តុលាការកំពូលនឹងលើកយកសំណុំរឿងសុំបដិសេធចោលការស៊ើបអង្កេតបន្ថែមទាក់ទងនឹងបទចោទធ្វើចារកម្មរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ទៅជំនុំជម្រះនៅព្រឹកថ្ងៃទី២២ តុលា សប្ដាហ៍ក្រោយនេះ។ អនុប្រធានតុលាការកំពូល លោក ជីវ កេង គឺជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ អមដោយចៅក្រមប្រឹក្សា ៤រូបផ្សេងទៀត។
មេធាវីការពារក្ដីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប គឺលោក សំ ចំរើន ឱ្យដឹងថា លោក និងកូនក្ដី នឹងចូលរួមក្នុងសវនាការនេះតាមកាលកំណត់ ដោយមិនសុំពន្យារពេលនោះទេ។
តុលាការកំពូលធ្លាប់ច្រានចោលបណ្ដឹងរបស់អ្នកទាំងពីរ ដែលស្នើសុំបដិសេធការស៊ើបអង្កេតបន្ថែមសំណុំរឿងកាន់កាប់រូបភាពអាសអាភាសរួចទៅហើយ កាលពីពាក់កណ្ដាលខែកក្កដា កន្លងទៅ។
តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ចំនួនពីរបទល្មើស គឺបទ“ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ” និងបទ “ផលិត និងកាន់កាប់រូបភាពអាសអាភាស”។ តុលាការក្រុងភ្នំពេញបានប្រើពេលប្រមាណពីរឆ្នាំ ដើម្បីស៊ើបអង្កេត និងបើកការជំនុំជម្រះរឿងក្ដីនេះ ប៉ុន្តែនៅទីបំផុត តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើអ្នកទាំងពីរឡើយ។ ទោះជាបែបនេះក្ដី តុលាការក្រុងភ្នំពេញបែរជាសម្រេចឱ្យស៊ើបអង្កេតរឿងក្ដីនេះបន្ថែមទៀត ដែលធ្វើឱ្យសំណុំរឿងត្រូវអូសបន្លាយដោយគ្មានពេលកំណត់។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផង នៅតែទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ វិញ ព្រោះពួកគេមិនបានប្រព្រឹត្តកំហុសអ្វីនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។