វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី៖ វឌ្ឍនាការ​នៃ​ករណី​លោក កឹម សុខា និង​សវនាការ​ថ្ងៃ​ទី១៥ ខែមករា

0:00 / 0:00

​សល់​តែ ៥ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​កាត់​ក្តី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​របប​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​អំពើ​ក្បត់​ជាតិ។ រឿង​ក្តី​លោក កឹម សុខា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ករណី​នយោបាយ។ សហគមន៍​អន្តរជាតិ ជា​ពិសេស សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​លើ​រូប​លោក។

មន្រ្តី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស បន្ត​តស៊ូ​មតិ និង​បំពេញ​កិច្ចការ​ការ​ទូត​ជាបន្តបន្ទាប់ ដើម្បី​កៀរគរ​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ ឲ្យ​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។ នៅ​ថ្ងៃ​ទី១១ ខែ​មករា​នេះ ពួក​គេ​គ្រោង​ធ្វើ​បាតុកម្ម​ពីរ​កន្លែង ទី​មួយ​គឺ នៅ​មុខ​វិមាន​រដ្ឋសភា​អាមេរិក និង​ទី​ពីរ​នៅ​មុខ​ស្ថានទូត​ចិន នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ដើម្បី​ផ្ញើ​សារ​ឲ្យ​ពិភព​លោក​ដឹង​ឮ​ថា ពួក​គាត់​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា និង​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

តើ​ការ​តវ៉ា​នេះ នឹង​មាន​ឥទ្ធិពល​អ្វី​ខ្លះ ដល់​សំណុំ​រឿង​លោក កឹម សុខា?
តើ​សវនាការ​ថ្ងៃ​ខាង​មុខ​នោះ នឹង​ចេញ​ជា​លទ្ធផល​អ្វី​ខ្លះ?

សូម​លោក​អ្នក​នាង ចុច​ស្ដាប់​សំឡេង​នៃ​កិច្ច​ពិភាក្សា​ពី​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ២០២០ ដែល​មាន​វាគ្មិន​គឺ លោក អ៊ុង ឫទ្ធី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស និង​លោក ហុង លីម អតីត​តំណាង​រាស្ត្រ​ខ្មែរ-អូស្ត្រាលី។