មេធាវីការពារក្តីឱ្យលោក សម រង្ស៊ី ដែលបានដាក់ពាក្យប្ដឹងសុំឱ្យក្រុមហ៊ុនឆេវរ៉ុន (Chevron) បញ្ចេញភស្តុតាងពាក់ព័ន្ធនឹងករណីឃាតកម្មលោក កែម ឡី នៅឯស្ថានីយប្រេងឥន្ធនៈស្តារម៉ាត កាល់តិច (Caltex) សន្និដ្ឋានថា អាជ្ញាធរកម្ពុជា បានព្យាយាមបិទបាំងព័ត៌មានពិតប្រាកដនៅពីក្រោយហេតុការណ៍ឃាតកម្មនេះ និងបានធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ដោយសារតែមិនបញ្ចេញខ្សែអាត់វីដេអូទាំងស្រុងជុំវិញករណីនេះ។
ការសន្និដ្ឋាននេះ កើតមានឡើងក្រោយពេលតុលាការអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បានកាត់ក្ដីឱ្យកូនក្តីលោកឈ្នះក្រុមហ៊ុន Chevron ដែលជាមេក្រុមធំរបស់ក្រុមហ៊ុនសាំងកាល់តិច ដោយតុលាការបានតម្រូវឱ្យក្រុមហ៊ុននេះ ប្រគល់ឯកសារភស្តុតាង ដែលខ្លួនមាន ទៅឱ្យដើមបណ្ដឹង។ មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងការពារថា ការណ៍ដែលតុលាការក្រុងភ្នំពេញមិនបញ្ចេញខ្សែអាត់វីដេអូទាំងស្រុងនេះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមដើម្បីរក្សាការសម្ងាត់ដល់ការបំបែកសំណុំរឿងទីពីរ ដែលលោកអះអាងថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេត ដើម្បីស្វែងរកជនពាក់ព័ន្ធមកផ្ដន្ទាទោស។
អស់រយៈពេលជាងបីឆ្នាំមកហើយដែលសំណុំរឿងឃាតកម្មដ៏កក្រើកលើលោក កែម ឡី កាត់ក្តីដោយតុលាការនៃរបបលោក ហ៊ុន សែន នៅតែមិនបានធ្វើឱ្យសាធារណជនជឿជាក់ និងទុកចិត្តនៅឡើយ បើទោះជារឿងក្តីនេះ តុលាការបានផ្ដន្ទាទោសជនដៃដល់ឈ្មោះ ជួប សម្លាប់ ឬ អឿត អាង ឱ្យជាប់ពន្ធនាគារអស់មួយជីវិតក៏ដោយ។ ក្រោយបិទបញ្ចប់ការកាត់ក្តីលើឈ្មោះ ជួប សម្លាប់ ហើយដោយសារតែមានការរិះគន់ខ្លាំង អាជ្ញាធរកម្ពុជាបានបង្ខំចិត្តបញ្ចេញខ្សែអាត់វីដេអូរយៈពេលខ្លីមួយជ្រុង ប៉ុន្តែមិនបានបញ្ចេញខ្សែអាត់វីដេអូទាំងស្រុងគ្រប់ជ្រុងជ្រោយ ដែលខ្លួនបានរឹបអូសពីស្ថានីយប្រេងឥន្ធនៈកាល់តិច ឱ្យសាធារណជនបានឃើញនោះទេ។

សេចក្តីសន្និដ្ឋានរបស់មេធាវីអាមេរិកាំងការពារក្តីឲ្យលោក សម រង្ស៊ី៖ «រដ្ឋាភិបាលបន្តបិទបាំងព័ត៌មាន»
មេធាវីអាមេរិកាំងការពារក្តីឱ្យលោក សម រង្ស៊ី ក្នុងសំណុំរឿងប្ដឹងសុំឱ្យក្រុមហ៊ុនប្រេងឥន្ទនៈ Chevron បញ្ចេញភស្តុតាងពាក់ព័ន្ធនឹងករណីឃាតកម្មនេះ គឺលោក ន័រ ហេហ្គី (Noah Hagey) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក ថ្មីៗនេះថា ក្រោយបានឈ្នះក្តីលើក្រុមហ៊ុន Chevron តុលាការអាមេរិកបានតម្រូវឱ្យក្រុមហ៊ុនមួយនេះ បញ្ចេញនូវឯកសាររាប់រយទំព័រ ជុំវិញករណីឃាតកម្មលោក កែម ឡី ។ លោកបន្តថា សារសំខាន់នៃឯកសារភស្តុតាងផ្ដល់ឱ្យដោយក្រុមហ៊ុន Chevron នេះ បង្ហាញឱ្យឃើញថា ក្រុមហ៊ុនបានផ្តល់នូវខ្សែអាត់វីដេអូថតបាន ទៅឱ្យរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ថតពីកាមេរ៉ាវីដេអូចំនួន ១៤ កាមេរ៉ា ក្នុងថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅពេលលោក កែម ឡី ត្រូវគេធ្វើឃាត។ លោកថា ឧបករណ៍រក្សាទុកខ្សែអាត់វីដេអូថតបានពីកាមេរ៉ាសុវត្ថិភាពនេះ មានទិន្នន័យរហូតដល់ទៅ១៤ថ្ងៃ ពីចន្លោះថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ហើយខ្សែអាត់វីដេអូនេះ គឺរក្សាទុកនៅក្នុងម៉ាស៊ីនផ្ទុកទិន្នន័យ Hard Drive ដែលបានប្រគល់ទៅឱ្យរដ្ឋាភិបាល។ លោកបន្តថា ខ្សែអាត់វីដេអូថតបានពីកាមេរ៉ាសុវត្ថិភាពទាំងនេះ អាចនឹងលាតត្រដាងឱ្យឃើញពីវត្ថមានរបស់ជនដៃដល់ និងអ្នកពាក់ព័ន្ធដទៃទៀតដែលបានជួយទំនុកបម្រុងក្នុងសកម្មភាពបាញ់សម្លាប់បណ្ឌិត កែម ឡី។
មេធាវីអាមេរិកាំងរូបនេះ បញ្ជាក់ថា រដ្ឋាភិបាលមានក្នុងដៃនូវខ្សែអាត់វីដេអូទាំងអស់ជុំវិញព្រឹត្តិការណ៍នោះ ប៉ុន្តែរដ្ឋាភិបាលមិនបានបង្ហាញខ្សែអាត់វីដេអូទាំងនេះជាសាធារណៈ ដែលបញ្ជាក់ថា រដ្ឋាភិបាលបន្តបិទបាំងព័ត៌មានដែលជាភស្តុតាងសំខាន់ពាក់ព័ន្ធឃាតកម្មលើលោក កែម ឡី នេះ៖ «បញ្ហាសំខាន់បំផុតនោះគឺនៅត្រង់ថា ការមិនបង្ហាញខ្សែអាត់វីដេអូដែលរដ្ឋាភិបាលរក្សាទុក ឱ្យបានគ្រប់ជ្រុងជ្រោយនោះ ទាំងនៅរយៈពេលប៉ុន្មានម៉ោងមុនឈានទៅដល់ឃាតកម្ម និងក្រោយឃាតកម្មនេះ វាជារឿងសមស្របដែលគេអាចនិយាយបានថា ទិដ្ឋភាពពិតប្រាកដនៃរឿងរ៉ាវដែលបានកើតមានឡើងនោះ មិនត្រូវបានគេបញ្ចេញឱ្យដឹងជាសាធារណៈនោះឡើយ»។
មេធាវីអាមេរិកាំងរូបនេះអះអាងថា ខ្សែអាត់វីដេអូខ្លីដែលអាជ្ញាធរកម្ពុជាបានបញ្ចេញនោះ គឺពិតជាមានការកាត់តហើយមានគោលដៅបំភ័ន្តសាធារណមតិ៖ «បញ្ហាជាមួយនឹងវីដេអូខ្លីបដែលរដ្ឋាភិបាលបានបញ្ចេញនោះ គឺនៅត្រង់ថា វាត្រូវបានគេយកទៅកាត់ត ហើយមិនគ្រប់ជ្រុងជ្រោយទាល់តែសោះ។ យើងដឹងថា មានខ្សែអាត់វីដេអូដល់ទៅរាប់រយម៉ោង ថតចេញពីទីតាំងជាង១២ទីតាំងផ្សេងៗគ្នា ហើយបានរក្សា និងថតទុកនៅក្នុងប្រព័ន្ធនោះ ហើយដែលត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរកម្ពុជា។ អាជ្ញាធរបានបញ្ចេញវីដេអូខ្លីបខ្លីមែនទែន ដែលជាការព្យាយាមបំភ័ន្តការពិត»។
ប្រតិកម្មតបរបស់មន្ត្រីរដ្ឋាភិបាលទៅនឹងការកាត់តខ្សែអាត់វីដេអូឃាតកម្មលោក កែម ឡី និងមូលហេតុនៃការមិនព្រមបញ្ចេញខ្សែអាត់វីដេអូទាំងស្រុង

ជុំវិញការអះអាងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីតាមប្រព័ន្ធ WhatsApp កាលពីពេលថ្មីៗនេះ លោកទទួលស្គាល់ថា ពិតជាមានការកាត់តខ្សែអាត់វីដេអូ ដែលអាជ្ញាធរបានបញ្ចេញពាក់ព័ន្ធនឹងករណីឃាតកម្មនេះមែន។ ក៏ប៉ុន្តែ លោកថា ការកាត់តនេះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបអង្កេត ដើម្បីរក្សាការសម្ងាត់នៃការស៊ើបអង្កេត ខណៈមានការបំបែកសំណុំនេះ ដើម្បីរឿងស្វែងរកមុខជនពាក់ព័ន្ធករណីឃាតកម្មនេះ មកផ្ដន្ទាទោស៖ «ដូចជាខ្សែអាត់វីដេអូនេះជាដើម គឺសមត្ថកិច្ចអាចប្រើប្រាស់វត្ថុតាងទាំងអស់នេះ គឺក្នុងគោលបំណងនៃការបំបែកសំណុំរឿង ដើម្បីបញ្ចប់នៃដំណើរការស៊ើបសួររបស់ខ្លួន។ មិនមែនដើម្បីជាការផ្សព្វផ្សាយជាសាធារណៈនោះទេ។ រឿងការផ្សព្វផ្សាយត្រឹមចំណុចណា ការកាត់ចំណុចណាយកទៅផ្សព្វផ្សាយ ការផ្សព្វផ្សាយដោយរបៀបម៉េច នោះគឺជាអំណាចឆន្ទានុសិទ្ធិ ជាការសម្រេចរបស់ចៅក្រម ស៊ើបសួរដើម្បីជាប្រយោជន៍ដល់ភាពសម្ងាត់នៃសំណុំរឿង។ គាត់អាចផ្សព្វផ្សាយបាន ក៏ប៉ុន្តែ ផ្សព្វផ្សាយហ្នឹង គឺមិនមែនទាំងអស់នោះទេ តែអាចផ្សព្វផ្សាយផ្នែកណាមួយ ឬក៏កាត់ផ្នែកណាមួយយកទៅផ្សព្វផ្សាយ នោះគឺជាការសម្រេចរបស់គាត់ដើម្បីជាប្រយោជន៍នៃដំណើរការនៃការស៊ើបសួររបស់គាត់»។
លោក ជិន ម៉ាលីន បន្តអះអាងថា ច្បាប់មិនបានតម្រូវ ឬចាប់បង្ខំតុលាការ ត្រូវតែបង្ហាញនូវវត្ថុតាងគ្រប់បែបយ៉ាងទាំងអស់ដែលមានពាក់ព័ន្ធនឹងសំណុំរឿង នៅពេលដែលសំណុំរឿងកំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរនៅឡើយនោះ។ លោកថា ប្រសិនបើភាគីពាក់ព័ន្ធ ក្នុងនោះរួមមាន មេធាវី ឬសាច់ញាតិជនរងគ្រោះ ចង់បានវត្ថុតាងទាំងនោះ ពួកគេអាចធ្វើការស្នើសុំជាផ្លូវការ ទៅចៅក្រមស៊ើបសួរបាន ហើយវាជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ក្នុងការសម្រេចថា តើអាចឱ្យភាគីស្នើសុំនោះ ពិនិត្យមើលលើវត្ថុតាងទាំងអស់នោះ បានដែរឬទេ ក្នុងកម្រិតណា ឬផ្នែកណាមួយនោះ៖ «មិនមែនសាធារណជនសុំមើលវត្ថុតាងទាំងអស់ហ្នឹង ហើយត្រូវតែឱ្យមើលនោះទេ។ នេះ គោលការណ៍ច្បាប់ប្រទេសណា ក៏គេមិនដែលតម្រូវដូច្នេះដែរ។ វាផ្អែកទៅលើ ដើម្បីជាប្រយោជន៍នៃការបំបែកសំណុំរឿង។ ក៏ប៉ុន្តែ កន្លងមកជាផ្លូវការ តាមដឹង ដូចមិនដែលមានការស្នើសុំជាផ្លូវការអីនោះទេ។ មានតែការអត្ថាធិប្បាយតាមសារព័ត៌មាន និងមានតែការស្នើសុំជាសាធារណៈពីភាគីដែលមិនពាក់ព័ន្ធតែប៉ុណ្ណោះ»។
ប្រតិកម្មរបស់ភរិយាលោក កែម ឡី លោកស្រី ប៊ូ រចនា, លោក សម រង្ស៊ី និងមេធាវី

ឆ្លើយតបនឹងការមិនដាក់ពាក្យប្តឹងទៅតុលាការក្រុងភ្នំពេញដើម្បីសុំពិនិត្យភស្តុតាង ភរិយាលោក កែម ឡី លោកស្រី ប៊ូ រចនា ប្រាប់អាស៊ីសេរីថា លោកស្រីមិនមានជំនឿទៅលើតុលាការនៅកម្ពុជាទេ៖ «បើសិនជាអាជ្ញាធរពិតជាត្រឹមត្រូវ ពិតជាយុត្តិធម៌ ពិតជាការពារប្រជាពលរដ្ឋមែន អាជ្ញាធរត្រូវឱ្យម្ចាស់ម៉ាតហ្នុង បើកកាមេរ៉ាក្នុងពេលកើតហេតុភ្លាមៗហើយ មិនមែនរហូតដល់អាជ្ញាធរទៅដកហូតយកកាមេរ៉ាទុកឡើងរាប់ខែ បានយកមកបញ្ចេញជាសាធារណៈ យកទៅកាត់តរូបភាពដែលមិនគួរឱ្យទទួលស្គាល់ ព្រោះឃាតកនៅក្នុងកាមេរ៉ានេះ គឺជាឃាតកដែលរៀបចំ ឃាតកដែលរត់ដូចកូនក្មេងរត់បិទពួនអ៊ីចឹង។ ខ្ញុំមិនយល់ហេតុអ្វីបានជាអាជ្ញាធរមិនមានសមត្ថភាព ក្នុងការបើកកាមេរ៉ាភ្លាមៗនោះ។ ហើយខ្ញុំក៏មិនមានសង្ឃឹម ក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការដែរ ពីព្រោះយើងឃើញហើយ នៅក្នុងហេតុការណ៍ដែលឃាតកម្មនេះកើតឡើង មិនមានមន្ត្រីអាជ្ញាធរណាមកជួយការពារ សម្រាប់ឱ្យខ្ញុំដឹកសពស្វាមី ទៅធ្វើបុណ្យយ៉ាងណានោះទេ គឺមានតែការរារាំងទាំងអស់។ ក្នុងគ្រួសារដែលកំពុងតែមានរឿង ឃាតកម្មកើតឡើង គ្នាត្រូវការជួបស្វាមី ត្រូវការជួបប្ដីដែលដេកក្នុងថ្លុកឈាម ហេតុអី បានអាជ្ញាធរមិនឱ្យខ្ញុំចូល ? មិនឱ្យសាច់ញាតិជាប្រពន្ធចូលទៅមើលប្ដី ? បិទបាំងសូម្បីតែខ្ញុំជាប្រពន្ធ ក៏មិនឱ្យខ្ញុំចូលដែរ ...»។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ធ្លាប់អះអាងប្រាប់អាស៊ីសេរីកាលពីពេលថ្មីៗនេះថា ភស្តុតាងដែលក្រុមហ៊ុន Chevron ផ្ដល់ឱ្យនេះ អាចបញ្ជាក់បន្ថែមថា របបលោក ហ៊ុន សែន ជាអ្នកនៅពីក្រោយសំណុំរឿងឃាតកម្មមួយនេះ៖ «យើងអាចនឹងបញ្ចេញអ្វីដែលក្រុមហ៊ុន Chevron បានផ្ដល់មកឱ្យយើង។ ហើយខ្ញុំគ្រាន់តែសង្ខេបអ្វីដែលក្រុមហ៊ុន Chevron បានផ្តល់មកឱ្យយើង ហើយដែលអាជ្ញាធរនៃក្រុងភ្នំពេញអត់មាននោះ គឺមានឯកសារមួយចំនួនដែលបង្ហាញកាន់តែច្បាស់ឡើងថែមទៀត គឺគ្មាននរណាក្រៅពីរដ្ឋអំណាច អ្នកដឹកនាំកម្ពុជាសព្វថ្ងៃនេះទេ ដែលរៀបចំការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី»។
មេធាវីអាមេរិកាំងការពារក្ដីឱ្យលោក សម រង្ស៊ី ឱ្យអាស៊ីសេរីដឹងបន្ថែមថា លោក និងកូនក្តីលោក អាចនឹងពិចារណាបញ្ចេញឯកសារភស្តុតាងណាមួយ ដែលមិនមែនជាព័ត៌មានសម្ងាត់តម្រូវឱ្យរក្សាការពារដោយតុលាការ ក្នុងពេលវេលាសមស្របដ៏ខ្លីខាងមុខនេះ ប្រសិនបើយល់ថា មិនមានការប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខជាចម្បងរបស់ក្រុមគ្រួសារ ជាពិសេសភរិយា និងកូនៗរបស់លោក កែម ឡី នោះ។
ឆ្លើយតបនឹងការលើកឡើងនេះ ភរិយាលោក កែម ឡី លោកស្រី ប៊ូ រចនា ស្នើឱ្យមានការបញ្ចេញឯកសារភស្តុតាងទទួលបានពីក្រុមហ៊ុន Chevron នេះ ព្រោះអ្នកស្រីក៏ចង់ដឹងពីការពិតបន្ថែមជុំវិញករណីឃាតកម្មនេះ។ លោកស្រីថា នៅពេលនេះ នៅលើទឹកដីអូស្ត្រាលី លោកស្រីលែងបារម្ភពីរឿងសុវត្ថិភាព និងសន្តិសុខគ្រួសារទៀតហើយ ដោយសារអូស្ត្រាលីជាប្រទេសគោរពច្បាប់៖ «និយាយរួមទៅ ខ្ញុំដូចជាមិនមានអ្វី ដែលដូចថា ប៉ះពាល់សុវត្ថិភាពខ្ញុំទេ ពីព្រោះថា ខ្ញុំមកដល់ប្រទេសនេះហើយ គេមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសនោះទេ ពីព្រោះប្រទេសមានច្បាប់ មិនដូចនៅស្រុកខ្មែរដែលចង់ធ្វើអ្វីធ្វើតាមអំពើចិត្តនោះទេ។ ហ្នឹងហើយ ខ្ញុំក៏មានគំនិតមួយចង់បាន ចង់ឱ្យគាត់បង្ហាញពីរឿងដែលជាការពិតនេះឯង»។
មេធាវីអាមេរិកាំងការពារក្ដីឱ្យលោក សម រង្ស៊ី ឱ្យដឹងទៀត តាមរយៈព័ត៌មានដែលប្រមូលបាន ផ្ទៃក្នុងរបស់ក្រុមហ៊ុន Chevron ក្រុមហ៊ុនក៏ទំនងជាយល់ស្រប ដូចទៅនឹងការយល់ឃើញរបស់សាធារណជន និងក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិដែរ ដែលថា ករណីឃាតកម្មនេះជារឿងនយោបាយ និងថារឿងនេះ មិនមែនជាករណីឃាតកម្មធម្មតា ឬឧក្រិដ្ឋកម្មតាមចិញ្ចើមថ្នល់នោះទេ។ លោកបង្ហើបថា ដោយសារការយល់ឃើញបែបនេះ ទើបមនុស្សនៅក្នុងក្រុមហ៊ុន Chevron ក៏បានទាក់ទងប្រាប់ទៅរដ្ឋាភិបាលអាមេរិក តាមរយៈក្រសួងការបរទេសអាមេរិកដែរ ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ។ ក៏ប៉ុន្តែ លោកបដិសេធពន្យល់លម្អិតអំពីខ្លឹមសារនៃការប្រាស្រ័យទាក់ទងនេះ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកទំនាក់ទំនងកិច្ចការក្រៅប្រទេសរបស់ក្រុមហ៊ុន Chevron លោក ប្រេឌិន រែឌល (Braden Reddall) បដិសេធឆ្លើយសំណួររបស់អាស៊ីសេរីតាមសារអេឡិចត្រូនិក ថាតើក្រុមហ៊ុន Chevron ពិតជាបានជូនដំណឹង ឬស្នើសុំឱ្យរដ្ឋាភិបាលអាមេរិក ជួយនៅក្នុងករណីឃាតកម្មនេះដែរ ឬយ៉ាងណានោះទេ។
ប្រតិកម្មរបស់ក្រសួងការបរទេសអាមេរិក៖ «ការសម្លាប់ដ៏កំសាក»
ក្រសួងការបរទេសអាមេរិក មិនឆ្លើយតបនឹងសំណួរអាស៊ីសេរីតាមសារអេឡិចត្រូនិកជុំវិញខ្លឹមសារនៃការប្រាស្រ័យទាក់ទងរវាងក្រុមហ៊ុន Chevron និងរដ្ឋាភិបាលអាមេរិក ក្រោយកើតមានឃាតកម្មនេះទេ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលអាមេរិក ហៅករណីឃាតកម្មលើលោក កែម ឡី នេះ ថាជាការសម្លាប់ដ៏កំសាក និងមិនសមហេតុផល ហើយនៅតែអំពាវនាវជាថ្មីម្តងទៀតឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតឱ្យបានពេញលេញ ប្រកបដោយតម្លាភាព និងគួរឱ្យទុកចិត្តបាន។
(English below) នៅខួបលើកទី ៣ នៃការស្លាប់របស់លោក រដ្ឋាភិបាលសហរដ្ឋអាមេរិកសូមអំពាវនាវសារជាថ្មី...
Posted by U.S. Embassy Phnom Penh, Cambodia on Thursday, July 11, 2019
ប្រវត្តិនៃការប្តឹងផ្តល់ឲ្យក្រុមហ៊ុន Chevron បញ្ចេញភស្តុតាង ទៅតុលាការអាមេរិក
កាលពីចុងឆ្នាំ២០១៦ មេធាវីលោក សម រង្ស៊ី និងមេធាវីតំណាងឱ្យពលរដ្ឋកម្ពុជាដែលរងគ្រោះពីការរំលោភបំពានសិទ្ធិមនុស្សពាក់ព័ន្ធនឹងបណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានដាក់ពាក្យប្ដឹងស្នើសុំឱ្យតុលាការអាមេរិកចេញដីកាបង្គាប់បញ្ជាឱ្យក្រុមហ៊ុនសាជីវកម្ម Chevron បញ្ចេញភស្តុតាងទាំងអស់ដែលខ្លួនមានទាក់ទងនឹងករណីឃាតកម្មលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក សម រង្ស៊ី បានពាក់ព័ន្ធក្នុងរឿងនេះ ដោយសារតែលោក ហ៊ុន សែន បានប្ដឹងលោកពីបទបរិហារកេរ្តិ៍ ជុំវិញករណីដែលលោក សម រង្ស៊ី ធ្លាប់ចោទថា រដ្ឋាភិបាលកម្ពុជាជាអ្នកនៅពីក្រោយករណីឃាតកម្មលោក កែម ឡី នេះ។ ដោយឡែក ក្រុមមេធាវីតំណាងឱ្យពលរដ្ឋកម្ពុជា ដែលរងគ្រោះពីការរំលោភបំពានសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងបណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) វិញ បានជាប់ពាក់ព័ន្ធនឹងពាក្យបណ្តឹងនេះ ក៏ដោយសារតែពួកគេយល់ថា ភស្តុតាងបន្ថែមដែលពួកគេអាចទទួលបានពីក្រុមហ៊ុន Chevron នឹងជួយដាក់បន្ទុកបន្ថែម ដល់សំណុំរឿងរបស់ពួកគេនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ តុលាការសហរដ្ឋអាមេរិក នៃរដ្ឋកាលីហ្វ័រញ៉ា (Northern District of California) បានសម្រេចកាត់ក្តីឱ្យលោក សម រង្ស៊ី និងមេធាវីតំណាងឱ្យពលរដ្ឋកម្ពុជាដែលរងគ្រោះពីការរំលោភបំពានសិទ្ធិមនុស្ស ឈ្នះក្តី។ ក្នុងសេចក្តីសម្រេចថ្ងៃទី៩ កុម្ភៈ តុលាការបានយល់ព្រមបង្គាប់ឱ្យក្រុមហ៊ុន Chevron ប្រគល់ភស្តុតាង ដែលខ្លួនមានទៅឱ្យភាគីដើមបណ្តឹង។ ភស្តុតាងដែលតុលាការបង្គាប់ឱ្យក្រុមហ៊ុន Chevron ប្រគល់ទៅឱ្យលោក សម រង្ស៊ី និងមេធាវីតំណាងឱ្យពលរដ្ឋកម្ពុជារងគ្រោះពីការរំលោភបំពានសិទ្ធិមនុស្ស ចែកចេញជា៦ជំពូក ក្នុងនោះរួមមាន ឯកសារដែលរួមបញ្ចូលទាំងខ្សែអាត់សំឡេង និងខ្សែអាត់វីដេអូថតបានចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ថានីយប្រេងឥន្ធនៈកាល់តិច ឯកសារ និងសារប្រាស្រ័យទាក់ទងពាក់ព័ន្ធនឹងខ្សែអាត់វីដេអូថតទុក ឯកសាររបស់នាយកគ្រប់គ្រងក្រុមហ៊ុន កាល់តិច និងបុគ្គលិក ព្រមទាំងឯកសារ និងការប្រាស្រ័យទាក់ទងជុំវិញករណីឃាតកម្មលោក កែម ឡី។
យ៉ាងណាក៏ដោយ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកទំនាក់ទំនងកិច្ចការក្រៅប្រទេសរបស់ក្រុមហ៊ុន Chevron លោក ប្រេឌិន រែឌល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកយ៉ាងខ្លីថា អាជ្ញាធរកម្ពុជា បានរឹបអូសយកប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ថតបាននៅស្ថានីយប្រេងឥន្ធនៈនោះ តែប៉ុន្មានម៉ោងក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី។ លោកថា ក្រុមហ៊ុន Chevron បានអនុលោមតាមកិច្ចព្រមព្រៀងតាមស្ម័គ្ររបស់ខ្លួន ក្នុងការស្វែងរក និងប្រគល់ឯកសារសម្ភារៈពាក់ព័ន្ធដល់ភាគីអ្នកដាក់ពាក្យសុំ ស្របតាមដីការបស់តុលាការអាមេរិកនេះហើយ។
ផ្អែកតាមសេចក្ដីប្រកាសជាលាយលក្ខណ៍អក្សររបស់លោក ដានីញ៉ែល វ៉ាង (Daniel Hwang) នាយកផ្នែកលក់រាយឱ្យក្រុមហ៊ុន Chevron កម្ពុជា (Chevron Cambodia Limited) ចុះហត្ថលេខាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ដើម្បីដាក់ជូនតុលាការនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលអាស៊ីសេរីទទួលបាន លោក ដានីញ៉ែល វ៉ាង អះអាងថា ខ្សែអាត់វីដេអូដែលថតបានពីកាម៉េរាសុវត្ថិភាពទាំង១៤ កាមេរ៉ានោះ មិនត្រូវបានរក្សាទុក ឬថតចម្លងជាស្វ័យប្រវត្តិទៅលើប្រព័ន្ធអ៊ីនធឺណិត ឬបញ្ជូនបន្តទៅប្រព័ន្ធនៅទីតាំងដទៃឡើយ លើកលែងតែរក្សាទុកក្នុងម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពម៉ាក Tele Eye Machine DVR ដែលមានអាយុកាល ៩ឆ្នាំហើយ។ លោកថា នៅថ្ងៃកើតហេតុទី១០ កក្កដា ឆ្នាំ២០១៦ កាមេរ៉ាសុវត្ថិភាពទាំងអស់មានដំណើរការធម្មតា ហើយខ្សែអាត់វីដេអូដែលថតបាន បានថតទុកទៅលើម៉ាស៊ីនខាងលើ។ នៅវេលាម៉ោងជាង ៩៖០០ ព្រឹក នៅថ្ងៃដដែល លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ក្នុងហាងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិចនេះ។ បន្ទាប់មក នៅវេលាម៉ោងជាង ៩៖២០នាទី អាជ្ញាធរបានមកដល់ទីតាំងកើតហេតុ ហើយបានទាមទារពិនិត្យមើលខ្សែអាត់ដែលថតបានពីកាមេរ៉ាសុវត្ថិភាព ក្នុងពេលកំពុងស៊ើបអង្កេតនោះ។ ក្រោយពីបានពិនិត្យមើលខ្សែអាត់វីដេអូដែលថតបាននោះហើយ អាជ្ញាធរបានបញ្ជាឱ្យក្រុមហ៊ុនប្រគល់ម៉ាស៊ីនថតវីដេអូពីកាមេរ៉ាសុវត្ថិភាពទាំងនោះឱ្យពួកគេ ហើយបុគ្គលិកក្រុមហ៊ុនបានធ្វើតាមការបញ្ជានេះ។ ឧបករណ៍ដែលអាជ្ញាធរបានរឹបអូសយកទៅនោះ ត្រូវបានជំនួសមកវិញដោយឧបករណ៍ថ្មីនៅថ្ងៃដដែលនោះ។ លោក ដានីញ៉ែល វ៉ាង នាយកផ្នែកលក់រាយឱ្យក្រុមហ៊ុន Chevron កម្ពុជា បន្តថា អាជ្ញាធរមិនដែលប្រគល់ឧបករណ៍នៃម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពទាំងនោះ មកឱ្យក្រុមហ៊ុន Chevron កម្ពុជាវិញឡើយ។
ក្រោយមកទៀត ក្រុមហ៊ុន Chevron បានប្ដឹងសុំឱ្យតុលាការដដែលនេះ ចេញដីការក្សាការពារភាពសម្ងាត់ចំពោះឯកសារព័ត៌មានមួយចំនួន ដែលខ្លួនប្រគល់ទៅឱ្យភាគីដើមបណ្ដឹង ក្រោមហេតុផលថា ដើម្បីការពារព័ត៌មានសម្ងាត់ និងព័ត៌មានរសើបពាក់ព័ន្ធនឹងបុគ្គលិករបស់ខ្លួន។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការបានយល់ព្រមចេញដីការក្សាការពារព័ត៌មានសម្ងាត់ ដូចតាមការស្នើសុំរបស់ក្រុមហ៊ុន Chevron។ ក្នុងដីកានោះ តុលាការបញ្ជាក់ថា ភាគីដើមបណ្ដឹង មានសិទ្ធិប្រើប្រាស់ឯកសារប្រគល់ដោយក្រុមហ៊ុន Chevron ទាំងឡាយណាដែលកំណត់ថា ជាឯកសារសម្ងាត់ នៅក្នុងរាល់ដំណើរការតតាំងក្តីពាក់ព័ន្ធនឹងករណីឃាតកម្មលោក កែម ឡី នេះ និងថាភាគីដើមបណ្តឹង នៅតែអាចចែកចាយព័ត៌មានទាំងឡាយណាដែលមិនត្រូវបានចាត់ទុកថា ជាព័ត៌មានសម្ងាត់ ជាមួយភាគីពាក់ព័ន្ធរបស់ខ្លួនបានដដែល។ តុលាការបង្គាប់ថា ភាគីដើមបណ្ដឹង មិនត្រូវបញ្ចេញនូវរាល់ព័ត៌មានសម្ងាត់ទៅឱ្យភាគីពាក់ព័ន្ធឡើយ លុះត្រាតែរាល់ព័ត៌មានអំពីអត្តសញ្ញាណបុគ្គលទាំងអស់ពាក់ព័ន្ធនឹងបុគ្គលិករបស់ក្រុមហ៊ុន Chevron ដែលកំណត់ថា ជាព័ត៌មានសម្ងាត់ ត្រូវបានលុបចោល ឬដកចេញពីឯកសារទាំងនោះ។
សេចក្តីសន្និដ្ឋានចុងក្រោយរបស់មេធាវីអាមេរិកាំងការពារក្តីឲ្យលោក សម រង្ស៊ី
មេធាវីការពារក្ដីឱ្យលោក សម រង្ស៊ី សង្កត់ធ្ងន់ៗថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ពិតជាមានចេតនាពិតប្រាកដចង់ដោះស្រាយសំណុំរឿងឧក្រិដ្ឋកម្មមួយនេះមែន នោះរដ្ឋាភិបាលប្រាកដជានឹងចែកចាយខ្សែអាត់វីដេអូថតបានពីកាមេរ៉ាសុវត្ថិភាពទាំងនោះ ឱ្យសាធារណជន និងសហគមន៍សិទ្ធិមនុស្សអន្តរជាតិបានឃើញហើយ។ លោកថា អស់រយៈពេលបីឆ្នាំហើយ ដែលលោក កែម ឡី ត្រូវបានគេធ្វើឃាត ក៏ប៉ុន្តែ គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលនៅតែបដិសេធបញ្ចេញខ្សែអាត់វីដេអូកាមេរ៉ាសុវត្ថិភាពទាំងនោះ ហើយបានប៉ុនប៉ងការពារមិនឱ្យភាគីទីបី អាចមានសិទ្ធិទទួលបានភស្តុតាងជុំវិញសំណុំរឿងនេះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកថា រដ្ឋាភិបាលបានចាប់ដាក់ពន្ធនាគារ និងកាត់ទោសពលរដ្ឋខ្មែរទាំងឡាយណា ដែលបានចេញមុខតវ៉ាដើម្បីបង្ហាញការគាំទ្រចំពោះលោក កែម ឡី ដែលករណីនេះ រឹតតែបញ្ជាក់ថា អាជ្ញាធរកម្ពុជាពិតជាមានការព្រួយបារម្ភជុំវិញអ្វីដែលភស្តុតាងពិតប្រាកដអាចបង្ហាញឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។