អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ទី២៦ វិច្ឆិកា​ខាង​មុខ

0:00 / 0:00

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុងស្រុក​ដែល​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ​អះអាង​ថា ពួកគេ​មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​ទេ ​និង​រក្សា​ជំហរ​ទៅ​បំភ្លឺ​តាម​ដីកា​តុលាការ​នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​ខាងមុខ។ មេធាវី​ការពារ​ក្ដី​ថា ពេលនេះ​មាន​មនុស្សជា​ង​៥​០​ហើយ​មក​ពឹង​ឱ្យ​ការពារ​ក្នុង​សំណុំរឿង​នេះ។

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្អូញត្អែរ​ថា​ ​ពួកគេ​ពិបាក​ស្វែងរក​ឯកសារ​ ​ភស្តុតាង​ផ្លូវច្បាប់​ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការ​ ​ខណៈ​ពួកគេ​ទើប​ទទួល​បាន​ដីកា​ពី​តុលាការ​រយៈពេល​ខ្លី​ពេក។ ទោះ​យ៉ាង​ណា​ក្ដី ពួក​គេ​បាន​រក​មេធាវី​ដើម្បី​ជួយការ​ពារ​ផ្លូវច្បាប់​រួច​ហើយ​ដែរ។

​យុវជន​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ភួង ថា ឱ្យ​អាស៊ី​សេរី​ដឹង​ថា ក្រោយ​ពី​ទទួល​ដីកា​នេះ​ ​កន្លែង​ការងារ​របស់​លោក​ស្រាប់តែ​បញ្ឈប់​លោក​ពី​ការងារ។ លោក​នៅតែ​អះអាង​ថា លោក​មិនបាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ណាមួយ​ដូច​តុលា​ការចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់​និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ​ទេ៖ « ខ្ញុំ​យល់ឃើញ​ថា ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​ពួក​ខ្ញុំ​ជា​យុវជន​ដែល​ពួក​ខ្ញុំ​អត់​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​ទៅតាម​មន្ត្រី​តុលាការ ឬ​ព្រះរាជអាជ្ញា​នោះ​ទេ ពួក​យើង​សម្ដែង​មតិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ»

​លោក ភួង ថា ដែល​ជា​ពលករ​ធ្លាប់​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​រូប​នេះ​ប្រាប់​ថា ពេលនេះ​លោក​បាន​ពឹង​មេធាវី​គឺ​លោក​មេធាវី​ ​សំ​ សុ​គង់​ ឱ្យ​ជួយការ​ងារ​ក្ដី​រួចហើយ។

​ស្រដៀងគ្នា​នេះ​ដែរ​ ​ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​បាត់​ដំបង​ ​លោក​ ឡី សុ​ខុន​ ​រង​ការ​ចោទ​ប្រកាន់​ដែរ​នោះ​ប្រាប់​អាស៊ី​សេរី​ថា​ ​ខ្លួន​លោក​ផ្ទាល់​មិន​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ដូច​តុលា​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ថា ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឱ្យ​លោក​​​មាន​ការ​ព្រួយ​បារម្ភ ប៉ុន្តែ​លោក​សង្ឃឹម​ថា តុលាការ​នឹង​បញ្ចប់​សំណុំរឿង​នេះ​ក្រោយ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា៖ «សង្ឃឹម​ថា គេ​មិន​ឃុំ​ខ្លួន​យើង​ទេ​ព្រោះអី​យើង​អត់មាន​ទោសកំហុស​ឱ្យ​គេ​ចោទប្រកាន់​យើង​ ​គ្រាន់តែ​ថា​គេ​គ្រាន់តែ​ត្រូវ​តាម​នីតិវិធី​របស់​គេ​ »។

​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​កោះ​ជា​បន្តបន្ទាប់​កោះហៅ​មេដឹកនាំ​ម​ន្រ្តី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់ ១២៥នាក់​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​ការ​ចូលរួម និង​គាំទ្រ​គម្រោង​មាតុភូមិ​ន​និវត្តន៍​លោក សម រង្ស៊ី កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ។

​មេធាវី​ដែល​តែងតែ​ការពារ​ក្ដី​ឱ្យ​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ ​លោក​ ​សំ​ សុ​គង់​ ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៣ ខែវិច្ឆិកា​ថា ពេល​នេះ​លោក​ទទួល​បាន​ការ​ពឹង​ពាក់​ពី​មនុស្ស​ជាង ៥០នាក់ ដែល​ត្រូវ​តុលា​ការ​ចោទ​ប្រកាន់​នេះ​ឱ្យ​ជួយការ​ពារ​ក្ដី។ លោក​ថា អ្នក​ទាំង​នោះ​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ចំណែក​ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ ​ដែល​រង​ការចោទប្រកាន់​លោក​ថា​មិនទាន់​ឃើញ​ពួក​គេ​ទាក់ទង​លោក​នោះ​ទេ។ លោក​មេធាវី​យល់ថា​ ​ការ​បើកសវនាការ​លើ​មនុស្ស​យ៉ាង​ហោច​ណាស់ ១២៥នាក់​ក្នុង​ថ្ងៃ​តែ​មួយ នឹង​ធ្វើ​ឱ្យ​មនុស្ស​ណែនណាន់​ពេញ​តុលាការ។ លោក​ចង់​ឃើញ​តុលាការ​បើក​សវនាការ​មាន​ស្តង់​ដា​ត្រឹមត្រូវ​ដោយ​ជំនុំ​ជម្រះ​លើ​បុគ្គល​ម្នាក់ៗ ផ្សេង​ពី​គ្នា និង​ខុស​ថ្ងៃ​គ្នា៖ «អាច​សម្រេច​ចិត្ត​នៅ​ថ្ងៃ​សវនាការ​តើ​ថា តើ​សវនាការ​មាន​មនុស្ស​ជាង ១០០នាក់​ក្នុង​ថ្ងៃ​តែ​មួយ​តើ​សវនាការ​អាច​ចូល​តាម​ស្ដង់ដារ​អន្តរជាតិ​អត់ ឬ​ក៏​អាច​ធ្វើ​ឱ្យ​ជន​ជាប់​ចោទ​ទាំង​អស់​ទទួល​បាន​យុត្តិធម៌​ ​និង​ត្រឹមត្រូវ​អត់»

​ទាក់ទង​ការ​លើកឡើង​នេះ​ ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​ត​ពី​លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ទូរស័ព្ទ​មិន​ទទួល​ការ​ហៅ​ចូល។

​លោក​មេធាវី​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​កូនក្ដី​ណា​មួយ​ស្នើ​ឱ្យ​ពន្យារ​ពេល​សវនាការ​នៅឡើយ​ទេ។ ប៉ុន្តែ​ប្រសិន​នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​ជា​ថ្ងៃ​បើកសវនាការ​បើ​ចំនួន​អ្នក​ដែល​ត្រូវ​តុលា​ការ​ចោទ​ប្រកាន់​មក​ច្រើន​ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​ក្នុង​ការពារ​ការពារ​ក្ដី​ ​លោក​អាច​នឹង​ស្នើ​ទៅ​តុលាការ​សុំ​ពន្យារ​ពេល​ថ្ងៃ​នោះ​តែ​ម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។