តុលាការ​ខេត្ត​តាកែវ​ចាប់​ខ្លួន​នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត និង​មន្ត្រី ២នាក់​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ

0:00 / 0:00

តុលាការ​ខេត្ត​តាកែវ​ចាប់​ខ្លួន​នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត និង​មន្ត្រី ២នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ដែល​បាន​ឱ្យ​ក្រុមហ៊ុន​សាច់ញាតិ​ ឬ​បក្ខ​ពួក​ខ្លួន​ឈ្នះ​ការ​ដេញ​ថ្លៃ​លើ​គម្រោង​អភិវឌ្ឍន៍​ខេត្ត។ មន្ត្រី​សង្គម​ស៊ីវិល​ថា​ការ​ចាប់​ខ្លួន​មន្ត្រី​សាលា​ខេត្ត​តាកែវ​នេះ​គឺ​ជា​ករណី​តូច​មួយ ព្រោះ​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​ចាត់​វិធាន​ការ​ទៅ​លើ​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ។

សមត្ថកិច្ច​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា បាន​ចាប់​ខ្លួន​នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត​តាកែវ លោក ហេង វុទ្ធី និង​មន្ត្រី​ទីចាត់ការ​ផែនការ​វិនិយោគ ២នាក់​ទៀត គឺ​លោក ម៉ម វិចិត្រ និង​លោក យន់ សុធន់ ក្រោម​បទ​ចោទ​តាម​មាត្រា៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​មាត្រា៣៨ នៃ​ច្បាប់​ស្ដីពី​សំអាត​ប្រាក់ និង​មាត្រា៧៦ នៃ​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ។ មន្ត្រី​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្តតាកែវ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក សយ ច័ន្ទវិចិត្រ និង​អ្នក​នាំ​ពាក្យ​សាលាខេត្ត លោក លី សេវេត បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែវិច្ឆិកា។ ការ​ចាប់​ខ្លួន​មន្ត្រី​ថ្នាក់​ខេត្ត​ទាំង​បី​នាក់​នេះ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ជា​បន្ត​បន្ទាប់។

កាល​ពី​ពេល​កន្លង​មក អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្លាប់​ធ្វើ​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក ហេង វុទ្ធីក្រោយ​មាន​បណ្ដឹង​ចោទ​ប្រកាន់​លោក​ថា មន្ត្រី​រូប​នេះ​បាន​ចង​ក្រង​ក្រុមហ៊ុន ដែល​ជា​សាច់ញាតិ និង​បក្ខពួក​របស់​ខ្លួន​ចូល​រួម​ដេញ​ថ្លៃ​លើ​គម្រោង​អភិវឌ្ឍន៍​ខេត្ត ដូច​ជា ការ​សាងសង់​ផ្លូវ អាគារ​រដ្ឋ និង​ទារ​ប្រាក់​ចំនួន ៥រយ​ដុល្លារ ទៅ ១ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន​ណា ដែល​ដេញ​ថ្លៃ​បាន​ជា​ដើម។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា អង្គការ​អន្តរជាតិ​បាន​វាយ​តម្លៃ​ពី​ស្ថានភាព​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​អាក្រក់​ស្ទើរ​ជា​ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស អំពើ​ពុក​រលួយ​ខ្នាត​ធំ ឬ​ការ​ប្រព្រឹត្ត​បែប​បក្សពួកនិយម។ លោក ប៉ិច ពិសី ថ្លែង​ថា ការ​ចាត់​វិធាន​ការ​ទៅ​លើ​មន្ត្រី​ខេត្ត​តាកែវ គឺ​ជា​ករណី​តូច​មួយ ហើយ​លោក​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​មាន​វិធាន​​ច្រើន​ជាង​នេះ​ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​សេវា​សាធារណៈ​​ល្អ​ប្រសើរ និង​ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ​បរទេស​ឡើង​វិញ។

លោក ប៉ិច ពិសី៖«អ្វី​ដែល​សំខាន់​នោះ​គឺ​រដ្ឋាភិបាល​គួរ​តែ​ដោះ​ស្រាយ​អំពើ​ពុក​រលួយ​នេះ​ជា​ប្រព័ន្ធ​ ជា​យុទ្ធសាស្ត្រ​ ហើយ​ដោះ​ទាំង​ធំ​ទាំង​តូច​ដើម្បី​ទី​មួយ​គឺ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​ពលរដ្ឋ​អំពី​រដ្ឋាភិបាល​​ដែល​អាច​ឈាន​ទៅ​ដល់​ប្រព័ន្ធ​ដឹក​នាំ​មួយ​ដែល​មាន​ភាព​ស្អាត​ស្អំ​​ជាង​មុន​ ទី​ពីរ​កាល​ណា​យើង​ដោះ​បញ្ហា​អំពើ​ពុករលួយ​នេះ​​​ យើង​នឹង​ឈាន​ទៅ​ដល់​ការ​ផ្ដល់​សេវា​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​ជូន​ពលរដ្ឋ»។

កាល​ពី​ពេល​កន្លង​មក មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ជា​ច្រើន​រូប ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​នេះ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ការ​ឆបោក រួមមាន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក ព្រុំ ចាន់នី រដ្ឋលេខាធិការ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ដួង តារា និង​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន គឺ​លោក លី សាម៉េត ជា​ដើម។ នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ធ្លាប់​ប្រកាស​ថា រដ្ឋាភិបាល​នឹង​បន្ត​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​វះកាត់​តាម​អភិក្រម​ទី៥ ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នាំ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ឃ្លាំ​មើល​សង្គម​ថ្លែង​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ផ្សេង​ទៀត ដែល​បន្ត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ឡើយ​ទេ។

អង្គ​ការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃ​ទី៣០ ខែ​មករា ចេញ​ផ្សាយ​របាយការណ៍​រក​ឃើញ​ថា​ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ ឆ្នាំ២០២៣ ស្ថិត​ក្នុង​ស្ថាន​ភាព​គួរ​ឱ្យ​បារម្ភ និង​អាក្រក់​ជាង​ឆ្នាំ​មុន ដោយ​ទទួល​បាន​ពិន្ទុ​ ២២ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​មក​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី១៥៨ ក្នុង​ចំណោម​ប្រទេស និង​ដែន​ដី​ចំនួន ១៨០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។