អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​ជា​រឿង​អយុត្តិធម៌

0:00 / 0:00

0:00 / 0:00

តុលាការ​កំពូល នៅថ្ងៃទី២៧ តុលា សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​ ដែល​ស្នើសុំ​ឱ្យ​តុលាការ​ជាន់​ខ្ពស់​មួ​យ​នេះ​បដិសេធ​ការ​ស៊ើបអង្កេត​បន្ថែម​​សំណុំ​រឿង​ចារកម្ម​ប្រឆាំង​នឹង​ពួក​លោក​។ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌។

តុលាការ​កំពូល​​ច្រាន​ចោល​បណ្ដឹង​របស់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ក្រោម​ហេតុ​ផល​ថា​ សាលក្រម​ចាត់​របៀប​របស់​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ ​ត្រឹម​ត្រូវ​ស្រប​តាម​នីតិវិធី។ សេចក្ដី​សម្រេច​នេះ នឹង​បើក​ផ្លូវ​ឱ្យ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ អាច​បន្ត​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​របស់​អ្នក​ទាំងពីរ​បាន​ដោយ​គ្មាន​ពេល​កំណត់។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក យាង សុធារិន្ទ ថ្លែង​ថា សាលដីកា​តុលាការ​កំពូល​នេះ មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជា​ធំ​ឡើយ ហើយ​ធ្វើ​ឱ្យ​ពួក​លោក​ត្រូវ​បន្ត​បាត់​បង់​សេរីភាព​តទៅទៀត។ លោក​បន្ត​ថា តុលាការ​បាន​ប្រើ​ពេល​ជាច្រើន​ឆ្នាំ ដើម្បី​ស៊ើបអង្កេត​រឿង​នេះ​រួច​ហើយ ដូច្នេះ​គ្មាន​ការ​ចាំបាច់​ដែល​ត្រូវ​ស៊ើប​អង្កេត​បន្ត​ទៀត​នោះ​ទេ៖ « ខ្ញុំ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ ជា​ការ​សម្រេច​មួយ​ដែល​តុលាការ​មិន​យក​ចិត្ត​ទុក​ដាក់​ទាល់​តែ​សោះ​ទៅ​លើ​ផល​ប្រយោជន៍​របស់​ជន​ជាប់​ចោទ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា។ នៅ​ពេល​ដែល​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ទៅលើ​ជន​ជាប់​ចោទ ជន​ជាប់​ចោទ​គួរ​តែ​ត្រូវ​បាន​​ផល​ប្រយោជន៍​ពី​ការ​សម្រេច​ហ្នឹង​វិញ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មិន​ទទួល​បាន​ផល​ប្រយោជន៍​ អ៊ីចឹង​គោល​ការណ៍​ដែល​មាន​ចែង​ហ្នឹង គឺ​តុលាការ​កំពូល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​មក​លើ​បញ្ហា​របស់​យើង​ខ្ញុំ​ទេ »

លោក យាង សុធារិន្ទ ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ លោក និង​លោក អ៊ួន ឈិន នឹង​ជជែក​ជាមួយ​មេធាវី​ ដើម្បី​ជំរុញ​ឱ្យ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ ពន្លឿន​ការ​ស៊ើបអង្កេត​បន្ថែម​សំណុំ​រឿង​របស់​ពួក​លោក​។ លោក​អះអាង​ថា ពួក​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ ដូច្នេះ​លោក​​ចង់​ឱ្យ​រឿង​ក្តី​នេះ​ដឹង​ស​ខ្មៅ​ឱ្យ​បាន​ឆាប់ ដើម្បី​ទទួល​បាន​សេរីភាព​ពេញលេញ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ចំនួន​ពីរ​បទ​ល្មើស គឺ​បទ "ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ" និង​បទ "ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស"។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រើ​ពេល​ប្រមាណ​ពីរ​ឆ្នាំ ដើម្បី​ស៊ើបអង្កេត និង​បើក​ការ​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​សម្រេច​ឱ្យ​ស៊ើប​អង្កេត​រឿង​ក្តី​នេះ​បន្ថែម​ទៀត បន្ទាប់​ពី​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​ដាក់​បន្ទុក​លើ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​បាន​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​ទាំងពីរ សុទ្ធ​តែ​បាន​តម្កល់​ការ​សម្រេច​នោះ​ទុក​ជា​បាន​ការ​ដដែល។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សោក​ស្ដាយ​ចំពោះ​សាលដីកា​តុលាការ​កំពូល ព្រោះ​លោក​ថា ការ​សម្រេច​បែបនេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​របស់​អ្នក​ទាំងពីរ។ លោក​ថា អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ដ្បិត​តែ​បាន​នៅ​ក្រៅ​ឃុំ​មែន តែ​សេរីភាព​ដើរ​ហើរ​ស្ថិត​ក្រោម​ការ​រឹតត្បិត ព្រោះ​តុលាការ​បន្ត​រក្សា​ទុក​លិខិត​ឆ្លងដែន​របស់​អ្នក​ទាំងពីរ​ ហើយ​ការ​ស្វែង​រក​មុខ​របរ​ទ្រទ្រង់​ជីវភាព​គ្រួសារ​កាន់​តែ​ពិបាក ព្រោះ​ពួក​គេ​កំពុង​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ៖ « យើង​មើល​ទៅ​ចៅក្រម​ស៊ើប​រយៈ​ពេល​យូរ​ហើយ វា​គួរ​តែ​ល្មម​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​សវនាការ​រក​ទៅ​ដោយ​ខ្វះ​នូវ​ភស្តុតាង​ អ៊ីចឹង​ហើយ​បាន​ចាត់​របៀប​ឱ្យ​ស៊ើបអង្កេត​ទៀត។ អា​ហ្នឹង​វា​គ្រាន់​តែ​ជា​ចំណុច​មួយ​ក្នុង​ការ​ពន្យារពេល ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំងពីរ ពីព្រោះ​មិន​ដឹង​ថា រយៈពេល​ណា​ទើប​អាច​​បញ្ចប់​ការ​ស៊ើបអង្កេត​បន្ថែម​ទៅតាម​សាលក្រម​ចាត់​របៀប​ហ្នឹង »

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង សុទ្ធ​តែ​វាយ​តម្លៃ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ធ្វើ​ឡើង​ដោយ​មិន​ត្រឹម​ត្រូវ និង​ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់។ ចំណែក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) វិញ បាន​វាយ​តម្លៃ​ថា លោក អួន ឈិន និង​លោក យាង សុធារិន្ទ គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​របស់​លោក ហ៊ុន សែន លើ​សារ​ព័ត៌មាន​ឯករាជ្យ និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ​ស្នើសុំ​យ៉ាង​ទទូច​ដល់​តុលាការ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​អ្នក​ទាំង​ពីរ​វិញ ព្រម​ទាំង​បញ្ឈប់​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។