តុលាការ​សម្រេច​ដោះ​លែង​លោក ប៊ន សំណាង និង​លោក សុខ សំអឿន

តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ករណី​បាញ់​សម្លាប់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ កាល​ពី​ឆ្នាំ​២០០៤។ លទ្ធផល​នៃ​សវនាការ​នោះ តុលាការ​សម្រេច​ដោះ​លែង​ជន​សង្ស័យ លោក ប៊ន សំណាង និង លោក សុខ សំអឿន ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា។

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​រឿង​នេះ ទទូច​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​សំណង​ជំងឺ​ចិត្ត​ដល់​ពួក​គេ​ទាំង​ពីរ​នាក់ ដែល​បាន​ជាប់​ឃុំ​ជិត ៦​ឆ្នាំ ដោយ​គ្មាន​ទោស​កំហុស។

តុលាការ​កំពូល​សម្រេច​ដោះ​លែង លោក ប៊ន សំណាង និង លោក សុខ សំអឿន ជា​ស្ថាពរ​ដោយ​គ្មាន​លក្ខខណ្ឌ បន្ទាប់​ពី​បាន​បើក​សវនាការ​ជិត ៥​ម៉ោង នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល លោក ឃឹម ប៉ុន បាន​ប្រកាស​សាល​ដីកា​នៅ​ក្នុង​សវនាការ ដោយ​សម្រេច​ឲ្យ​ជន​ជាប់​ចោទ ប៊ន សំណាង និង សុខ សំអឿន រួច​ផុត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ទៅ​លើ លោក ជា វិជ្ជា និង​បញ្ជា​ឲ្យ​ដោះ​លែង​ពួក​គេ​ទាំង​ពីរ​នាក់​ឲ្យ​មាន​សេរីភាព​វិញ ដោយ​មិន​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​អ្វី​ទៀត និង​បាន​ឲ្យ​ពួក​គេ​រួច​ផុត​ពី​សំណង​រដ្ឋប្បវេណី​ចំនួន ៤០​លាន​រៀល​ទៅ​ដើម​បណ្តឹង។

ការ​សម្រេច​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សំអាង​ហេតុ​ថា ការ​ស្រាវជ្រាវ​របស់​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ទាំង​ការ​ធ្វើ​កោសល្យវិច័យ និង​រក​កាំភ្លើង​ជា​វត្ថុ​តាង​សម្លាប់​ជន​រងគ្រោះ ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ការ​គូស​គំនូស​ព្រាង​មុខ​ឃាតក​ដែល​ចោទ​ទៅ​លើ លោក ប៊ន សំណាង មិន​ធ្វើ​ស្រប​តាម​នីតិវិធី មិន​អាច​យក​ជា​ការ​បាន ពិសេស​សាក្សី​សំខាន់ គឺ​អ្នកស្រី វ៉ា សុធី ជា​អ្នក​លក់​កាសែត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន មិន​មែន​ជា​ឃាតក​ពិត​ប្រាកដ​សម្លាប់ លោក ជា វិជ្ជា ទេ។

លោក ឃឹម ប៉ុន បញ្ជាក់​ក្នុង​សវនាការ​ថា ភស្តុតាង និង​សាក្សី​ដាក់​បន្ទុក​មិន​បាន​ស៊ី​សង្វាក់​គ្នា​ដូច​ការ​ចោទ​ប្រកាន់ ហើយ​តុលាការ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​សម្រាប់​ការ​ចោទ​ប្រកាន់​ឡើយ។

អ្នក​ចូល​រួម​មើល​សវនាការ​បាន​ទះ​ដៃ​សាទរ​ចំពោះ​ការ​សម្រេច​នោះ។ លោក ប៊ន សំណាង និង លោក សុខ សំអឿន បាន​ស្រែក​អរគុណ​ចំពោះ​ចៅក្រម​ជំនុំ​ជម្រះ​ទាំង ៩​នាក់ ដែល​ជួយ​រក​យុត្តិធម៌ និង​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព។ លោក សុខ សំអឿន ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា យុត្តិធម៌​នៅ​កម្ពុជា ពិត​ជា​មាន​នៅ​ពេល​ដែល​តុលាការ​សម្រេច​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់។

អស់​រយៈពេល​ជិត ១០​ឆ្នាំ​ហើយ តុលាការ​រក​មិន​ឃើញ​ឃាតក​ពិត​ដែល​បាញ់​សម្លាប់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្កា កាល​ពី​ឆ្នាំ​២០០៤។ សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​តុលាការ​ឧទ្ធរណ៍ បាន​សម្រេច​ផ្ដន្ទាទោស លោក ប៊ន សំណាង និង លោក សុខ សំអឿន ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ និង​ផ្តល់​សំណង​ប្រាក់ ៤០​លាន​រៀល​ដល់​ដើម​បណ្ដឹង។ ប៉ុន្តែ ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល អះអាង​ថា ជា​ឃាតក​សិប្បនិម្មិត។

លោក ជា មុនី ប្អូន​ប្រុស​របស់ លោក ជា វិជ្ជា យល់​ឃើញ​ថា ការ​ដោះ​លែង​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់ ជា​ការ​ត្រឹមត្រូវ និង​យុត្តិធម៌​បំផុត។ ប៉ុន្តែ សម្រាប់​លោក និង​ក្រុម​គ្រួសារ នៅ​មិន​ទាន់​បាន​យុត្តិធម៌​ពី​តុលាការ​នៅ​ឡើយ​ទេ ដោយសារ​តែ​តុលាការ​មិន​ទាន់​រក​ឃើញ​ឃាតក​ពិត​ប្រាកដ​សម្លាប់ លោក ជា វិជ្ជា នៅ​ឡើយ។

មេធាវី​លោក សុខ សំអឿន គឺ លោក ហុង គឹមសួន បញ្ជាក់​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ពេល​នេះ គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ដែល​មិន​នឹក​ស្មាន​ដល់។ លោក​បាន​បន្ទោស​ថា ការ​ធ្វេស​ប្រហែស​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ និង​តុលាការ​ថ្នាក់​ក្រោម គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​កូន​ក្តី​របស់​លោក​ត្រូវ​ជាប់​ពន្ធនាគារ​ជិត ៦​ឆ្នាំ ដោយ​គ្មាន​កំហុស។

លោក​បញ្ជាក់​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក ចំពោះ​ការ​ដាក់​បណ្ដឹង​ណា​មួយ​ប្ដឹង​ទៅ​មន្ត្រី​ថ្នាក់​ក្រោម ដែល​បាន​អនុវត្ត​ខុស​នីតិវិធី​ច្បាប់ រហូត​ឈាន​ទៅ​ចាប់ និង​ឃុំ​ខ្លួន​កូន​ក្តី​លោក​ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​គ្មាន​ទោសពៃរ៍។

យ៉ាង​ណា ម្តាយ​លោក ប៊ន សំណាង គឺ​អ្នកស្រី នួន គីមស្រ៊ី ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​បណ្ដឹង​នេះ​ទេ ដោយ​បញ្ជាក់​ថា អ្នកស្រី​ប្រាថ្នា​សូម​ឲ្យ​តែ​កូន​របស់​គាត់​មាន​សេរីភាព​ដូច​ដើម។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ ជា​ការ​សម្រេច​គំរូ​ដែល​ទុក​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​អនុវត្ត​នៅ​ពេល​ក្រោយ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​រឿង​អយុត្តិធម៌ ឬ​មាន​ជន​ជាប់​ចោទ​ដទៃ​ទៀត​ត្រូវ​ជាប់​ឃុំ ដោយ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស។ យ៉ាង​ណា លោក​យល់​ថា ការ​ចាប់​ខ្លួន លោក ប៊ន សំណាង និង លោក សុខ សំអឿន ឲ្យ​ជាប់​ឃុំ​ដោយ​គ្មាន​កំហុស​នេះ តាម​ច្បាប់​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ និង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ការ​បាត់​បង់​នូវ​មុខ​របរ​សម្រាប់​ពួក​គេ ជា​ថ្នូរ​នៃ​កំហុស​ដែល​បាន​ចាប់​មនុស្ស​គ្មាន​កំហុស​ឃុំ​ក្នុង​ពន្ធនាគារ​រយៈពេល​ជិត ៦​ឆ្នាំ ដោយសារ​តែ​កំហុស​របស់​មន្ត្រី​ក្រោម​ឱវាទ។

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា ស្វាគមន៍​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​បាន​ដោះ​លែង លោក ប៊ន សំណាង និង លោក សុខ សំអឿន និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ចំពោះ​ករណី​ឃាតកម្ម​លើ លោក ជា វិជ្ជា ដើម្បី​នាំ​ឃាតក​ពិត​ប្រាកដ​យក​មក​ផ្ដន្ទាទោស។

ប្រភព​ពី​មេធាវី​របស់ លោក ប៊ន សំណាង និង លោក សុខ សំអឿន បញ្ជាក់​ថា ពួក​គេ​ទាំង​ពីរ​នាក់​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ទេ ទោះ​បី​តុលាការ​កំពូល​សម្រេច​ឲ្យ​ដោះ​លែង​នៅ​ថ្ងៃ​ពុធ ទី២៥ ខែ​កញ្ញា ក៏ដោយ។ មូលហេតុ​ដែល​មិន​ទាន់​ដោះ​លែង​នេះ ដោយសារ​តែ​ខាង​អគ្គ​មហា​អយ្យការ​តុលាការ​កំពូល មិន​ទាន់​ចុះ​ហត្ថលេខា​លើ​ដីកា​របស់​តុលាការ​នៅ​ឡើយ ដោយសារ​តែ​ផុត​ម៉ោង​រដ្ឋបាល ដូច្នេះ​ការ​ដោះ​លែង​នេះ​ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។