តុលាការ​អះអាង​ថា សវនាការ​សំណុំរឿង​សកម្មជន​បរិស្ថាន​ធ្វើ​ឡើង​ជា​សាធារណៈ

សកម្មជន​បរិស្ថាន​ចាត់ទុកថា ការណ៍​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​អះអាង​ថា សវនាការ​កាល​ពី​ថ្ងៃទី​៥ មិថុនា ធ្វើ​ជា​សាធារណៈ ពុំបាន​ឆ្លុះបញ្ចាំង​ការ​ពិត​នោះ​ទេ​។ ពួកគេ​ចង់​ឲ្យ​តុលាការ​ក្លាហាន​ហ៊ាន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​និង​អ្នកគាំទ្រ​ចូលរួម​សវនាការ​នៅ​សប្ដាហ៍​ក្រោយ​ដោយ​គ្មាន​រឹតត្បិត។

សកម្មជន​បរិស្ថាន លោក លី ចាន់ដារ៉ាវុធ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០៦ ខែមិថុនា ថា ការ​ចេញ​សេចក្ដីថ្លែងការណ៍​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ការ​បើក​សវនាការ លើ​សំណុំរឿង​ពួកគេ​ធ្វើ​ឡើយ​ជា​សាធារណៈ​នោះ​គឺ ជា​ការ​បោកប្រាស់​ពលរដ្ឋ។

លោក​បន្ត​ថា អំឡុង​ពេល​សវនាការ កាល​ពី​ថ្ងៃទី​៥ ខែ​មិថុនា នេះ​មន្ត្រី​នគរបាល និង​សន្តិសុខ បាន​ហាម​អ្នកសារព័ត៌មាន និង​យុវជន ដែល​មក​គាំទ្រ​ពួកគេ មិន​ឱ្យទៅ​ឃ្លាំមើល​នៅ​ខាងមុខ​តុលាការ​នោះ​ឡើយ ព្រោះ​ប៉ូលិស បាន​បិទ​របាំង ដែល​មាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ ពី​តុលាការ​។ លោក​ចាត់ទុក ការ​រឹតត្បិត​នេះ​ថា ជា​ការ​បើក​សវនាការ​កាត់​ក្ដី ធ្វើ​ឡើយ​ដោយ​មិន​ឯករាជ្យ​។​

លោក លី ចាន់តារ៉ាវុត៖ «សេចក្ដីថ្លែងការណ៍​នេះ​ដដែល​ក៏​អត់​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ដាក់​រនាំង រាំង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា​ក្រុម មាតា​ធម្មជាតិ​ចូល​ទៅ​ខាងមុខ​បរិវេណ​តុលាការ បែបនេះ​គឺ​វា​ខុសច្បាប់​ទៅ​ហើយ ព្រោះ​នៅ​ប្រទេស​កម្ពុជា ច្បាប់​តម្រូវ​ឱ្យ​សវនាការ​ទាំងអស់​ធ្វើជា​សាធារណៈ​។ ដូច្នេះ​ខ្ញុំ​យល់​ថា វា​ខុសច្បាប់»។

ប្រតិ​កម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៥ ខែ​មិថុនា បាន​ចេញ​សេចក្ដីថ្លែងការណ៍​ចាត់ទុក​ការ​លើកឡើង​របស់​សកម្ម​ជន​បរិស្ថាន​ថា គ្មាន​ការពិត​។​

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ អ៊ី រិន្ទ និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន ដើម្បី​បញ្ជាក់​បន្ថែម ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៦ ខែ​មិថុនា។

សវនាការ​របស់​សកម្មជន​ការពារ​បរិស្ថាន​បាន​ធ្វើ​ឡើង ពីរ​លើក​មក​ហើយ ពាក់ព័ន្ធ​បទ​ចោទ រួមគំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ក្រោយពី​យុវជន​ទាំងនោះ បាន​ចូលរួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។

សវនាការ​លើក​ទី​១ មាន​ការ​ចូលរួម​ពី​សំណាក់ សកម្មជន​បរិស្ថាន ៥​នាក់ រួមមាន យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី រួម​នឹង​ព្រមទាំង​មេធាវី​ការពារ​សិទ្ធិ ឱ្យ​ជនជាប់ចោទ​ចំនួន​៤​រូប និង ​មាន មន្ត្រី​ទូត មន្ត្រី​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​យុវជន​។ ចំណែក​នៅ​ខាងក្រៅ តុលាការ​វិញ មាន​យុវជន និង​ពលរដ្ឋ​ជាច្រើន​នាក់ មក​ឃ្លាំមើល និង​ចាំ​គាំទ្រ។

ដោយឡែក សវនាការ​លើក​ទី​២ នៅ​ថ្ងៃទី​០៥ ខែ​មិថុនា វិញ គេ​ឃើញ​មាន​មន្ត្រី​ប៉ូលិស និង​ក្រុម​សន្តិសុខ បាន​យាមកាម យ៉ាង​តឹងរ៉ឹង ដោយ​បិទ​របាំង មិន​ឱ្យ​អ្នកសារព័ត៌មាន និង​យុវជន ដែល​មក​គាំទ្រ សកម្មជន​បរិស្ថាន ចូល​ទៅ​ឈរ​ឃ្លាំមើល នៅ​ខាង​មុន​បរិវេណ​តុលាការ​នោះ​ទេ​។ ការណ៍​នេះ ធ្វើ​ឱ្យ​សកម្មជន​បរិស្ថាន​ទាំង​៥​នាក់ ពហិការ​ចូល​ស្ដាប់​សវនាការ​ពេញ​មួយ​ថ្ងៃ។

ទាក់ទិន​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ ខែ​មិថុនា ថា សវនាការ របស់​សកម្មជន​បរិ​ស្ថាន​នេះ គឺជា​សវនាការ ដែល​ត្រូវ​ធ្វើ​ឡើងជា​សាធារណៈ ហើយ​ប្រជាពលរដ្ឋ​គ្រប់គ្នា​អាច​ទៅ​ចូលរួម​ស្ដាប់ នៅ​ខាងក្នុង​សវនាការ និង​ឃ្លាំមើល​ពី​ខាងក្រៅ​បាន​។ ក៏ប៉ុន្តែ លោក​ថា ប្រសិនបើ មាន​ការ​ហាម សូម្បីតែ ឃ្លាំ​មើល​នៅ​ខាង ក្រៅ​មិន​បាន​ទៀត នោះ​គឺជា រឿង​មិន​ត្រឹមត្រូវ តាម​នីតិវិធី​ផ្លូវ​ច្បាប់​ឡើយ។

លោក អំ សំអាត៖ «តាម​ពិត​ទៅ​បើ​យើង និយាយ​ពី​សវនាការ រឿង​នេះ គឺជា​សវនាការ​សាធារណៈ​។ អ៊ីចឹង​សវនាការ​ជា​សាធារណៈ ប្រជាពលរដ្ឋ​អាច​ចូល​បាន​។ ប៉ុន្តែ​បើ​សាល​សវនាការ​នោះ​វា​តូច ហ្នឹង​ក៏​មិន​អាច​ចូល​ទៅ​បាន​ដែរ»។

ទោះជា​យ៉ាងណា នៅក្នុង​សវនាការ​លើក​ទី​២​នេះ​ដ្បិតថា ពុំ​មាន​វត្តមាន​សកម្ម​ជន​បរិស្ថាន​ទាំង​៥​នាក់ នៅក្នុង​បន្ទប់​សវនាការ​ក្ដី តែ​ដំណើរការ​សវនាការ​ប្រព្រឹត្ត​ទៅ​ដដែល ហើយនឹង​បន្ត សវនាការ ជា​លើក​ទី​៣ នៅ​ថ្ងៃទី​១១ ខែ​មិថុនា។

នៅក្នុង​សំណុំ​រឿង​នេះ មាន​សកម្មជន​បរិស្ថាន ទាំង​៥​នាក់​ទៀត ដែល​រង​ការចោទប្រកាន់​រួមមាន កញ្ញា ស៊ុន រដ្ឋា លោក ពក ខឺយ លោក ប៉ិញ ពិសិដ្ឋ លោកស្រី រ៉ី រក្សា និង​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បាន​អវត្តមាន​ក្នុង​សវនាការ ទាំង​ពីរ​លើក​។ ប៉ុន្តែ​ពួកគេ មាន​មេធាវី​មក​ការពារ​ផង​ដែរ​។ ព្រះរាជអាជ្ញា​ប្រាប់​តុលាការ​ម្សិលមិញ​ថា មនុស្ស​បួន​នាក់ ក្នុង​ចំណោម​មនុស្ស​ទាំង​១០​នាក់ មាន​ដីកា​ចាប់ខ្លួន​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។