សង្គម​ស៊ីវិល​សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​ឱ្យ គង់ រ៉ៃយ៉ា និង​ សួង នាគព័ន្ធ ​បាន​នៅ​ក្រៅ​ឃុំ

0:00 / 0:00

សង្គម​ស៊ីវិល និង​ភរិយា​របស់​លោក គង់ រ៉ៃយ៉ា សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​អនុញ្ញាត​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើ​សុំ។ សាលា​ឧទ្ធរណ៍​នឹង​ជំនុំជម្រះ​បណ្ដឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំងពីរ​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ប្ដឹង​ជំទាស់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​កាលពី​ចុង​ខែ​កក្កដា។

យុវជន កែម ឡី និយម​ពីរ​នាក់ គឺ លោក គង់រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ បាន​ជាប់ពន្ធនាគារ​ជិត ១​ខែ​ហើយ​ ដោយសារ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី។ មេធាវី​របស់​អ្នក​ទាំងពីរ​កំពុង​ស្វះស្វែង​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ពួកគេ​បាន​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ភរិយា​របស់​លោក គង់ រ៉ៃយ៉ា គឺ​លោកស្រី សុខ ស្រីនិច រៀបរាប់​ថា ប្រសិនបើ​តុលាការ​អនុវត្ត​តាម​វិជ្ជាជីវៈ​នោះ គឺ​មិន​ត្រឹមតែ​ដោះលែង​ស្វាមី​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​ទេ តែ​​អាច​​នឹង​ទម្លាក់​​សំណុំ​រឿង​​នេះ​​ចោល​ដោយ​ឥត​ចាត់ការ​ទៀត​ផង។ ការ​អះអាង​ដូច្នេះ ព្រោះ​លោកស្រី​យល់​ថា ស្វាមី​ពុំបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​នោះ​ទេ៖ «ខ្ញុំ​សង្ឃឹម​ថា ពេល​ខាងមុខ​នេះ គេ​កាត់ក្ដី​នឹង​ផ្ដល់​ភាព​យុត្តិធម៌ និង​ភាព​ស្អាត​ស្អំ​ដល់​ស្វាមី​ខ្ញុំ ព្រោះ​អី​ការ​ឃុំខ្លួន​បែបនេះ​ខាត​ពេល​វេលា​ខ្ញុំ​មែនទែន។រាល់ថ្ងៃ​នេះ​ក៏​ដឹង​ដែរ​ថា ខ្ញុំ​ត្រូវ​រក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ​ទាំងមូល​ហើយ​យក​ប្រាក់​ទៅ​ជួយ​ឧបត្ថម្ភ​ប្ដី​នៅ​ពន្ធនាគារ​ទៀត»។

​មេធាវី​ការពារ​ក្ដី​ឱ្យ​យុវជន​ទាំងពីរ​លោក លី សុចិត្រា ប្រាប់​អាស៊ីសេរី​ថា សាលាឧទ្ធរណ៍​នឹង​បើក​ការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គង់ រ៉ៃយ៉ា នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ខាង​មុខ។ រីឯ យុវជន សួង នាគព័ន្ធ គឺ​ខាង​តុលាការ​មិន​ទាន់​ជូនដំណឹង​នៅ​ឡើយ តែ​ប្រហែល​ជា នៅ​ថ្ងៃ​បន្តបន្ទាប់​គ្នា​នោះ។

ក្រុម​មេធាវី​ការពារ​ក្ដី​បាន​ដាក់​បណ្ដឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ របស់​យុវជន​ទាំងពីរ​នេះ​ទៅ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ពោល​គឺ​មួយថ្ងៃ​ក្រោយ​ការប្រកាស​បដិសេធ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា។

លោក​មេធាវី លី សុចិត្រា ឱ្យ​ដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​មូលហេតុ​ដែល​មិន​ដោះលែង​កូនក្ដី​របស់​លោក​ថា ដោយសារ​បទចោទប្រកាន់​នោះ​ជា​បទល្មើស​មជ្ឈិម និង​ខ្លាច​ប៉ះពាល់​របៀប​រៀបរយ​សង្គម ព្រមទាំង​ដើម្បី​ងាយស្រួល​ក្នុង​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា ការ​ចាប់​ឃុំខ្លួន និង​ការចោទប្រកាន់​លើ​យុវជន កែម ឡី និយម​ទាំង​ពីរនាក់​គឺ​គ្មាន​ភស្តុតាង និង​គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​នោះ​ទេ។ ផ្ទុយទៅវិញ​ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ​នេះ គឺ​កំពុងតែ​រឹតត្បិត និង​រំលោភបំពាន​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ជួបជុំ​របស់​ពួកគាត់​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក អំ សំអាត យល់ថា​ប្រសិនបើ​តុលាការ​អនុញ្ញាត​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​គឺ​វា​នឹង​ជួយ​ឱ្យ​មាន​ភាព​ល្អប្រសើរ​សម្រាប់​ជីវភាព​រស់នៅ​របស់​គ្រួសារ​ពួកគេ ហើយ​អាច​ជៀស​ផុត​ពី​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ផ្សេងៗ ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ទាមទារ​ឱ្ថយ​កម្ពុជា​ស្តា​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទិ្ធមនុស្ស​នេះ៖ «សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ទាំងពីរ​បាន​នៅ​ក្រៅ​ឃុំ ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ ព្រោះ​ដូច គង់ រ៉ៃយ៉ា គាត់​មាន​គ្រួសារ​ហើយ​មាន​កូន​តូច​ហើយ គាត់​ជា​មេ​គ្រួសារ​ទៀត។ បើ​គាត់​នៅ​ជាប់​ឃុំ​អ៊ីចឹង គឺ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពួកគាត់។ ចំណែក​លោក សួង នាគព័ន្ធ ក៏​គាត់​មាន​ប្អូន​តូចៗ​ដែល​ត្រូវ​ចិញ្ចឹម​ដែរ​ហើយ​បើ​គាត់​នៅ​ឃុំខ្លួន​គឺ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ដែរ។ ម្យ៉ាងទៀត​បទល្មើស​នេះ​ជា​បទល្មើស​មជ្ឈិម និង​គ្មាន​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​ទេ»។

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​លោក គង់ រ៉ៃយ៉ា អាយុ ២៨​ឆ្នាំ កាលពី​ថ្ងៃ​ទី៩ ខែ​កក្កដា ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ក្រោយ​បាន​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូប និង​ទស្សនបណ្ឌិត កែម ឡី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សម្រាប់​ខួប​បី​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត​ កែម ឡី។

មួយថ្ងៃ​បន្ទាប់មក​សមត្ថកិច្ច បាន​ចាប់ខ្លួន​លោក សួង នាគព័ន្ធ ដោយ​ចោទប្រកាន់​ដូច​លោក គង់ រ៉ៃយ៉ា ដែរ ដោយសារ​លោក​ចូលរួម​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​ចែក​ខិត្តប័ណ្ណ​អំពាវនាវ​កុំ​ឱ្យ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ នៅ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈ​កាល់តិច ស្តុប​បូកគោ ដែល​ជា​ទីតាំង​ឃាតកម្ម​បណ្ឌិត កែម ឡី។

អង្គការសហប្រជាជាតិ​សហរដ្ឋ​អាមេរិក និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ផ្សេង​ទៀត បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់​ថា ចំណាត់ការ​របស់​អាជ្ញាធរ​របប​នេះ​ថា កំពុង​មាន​គោលដៅ​ធ្វើទុក្ខបុកម្នេញ អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ និង​ការ​ជួបប្រជុំគ្នា​ដោយ​សន្តិវិធី។ ពួកគេ អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះលែង​យុវជន​ទាំងពីរ​នាក់ និង​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដូច្នេះ​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។