សពកវីនិពន្ធអក្សរសាស្រ្ដខ្មែរដ៏ល្បីល្បាញនិងជាស្ថាបត្យករអង្គុលីលេខខ្មែរសម័យទសវត្សរ៍ឆ្នាំ១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីប៉ាឆាមួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃអង្គារនេះ ដើម្បីបូជាយកអដ្ឋិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅកម្ពុជាដោយមានព្រះសង្ឃស្វាធ្យាយព្រះសត្តប្បការណាភិធម្មបង្សុកូលឧទ្ទិសកុសលបច្ឆាមរណៈផង។
លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។
លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។
ប្រវត្តិស្មុគស្មាញរបស់លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែលលោកធ្លាប់មានប្រសាសន៍ប្រាប់មនុស្សទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ចចម្លងប៉ុណ្ណោះ ហើយឪពុកចម្លងរូបនេះតែងតាមព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោកតាំងពីកុមារភាពរហូតមក។
ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាតសម្លាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។
ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុនការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
នួន ជា បាននិយាយថា ៖ «ទស្សនៈ កេង វ៉ាន់សាក់ ហើយនិង សាឡុត ស ឲ្យជ្រៅទៅមិនដូចគ្នាទេ ពីព្រោះ កេង វ៉ាន់សាក់ និយាយរួមគេបញ្ញាជនខ្ពស់ជាង សាឡុត ស។ សាឡុត ស គាត់បញ្ញាជនមែន ប៉ុន្តែគាត់ខាងបច្ចេកទេស»។
សំ បូរិន្ទ ៖ តើទាំងពីរនាក់ហ្នឹងខុសគ្នាខុសយ៉ាងម៉េច?
នួន ជា ៖ និយាយទៅទីចុងបំផុត កេង វ៉ាន់សាក់ គេចចេញពីស្រុកទៅ ហើយ សាឡុត ស គាត់អត់ចេញពីស្រុកទេ នៅស្រុកខ្មែរបន្តការដឹកនាំតទៅទៀត អានេះជាគោលជំហរមួយធំណាស់។
សំ បូរិន្ទ ៖ ប៉ុន្តែកាលហ្នុង លោក កេង វ៉ាន់សាក់ លោកជាមេដឹកនាំដែរឬ?
នួន ជា ៖ អត់ទេ ជារូបភាពគាត់ចេញ ប៉ុន្តែជាជម្រៅគឺបក្សតែម្ដង។ គេមិនដែលយកអ្នកចំហអ៊ីចឹងទៅដឹកនាំទេ បក្សណាក៏ដោយ។
គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខកង្វល់ដល់ក្រុមគ្រួសារនិងខ្លួនលោកផ្ទាល់ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំនិងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិកក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។
នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុងការចាត់ចែងអក្សរសាស្រ្ដជាតិ ពេលដែលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈមហាវិទ្យាល័យព្រះសីហនុរាជ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជាបុគ្គលិកសិក្សាលេខរៀងទី១ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬអ្នកដឹកនាំដទៃទៀតឡើយ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួចចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ បានមានប្រសាសន៍ថា ៖ «កាលហ្នឹងខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្រ្ដយើងហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀនឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។ ខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើត គឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃហ្នឹងកិច្ចការរដ្ឋទៅមិនទាន់ទេ...»។
សំ បូរិន្ទ ៖ ចំណុចសំខាន់ដែលថា បើសិនជាទាស់តែជាមួយបរទេស ជាពិសេសទាស់ជាមួយនឹងអាណានិគមនិយមបារាំងក៏ប្រហែលជាមិនមានបញ្ហាធំដុំអីនឹងចោទសួរប៉ុន្មានទេ ក៏ប៉ុន្តែមានប្រសាសន៍ខាងដើមអម្បាញ់មិញ គឺទាស់ទាំងតែពីជាមួយព្រះករុណា ទាស់ជាមួយព្រះសង្ឃរាជ ទាស់ជាមួយលោកសេនាប្រមុខ លន់ នល់ ទាស់ជាមួយលោក លន់ ណុន ទាស់ជាមួយលោក ហង្ស ធនហាក់ ទាស់ជាមួយនរណានរណីគ្រប់គ្នាទាំងអស់។
កេង វ៉ាន់សាក់ ៖ ពីព្រោះមកពីគេមិនទទួលខ្ញុំ ហើយខ្ញុំវិនិច្ឆ័យយល់គេថាសុទ្ធតែមនុស្សធុនអន់ គ្មានឧត្ដមគតិជាតិអីទេ គ្មានតម្លៃអីទាល់តែសោះ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ពុករលួយ អត់មានចំណេះចេះដឹងវប្បធម៌អីក្នុងខ្លួន។ ការដែលមើលឃើញអ៊ីចឹងថាជាការមើលងាយក៏បាន ប៉ុន្តែខ្ញុំមិនអាចនិយាយច្បាស់ប្រាប់គេឯងថា ខ្ញុំមើលងាយគេយ៉ាងម៉េច វាមិនសម ទោះជាគេយ៉ាងម៉េចក៏គេនៅស្ងៀមទៅ ប៉ុន្តែក្នុងចិត្តឃើញមានពួកអស់ហ្នឹងអត់បានការអីទាំងអស់ ហើយបង្ខូចស្រុកហ្នឹងឲ្យធ្លាក់ដល់ប៉ុណ្ណឹងថែមទៀត។ ហើយបែរទៅរាប់អានស្រឡាញ់ពួកក្មេងៗដែលគេគិតនយោបាយ កែប្រែសង្គមម៉េចៗហ្នឹង អាហ្នឹងដោយសារស្អប់របបរបៀបក្បួនល្ងង់ងងឹត ពុករលួយឃោរឃៅអីហូរហែមកហើយហ្នឹង គិតស្មានថាទៅរកជួបអ្នកណាដែលគេនៅក្មេងស្មោះត្រង់ ស្អាតស្អំ ល្អអីហ្នឹង គេអាចធ្វើជាមនុស្សត្រឹមត្រូវ រឿងជាតិ រឿងស្រុកអីហ្នឹង។ ហើយប៉ះទៅសុទ្ធតែរបៀបហ្នឹង ក្រោយមកហ្នឹងក៏ពួក អៀង សារី ហ្នឹង អាហ្នឹងតាមខ្ញុំទេ មិនមែនខ្ញុំទៅដើររកពួកវាហ្នឹងទេ វាត្រូវការខ្ញុំហ្នឹងអ៊ីចឹង ហើយធ្វើហ្នឹងគ្រាន់តែជាមនុស្សធម៌ហ្នឹងធំណាស់ រឿងនយោបាយខ្ញុំជាអ្នកទាស់នឹងសង្គមហ្នឹងហើយ ពួកវាៗថាវាទាស់នឹងសង្គមហ្នឹងដែរ អាហ្នឹងវាស៊ីគ្នាតែប៉ុណ្ណឺង វាមិនដែលហួសទៅណាទៅទៀត។
ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជបង្កើតរបស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។
តាមប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុអស្ចារ្យមួយដោយមានភាពងងឹតពេញផ្ទៃរាជវាំងបណ្ដាលដោយសូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ។ ស្របនឹងព្រឹត្តិការណ៍នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុមរាជវង្សក្នុងព្រះរាជវាំងបណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ៤០ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ។
អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងទៀតថា ហោរារាជវាំងបានព្យាករណ៍ថា មានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិតឬបំបរបង់ចោល។
សូមបញ្ជាក់ថា ពុំមានឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ឬបដិសេធនូវប្រវត្តិដែលបានផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ។
រីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ម្នាក់នោះធ្លាប់ឲ្យដឹងថា មាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំងដើម្បីរស់នៅនិងថែទាំលោកជារៀងរហូតមក។
ជាញឹកញាប់លោកបណ្ឌិត កេង វ៉ាន់សាក់ តែងមានប្រសាសន៍ប្រាប់អ្នកផងទាំងពួងអំពីការជាប់ចិត្តដឹងគុណគ្មានថ្ងៃភ្លេចបាននិងពុំមានអ្វីប្រៀបអំពីគុណូបការៈដ៏ធំធេងរបស់មាតាលោក។ សូម្បីលោកមានជន្មាយុក្នុងវ័យ៨០ឆ្នាំហើយក្ដី លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់បានឲ្យដឹងថា លោកតែងនឹកឃើញនិងមានពេលខ្លះលោកសម្រាន្តសោកសង្រេងយំខ្សឹកខ្សួលរហូតពេញមួយថ្ងៃក៏មាន ព្រោះនឹកឃើញសម្ដីដ៏ពីរោះប្រកបដោយក្ដីមេត្តា ភាពថ្នាក់ថ្នមលួងលោមឥតឃ្នើសរបស់មាតាលោកជានិច្ចនិងជាដរាប។
ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពីរឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំងប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។
វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យនិងភាពដែលអាចធ្វើទៅបានតាមការគួរ៕