អ្នក​បឹងកក់​សោកស្ដាយ​ដែល​របប​លោក ហ៊ុន សែន មិន​ដោះលែង​អ្នកស្រី ទេព វន្នី ថ្ងៃ​វិសាខបូជា

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល ពលរដ្ឋ​សហគមន៍​បឹងកក់ និង​គ្រួសារ​អ្នកស្រី​ទេព វ​ន្នី សម្ដែង​ការ​សោកស្ដាយ​ដែល​របប​លោក​ហ៊ុន សែន មិន​ព្រម​ដោះលែង​អ្នកស្រី ទេព វន្នី ឲ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ ក្នុង​ឱកាស​បុណ្យ​វិសាខបូជា។ ការ​លើកឡើង​នេះ បន្ទាប់ពី​ក្រសួង​យុត្តិធម៌​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​៣៣​រូប និង​លើកលែងទោស​ទណ្ឌិត ១​រូប​ក្នុង​ឱកាស​បុណ្យ​វិសាខបូជា តែ​ក្នុង​នោះ​មិន​មាន​ឈ្មោះ​អ្នកស្រី ទេព វន្នី ឡើយ។

ក្ដី​រំពឹង​ថា នឹង​មាន​សិទ្ធិ​សេរីភាព ជួបជុំ​ក្រុម​គ្រួសារ​របស់​ស្ត្រី​មេម៉ាយ​កូន​ពីរ និង​ជា​សកម្មជន​ដីធ្លី​ដ៏​ល្បីឈ្មោះ គឺ​អ្នកស្រី ទេព វន្នី កាន់តែ​ស្ថិតនៅ​ឆ្ងាយ​ដូច​ជើងមេឃ ខណៈ​ដែល​របប​លោក ហ៊ុន សែន មិន​ខ្វាយខ្វល់​នឹង​ការឈឺចាប់ និង​សំឡេង ស្រែក​រក​យុត្តិធម៌​របស់​ពួកគេ។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី បូ ឆវី សម្ដែង​ការ​សោកស្ដាយ​ដែល​របប​លោក ហ៊ុន សែន មិន ព្រម​ដោះ​លែ​អ្នកស្រី ទេព វន្នី ឲ្យ​មាន​សេរីភាព​ឡើងវិញ ទោះបីជា​ពួកគាត់ ព្យាយាម​ដាក់​ញត្តិ​សុំ​កិច្ច អន្តរាគមន៍​ជាច្រើនលើក​ហើយ​ក្ដី។ អ្នកស្រី​បន្ត​ថា ការ​ឃុំឃាំង​អ្នកស្រី ទេព វន្នី ជិត​២​ឆ្នាំ​មកនេះ គឺ​វា ពិត​ជា​អយុត្តិធម៌​ណាស់ ព្រោះថា​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះ​ទេ។ អ្នក ស្រី ស្នើ​សុំ​ឲ្យ​របប​លោក ហ៊ុន សែន និង​ក្រសួង​យុត្តិធម៌ គួរតែ​ដោះលែង​អ្នកស្រី ទេព វន្នី វិញ។ «»

រីឯ​បងស្រី​របស់​អ្នកស្រី ទេព វន្នី គឺ​លោកស្រី ហួត ច័ន្ទសុវណ្ណ រៀបរាប់​ថា អ្នកស្រី​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​របប​លោក ហ៊ុន សែន មិន​ដោះលែង​អ្នកស្រី ទេព វន្នី ក្នុង​ឱកាស​បុណ្យ​វិសាខបូជា​នេះ ខណៈ​ដែល​អ្នកស្រី ទេព វន្នី និង​កូនៗ​ទាំងពីរ​នាក់​របស់​គាត់​ជួប​ទុក្ខ​លំបាក​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ។ ទោះ​យ៉ាង​ណា​ក្ដី អ្នកស្រី បាន​ដឹង​ជាមុន​ថា របប​លោក ហ៊ុន សែន នឹង​មិន​ដោះលែង អ្នកស្រី ទេព វន្នី នោះ​ទេ ព្រោះ​គេ​មាន​ចេតនា​សងសឹក។ «»

ការ​លើកឡើង​នេះ បន្ទាប់ពី​ពួកគេ​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍ ពី​ក្រសួងយុត្តិធម៌ និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ដើម្បី​ឲ្យ​ជួយ​ដោះលែង​អ្នកស្រី ទេព វន្នី ក្នុង​ឱកាស​បុណ្យ​វិសាខបូជា ប៉ុន្តែ​ទីបំផុត​នៅតែ​មិន​មាន​ការ​ដោះលែង​ដដែល។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​ឲ្យ​ដឹង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេ ក្រាម (Telegram)​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា​ថា គណៈកម្មការ​ជាតិ​បាន​ពិនិត្យ និង​សម្រេច​ស្នើសុំ​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត សរុប​៣៤​រូប (​ស្ត្រី ១​រូប) ក្នុង​នោះ​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន​៣៣រូប (ស្ត្រី​១​រូប) និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន​១​រូប សម្រាប់​ឱកាស​បុណ្យ​ពិសាខបូជា​ឆ្នាំ​២០១៨ នេះ ក្នុង​ចំណោម​បញ្ជី​ដែល​បាន​ស្នើសុំ​ពី​គណៈកម្មការ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​រាជធានី ខេត្ត​ចំនួន ២២៨​រូប (ស្ត្រី ១៨​រូប)។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ក្នុង​បញ្ជី​នោះ​មាន​បញ្ចូល​ក្រុម​អ្នក​ទោស​នយោបាយ អ្នកទោស​មនសិការ និង​អ្នកទោស​រឿង​ដីធ្លី​ឡើយ គ្រាន់តែ​គេ​ដឹង​ថា​ទណ្ឌិត​ដែល លើកលែង​និង​បន្ធូរបន្ថយ​ទោស​ទាំងនោះ គឺ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចម្រុះ ដូចជា អំពើ​ឆក់ ប្លន់ លួច រំលោភ ឆបោក ឃាតកម្ម​ជាដើម។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា បាន​ចូលរួម​សម្ដែង​ការ​សោកស្ដាយ​ជាមួយ​សហគមន៍​បឹងកក់ និង​ក្រុម​គ្រួសារ​អ្នកស្រី ទេព វន្នី ដែល​តែងតែ​ព្យាយាម​តស៊ូ​ដាក់​ញត្តិ សុំ​ឲ្យ​មានការ​លើកលែងទោស​ដល់​អ្នកស្រី ទេព វន្នី ទោះបីជា​មាន​ការ​បដិសេធ​ជាច្រើនលើក​ក្ដី។ ម្យ៉ាងវិញទៀត​លោក​សោកស្ដាយ​ព្រោះថា សំណុំរឿង​អ្នកស្រី ទេព វន្នី ត្រូវ​បញ្ចប់​រួចហើយ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល និង​មាន​លក្ខខណ្ឌ​សាក​សម​ដែល​គួរ​ទទួល​បាន​ការ​លើកលែង​ទោស ប៉ុន្តែ​អាជ្ញាធរ នៅតែ​គ្មាន​សន្តាន​ចិត្ត​គិត​គួរ​អំពី​សិទ្ធិ​សេរីភាព​អ្នកស្រី ទេព វន្នី។

លោក សឹង សែនករុណា យល់ថា ការ​មិន​ដោះលែង​អ្នកស្រី ទេព វន្នី នេះ អាច​ដោយសារតែ​មាន​ការ​រើសអើង​លើ​អ្នកស្រី ទេព វន្នី ព្រោះ​កន្លង​មក អ្នកស្រី ទេព វន្នី តែងតែ​ធ្វើ​សកម្មភាព​តវ៉ា​រឿង​ដីធ្លី រឿង​យុត្តិធម៌​សង្គម ហើយ​ចុងក្រោយ​បំផុត​លោកស្រី ទេព វន្នី បាន​ឈឺឆ្អាល​និង​ចូលរួម​តវ៉ា​ទាមទារ យុត្តិធម៌ សម្រាប់​លោក​បណ្ឌិត កែម ឡី និង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​សិទ្ធិ​អាដហុក។ «»

ជា​គោលការណ៍​ច្បាប់ ទណ្ឌិត​ដែល​បាន​អនុវត្ត​ទោស បាន ១​ភាគ ៣ អាច​ស្នើសុំ​បន្ធូរបន្ថយ​ទោស​បាន។ ចំណែក​ឯ​ទណ្ឌិត ដែល​បាន​អនុវត្ត​ទោស ២​ភាគ ៣ អាច​សុំ​លើកលែងទោស​ទាំងស្រុង​តែម្ដង។ ជាទូទៅ ការ​ស្នើ​សុំ​ឲ្យ​មានការ​បន្ធូរបន្ថយ​ទោស ឬ​ការ​លើកលែងទោស​ទាំងស្រុង​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ប្រពៃណី​ជាតិ ដូចជា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ពិធីបុណ្យ​ពិសាខបូជា និង​ពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប។

លោក សឹង សែនករុណា បន្ត​ថា ការ​បន្ត​ឃុំខ្លួន​អ្នកស្រី ទេព វន្នី ទៀត​នេះ គឺ​បង្ហាញ​ពី​ចេតនា​នៃ​ការ អនុវត្ត​ច្បាប់ មិន​ស្មើ​ភាព​គ្នា ដោយសារ​ពលរដ្ឋ​ផ្សេងទៀត​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ អាច​មាន​ឱកាស​ទទួល​បានការ​លើកលែង​ទោស ខណៈ​អ្នកស្រី ទេព វន្នី មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​លើកលែង ទោស តែ​មិន​ត្រូវ​បាន​គេ​លើកលែងទោស។

កាលពី​ឆ្នាំ​២០១៧ ព្រះមហាក្សត្រ​តាមរយៈ​ការ​ស្នើសុំ​របស់​លោក​ហ៊ុន សែន បាន​លើកលែងទោស ដល់​អតីត​អភិបាលខេត្ត​រតនគិរី លោក ខាំ ឃឿន ដែល​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៧​ឆ្នាំ ពី​បទ "​ទទួល​សំណូក​បំផ្លាញ​បរិស្ថាន និង​ក្លែង​របាយការណ៍​នគរបាល​” ក្នុង​រឿង​កាប់​បំផ្លាញ​ឈើ​នៅ​តំបន់​កន្ទុយ​នាគ​ខេត្ត​រតនគិរី ទោះបីជា​លោក មិន​ដែល​ជាប់​ពន្ធនាគារ​មួយ​ថ្ងៃ​ក្ដី។ រឿងអាស្រូវ​កាប់​ឈើ​ដ៏​កក្រើក​នេះ ក៏​មាន​ជាប់​ពាក់​ពន្ធ​នឹង​អតីត​ស្នងការ​ខេត្ត​រតនគិរី​លោក យឿង បាលួង និង​មន្ត្រី​រដ្ឋាភិបាល ទាហាន និង​នគរបាល​១៤​រូប​ទៀត ប៉ុន្តែ​ពួកគេ​សុទ្ធតែ​ត្រូវ​បាន​លើកលែងទោស។ ដោយឡែក​អង្គរក្ស​លោក ហ៊ុន សែន ចំនួន​៣​នាក់ ដែល​បាន​វាយ​ទាត់​ធាក់​យ៉ាង​ដំណំ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​នាក់​នៅមុខ​រដ្ឋសភា ក៏​ត្រូវ​បាន​ដោះលែង​វិញ និង​ដំឡើង​ឋានៈ​តួនាទី​ដែរ។

កាលពីដើម​ខែ​កុម្ភៈ​កន្លង​ទៅ តុលាការ​កំពូល​បានសម្រេច​តម្កល់​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ចំពោះ​ការ​ផ្ដន្ទាទោស​អ្នកស្រី ទេព វន្នី ឱ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ​កន្លះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី កាលពី​ឆ្នាំ ២០១៣ កន្លងទៅ។

ដោយឡែក​សាក្សី​ជាច្រើន​នាក់ និង​អ្នកស្រី ទេព វន្នី បាន​ប្រាប់​តុលាការ​ម្ដង​ហើយ​ម្តង​ទៀត​ថា គាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ។ ពួកគាត់​ជា​ស្ត្រី​ទៅ​ទាមទារ​តវ៉ា​មាន​គ្នា​ប្រមាណ ៣០​នាក់ និង​មាន​ត្រឹមតែ​បដា និង​ផ្កាឈូក​ប៉ុណ្ណោះ ដោយ​គ្មាន​ដុំ​ថ្ម ហើយក៏​មិនបាន​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​ឡើយ មានតែ​ក្រុម​សន្តិសុខ​ទេ ដែល​ប្រព្រឹត្ត​ហិង្សា​លើ​ពួកគេ​រហូត​ធ្វើ​ឲ្យ​បាតុករ​បាក់​ដៃ បាក់ធ្មេញ និង​របួស​ជាដើម នៅ​ក្នុង​ហេតុការណ៍​នោះ។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ខែ​សីហា ឆ្នាំ ២០១៦ ខណៈ​ដែល​អ្នកស្រី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប រួម​ទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​រក​អ្នក​នៅ​ពីក្រោយ​ការ​បាញ់សម្លាប់ លោក កែម ឡី។ គិត​ត្រឹម​ខែ​មេសា ឆ្នាំ ២០១៨ នេះ អ្នកស្រី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ ១ ឆ្នាំ ៨​ខែ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។