អាជ្ញាធររបបក្រុងភ្នំពេញ និងអង្គការសង្គមស៊ីវិលឃ្លាំមើលការរំលោភសិទ្ធិមនុស្សអះអាងផ្ទុយគ្នា ពាក់ព័ន្ធនឹងរឿងករណីស្លាប់លោក ទិត្យ រ៉ន កូនសកម្មជនគណបក្ស សង្គ្រោះជាតិ នៅក្នុងខេត្តកំពង់ចាម។ ការបង្ហាញជំហរផ្ទុយគ្នានេះ បានកើតមានឡើងក្រោយពីក្រសួងមហាផ្ទៃ បានដឹកនាំគណៈកម្មការចម្រុះមួយ ចុះធ្វើការស៊ើបអង្កេតឡើងវិញ ចំពោះករណីមនុស្សស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ចាម ក្រោយពេលសហរដ្ឋអាមេរិកទាមទារឱរបបលោក ហ៊ុន សែន ស្វែងរកយុត្តិធម៌ប្រកបដោយតម្លាភាពជូនសពគ្រួសារជនរងគ្រោះ។
របាយការណ៍បឋមរបស់ក្រុមអាជ្ញាធរមានសមត្ថកិច្ចបានរកឃើញជាដដែលថា ជនសង្ស័យឈ្មោះ ទិត្យ រ៉ន កូនសកម្មជនគណបក្ស សង្គ្រោះជាតិ ស្លាប់នៅក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីចុងខែមេសា គឺបានកើតឡើងដោយសារដួលក្នុងបន្ទប់ទឹកស្លាប់ដោយខ្លួនឯង។ ការអះអាងរបស់អាជ្ញាធររបបក្រុងភ្នំពេញនេះ បានធ្វើឡើងក្រោយពីគណៈកម្មការចម្រុះមួយក្រុមដឹកនាំដោយក្រសួងមហាផ្ទៃ ចុះធ្វើការស៊ើបអង្កេតសាជាថ្មីនៅក្នុងពន្ធនាគារខេត្តកំពង់ចាម ដើម្បីស្វែងរកមូលហេតុនៃការស្លាប់ជនសង្ស័យនៅក្នុងពន្ធនាគារ។
អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៩ ឧសភាថា គណៈកម្មការចម្រុះបានចុះស្រាវជ្រាវចាប់តាំងពីការចាប់ខ្លួនលោក ទិត រ៉ន រហូតដល់មន្ទីរឃុំឃាំង សម្ភាសន៍ជាមួយអ្នកទោសនៅក្នុងមន្ទីរឃុំឃាំង ឆ្មាំពន្ធនាគារ ព្រមទាំងក្រុមគ្រួសារជនរងគ្រោះផងដែរ។
លោកបញ្ជាក់ថា លទ្ធផលដែលបានរកឃើញមិនខុសពីការលើកឡើងពេលមុនៗ ដែរ គឺជនរងគ្រោះ ទិត្យ រ៉ន ពិតជាបានស្លាប់ដោយសារដួលខ្លួនឯងនៅក្នុងបន្ទប់ទឹក មិនមានការវាយដំធ្វើទារុណកម្មជនរងគ្រោះរហូតដល់ស្លាប់ទេ៖ «គឺគ្មានអ្វីខុសពីលទ្ធផលស្រាវជ្រាវរបស់យើងខ្ញុំដែលបានស្រាវជ្រាវកាលពីលើកមុននោះទេ។ អ្វីដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្ញុំ គឺខ្ញុំទទួលបានព័ត៌មាន និងសាក្សីជាក់ស្ដែងទៅតាមអ្វីដែលខ្ញុំធ្លាប់បានជម្រាបជូនរួចហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសង្គមស៊ីវិលនៅតែអះអាងថា ការស្លាប់នេះនៅមានចំណុចសង្ស័យជាច្រើនដែលខុសពីការសន្និដ្ឋានរបស់សមត្ថកិច្ច។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់ថា ការលើកឡើងរបស់ក្រុមសមត្ថកិច្ច លោកមិនអាចទទួលយកបានទេ។ លោកបញ្ជាក់ថា ជនសង្ស័យ ទិត្យ រ៉ន មិនមែនស្លាប់ដោយសារការដួលខ្លួនឯងក្នុងបន្ទប់ទឹកទេ។ លោកនៅតែប្រកាន់ជំហរថា ជនរងគ្រោះស្លាប់ដោយសង្ស័យថា ទទួលរងនូវការវាយដំជាទម្ងន់ មុនពេលស្លាប់៖ «ការស្លាប់នេះវានៅតែស្ថិតនៅក្នុងអាថ៌កំបាំងដដែល ដោយសារយើងឃើញថា ស្លាកស្នាមទៅលើជនរងគ្រោះ ដែលបានស្លាប់ហ្នឹងវាមានស្លាកស្នាមដែលគួរឱ្យសង្ស័យ»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បានទេកាលពីថ្ងៃទី២៩ ឧសភា៖ «ខ្ញុំសូមទៅ ! កំពុងជាប់ប្រជុំការងារបន្តិច»។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស សង្គ្រោះជាតិ ឃុំទួលព្រះឃ្លាំង អៀម ទិត្យ ឪពុកបង្កើតជនរងគ្រោះធ្លាប់បានអះអាងប្រាប់អាស៊ីសេរីថា លោកមិនជឿទៅលើការអះអាងរបស់របបក្រុងភ្នំពេញទេ។ លោកបញ្ជាក់ថា កូនរបស់លោកស្លាប់ដោយសារការវាយដំនៅក្នុងពេលជាប់ក្នុងមន្ទីរឃុំឃាំងដោយសារតែក្រោយពិនិត្យសាកសពឃើញមានស្នាមជាំជាច្រើនកន្លែង៖ «ដល់ពេលគេយកឡានដាក់សពបានបងប្អូនកូនក្មួយ កូនចៅគេវែកមុខមាត់មើលឃើញមានរបួសលើភ្នែក បែកភ្នែក ក បាក់រលេះស្នាមជាំ ក្លៀកជាំ ឆ្អឹងជំនី ខ្នងជាំទាំងអស់។ កូនខ្ញុំទៅពីផ្ទះ ពេលគេហៅទៅអត់មានរបួសស្នាមអ្វីទេ អត់មានគ្រុន ឬឈឺអ្វីទេ កូនខ្ញុំបង់សំណាញ់រាល់ថ្ងៃ»។
ទាក់ទិននឹងសំណុំរឿងនេះដែរ សហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការស្លាប់កូនប្រុសសកម្មជនគណបក្ស សង្គ្រោះជាតិ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៧ ខែឧសភា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ដែលសកម្មជនគណបក្សប្រឆាំងលោក ទិត្យ រ៉ន ស្លាប់នៅក្នុងពន្ធនាគារ នាខេត្តកំពង់ចាមនោះ។ សហរដ្ឋអាមេរិកអំពាវនាវឱ្យរបបលោក ហ៊ុន សែន ចាត់ការស៊ើបអង្កេតករណីនេះដោយឯករាជ្យ និងជាបន្ទាន់មួយ ដើម្បីរកឱ្យឃើញមូលហេតុពិតនៅពីក្រោយការចាប់ខ្លួន និងការស្លាប់របស់កូនមន្ត្រីបក្សប្រឆាំងរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។