ខួប​១៣​ឆ្នាំ​នៃ​កម្មវិធី​ផ្សាយ​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ

អស់​រយៈ​ពេល ១៣​មក​ហើយ​ដែល​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរៈ​ភាសា បាន​ចាប់​បដិសន្ធិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ព្រឹត្តិការណ៍​ផ្សេងៗ​អំពី​ប្រទេស​កម្ពុជា។

0:00 / 0:00

អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ លោក ពៅ ពន្លក ថ្លែង​ថា ក្នុង​រយៈ​ពេល ១៣​ឆ្នាំ​មក​នេះ ជំហរ​របស់​វិទ្យុ​អាស៊ី​សេរី​គឺ​នៅ​តែ​ឈរ​លើ​ជំហរ​ឯករាជ្យ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​នៃ​ក្រុម ឬ​គណបក្ស​ណា​មួយ​ឡើយ។ លោក​ថ្លែង​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ត​ទៅ​មុខ​ទៀត ដើម្បី​នាំ​មក​នូវ​ព័ត៌មាន​សំខាន់ៗ ឬ​បទ​វិភាគ​ផ្សេងៗ​សម្រាប់​អ្នក​សា្តប់។

លោក ពៅ ពន្លក មាន​ប្រសាសន៍​ថា ៖ «យើង​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​ឲ្យ​បុគ្គលិក​របស់​យើង​យល់​ដឹង​ច្បាប់​ពី​គោលដៅ​របស់​វិទ្យុ​អាស៊ី​សេរី ហើយ​គោលដៅ​របស់​យើង​ពិត​ប្រាកដ​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ឲ្យ​គ្នា​យើង​បំពេញ​វិជ្ជាជីវៈ​ជា​អ្នក​កាសែត​ត្រឹមត្រូវ ព័ត៌មាន​ដែល​ផ្សាយ​ទៅ​ត្រឹមត្រូវ ពិត មិន​កុហក មិន​មាន​និន្នាការ​កាត់​ជើង​នរណា ហើយ​អ្វី​ដែល​យើង​ផ្សាយ​គឺ​ទាន់​ពេល​វេលា»

វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​១៩៩៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋ​អាមេរិក។ វិទ្យុ​នេះ​ជា​សាជីវកម្ម​ឯកជន​មិន​រក​ប្រាក់​កម្រៃ ដែល​ផ្សព្វផ្សាយ​ដំណឹង និង​ព័ត៌មាន​ពិត​ជា​ភាសា​ខ្មែរ ហើយ​វិទ្យុ​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

ស្ថាប័ន​វិទ្យុ​អាស៊ី​សេរី​ទាំង​មូល​ធ្វើការ​ផ្សព្វផ្សាយ​ភាសា​ដើម​កំណើត​អាស៊ី​ចំនួន ៩​ភាសា ដល់​អ្នក​ស្ដាប់​ណា​ដែល​មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​ផ្សាយ​ដំណឹង​ពេញលេញ និង​ដោយ​ឥត​គិត​ថ្លៃ។ ភាសា​ទាំង ៩​នោះ មាន​ភាសា​ខ្មែរ លាវ ភូមា វៀតណាម ចិន​កុកងឺ ចិន​កាតាំង កូរ៉េ វីហ្គឺ និង​ភាសា​ទីបេ។

គោល​បំណង​របស់​វិទ្យុ​អាស៊ី​សេរី គឺ​ដើម្បី​ផ្ដល់​វេទិកា​សម្រាប់​សម្ដែង​មតិ និង​សំឡេង​ពី​ក្នុង​ប្រទេស​អាស៊ី​ទាំង​នេះ។

លោក ពៅ ពន្លក មាន​ប្រសាសន៍​ថា កម្មវិធី​ដែល​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរៈ​ភាសា ធ្វើការ​ផ្សព្វផ្សាយ​រយៈ​ពេល​កន្លង​មក គឺ​ផ្ដោត​លើ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​បាន​ទទួល ព្រោះ​វា​ទាក់ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​សេរីភាព និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ពៅ ពន្លក មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ទៅ​អនាគត​យើង​នឹង​បន្ត​ធ្វើ​អ្វី​ដែល​យើង​បាន​ធ្វើ​កន្លង​មក ហើយ​បើ​សិន​ជា​មាន​រឿង​អ្វី​ដែល​ផ្ដោត​ទាក់ទង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ ទាក់ទង​នឹង​ប្រទេស​ខ្មែរ យើង​នឹង​បន្ត​ផ្សាយ​ត​ទៅ​ទៀត»

នាយក​នៃ​វិទ្យុ​អាស៊ី​សេរី​ខាង​ផ្នែក​ភាសា​ពី​តំបន់​អាស៊ី​អាគ្នេយ៍ លោកស្រី ស៊ូសាន ឡេវរីយ៍ (Susan Lavery) មាន​ប្រសាសន៍​ថា លោកស្រី​អបអរ​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ ទាំង​អ្នក​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន និង​អ្នក​នៅ​ប្រទេស​កម្ពុជា ដែល​ព្យាយាម​រាយ​ការណ៍​អំពី​បញ្ហា​សំខាន់ៗ​សម្រាប់​ពលរដ្ឋ​ខ្មែរ។

លោកស្រី ស៊ូសាន ឡេវរីយ៍ បន្ថែម​ថា ៖ "ខ្ញុំ​គិត​ថា វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ​បាន​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​នានា ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​បាន​ជួយ​ដល់​ការ​រក​ដំណោះស្រាយ​ជា​ច្រើន​ផង​ដែរ។ ខ្ញុំ​គិត​ថា នេះ​ជា​តួនាទី​ដ៏​សំខាន់​ដែល​ក្រុម​អ្នក​យក​ព័ត៌មាន​របស់​យើង​ព្យាយាម​ក្នុង​ការ​បង្កើន​នូវ​ភាព​ជឿជាក់​ពី​អ្នក​ស្ដាប់ តាម​រយៈ​កិច្ចការ​ដែល​ពួក​គេ​បាន​ធ្វើ​កន្លង​មក ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​សម្រាប់​ពួកគេ"

វិទ្យុ​អាស៊ី​សេរី​ធ្វើការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក ពីរ​លើក​ក្នុង​មួយ​ថ្ងៃ តាម​រលក​ធាតុ​អាកាស​ខ្លី ឬ Shortwave គឺ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៥​កន្លះ ដល់​ម៉ោង ៦​កន្លះ និង​ពេល​យប់​ពី​ម៉ោង ៧​កន្លះ ដល់ ៨​កន្លះ ម៉ោង​នៅ​កម្ពុជា។ វិទ្យុ​នេះ​ក៏​ធ្វើការ​ផ្សាយ​បន្ត​តាម​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ នៅ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៦ ដល់​ម៉ោង ៧ និង​ពេល​យប់​ចាប់​ពី​ម៉ោង ៨ និង ៣០​នាទី ដល់​ម៉ោង ៩ និង ៣០​នាទី។

វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ​នេះ ក៏​មាន​ផ្សាយ​បន្ត​តាម​វិទ្យុ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា FM ១០២ នៅ​ភ្នំពេញ FM ១០៤.២៥ នៅ​ខេត្ត​កំពង់ធំ និង FM ៩២.២៥ នៅ​ខេត្ត​ស្វាយរៀង ដែល​ផ្សាយ​នៅ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៧ ដល់​ម៉ោង ៨ និង​ពេល​យប់​ចាប់​ពី​ម៉ោង ១០ និង ៣០​នាទី ដល់​ម៉ោង ១១ និង ៣០​នាទី។

និពន្ធ​នាយក​របស់​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរៈ​ភាសា​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន លោក ជុន ច័ន្ទបុត្រ បាន​បង្ហាញ​អំពី​ការវិវឌ្ឍន៍​ជឿន​លឿន​របស់​វិទ្យុ​អាស៊ី​សេរី ចាប់​តាំង​ពី​បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៩៧ ដោយ​លោក​បាន​រំឭក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍​មួយ​ចំនួន​យ៉ាង​ដូច្នេះ ៖ «យើង​មាន​ការវិវឌ្ឍន៍​ច្រើន​ណាស់។ ការ​ផ្សាយ​ដំបូង​មាន​រយៈ​ពេល​តែ ៣០​នាទី​ទេ បុគ្គលិក​ក៏​យើង​មាន​តែ​បី​បួន​ប្រាំ​នាក់​ដែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​នេះ នៅ​ភ្នំពេញ ក៏​មាន​បី​បួន​នាក់​ដែរ។ ការ​ផ្សាយ​ជា​រលក​ធាតុអាកាស​ខ្លី​ពេល​ហ្នុង មិន​សូវ​មាន​អ្នក​ស្ដាប់​ឮ​បាន​ច្រើន​ទេ»

បើ​ទោះ​បី​ពិភពលោក​កំពុង​មាន​ភាព​ជឿន​លឿន​ខាង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន តាម​រយៈ​ប្រព័ន្ធ​អ៊ិនថឹណិត (Internet) ឬ​ទូរទស្សន៍ ដែល​អាច​ប៉ះ​ទង្គិច​ដល់​វិទ្យុ​ក៏​ដោយ ក៏​លោក ជុន ច័ន្ទបុត្រ នៅ​តែ​មាន​ជំនឿ​ថា សម្រាប់​ប្រទេស​កម្ពុជា វិទ្យុ​នៅ​តែ​ជា​មធ្យោបាយ​ដ៏​សំខាន់​ដដែល សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​ទីក្រុង ជនបទ និង​ស្រុក​ស្រែ​ចម្ការ។

លោក ជុន ច័ន្ទបុត្រ មាន​ប្រសាសន៍​ថា ៖ «ទូរទស្សន៍ ឬ​អ៊ិនថឹណិត លុះ​ត្រា​តែ​អ្នក​ដែល​មាន​ភ្លើង​អគ្គិសនី អ្នក​រស់​នៅ​ក្នុង​ក្រុង ដែល​សេវា​របស់​ទូរទស្សន៍ ឬ​អ៊ិនថឹណិត ទៅ​ដល់​បាន​អាច​មើល​បាន​ឃើញ។ ក្នុង​ករណី​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាពលរដ្ឋ​ជា​កសិករ អ្នក​ស្រែ​ចម្ការ​នៅ​មាន​ចំនួន​ច្រើន​នៅ​ឡើយ ខ្ញុំ​ជឿ​ថា វិទ្យុ​អាស៊ី​សេរី​អាច​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ស្ដាប់​ទាំង​នោះ​ដែល​មិន​ទាន់​មាន​លទ្ធភាព​រត់​ឲ្យ​ទាន់​ទៅ​នឹង​ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា»

ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ព័ត៌មាន​ឈ្មោះ អ៊ិនធ័រ មេឌា (Inter Media) បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ចំនួន​អ្នក​ស្ដាប់​វិទ្យុ​ប្រចាំ​សប្ដាហ៍​ក្នុង​ប្រទេស​កម្ពុជា ចំនួន ៥៩% ក្នុង​ឆ្នាំ​២០០៨ ហើយ​ចំនួន​នេះ​បាន​ធ្លាក់​មក​ត្រឹម ៥៤% ក្នុង​ឆ្នាំ​២០០៩ ខណៈ​ដែល​អ្នក​មើល​ទូរទស្សន៍​ប្រចាំ​សប្ដាហ៍​មាន​ចំនួន ៥៦% និង​អ្នក​ប្រើ​អ៊ិនថឹណិត​ប្រចាំ​សប្ដាហ៍​មាន​ចំនួន ២%។

បុគ្គលិក​ខាង​ផ្នែក​ផ្សាយ​ព័ត៌មាន និង​ជា​អ្នក​រាយ​ការណ៍​របស់​វិទ្យុ​អាស៊ី​សេរី លោក ហាស់ សាន ​បាន​ធ្វើការ​ជាមួយ​វិទ្យុ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក​នោះ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា លោក​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​របស់​លោក​ដែល​ខិតខំ​ស្វែង​រក​ព័ត៌មាន​ពិត​ជូន​អ្នក​ស្ដាប់ ៖ «ខ្ញុំ​មាន​សេចក្ដី​រីករាយ ពេញ​ចិត្ត ដោយ​បាន​រួម​ចំណែក​ដល់​ព័ត៌មាន​ពិត​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី ឲ្យ​បាន​យល់​ដឹង​អំពី​អ្វី​ដែល​មិន​បាន​ដឹង ហើយ​មិន​អាច​នឹង​ទទួល​ព័ត៌មាន​ប្រភេទ​នោះ​បាន»

ចំណែក​អ្នកនាង កេសរណ្ណីយ្យា ដែល​ជា​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី ផ្នែក​ខេមរៈ​ភាសា ចាប់​តាំង​ពី​ដើម​ទី​នៃ​ការ​បង្កើត​វិទ្យុ​នេះ​មក​ម្ល៉េះ មាន​ប្រសាសន៍​ថា ការ​ដែល​ធ្វើ​ឲ្យ​អ្នក​នាង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បំពេញ​កិច្ចការ​ដ៏​យូរ​ឆ្នាំ​មក​នេះ ដោយសារ​លោក​អ្នក​ស្ដាប់​វិទ្យុ​នេះ​តែង​ផ្ដល់​តម្លៃ​តាម​រយៈ​ការ​ចង់​ដឹង ចង់​ឮ​ពី​ការ​ផ្សាយ​របស់​ខ្លួន។

អ្នកនាង កេសរណ្ណីយ្យា មាន​ប្រសាសន៍​ថា ៖ «ចម្លើយ​របស់​ខ្ញុំ​គឺ​ផ្អែក​ទៅ​លើ​ការ​ឲ្យ​តម្លៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​អ្នក​ចង់​ដឹង​អំពី​ព័ត៌មាន​ពិត ជា​ពិសេស​អ្នក​ដែល​ចង់​ដឹង​ឮ​ពី​សំឡេង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នក​នៅ​ស្រុក​ស្រែ​ចម្ការ​ដែល​មាន​បញ្ហា ដែល​ត្រូវ​ការ​មធ្យោបាយ​ដើម្បី​ស្ដាប់ និង​មធ្យោបាយ​ដើម្បី​បញ្ចេញ​សំឡេង ទស្សនៈ​យោបល់​របស់​គាត់»

លោកស្រី ស្ងួន អមរា ដែល​ជា​បុគ្គលិក​ខាង​ផ្នែក​រដ្ឋបាល​របស់​វិទ្យុ​អាស៊ី​សេរី​ភាសា​ខ្មែរ​ដែរ​នោះ មាន​ប្រសាសន៍​ថា ភាព​ប្រាស្រ័យ​ទាក់ទង​ក្នុង​កិច្ចការ​រវាង​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី មាន​ភាព​ល្អ​ប្រសើរ ក៏​ដូច​គ្នា​ទៅ​នឹង​លោក​អ្នក​ស្ដាប់​ផង​ដែរ ៖ «ពិសេស​អ្នក​ស្ដាប់​យើង​សរសេរ email មក ថ្នាក់​លើ​របស់​វិទ្យុ​អាស៊ី​សេរី​តែងតែ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អ្វី​ដែល​គេ​សួរ។ យើង​តែង​តែ​សង្ឃឹម​ថា យើង​បាន​ទទួល​អ្នក​ស្ដាប់​ច្រើន​ត​ទៅ​ទៀត ហើយ​ដែល​សង្ឃឹម​ថា អ្នក​ស្ដាប់​ទាំង​អស់​នឹង​ផ្ញើ​សេចក្ដី​ទុក​ចិត្ត ឬ​ចូល​ចិត្ត​ស្ដាប់​វិទ្យុ​អាស៊ី​សេរី»

ចំណែក​ក្រុម​អ្នក​យក​ព័ត៌មាន និង​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពី​ប្រទេស​កម្ពុជា​ឯ​ណោះ​វិញ បាន​ចែក​រំលែក​នូវ​បទពិសោធន៍​នានា ចាប់​តាំង​ពី​វិទ្យុ​នេះ​បង្កើត​ឡើង ខណៈ​ពួកគេ​កំពុង​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ប្រមូល​ព័ត៌មាន ទាំង​នៅ​តាម​ចុង​កាត់​មាត់​ញក ស្រុក​ស្រែ​ចម្ការ ឬ​នៅ​តាម​ទីក្រុង​ក្ដី​នោះ។

អ្នកស្រី គឹម ពៅ ជា​អ្នក​យក​ព័ត៌មាន និង​ជា​និពន្ធ​នាយក​របស់​វិទ្យុ​អាស៊ី​សេរី​ភាសា​ខ្មែរ​ប្រចាំ​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៧ មក​នោះ បាន​ថ្លែង​តាម​ទូរស័ព្ទ​រំឭក​ដល់​កាល​ពី​ពេល​ដែល​វិទ្យុ​នេះ​ចាប់​ផ្ដើម​បង្កើត​ឡើង។

អ្នកស្រី​ថ្លែង​ថា កាល​ពី​ពេល​អ្នកស្រី​ចាប់​ផ្ដើម​ធ្វើការ​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ពេល​នោះ​វិទ្យុ​នេះ​មាន​គ្នា​តែ​បី​នាក់​ប៉ុណ្ណោះ មាន​ការិយាល័យ​ដ៏​តូច​ចង្អៀត ហើយ​មាន​ការ​ពិបាក​បំផុត​ក្នុង​ការ​បញ្ជូន​សំឡេង​ជា​រឿង​ក្ដី ឬ​ជា​បទ​សម្ភាសន៍​ក្ដី តាម​រយៈ​ទូរស័ព្ទ។ អ្នកស្រី​ថ្លែង​ថា ឥឡូវ​វិទ្យុ​នេះ​មាន​ការ​រីក​ចម្រើន​ធំធាត់ បំពាក់​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប មាន​បុគ្គលិក​ដ៏​ច្រើន និង​មាន​អ្នក​ស្ដាប់ រួម​ទាំង​ប្រជាពលរដ្ឋ ឬ​មន្ត្រី​រាជការ​កាន់​តែ​ថែម​ទៀត។

អ្នកស្រី គឹម ពៅ មាន​ប្រសាសន៍​ថា អ្នកស្រី​ឲ្យ​វិសាលភាព​នៃ​ផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​កាន់​តែ​មាន​ទំហំ​ធំធេង​ថែម​ទៀត ទាំង​ការ​ផ្សព្វផ្សាយ​តាម​រយៈ​គេហទំព័រ និង​ព័ត៌មាន​ពី​តាម​ទី​ជនបទ​ដាច់​ស្រយាល ៖ «តាំង​ពី​ខ្ញុំ​ធ្វើ​ការ​ពី​ដើម​ដំបូង​មក​ដល់​បច្ចុប្បន្ន​នេះ ខ្ញុំ​ខ្លួន​ឯង​ទទួល​ស្គាល់​ថា មាន​ការ​រីក​ចម្រើន​ច្រើន»

វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរៈ​ភាសា​ក៏​មាន​គេហទំព័រ​របស់​ខ្លួន មាន​អាសយដ្ឋាន www.rfa.org/khmer ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍ ហើយ​លោក​អ្នក​អាច​ស្ដាប់ និង​មើល​រូបភាព Slidshow ឬ​ព័ត៌មាន​ជា​ខ្សែ​វីដេអូ​ផ្សេងៗ។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ វិទ្យុ​អាស៊ី​សេរី​ក៏​មាន​បង្កើត Facebook ដែល​កំពុង​មាន​អ្នក​ចូល​រួម​ដ៏​ច្រើន ដើម្បី​បញ្ចេញ​ទស្សនៈ​យោបល់ ឬ​អាច​រក​មើល​អត្ថបទ​ចុះ​ផ្សាយ​ក្នុង Facebook នោះ។

ក្រុម​ថ្នាក់​ដឹក​នាំ​របស់​វិទ្យុ​នេះ បាន​ឲ្យ​ដឹង​ថា ជំហាន​បន្ត​បន្ទាប់​របស់​វិទ្យុ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​តាម​ដាន​វិទ្យុ​អាស៊ី​សេរី អាច​ស្ដាប់ ឬ​អាន​អត្ថបទ​របស់​វិទ្យុ​នេះ​តាម​រយៈ​ទូរស័ព្ទ​ដៃ​ផង​ដែរ៕