តុលាការវៀតណាមបន្តផ្ដន្ទាទោសសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមម្នាក់ទៀតឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ៦ខែ ពីបទបង្កកេងចំណេញលើសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងបំពានលើផលប្រយោជន៍របស់រដ្ឋ។ ទោះបីជាយ៉ាងណាមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមចាត់សាលក្រមតុលាការវៀតណាមថា ជារឿងអយុត្តិធម៌និងជាការធ្វើទុក្ខបុកម្នេញលើជនជាតិដើម។
សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសតុលាការវៀតណាមដែលបានកាត់ទោស សកម្មជនខ្មែរកម្ពុជាក្រោម លោក យ័ញ មិញក្វាង កាលពីថ្ងៃទី៧ កុម្ភៈ ឲ្យជាប់ពន្ធនាគាររយៈ ៣ឆ្នាំកន្លះ។ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា តុលាការវៀតណាមមិនបានអនុញ្ញាតលោក យ័ញ មិញក្វាង មានមេធាវីការពារក្តី និងកាត់ក្តីតាមតែអំពើចិត្ត។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា៖«សហព័ន្ធខ្មែរកម្ពុជាក្រោម សូមអំពាវនាវដល់អាជ្ញាធរវៀតណាម ត្រូវតែដោះលែងសកម្មជន យ័ញ មិញក្វាង ជាបន្ទាន់ ព្រោះលោកអត់មានកំហុសអ្វីទេ។ ការផ្សព្វផ្សាយប្រវត្តិសាស្ត្រ ភូមិសាស្ត្រនៃទឹកដីកម្ពុជាក្រោម ក៏ដូចជា ការបញ្ចេញមតិតាម ហ្វេសប៊ុកគ្មានកំហុសអ្វីទេពីព្រោះសេរីភាពនៃការបញ្ចេញមតិ»។
វៀតណាមចោទប្រកាន់លោក យ័ញ មិញក្វាង ពីបទ «កេងចំណេញលើសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យ និងបំពានលើផលប្រយោជន៍របស់រដ្ឋ និងបទល្មើសផ្សេងទៀត។ មុនពេលចាប់ខ្លួន កាលពីចុងឆ្នាំ២០២៣ លោក យ័ញ មិញក្វាង បានប្រើប្រាស់បណ្ដាញសង្គម (Facebook) ផ្សព្វផ្សាយព័ត៌មានពីការរំលោភសិទ្ធិមនុស្សជនជាតិដើមខ្មែរក្រោម ពីសំណាក់វៀតណាមនិងផ្សាយពីប្រវត្តិសាស្ត្រខ្មែរ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបដិសេធការចោទប្រកាន់របស់តុលាការវៀតណាម។ សហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា ការចាប់ខ្លួនសកម្មជនខ្មែរក្រោមដោយសារតែអាជ្ញាធរវៀតណាមមិនពេញចិត្តនឹងសកម្មភាពផ្សព្វផ្សាយសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រោម សៀវភៅស្ដីពីសិទ្ធិជនជាតិដើម និងការបោះពុម្ពអាវយឺតដែលមានរូបទង់ជាតិខ្មែរក្រោមចែកចាយទៅឱ្យពលរដ្ឋខ្មែរក្រោមជាដើម។ កាលពីសប្ដាហ៍មុនតុលាការវៀតណាមនៅខេត្តឃ្លាំង ក៏បានកាត់ទោស លោកស្រី ឌិញ ធី វិន អាយុ ៤៤ឆ្នាំ រស់នៅស្រុកបាយឆៅ ដាក់ពន្ធនាគារពីរឆ្នាំ ពីបទ "មិនអនុវត្តសាលក្រម " ករណីអាជ្ញាធរវៀតណាមរឹបអូសយកដីធ្លីរបស់គាត់តាំងពីខែសីហា ឆ្នាំ២០១៦។ លោកស្រីត្រូវអាជ្ញាធរវៀតណាមចាប់យកឃុំឃាំងកាលពីខែសីហា ឆ្នាំ២០២៣ ប៉ុន្តែទើបកាត់ទោស កាលពីថ្ងៃទី២ កុម្ភៈ។
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា តុលាការវៀតណាមយកលេសរឿងដីធ្លីដើម្បីចាប់ខ្លួន លោកស្រី ឌិញ ធីវិន ដោយសារតែលោកស្រីបានចូលរួមចលនាទាមទារសិទ្ធិជនជាតិដើម និងសិទ្ធិដីធ្លី។
សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងដឹកនាំបាតុកម្មអហិង្សានៅទូទាំងពិភពលោកនៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមដោះលែងសកម្មជនខ្មែរក្រោម សរុបបួននាក់ ដែលកំពុងជាប់ឃុំដោយសារតែការទាមទារសិទ្ធិជនជាតិដើម។ បច្ចុប្បន្ន មានសកម្មជនខ្មែរក្រោមពីរនាក់ក្នុងចំណោមបួននាក់ រួមមានលោក តោ ហ្វាងចឿង លោក ថាច់ កឿង នៅមិនទាន់ត្រូវបានតុលាការវៀតណាមកំណត់ថ្ងៃបើកសវនាការនៅឡើយទេ។ អាជ្ញាធរវៀតណាមចាប់ខ្លួនពួកគេ ស្របពេលនឹងពេលចាប់ខ្លួន លោកស្រី ឌិញ ធីវិន និងលោក យ័ញ មិញក្វាង ដែរ។ សកម្មជនលោក តោ ហ្វាងចឿង និងលោក ថាច់ កឿង ជាមនុស្សសកម្មផ្សព្វផ្សាយអំពីសិទ្ធិជនជាតិដើម និងប្រវត្តិសាស្ត្រខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។