សាលាដំបូងរាជធានីភ្នំពេញសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរីទៅចុងខែសីហា ក្រោយបញ្ចប់សវនាការនៅព្រឹកមិញនេះ។ អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យតុលាការលើកលែងបទចោទប្រកាន់ប្រឆាំងនឹងអ្នកទាំងពីរ ពីព្រោះពួកគាត់មិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
សាលាដំបូងរាជធានីភ្នំពេញបន្តសវនាការជំនុំជម្រះសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរីពីររូប នៅថ្ងៃទី៩ សីហា ដូចការគ្រោងទុក។
ក្រុមប្រឹក្សាជំនុំជម្រះបានអនុញ្ញាតឱ្យភាគីតំណាងអយ្យការ និងមេធាវីធ្វើសេចក្ដីសន្និដ្ឋានរៀងៗ ខ្លួនចំពោះសំណុំរឿងទីមួយពាក់ព័ន្ធនឹងបទចោទ "ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ" ដើម្បីបិទបញ្ចប់សវនាការសំណុំរឿងនេះ។ បន្ទាប់មក តុលាការបានលើកយកសំណុំរឿងទីពីរ ពាក់ព័ន្ធនឹងបទចោទ "ផលិតវីដេអូអាសអាភាស" មកជំនុំជម្រះ ក៏ប៉ុន្តែសវនាការរឿងនេះត្រូវធ្វើឡើងជាអសាធារណៈ មិនមាននរណាអាចចូលស្ដាប់បានឡើយ។
មេធាវីការពារក្តីឱ្យអតីតបុគ្គលិកអាស៊ីសេរី លោក សំ ចំរើន ថ្លែងថា លោកបានធ្វើសេចក្ដីសន្និដ្ឋានស្នើសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងពីរករណីលើកូនក្តីរបស់លោក ស្របពេលតំណាងអយ្យការនៅតែតម្កល់ការចោទប្រកាន់របស់ខ្លួនក្នុងសំណុំរឿងទាំងពីរនេះដដែល។ លោករំពឹងថា ក្រុមប្រឹក្សាជំនុំជម្រះនឹងសម្រេចឱ្យកូនក្តីរបស់លោកទទួលបានទទួលយុត្តិធម៌វិញ ព្រោះពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ៖ «សំណុំរឿងនីមួយៗ និយាយរួមទៅ ផ្អែកលើទិដ្ឋភាពច្បាប់ មិនគួរបន្តនីតិវិធីចោទប្រកាន់លើកូនក្តីយើងតាំងពីដំបូងទីមកហើយ បើពិនិត្យលើភស្តុតាង និងឯកសារផ្សេងៗ»។
តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងទាំងពីរនេះជាមួយគ្នា នៅព្រឹកថ្ងៃទី៣០ សីហាខាងមុខ បន្ទាប់ពីបិទបញ្ចប់សវនាការជំនុំជម្រះ។
អតីតបុគ្គលិកអាស៊ីសេរីលោក យាង សុធារិន្ទ ថ្លែងថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកពួកលោកឡើយ ហើយការលើកឡើងរបស់តំណាងអយ្យការក្នុងសេចក្ដីសន្និដ្ឋាន ក៏មិនស៊ីសង្វាក់គ្នាទៅនឹងបទចោទប្រកាន់លើពួកលោកដែរ។ លោកជឿជាក់ថា ប្រសិនបើក្រុមប្រឹក្សាជំនុំជម្រះឈរលើគោលការណ៍វិជ្ជាជីវៈត្រឹមត្រូវ ពួកលោកនឹងបានរួចផុតពីការចោទប្រកាន់ដ៏អយុត្តិធម៌នេះ៖ «ខ្ញុំនៅតែយល់ឃើញថា ការចោទប្រកាន់មកលើយើងខ្ញុំទាំងពីរ ហើយភស្តុតាងដែលបង្ហាញ វាអត់មានពាក់ព័ន្ធនឹងបទចោទទាក់ទងនឹងការបញ្ជូនព័ត៌មាននាំឱ្យអន្តរាយការការពារជាតិហ្នឹង។ អ៊ីចឹង ខ្ញុំនៅមានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា ចៅក្រមជំនុំជម្រះនឹងផ្ដល់យុត្តិធម៌ឱ្យយើងខ្ញុំទាំងពីរនាក់ ហើយយើងខ្ញុំទាំងពីរនាក់នឹងទទួលបានសេរីភាពពេញលេញនៅថ្ងៃទី៣០ ខែសីហាខាងមុខ»។
តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ចំនួនពីរបទចោទ គឺទី១ បទ "ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ" និងទី២ បទ "ផលិតវីដេអូអាសអាភាស" បន្ទាប់ពីបានឃាត់ខ្លួនពួកគាត់ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ តុលាការបានឃុំខ្លួនអ្នកទាំងពីរ ក្នុងពន្ធនាគារអស់រយៈពេលជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយភ្ជាប់នូវលក្ខខណ្ឌដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសរៀងរាល់ខែ និងហាមធ្វើដំណើរទៅក្រៅប្រទេសជាដើម។
ថ្វីបើអ្នកទាំងពីរបានរួចផុតពីនីតិវិធីស្ថិតក្រោមការត្រួតពិនិត្យតាមអំណាចសាលដីកាសាលាឧទ្ធរណ៍មែន ក៏ សិទ្ធិសេរីភាពក្នុងការដើរហើររបស់អ្នកទាំងពីរមិនទាន់មានពេញលេញនៅឡើយទេ។ តុលាការក្រុងភ្នំពេញមិនបានប្រគល់លិខិតឆ្លងដែន និងវត្ថុចាប់យកដទៃទៀតឱ្យអ្នកទាំងពីរវិញឡើយ ដោយរង់ចាំសម្រេចនៅក្នុងសាលក្រមជំនុំជម្រះនៅពេលខាងមុខ។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែលបានតាមដានសវនាការនេះថ្លែងថា តុលាការមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តចោទប្រកាន់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ឡើយ ដូច្នេះលោកស្នើឱ្យតុលាការ ទម្លាក់ចោលបទប្រកាន់ទាំងឡាយប្រឆាំងនឹងអ្នកទាំងពីរ។ ម្យ៉ាងវិញទៀត លោកថា អាជ្ញាធរក៏ត្រូវផ្ដល់សំណងជំងឺចិត្តដល់អ្នកទាំងពីរដែរ ពីព្រោះអាជ្ញាធរបានចាប់ខ្លួនពួកគាត់ដាក់ពន្ធនាគារជាង៩ ខែ ដោយគ្មានទោសកំហុស និងបង្កើតបទចោទប្រកាន់ដោយគ្មានមូលដ្ឋាន នាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ សុភមង្គល និងជីវភាពគ្រួសាររបស់ពួកគាត់ទាំងពីរ៖ «ជាការចោទប្រកាន់មួយដែលអត់ឆ្លុះបញ្ចាំងការពិតទាល់តែសោះ ហើយអ្នកទាំងពីរហ្នឹង គឺគ្មានព័ត៌មានណាមួយដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិទេ។ ដូច្នេះបទចោទនេះ មិនសមណាចោទមកលើអ្នកទាំងពីរតាំងពីដំណាក់កាលនៃនគរបាលកសាងសំណុំរឿងហ្នឹងម្ល៉េះ ហើយមកទល់ពេលនេះ យើងគិតថា ល្មមហើយនៃការទម្លាក់ចោលបទចោទប្រកាន់ហ្នឹង ព្រោះអ្នកទាំងពីរត្រូវការមានសេរីភាពរួចផុតពីការចោទប្រកាន់ហ្នឹង ដើម្បីធ្វើកិច្ចការងារចិញ្ចឹមក្រុមគ្រួសារទៀត»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ថា ជាជនរងគ្រោះនៃការវាយប្រហារដោយឥតស្រាកស្រាន្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើស្ថាប័នព័ត៌មាន ដែលហ៊ានផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល។
ចំណែកអង្គការសហប្រជាជាតិវិញបានរកឃើញថា អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ដកហូតសិទ្ធិសេរីភាពដោយបំពាន តាមរយៈការឃុំខ្លួន និងការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ។ អង្គការសហប្រជាជាតិស្នើឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលការចោទប្រកាន់នេះ និងផ្ដល់សិទ្ធិឱ្យអតីតបុគ្គលិកអាស៊ីសេរីបានទាមទារសំណងមកវិញ។
អតីតបុគ្គលិកអាស៊ីសេរី បញ្ជាក់ថា ពួកលោកមិនទាន់បានគិតគូរពីការទាមទារសំណងជំងឺចិត្តនៅឡើយទេក្នុងពេលនេះ ប៉ុន្តែលោកថា ប្រសិនបើអាជ្ញាធរ ឬតុលាការដឹងខ្លួនថា បានរំលោភច្បាប់ និងសិទ្ធិពលរដ្ឋរបស់ខ្លួនរដ្ឋអំណាចគួរតែបំពេញកាតព្វកិច្ចសងសំណងជំងឺចិត្តដល់ពួកលោកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។