មន្ត្រីសង្គមស៊ីវិល យល់ស្របគ្នា ថារឿងក្តីលោក កឹម សុខា គឺជារឿងនយោបាយសុទ្ធសាធ ដូច្នេះគួរតែនាំគ្នារកដំណោះស្រាយបញ្ចប់រឿងនេះ តាមផ្លូវនយោបាយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសទណ្ឌកម្មអន្តរជាតិ។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលដំណើរការក្ដីលោក កឹម សុខា យល់ស្របគ្នាថា រឿងក្តីប្រធានគណបក្សប្រឆាំងនេះ មានចរិតនយោបាយ ដែលមិនត្រូវអូសបន្លាយពេលវេលា ក្នុងការកាត់ក្ដីនោះទេ។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត ដែលបានចូលស្តាប់សវនាការដោយផ្ទាល់ ក្នុងថ្ងៃសវនាការសប្ដាហ៍ទីបី កាលពីថ្ងៃទី២៩ ខែ មករា ឱ្យអាស៊ីសេរីដឹងថា លោក កឹម សុខា គឺជាអ្នកនយោបាយ។ ដូច្នេះរាល់ពាក្យពេចន៍ នៃការថ្លែងនៅក្នុងវេទិកាសាធារណៈ គឺជាសម្ដីរបស់អ្នកនយោបាយ ដែលមិនគួរយកស្ថាប័នតុលាការ មកឡូកឡំ ក្នុងការដោះស្រាយរឿងនេះនោះទេ៖ «ជុំវិញរឿងវីដេអូឃ្លីបនេះ យើងមើលទៅ យើងយកពាក្យវោហារសាស្ត្ររបស់អ្នកនយោបាយ យើងមកលាយឡំជាមួយនឹងស្ថាប័នឯករាជ្យរបស់តុលាការ យើងមើលទៅ វាពិបាកក្នុងការសម្រេចចិត្តណាស់»។
អ្នកនយោបាយនៅទីនេះ លោក យី សុខសាន្ត សំដៅលើថ្នាក់ដឹកនាំទាំងពីរគណបក្ស គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមថា ការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំងបែបនេះ គឺធ្វើឱ្យសង្គមជាតិមានភាពបែកបាក់គ្នា ដែលមិនចំណេញអ្វីដល់ប្រយោជន៍ជាតិខ្មែរទាំងមូលនោះទេ។ ម្យ៉ាងទៀត លោកថា សហភាពអឺរ៉ុប ឯណោះ ក៏កាន់តែកៀកដល់ថ្ងៃសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាណាស់ទៅហើយ៖ «គួរតែដោះស្រាយតាមផ្លូវនយោបាយ ដើម្បីកេងចំណេញអំពីការដាក់ទណ្ឌកម្ម ពីសហគមន៍អឺរ៉ុប ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូល។ ជាពិសេសរដ្ឋាភិបាល គ្មានការងារធ្វើដល់និយោជិក ដែលប្រឈមមុខនាពេលខាងមុខនេះ បើសិនជាយើងមិនត្រូវរ៉ូវគ្នា ពាក់ព័ន្ធនឹងរឿងក្តីនេះ»។
ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ធ្វើឡើងស្របពេលដែលសវនាការជំនុំជម្រះក្តីករណីលោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិនោះ ឈានចូលដល់សប្ដាហ៍ទី៣។ នៅថ្ងៃទី២៩ ខែមករា ដែលជាថ្ងៃដំបូង នៃសវនាការសប្ដាហ៍ទីបីនេះ ភាគីពាក់ព័ន្ធបន្តសួរដេញដោលលោក កឹម សុខា អំពីពាក្យពេចន៍ដែលលោកនិយាយ ក្នុងសុន្ទរកថានៅប្រទេសអូស្ត្រាលី កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៣នោះ។ ការសួរដេញដោលនេះ បានឈានដល់អំឡុងឆ្នាំ ២០០៧-២០១២ ដែលជាអំឡុងពេលលោក កឹម សុខា ក្លាយជាប្រធានគណបក្សសិទ្ធិមនុស្ស។
សំណួរផ្ដោតខ្លាំងទៅលើទំនាក់ទំនងរបស់លោក កឹម សុខា ជាមួយនឹងអង្គការសង្គមស៊ីវិលរបស់អាមេរិកធំៗ ជាពិសេសវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ដែលទទួលជំនួយឧបត្ថម្ភ ពីអង្គការភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
ទម្រង់នៃការសួរសំណួរទាំងនេះ ទំនងជាចង់ភ្ជាប់លោក កឹម សុខា ទៅនឹងអង្គការអាមេរិក និងសហរដ្ឋអាមេរិក ដែលជារដ្ឋបរទេស ឱ្យស្របទៅនឹងបទចោទពីបទសន្ទិដ្ឋិភាព ឬត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ទោះជាយ៉ាងនេះក្តី មេធាវីការពារក្តីរបស់លោក កឹម សុខា ថាសកម្មភាពរបស់លោក កឹម សុខា ជាមួយអង្គការទាំងនេះ គ្មានអ្វីជារឿងសម្ងាត់នោះទេ ព្រោះលោក កឹម សុខា ក្នុងនាមជាប្រធានគណបក្សនយោបាយ ជាតំណាងរាស្ត្រ និងជាប្រធានគណៈកម្មាធិការមួយ របស់រដ្ឋសភាផង មានការប្រាស្រ័យទាក់ទងគ្នាជាធម្មតា ជាមួយអង្គការទាំងនេះ ក្នុងក្របខ័ណ្ឌនៃការជួយពង្រឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទោះជាខាងព្រះរាជអាជ្ញា និងមេធាវីតំណាងរដ្ឋាភិបាល ព្យាយាមភ្ជាប់លោក កឹម សុខា ទៅនឹងរដ្ឋបរទេស ដែលក្នុងករណីនេះ គឺសហរដ្ឋអាមេរិកក៏ដោយ ក៏រហូតមកដល់ពេលនេះ តុលាការនៅតែមិនទាន់កោះហៅពលរដ្ឋអាមេរិក ឬមន្ត្រីរដ្ឋាភិបាលអាមេរិក ដើម្បីចូលខ្លួនមកបំភ្លឺរឿងនេះនោះឡើយ។
លោកមេធាវី ចាន់ ចេន ថា លោក កឹម សុខា ក៏មានសំណូមពរ ឱ្យតុលាការកោះហៅជនបរទេស ឬមន្ត្រីរដ្ឋាភិបាលបរទេស ដែលខាងអយ្យការបានចោទប្រកាន់លោក ថាបានឃុបឃិតគ្នា ដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះដែរ៖ «នៅក្នុងអង្គសវនាការថ្មីៗហ្នឹង លោក កឹម សុខា គាត់បានមានប្រសាសន៍ហើយ ថាបើមិនជឿថា គាត់ជាបុគ្គលស្អាតស្អំ គាត់មិនបានប្រព្រឹត្តទេ គាត់និយាយឱ្យចំ សុំហៅអាមេរិកមក បើមិនជឿគាត់»។
ការខកខានក្នុងការកោះហៅតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាធាតុផ្សំសំខាន់មិនអាចខ្វះបានមួយ ក្នុងបទចោទប្រកាន់អំពីអំពើក្បត់ជាតិនេះ ធ្វើឱ្យប្រធានសហភាពសហជីពកម្ពុជា យល់ឃើញថា រឿងនេះរឹតតែបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីចរិតនយោបាយ នៃដំណើរការក្តីនេះ ហើយថា តុលាការបង្ហាញឱ្យឃើញអំពីមន្ទិលជុំវិញឯករាជ្យភាពរបស់ខ្លួន៖ «ប្រសិនបើជាតុលាការមិនស្ថិតក្រោមឥទ្ធិពលនយោបាយ ត្រូវតែកោះហៅ ត្រូវតែមានសេចក្ដីក្លាហាន ព្រោះក្នុងបណ្ដឹងចោទថា ពាក់ព័ន្ធជាមួយបរទេស ដូច្នេះត្រូវតែកោះហៅបរទេសនោះមកចូលរួម»។
ជុំវិញការកោះហៅតំណាងរដ្ឋបរទេសនេះ ខាងមេធាវីតំណាងរដ្ឋាភិបាល មានការប្រយ័ត្នប្រយែងខ្ពស់ ដោយលោកមេធាវី គី តិច ថែមទាំងស្នើឱ្យតុលាការប្រើឈ្មោះរដ្ឋបរទេស ដែលលោកអះអាងថា ជាប់ពាក់ព័ន្ធក្នុងរឿងក្តីនេះ ដោយតាងជាអក្សរតំណាង ជាជាងប្រើឈ្មោះចំ ដោយលោកអះអាងបន្ថែមថា ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងរដ្ឋបរទេសទាំងនោះ។ ទោះជាលោក គី តិច ដំបូងឡើយថា មានរដ្ឋបរទេស ៩ រួមទាំងសហគមន៍អឺរ៉ុប និងតៃវ៉ាន់ ផងសុទ្ធតែជាប់ពាក់ព័ន្ធក្នុងរឿងក្តីនេះ ក្រោយមកលោកកែសម្តីនេះវិញ ដោយថាគ្មានរដ្ឋបរទេសណាពាក់ព័ន្ធ ក្នុងការឃុបឃិតគ្នាជាមួយលោក កឹម សុខា ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ គ្រាន់តែរដ្ឋទាំងនោះ មានឈ្មោះក្នុងឯកសារយោងប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី នៅក្នុងសវនាការកាលពីថ្ងៃទី២៩ ខែ មករា លោក គី តិច ចោទលោក កឹម សុខា ថា កំពុងព្យាយាមគេចវេះពីការទទួលខុសត្រូវ ដោយទម្លាក់កំហុសទៅលើអ្នកដទៃ។ លោកសំដៅលើ ពាក្យ "គេ" នៅក្នុងវីដេអូនៃសុន្ទរកថាលោក កឹម សុខា ដែលថា គេឱ្យគាត់ធ្វើនេះ គេឱ្យគាត់ធ្វើនោះ នោះគឺ គេនេះសំដៅលើរដ្ឋប្រទេស តែលោកចោទថា លោក កឹម សុខា ថាមិនមែន៖ «ឥឡូវនេះជនជាប់ចោទ កឹម សុខា គាត់កំពុងតែដោះបញ្ហា ដែលត្រូវបានខាងអយ្យការដាក់ការចោទប្រកាន់ហ្នឹងចង់បង្វែរ ថា ប្រជាជនទេដែលបង្គាប់ឱ្យលោកមកធ្វើសកម្មភាពហ្នឹង ចង់ចោទទៅបងប្អូនខ្មែរយើងបរទេសថា ចង់ឱ្យគាត់ធ្វើមិនមែនរដ្ឋទេ។ នេះគ្រាន់តែជាការប្រកែករបស់ជនជាប់ចោទ កឹម សុខា ទេ។ តែមានភស្តុតាងច្រើនទៀត»។
ប៉ុន្តែ មេធាវីការពារក្តីលោក កឹម សុខា តបវិញថា លោក កឹម សុខា មិនបានទម្លាក់កំហុសទៅលើនរណាម្នាក់នោះទេ។ ហើយពាក្យ “គេ” គឺលោក កឹម សុខា ចង់សំដៅប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមានសំណូមពរឱ្យលោកធ្វើ ដើម្បីឱ្យមានការផ្លាស់ប្ដូរជាវិជ្ជាមាន មានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា តាមរយៈការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុតិ្តធម៌ប៉ុណ្ណោះ។
ពាក្យ "គេ" នេះ លោក កឹម សុខា ប្រើច្រើនដង នៅពេលថ្លែងនៅមុខពលរដ្ឋខ្មែរអូស្ត្រាលី កាលពីឆ្នាំ ២០១៣នោះ ដោយជួនកាលលោក កឹម សុខា ប្រើពាក្យគេនេះ នៅក្នុងឃ្លាដូចជា គេបានឱ្យលោកដកខ្លួនមួយរយៈ មកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្ស ។ល។
ទោះបីជាសវនាការដេញដោលគ្នា យ៉ាងតឹងសរសៃក ដែលមេធាវីខាងរដ្ឋាភិបាល អះអាងថា ជាការអនុវត្តតាមនីតិវិធីច្បាប់ នៃតុលាការឯករាជ្យយ៉ាងណាក្តី ក៏សូម្បីតែក្រុមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ក៏ចាត់ទុកសំណុំរឿងលោក កឹម សុខា នេះមានចរិតនយោបាយ និងរំលោភនីតិវិធីតុលាការ តាំងតែពីចាប់ និងឃុំខ្លួនលោក កឹម សុខា ពីដំបូង នៅកណ្ដាលអាធ្រាត្រ កាលពីដើមខែ កញ្ញា ឆ្នាំ ២០១៧ មកម្ល៉េះ។
ប៉ុន្តែ សវនាការនេះ នៅតែប្រព្រឹត្តទៅតាមការគ្រោងទុក ដោយតុលាការគ្រោងនឹងបើសវនាការបីខែ ដោយមួយសប្ដាហ៍កាត់ក្តីពីរថ្ងៃ។ សវនាការថ្ងៃទី២ នៃសប្ដាហ៍ទី ៣ នឹងបន្តនៅថ្ងៃនេះទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។