តុលាការយោធា កាលពីថ្ងៃទី៧ ឧសភា បានសម្រេចផ្ដន្ទាទោសអតីតយោធាពីររូបឱ្យជាប់ពន្ធនាគាររយៈពេលពី ១៦ឆ្នាំ ទៅដល់ ១៩ឆ្នាំ បន្ទាប់ពីតុលាការបានរកឃើញថា ពួកគេជាប់ពាក់ព័ន្ធនឹងការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់។
តុលាការសម្រេចផ្ដន្ទាទោសអតីតឧត្តមសេនីយ៍ទោ លោក សុខ ប៊ុនធឿន អាយុ៦៣ឆ្នាំ ធ្លាប់បម្រើការងារជា នាយករងទីចាត់ការបច្ចេកទេសអគ្គបញ្ជាការ ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ និងមន្ត្រីយោធាម្នាក់ទៀត ជាអតីតជំនួយការសេនាធិការកងពលអន្តរាគមន៍លេខ ១ គឺ លោក រ័ត្ន ច័ន្ទមន្នី ហៅជ័យ មឿន អាយុ៤៧ឆ្នាំ ត្រូវតុលាការផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ ដែលបទល្មើសនេះមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។
តុលាការយោធាបានរកឃើញថា ជនជាប់ចោទទាំងពីរបានបង្កើតកងកម្លាំងកាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។
មាត្រា៤៦៣ នៃក្រមព្រហ្មទណ្ឌចែងថា «អំពើបង្កើតកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ ឬគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី ១៥ឆ្នាំ រហូតដល់៣០ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។