តុលាការ​កំពូល​បន្ត​ឃុំខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​ពីរ​រូប ទោះបី​មាន​ជំងឺ​ធ្ងន់ធ្ងរ

0:00 / 0:00

គ្រួសារ​និង​សង្គម​ស៊ីវិល ខក​ចិត្តនឹង​តុលាការ​កំពូល​ដែល​សម្រេច​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​បក្ស​ភ្លើងទៀន ពីរ​រូប​នៅ​ក្រៅ​ឃុំ ទោះបីជា​ពួកគាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវ​ការ​ពេទ្យ​ជំនាញ​ព្យាបាល​ចាំបាច់​ក៏ដោយ។

តុលាការ​កំពូល​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​គណបក្ស​ភ្លើងទៀន ពីរ​រូប​នៅ​ក្រៅ​ឃុំ​បណ្ដោះ អាសន្ន ក្រោម​ហេតុផល​ថា សំណុំរឿង​ពួកគាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ជម្រះ​ហើយ​។ ប៉ុន្តែ​សង្គម​ស៊ីវិល និង​គ្រួសារ​មន្ត្រី​បក្ស​ភ្លើងទៀន​ទាំង​ពីរ​រូប ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌។

ការ​សម្រេច​នេះ បន្ទាប់​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល បាន​បើក​សវនាការ បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន ប្រចាំ​ខេត្ត​កំពង់ចាម លោក តូច ថឹង និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀត​ម្នាក់ទៀត គឺ​លោក ចៅ វាសនា កាលពី​ថ្ងៃទី៦ ខែ​វិច្ឆិកា កន្លង​ទៅ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ តុលាការ​កំពូល លោក យូរ ប៊ុនឡេង នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ បាន​ប្រកាស​សាលដីកា ដោយ​មិន​ដោះលែង​លោក ចៅ វាសនា និង លោក តូច ថឹង ឱ្យ​នៅ​ឃុំខ្លួន​បណ្ដោះអាសន្ន ដោយ​សំអាង​ថា ការ​សម្រេច​សេចក្ដី​របស់​សាលាឧទ្ធរណ៍​ជា​រឿង​ត្រឹមត្រូវ។

ប្រពន្ធ​លោក តូច ថឹង គឺ​លោកស្រី ហាញ់ សុវណ្ណា បង្ហាញ​ការ​ខកចិត្ត ដែល​តុលាការ​កំពូល​មិន​ដោះលែង​ប្ដី​របស់​គាត់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ព្យាបាល​ជំងឺ។

ក្រៅពី​មិន​ដោះលែង​ហើយ លោកស្រី​ថា មន្ត្រី​ពន្ធនាគារ​ព្រៃស​បាន​ប្ដូរ និង​បញ្ជូន លោក តូច ថឹង ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​វិញ ដោយ​មិន​បាន​ប្រាប់​លោកស្រី​ឱ្យ​ដឹង​ជាមុន ដូច្នេះ សូម្បីតែ​ថ្នាំ​ដែល​ប្រើ​ជាប្រចាំ ក៏​មិនបាន​យក​ទៅ​ដែរ។

​លោកស្រី ហាញ់ សុវណ្ណា៖ «វា​ប៉ះពាល់​ហើយ​ភ្នែក​គាត់​សំខាន់ ព្រោះ​ភ្នែក​គាត់​ត្រូវ​ទឹក រាល់ថ្ងៃ ហើយ​ថ្នាំ​នៅ​ហ្នឹង​ខ្ញុំ​ទៀត​។ ពេល​គាត់​នៅ​ព្រៃ​ស ឱ្យ​យក​អីវ៉ាន់ មក​ឱ្យ​អស់​មក គេ​លែង​គាត់​ហើយ អត់​មាន​ប្រាប់​យក​គាត់​ទៅ​ព្រៃ​ស​ទេ ឱ្យ​គាត់​ជិះ ឡាន​ម្នាក់ឯង ផ្សេង​។ ខ្ញុំ​តូចចិត្ត​ហើយ តូចចិត្ត​ទៀត ខ្ញុំ​មក​សារ​មុន អត់ឱ្យ​ខ្ញុំ​យក ទូរ​សព្ទ ចូល​ទេ ឃាត់​ទាំងអស់​។ ចំណែក​យួន ចិន​យក​ចូល​បាន​ទាំងអស់ ខ​ល​បាន​អី​បាន​ទាំងអស់ ។ ខ្ញុំ​ស្ដាយ​តុលាការ​ស្ដាយ​ខាង​ពន្ធនាគារ ហេតុ​អី​ធ្វើបាប ខ្មែរ​ម្ល៉េះ បើ​ប្ដី​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​អត់​ខ្លាច​ទេ តែ​ប្ដី​ខ្ញុំ​ធ្វើ​ត្រូវ»។

មេធាវី​ការពារ​ឱ្យ​លោក តូច ថឹង គឺ​លោក ជូង ជូងី ហៅ​ការសម្រេច របស់​តុលាការ​កំពូល​ថា ជា​ការ​សម្រេច​ដោយ​ខ្វះ​ការ​យោគយល់ បើ​ទោះបី​ជា កូនក្ដី​របស់​គាត់​មាន​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ ដែល​ទើប​វះកាត់ និង​ត្រូវការ​ព្យាបាល ជា​ចាំបាច់​ក៏ដោយ។

ក្រៅពី​ជំងឺ​ភ្នែក លោក​ថា កូនក្ដី​របស់​គាត់​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេងៗ​ទៀត ដោយសារ​គាត់​មាន​វ័យចាស់​ដែល​ត្រូវ​ការ​ការ​ព្យាបាល និង​អ្នកមើល​ថែ​ផង​ដែរ។

លោក ជូង ជូងី៖ «សម្រាប់​ជំងឺ​ទូទៅ​ធម្មតា​គឺ​ពេទ្យ​ខាង​ពន្ធនាគារ​អាច​ព្យាបាល បាន​តែ​ពាក់ព័ន្ធ​ជំងឺ​ត្រូវ​ការ​ពេទ្យ​ជំនាញ​ហ្នឹង គឺ​ពន្ធនាគារ​មិនអាច​បំពេញ​បានទេ ហើយ​កន្លង​មក គាត់​ក៏​ទទួល​ការវះកាត់​នៅ​ពេទ្យ​ខាងក្រៅ អ៊ីចឹង​ពន្ធនាគារ ដឹក​គាត់​មក​ក្រៅ​។ អ៊ីចឹង​ខ្ញុំ​យល់​ឃើញ​ថា ពេទ្យ​ពន្ធនាគារ​អត់​អាច​ផ្ដល់​ជំនាញ​បច្ចេកទេស ក្នុង​ការ​ធានា​ព្យាបាល​ភ្នែក​គាត់​នោះ​ទេ​បាទ»។

ចំណែក​កូនស្រី​លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ លើកឡើង​ថា ទាំង​គ្រួសារ​គាត់ និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត មិនដែល​ទទួល​បាន​យុត្តិធម៌ ពី​តុលាការ កម្ពុជា​ឡើយ ទោះបីជា​មិនបាន​ធ្វើ​ខុស​អ្វី​សោះ​ក៏ដោយ​។ ចំណែក​អ្នកមាន​ប្រាក់ និង​អំណាច​វិញ អ្នកស្រី​ថា ទោះបី​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​យ៉ាងណា ក៏​តុលាការ​ដោះលែង​ពួកគេ​ឱ្យ​នៅ​ក្រៅ​ឃុំ​ដែរ។

អ្នកស្រី ចៅ រតនៈ៖ «យើង​លើកឡើង យើង​មាន​ហេតុផល​របស់​យើង សម្រាប់​ទាមទារ​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ដោយសារតែ​មិន​ទទួល ពួក​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​រើសអើង ប្រកាន់​ដែល​យើង​នៅ ក្នុង​គណបក្ស​ប្រឆាំង ដែល​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ។ អ៊ីចឹង ការ​យល់ឃើញ​ខ្ញុំ​ថា វា​ជា​ភាព​អយុត្តិធម៌​សម្រាប់​គ្រួសារ​ខ្ញុំ ក៏​ដូច​បងប្អូន អ្នក​ជាប់ចោទ​មនសិការ​ទាំងអស់គ្នា»។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ចៅ វាសនា គឺ​លោក សំ សុគង់ លើកឡើង​ថា ការ​សម្រេច​របស់​តុលាការ​កំពូល ដោយ​សំអាង​ថា សំណុំរឿង​កូនក្ដី​របស់​លោក ត្រូវ​បាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បិទ​ការ​ស៊ើបសួរ និង​បញ្ជូន​ទៅ ជម្រះ​ហើយ ទើប​តុលាការ​មិន​ដោះលែង។

ទោះជា​យ៉ាងណា​លោក​នឹង​ជំរុញ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ឱ្យ​បើក សវនាការ​ជំនុំជម្រះ សំណុំ​រឿង​នេះ ឱ្យ​បាន​ឆាប់​នា​ពេល​ខាងមុខ។

លោក សំ សុគង់៖ «ខ្ញុំ​មានការ​ខកចិត្ត​ដែរ ចំពោះ​ការ​សម្រេច​របស់​តុលាការ កំពូល​ព្រឹក​នេះ មើល​និយាយ​ពី​អាទិភាព ឬ​លក្ខខណ្ឌ​កូនក្ដី​លើកឡើង​នៅ​ពេល​សវនាការ កូនក្ដី​គួរ​ត្រូវ​បាន​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ឬ​ដាក់​លក្ខខណ្ឌ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន»។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​មិន​អនុញ្ញាត​ឱ្យ​លោក តូច ថឹង និង​លោក ចៅ វាសនា នៅ​ក្រៅ​ឃុំ បើ​ទោះ​ជា​ពួកគាត់​មាន​ជំងឺ និង​បញ្ហា​សុខភាព។

ចំពោះ​ការ​ឃុំខ្លួន​អ្នក​ទាំងពីរ លោក​ថា វា​មិន​មាន​ភាព​ចាំបាច់​ទៀត​ឡើយ ដោយសារ ការ​ស៊ើបអង្កេត​បាន​បញ្ចប់ ហើយ​សំណុំ​រឿង​នេះ ក៏​បាន​បញ្ជូន​ទៅ ជម្រះ​ដែរ។

លោក អំ សំអាត សង្កេត​ឃើញ​ថា ចំពោះ​សំណុំរឿង​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​សង្គម​ផ្សេងៗ​ទៀត កម្រ​តុលាការ​ដោះលែង ឱ្យ​នៅ​ក្រៅ​ឃុំ​ណាស់ បើ​ទោះ​បី​ជា​ពួកគាត់​មាន​ហេតុផល​គ្រប់គ្រាន់ និង​យល់ព្រម ចូលរួម​គ្រប់​នីតិវិធី​របស់​តុលាការ​ក៏ដោយ។

លោក អំ សំអាត៖ «ចំណុច​នេះ ដែល​គេ​ថា វា​ជា​រឿង​នយោបាយ​ច្រើនជាង ការ​អនុវត្ត​ច្បាប់ ព្រោះ​ការ​អនុវត្ត​ច្បាប់ គួរ​ពិនិត្យ​ស្ថានភាព​សុខភាព​របស់​ពួកគាត់ និង​ទិដ្ឋភាព ដែល​គាត់​បាន​ធានា​អះអាង​ចំពោះ មុខ​ច្បាប់​នៅក្នុង​កិច្ច​សហប្រតិបត្តិការ​ល្អ ចូលរួម សហប្រតិបត្តិការ​គ្រប់​ដំណាក់កាល​អនុវត្ត​ច្បាប់ កន្លែង​ហ្នឹង វា​ជា​រឿង​មួយ​ដែល​ត្រូវ ពិចារណា»។

មន្ត្រី​បក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់ចាម​លោក តូច ថឹង ត្រូវ​បាន​តុលាការ ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ ក្នុង​ការ​បង្កើត​គណបក្ស បេះដូង​ជាតិ កាល​ពី​ឆ្នាំ​២០២១។

ចំណែក​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា មាន​ដើមកំណើត​ខ្មែរក្រោម ត្រូវ​បាន​តុលាការ ខេត្តបន្ទាយមានជ័យ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង ញុះញង់​ឱ្យ​មាន​ការរើសអើង ពាក់ព័ន្ធ​នឹង​រឿង ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង សន្លឹកឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ។ ប៉ុន្តែ លោក ចៅ វាសនា បាន​ច្រាល​ចោលការ​ចោទប្រកាន់​នេះ។

លោក ចៅ វាសនា ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ​កាត់​ទោស​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ អំពី​បទ​ញុះញង់ និង​បាន​ចេញ​ពី​ពន្ធនាគារ​វិញ កាល​ពី​ដើម​ឆ្នាំ​២០២២ បន្ទាប់​ពី​លោក​បាន​អនុវត្ត ទោស​គ្រប់​ចំនួន​រយៈពេល ៥​ឆ្នាំ​ពេញ​នៅក្នុង​ពន្ធនាគារ។

គិត​ត្រឹម​ខែ​តុលា មាន​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សហជីព និង​ដីធ្លី ប្រមាណ​៤០​នាក់​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយ​តុលាការ​ចោទប្រកាន់ ដូចគ្នាៗ​ពី រួមគំនិត​ក្បត់​និង​ញុះញង់ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ មើលឃើញ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ហើយ​តែង​ទទូច​ឲ្យ​មាន​ការ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។