បទ​រំលោភ​ភេទ​លើ​កុមារី

ទិដ្ឋភាពខាងមុខសាលាដំបូង​រាជធានី​ភ្នំពេញ
ទិដ្ឋភាពខាងមុខសាលាដំបូង​រាជធានី​ភ្នំពេញ (រូប៖ ពលរដ្ឋ)

តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​គ្រូបង្រៀន​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន អាយុ​ក្រោម ១៥​ឆ្នាំ និង​បទ​ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ កន្លង​មក​នេះ។

គ្រូបង្រៀន​ដែល​ត្រូវ​ចោទ​រូប​នោះ ឈ្មោះ សឿង រ៉ាំងសី អាយុ ២៧ ឆ្នាំ បង្រៀន​នៅ​សាលា​ឯកជន​មួយ​ក្នុង​ក្រុងភ្នំពេញ​។ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​បង្គាប់​ឲ្យ​ជនល្មើស សង​ប្រាក់​សំណង​ចំនួន​ជាង ៣​ម៉ឺន​ដុល្លារ ដល់​ជនរងគ្រោះ​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ប្រឆាំង​ការ​ជួញដូរ​កុមារ ( Action Pour Les Enfants-APLE) កាលពី​ថ្ងៃទី ១១ ខែ​ធ្នូ ឲ្យ​ដឹង​ថា ក្រោយពី​ក្រសួង​អប់រំ​ប្រកាស​ឲ្យ​បិទ​សាលារៀន​រដ្ឋ និង​ឯកជន ជា​បណ្ដោះអាសន្ន កាលពី​ខែ​មិនា ឆ្នាំ​២០២០ ដោយ​អនុញ្ញាត​ឲ្យ​រៀន​តាម​ប្រព័ន្ធ​អន​ឡាយ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីត​១៩​មក គ្រូបង្រៀន​រូប​​​​​​​​​​នេះ ក៏បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​សិស្ស​ខ្លួនឯង​។ បន្ទាប់ពី​បាន​លួងលោម​ឲ្យ​សិស្ស​រូប​នោះ បាក់ចិត្ត​ស្រឡាញ់​និង​ទុកចិត្ត​រួច​មក ជនល្មើស​ក៏​បង្គាប់​ឲ្យ​ផ្ញើ​រូបថត​អាក្រាត​មក​ខ្លួន។ ក្រោយពី​បាន​រូបថត​អាក្រាត​ហើយ ជនល្មើស​ក៏​ចាប់​ផ្តើម​ជំរិត​ទារ​ប្រាក់​ជា​បន្តបន្ទាប់ និង​គំរាម​ថា ប្រសិនបើ​មិន​ផ្តល់​ប្រាក់​ឲ្យ​ទេ គេ​នឹង​បញ្ចេញ​រូបភាព​អាក្រាត​ទាំងនោះ​ជា​សាធារណៈ។

សេចក្ដី​ប្រកាស​ព័ត៌មាន មិនបាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​បាន​ប្រគល់​ឲ្យ​ជនល្មើស​នោះ​ទេ ក៏ប៉ុន្តែ​ក្រោយ​មក ឪពុកម្ដាយ​របស់​កុមារី​រងគ្រោះ បាន​ប្តឹង​ទៅ​ប៉ូលិស ហើយ​អាជ្ញាធរ​ក៏បាន​ឃាត់ខ្លួន​គ្រូបង្រៀន​រូប​នោះ​កាលពី​ខែ​កក្កដា ឆ្នាំ​២០២០។ ឪពុក​កុមារី​រងគ្រោះ សំណូមពរ ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជនល្មើស​ឲ្យ​បាន​យូរ​ជាង​២​ឆ្នាំនេះ ដើម្បី​ជា​ការ​ព្រមាន កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អនាចារ​បែប​នេះ ទៅ​កុមារី​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។