នៅកម្ពុជា គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរជាច្រើន នៅពេលដែលពួកគេមានបញ្ហាជួបទុក្ខកង្វល់ផ្សេងៗ ពិបាកដោះស្រាយ ពិបាកសម្រេចចិត្ត គេតែងតែទៅរកអ្នកជំនាញចេះទស្សន៍ទាយ ឬហៅថាគ្រូទាយ ទៅតាមជំនឿរបស់គេម្នាក់ៗ។
នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ឆ្នាំ២០១០នេះ ក្រុមគ្រូទាយនៅម្ដុំមុខវាំង ជិតកន្លែងព្រះអង្គដង្កើ គេឃើញគ្រូទាយ និងអ្នកទៅរកសេវាទស្សន៍ទាយនៅទីនោះជាច្រើន។
នៅទីនោះ ពេលព្រឹកមិនសូវជាមានសកម្មភាពប៉ុន្មានទេ ប៉ុន្តែចាប់ពីពេលរសៀលរហូតដល់យប់ ទើបមានសភាពអ៊ូអរច្រើន។
នៅចំពោះមុខគ្រូទាយម្នាក់នៅមុខព្រះបរមរាជវាំង គឺអ្នកគ្រូ ហៃ គឹមយាន មានអាយុជាង ៦០ឆ្នាំ ដែលមានជំនាញទស្សន៍ទាយតាមសន្លឹកបៀអស់រយៈពេលជិត ៤០ឆ្នាំមកហើយ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានសាកល្បងសុំទស្សន៍ទាយពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ ឬមន្ត្រីនៅទូទាំងប្រទេស ព្រមទាំងបញ្ហាសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១០ នេះ តើមានស្ថានភាពយ៉ាងម៉េចដែរ?
បន្ទាប់ពីបានដាក់ទ្រនឹបនៅមុខអាសនៈគ្រូទាយ ជាមធ្យមមួយម៉ឺនរៀល គ្រូទាយ ហៃ គឹមយាន ចាប់ផ្ដើមបួងសួងដល់គុណគ្រូ និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមឲ្យការទស្សន៍ទាយនោះមានភាពស័ក្ដិសិទ្ធិ។
ក្រោយពីការចែកសន្លឹកបៀទៅតាមក្បួនខ្នាតទស្សន៍ទាយរួចមក គ្រូទាយ ហៃ គឹមយាន បានបង្ហាញថា។ ប្រទេសកម្ពុជានៅឆ្នាំនេះ មានទុក្ខកង្វល់ខ្លាំងណាស់ ពោលគឺស្ថិតក្នុងភាពច្របូកច្របល់ មិនដឹងអ្នកណាល្អអ្នកណាអាក្រក់ទេ សេដ្ឋកិច្ចមានថយចុះ ការរកស៊ីមានការខាត់បង់។
គ្រូទាយ ហៃ គឹមយាន មានប្រសាសន៍ថា ៖ «ឃើញមន្ត្រី សេដ្ឋីនៅប្រទេសខ្មែរព្រួយទេ? លេខព្រួយ លេខ ៧, ៩, កញ្ចាស់ជួង, កញ្ចាស់ប៊ិចហ្នឹងព្រួយហើយ។ សេដ្ឋកិច្ច ប្រទេសណាៗ គេឲ្យមក គេចេះតែជួយហើយ តែមួយចំនួនគេលេងចង់ជួយ មួយចំនួនគេនៅតែចង់ជួយ។ គេរង់ចាំមកដាក់ទុននៅស្រុកខ្មែរច្រើនណាស់ តែគេខ្លាច...»។
សំណួរចង់ដឹងដដែល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានទៅឲ្យគ្រូទាយម្នាក់ទៀតធ្វើការទស្សន៍ទាយដែរ។ គ្រូទាយនៅម្ដុំមុខវាំងនោះដែរ មានរហ័សនាមថា លោក តា វណ្ណៈ មានវ័យជាង ៦០ឆ្នាំ ហើយមានរបរទស្សន៍ទាយរាសីនេះជាង ៣០ឆ្នាំមកហើយដែរ តាមក្បួនគម្ពីរបុរាណក៏បានបង្ហាញលទ្ធផលប្រហាក់ប្រហែលគ្នាដែរគឺថា សេដ្ឋកិច្ចឆ្នាំនេះមានការធ្លាក់។
លោក តា វណ្ណៈ មានប្រសាសន៍ថា ៖ «ឆ្នាំនេះ សេដ្ឋកិច្ចថយចុះជាងឆ្នាំទៅ។ បើនិយាយអំពីគ្រោះថ្នាក់ គឺច្រើនជាងឆ្នាំ២០០៩ វិញ គឺគ្រោះថ្នាក់ចរាចរ។ សេដ្ឋកិច្ចធ្លាក់ចុះ ទីមួយអាចជួបទុរ្ភិក្សហ្នឹងហើយ ឬវាមានខ្យល់ព្យុះ។ អ៊ីចឹងធ្វើស្រូវក៏បានតិចជាងឆ្នាំទៅ។ វិនិយោគក៏ចុះជាងឆ្នាំ២០០៩ ដែរ»។
ប៉ុន្តែសម្រាប់អ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនវិញ លោកបណ្ឌិត ជាម យៀប បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចនៅឆ្នាំនេះ មានការកើនដោយពឹងផ្អែកលើវិស័យបួន ៖ «ទីមួយ គឺវិស័យកសិកម្ម។ គិតវិស័យកសិកម្ម វាស្រូបយក ៣១% នៃកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាថវិកាជាតិទាំងមូល។ ហើយក្នុងនោះ ក៏មានវិស័យឧស្សាហកម្ម គឺកសិ-ឧស្សាហកម្ម។ ទីបី វិស័យទេសចរណ៍។ ទេសចរណ៍យើងឃើញមានការកើនឡើងជាងឆ្នាំ២០០៨ ២០០៩។ ទីបួន គឺវិស័យសេវាកម្ម និងសំណង់។ កំណើនសេដ្ឋកិច្ចយើង យ៉ាងអន់បំផុតក៏នៅដដែល ឬកើនឡើងបន្តិចបន្តួច»។
របាយការណ៍វាយតម្លៃបច្ចុប្បន្នភាពចុងក្រោយ ស្ដីអំពីសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា បង្ហាញដែរថា កំណើនសេដ្ឋកិច្ច GDP ឬហៅថា ផលទុនក្នុងស្រុកសរុបរបស់កម្ពុជា ឆ្នាំ២០១០នេះ អាចនឹងកើន ៤,៤% និង ឆ្នាំ២០១១ អាចកើនដល់ ៦,0 %។
ការទស្សន៍ទាយរបស់ធនាគារពិភពលោកដែលថា សេដ្ឋកិច្ចកម្ពុជា អាចនឹងកើនឡើងនៅឆ្នាំ២០១០ និង២០១១នេះ ត្រូវបានលោកបណ្ឌិតសេដ្ឋកិច្ច លោក កង ច័ន្ទតារារ័ត្ន ថ្លែងគាំទ្រចំពោះរបាយការណ៍ធនាគារពិភពលោក ពីកំណើនសេដ្ឋកិច្ចនេះ។ លោកបន្តថា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះមិនមានសន្ទុះ ឬកើនខ្ពស់ រហូតដល់ជិត ១០% ដូចកាលពីឆ្នាំ២០០៧-២០០៨ នោះទេ បើទោះវិស័យកសិកម្ម ទេសចរណ៍ និងវិស័យកាត់ដេរ មានទីផ្សារធំទូលាយបែបណាក្ដី។
លោក កង ច័ន្ទតារារ័ត្ន មានប្រសាសន៍ថា ៖ «ការទស្សន៍ទាយហ្នឹង យើងមើលទៅលើស្ថានភាពនៃសេដ្ឋកិច្ចពិភពលោក ដែលជាទីផ្សារនាំចេញផលិតផលកម្ពុជា។ ទីពីរទៀតយើងមើលស្ថិរភាពនៃវិស័យកសិកម្ម ដែលមានទាំងការប្រសើរឡើងនៃទីផ្សារកសិកម្ម ក៏ដូចជាបច្ចេកទេស ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាយើង»។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា មិនមានជំនឿថា ការទស្សន៍ទាយរបស់ធនាគារពិភពលោក ពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើននៅឆ្នាំ២០១០ និង២០១១ គឺមិនពិតនោះទេ។ ព្រោះកម្ពុជាមិនទាន់មានវិស័យឈានមុខលេចធ្លោ ដែលមានលំនឹងនៅឡើយ។
លោក ជា មុន្នី បញ្ជាក់ឲ្យដឹងដូច្នេះ ៖ «ជាទូទៅគឺថាឥតមានទេ យើងមើលវិស័យកាត់ដេរ ហើយវិស័យទេសចរណ៍ វិស័យកសិកម្ម។ វិស័យដែលគេលើកប៉ុន្មានហ្នឹង មិនទាន់ឃើញទុកចិត្ត ដែលយើងគិតថា វាឡើងមែននោះ»។
ទោះយ៉ាងណាក្ដី គ្រូទាយជាស្រី្តវ័យចំណាស់ម្នាក់ទៀត មិនហ៊ានធ្វើការទស្សន៍ទាយ ទៅលើបញ្ហាសុខទុក្ខរបស់ប្រទេសជាតិទេ ប៉ុន្តែគាត់បានបញ្ជាក់ថា ចំនួនអ្នកមកទស្សន៍ទាយភាគច្រើនមានបញ្ហារកស៊ីខាត ភាពក្រលំបាក ជំពាក់លុយគេ ចង់ដឹងពេលណារកស៊ីបានធូរធារ ឬគេចង់ដឹងថា ពេលបានឡើងបុណ្យស័ក្ដិជាដើម។
អតិថិជនដែលបានមករកសេវាទស្សន៍ទាយ ក៏បានបញ្ជាក់ពីបំណងរបស់ខ្លួនដែរថា ៖ «ខ្វះខាតលុយកាត់ រកស៊ីឥតបាន ចេះតែចង់រកគ្រូទាយមើល។ ស្មុគស្មាញរឿងលុយតែម្ដង»។
តែទោះយ៉ាងណាក្ដី នេះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ ខាងគ្រូទាយបានទស្សន៍ទាយថា សេដ្ឋកិច្ចឆ្នាំ២០១០ ងើបមុខមិនរួច ដោយពឹងផ្អែកលើក្បួនខ្នាតហោរាសាស្ត្រ និងចំនួនអ្នកមករកសេវាទស្សន៍ទាយ ភាគច្រើនសុទ្ធតែមានវិបត្តិថវិកា ដោយរកស៊ីខាត ចំណែកអ្នកជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច គឺគេពឹងផ្អែកលើបច្ចេកទេស ការសិក្សាស្រាវជ្រាវ។ ប៉ុន្តែអ្វីៗ ចុងបញ្ជាប់ គឺស្ថិតនៅលើភាពជាក់ស្ដែង ហើយរង់ចាំមើលការពិតទាំងអស់គ្នានៅពេលវេលាខាងមុខ៕