#រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ានី «ពង្វក់»​ខួរក្បាល​យុវជន​ខ្មែរ?

តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

កូន​ប្រុស​ពៅ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​រង​នូវ​ការ​រិះគន់​ថា​សម្បូរណ៍​ទៅ​ដោយ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​ផ្លូវ​ភេទ​បែប​ហិង្សា​និយម​លើ​នារី​ខ្មែរ​នោះ បច្ចុប្បន្ន​កំពុង​ត្រៀម​ដឹកនាំ​យុវជន​រៀបចំ​ព្រឹត្តិការណ៍​«អង្គរ​សង្ក្រាន្ត»​ឆ្នាំ២០២៥​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប។ ព្រឹត្តិការណ៍​នេះ ត្រូវ​បង​ប្រុស​របស់​លោក គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ការពារ​ថា​ធ្វើឡើង​មិនមែន​ជា​ការ​ចាយ​វាយ​លុយ​ជាតិ​ឥត​ប្រយោជន៍ ឬ​ដើម្បី​មុខមាត់​ត្រកូល​«ហ៊ុន»​នោះ​ឡើយ ក៏ប៉ុន្តែ​គឺ​ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​នៅ​រដូវ​កាល​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ។

ទោះ​ជា​យ៉ាង​ណា គេ​តែង​ឃើញ​លោក ហ៊ុន ម៉ានី បាន​ដើរ​តួនាទី​ជំនួស​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ចេញ​មុខ​ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​ជាតិ​ប្លែក​ៗ​មួយ​ចំនួន ដូចជា​កម្មវិធី​ឆ្លង​ឆ្នាំ​សាកល​«សាទរ​កម្ពុជា» ឬ​ដឹកនាំ​ក្រុម​យុវជន​រៀបចំ​ព្រឹត្តិការណ៍​បំបែក​ឯតទគ្គកម្ម​ពិភពលោក​នានា​ជាដើម ជ្រក​ក្រោម​ស្លាក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) របស់​លោក។ ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​អាម៉ាស់​ដល់​ជាតិ ក្រោយ​ពី​បាន​ដឹកនាំ​ធ្វើ​ឱ្យ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហាក្សត្រ​ក្នុង​ព្រឹត្តិការណ៍​«សាទរ​កម្ពុជា»​នៅ​ពេល​ឆ្លង​ឆ្នាំ​ចូលឆ្នាំ​២០២៥​នេះ ខណៈ​លោក​ពុំ​បាន​សូម​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​ឡើយ និង​បែរជា​ព្យាយាម​លាក់បាំង​ព័ត៌មាន​នេះ​ភ្លាមៗ​ក្រោយ​ឧបទ្ទវហេតុ​នេះ។

លោក និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​រង​នូវ​ការរិះគន់​ដែរ​ថា​ព្យាយាម​ផ្ដួចផ្ដើម​បង្កើត​ព្រឹត្តិការណ៍​ជាច្រើន​ដើម្បី​ពង្វក់​ខួរក្បាល​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​គាំទ្រ​ត្រកូល«ហ៊ុន» និង​បក្ស​កាន់អំណាច កុំ​ឱ្យ​គិតគូរ​ពី​បញ្ហា​សង្គម​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។