តុលាការកំពូលបានពន្យារពេលប្រកាសសាលដីកាបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោករ៉ុង ឈុន ទៅថ្ងៃទី២៥ វិច្ឆិកាខាងមុខ ក្រោយបញ្ចប់សវនាការនៅព្រឹកថ្ងៃទី១១ វិច្ឆិកា។ មេធាវីទទូចតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក រ៉ុង ឈុន មានសេរីភាពវិញឱ្យបានឆាប់។
មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន គឺលោក ជូង ជួងី ប្រាប់អាស៊ីសេរីថា អង្គជំនុំជម្រះក្ដីបានសួរដោលចំនួន ២ករណី គឺរឿងការឃុំខ្លួនខុសនីតិវិធី និងសំណើសុំឱ្យដោះលែងកូនក្ដីលោកបាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ លោកឱ្យដឹងថា លោក រ៉ុង ឈុន ដែលចូលនៅក្នុងសវនាការនេះ បានងើបឈរនិយាយនៅចំពោះអង្គជំនុំជម្រះថា ករណីដែលលោកចុះទៅមើលនៅតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំនោះ គឺជាការចូលរួមឈឺឆ្អាលបញ្ហាព្រំដែន។ លោកថា លោក រ៉ុង ឈុន សោកស្ដាយយ៉ាងខ្លាំង ដែលអាជ្ញាធរចាប់ខ្លួនលោកដាក់ពន្ធនាគារ ដោយសារតែការឈឺឆ្អាលបញ្ហាសង្គមបែបនេះ៖ «គាត់ព្យាយាមនិយាយច្រើន ប៉ុន្តែតុលាការកាក់គាត់ ដោយតុលាការអះអាងថា អ្វីដែលគាត់និយាយថា អ្វីដែលគាត់លើកហ្នឹង ទុកលើកនៅក្នុងអង្គសេចក្ដី ហើយព្រឹកមិញនេះគេហៅថា មុនអង្គសេចក្ដី។ ខ្ញុំយល់ថា ពាក់ព័ន្ធហ្នឹងការចាប់ខ្លួនហ្នឹង គឺបំពាន់នីតិវិធី ដែលសមត្ថកិច្ចអនុវត្តនីតិវិធីករណីបទល្មើសជាក់ស្ដែង ខណៈដែលក្រុមខ្ញុំជាសហមេធាវីយល់ឃើញការបង្ហោះតាមហ្វេសប៊ុកនេះ វាមិនមែនជាបទល្មើសជាក់ស្ដែងទេ។ ទី២ ពាក់ព័ន្ធហ្នឹងសុំនៅក្រៅឃុំ តំណាងមហាអយ្យការ គេយល់ឃើញថា ខ្លាចលោក រ៉ុង ឈុន បង្កើតឱ្យមានចលាចល ប៉ុន្តែពួកខ្ញុំសហមេធាវី យល់ឃើញថា លោក រ៉ុង ឈុន គាត់អត់មានបង្កើតឱ្យមានចលាចលអីទេ » ។
សវនាការនេះធ្វើឡើងបន្ទាប់ពីមេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន បានប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលបន្តឃុំខ្លួនលោក រ៉ុង ឈុន ក្រោមហេតុផលថា ដើម្បីបញ្ចប់បទល្មើស និងកុំឱ្យមានបទល្មើសកើតឡើងជាថ្មី។
នៅក្នុងថ្ងៃសវនាការនេះ មានក្រុមយុវជនប្រជាពលរដ្ឋ និងអ្នកគាំទ្រលោក រ៉ុង ឈុន ប្រមាណ ២០នាក់ បាននាំគ្នាកាន់បដាស្រែកតវ៉ានៅមុខតុលាការកំពូល ទាមទារឱ្យតុលាការដោះលែង និងផ្តល់សេរីភាពជូនលោក រ៉ុង ឈុន សកម្មជននយោបាយ និងសកម្មជនសង្គមជាច្រើននាក់ទៀត ដែលអាជ្ញាធរឃុំខ្លួននៅពន្ធនាគារព្រៃស។ ពួកគេចាត់ទុកការចាប់ខ្លួននេះថា ជារឿងអយុត្តិធម៌។


ចំណែកប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា តុលាការគួរតែដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ តាមការស្នើសុំរបស់មេធាវី និងក្រុមអ្នកតវ៉ា ព្រោះលោកយល់ថា សកម្មភាពលោក រ៉ុង ឈុន ពុំមែនជាអំពើខុសច្បាប់អ្វីឡើយ។ លោកនិយាយថា ការបន្តឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងសកម្មជនសង្គមដទៃទៀតអាចនឹងធ្វើឱ្យស្ថានការណ៍នយោបាយកាន់តែអាប់អួ ព្រោះប្រជាពលរដ្ឋមិនពេញចិត្តចំពោះការចាប់ខ្លួននេះ ហើយពួកគេនឹងបន្តនាំគ្នាសម្ដែងមតិទាមទារឱ្យមានយុត្តិធម៌សង្គមកាន់តែច្រើនឡើង៖ «ហើយខ្ញុំគិតថា ការដោះលែងពួកគាត់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ គឺមិនខុសអីពីនីតិវិធីតុលាការទេ ក្នុងនីតិវិធីបើសិនពួកគាត់មានផ្ទះសម្ដែងត្រឹមត្រូវ មានមុខរបរត្រឹមត្រូវ មានការងារត្រឹមត្រូវ ហើយសន្យានៅក្នុងតុលាការហ្នឹង គាត់នឹងផ្ដល់កិច្ចសហប្រតិបត្តិការគ្រប់នីតិវិធីខ្ញុំគិតថា វាមានជាទម្រង់នៃការដោះលែងឱ្យនៅក្រៅឃុំហ្នឹងមានស្រាប់ទៅហើយ។ គាត់មិនទៅធ្វើអីបន្តទៀតទេ។ មានមនុស្សមួយចំនួនដែលបានដោះលែងនៅក្រៅឃុំថ្មីៗ ច្រើនដែរហើយក៏មិនឃើញមានអីកើតឡើងដែរ ហើយក៏មិនឃើញមានភាពវឹកវរអីទេ » ។
អ្នកឃ្លាំមើលបញ្ហាព្រំដែន និងសិទ្ធិការងារ លោក រ៉ុង ឈុន ត្រូវអាជ្ញាធរចាប់ខ្លួន កាលពីយប់ថ្ងៃទី៣១ កក្កដា ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការចាប់ខ្លួននេះ បន្ទាប់ពីលោកបាននិយាយថា អាជ្ញាធរវៀតណាមរំលោភយកដីពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ។ ក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន មក អាជ្ញាធរបានបន្តចាប់ខ្លួនសកម្មជននយោបាយ ព្រះសង្ឃខ្មែរថាវរៈ ក្រុមយុវជន និងសកម្មជនសង្គមជាង ២០នាក់ហើយ ដោយតុលាការបានចោទប្រកាន់ពួកគេពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
មន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន ក្នុងនោះក៏រួមទាំងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផង បានថ្កោលទោសចំពោះការចាប់ខ្លួនទាំងនេះ និងចាត់ទុកថាជារឿងនយោបាយ។ សហគមន៍ជាតិ និងអន្តរជាតិបន្តស្នើសុំយ៉ាងទទូចឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពវិញជាបន្ទាន់ ហើយបើកឱ្យប្រជាពលរដ្ឋបានចូលរួមសម្ដែងមតិដោយសន្តិវិធីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។