រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ សហគមន៍ជនជាតិដើមរួមមាន ទំពួន ចារ៉ាយនិងកាចក នៅតែប្រកាន់ខ្ជាប់ប្រពៃណីថែមនូវប្រុសកំលោះ ឬស្រីក្រមុំដែលជាសាច់ថ្លៃឲ្យធ្វើជាប្តី ឬជាប្រពន្ធទីពីរ ឬទីបីនៅពេលដែលប្តី ឬប្រពន្ធរបស់ពួកគេបានស្លាប់។
មានការទទួលស្គាល់ជាទូទៅដោយសហគមន៍ជនជាតិដើមទាំងនោះថា ប្រពៃណីលើកថែមស្រីក្រមុំឲ្យធ្វើជាប្រពន្ធទីពីរឬទីបី ក្រោយពីប្រពន្ធរបស់ពួកគេស្លាប់នោះ នៅមានបន្តច្រើនជាងការថែមប្រុសកម្លោះឲ្យធ្វើជាប្តីទីពីរក្នុងពេលបច្ចុប្បន្ននេះ។
ស្រ្តីមានដើមកំណើតគ្រឹង២នាក់ បានរត់គេចចេញពីប្រពៃណីថែមប្រុសកំលោះជាសាច់ថ្លៃឲ្យធ្វើជាប្តី បន្ទាប់ពីប្តីរបស់ពួកគាត់ជាជនជាតិដើមទំពួនបានស្លាប់។ ស្រ្តីទាំង២នាក់នេះកំពុងរស់នៅភូមិតងណងឡិះ ឃុំអូរជុំ ស្រុកអូរជុំ។
ស្រ្តីឈ្មោះ ដាំ ម៉ូ អាយុ៥៤ឆ្នាំ ជនជាតិគ្រឹង បាននិយាយប្រាប់ថា គាត់បានរៀបការតាំងពីអាយុ១៥ឆ្នាំម៉្លេះជាមួយបុរសជនជាតិទំពួនរស់នៅភូមិបរញ៉ុក ឃុំឯកភាព ស្រុកអូរជុំ មានកូនចំនួន៤នាក់ ក្រោយមកប្តីរបស់ខ្លួនបានស្លាប់។ ក្រោយពេលធ្វើបុណ្យរួចរាល់ ចាស់ទុំភូមិនិងសាច់ញាតិខាងប្តីបានមកជួបជុំគ្នាដើម្បីនិយាយរឿងតាមប្រពៃណី ដោយបានលើកប្រុសកំលោះម្នាក់ឈ្មោះ វ៉ន អាយុ១៧ឆ្នាំឲ្យធ្វើជាប្តីទីពីររបស់ខ្លួន។
ស្រ្ដីឈ្មោះ ដាំ ម៉ូ បានឲ្យដឹងតាមរយៈអ្នកបកប្រែថា ៖ «គាត់និយាយថា ក្រោយពីធ្វើបុណ្យសពរួច បងប្អូនញាតិមិត្តនិងក្មួយៗរបស់គាត់លើកកូនកម្លោះឲ្យគាត់»។
ស្រ្តីឈ្មោះ ដាំ ម៉ូ និយាយថា គាត់បានប្រកែកមិនព្រមទទួលទេ ដោយសារថា វាមានអាយុខុសគ្នាច្រើនពេក ហើយកំលោះ វ៉ន ត្រូវជាក្មួយរបស់ប្តីខ្លួនផង។ ឯក្មេងកំលោះនោះក៏បានបដិសេធមិនព្រមដូចគ្នា ហើយគេថែមទាំងបានរត់គេចចេញពីភូមិទៀតផង។ ដូច្នេះគាត់បានសុខចិត្តឲ្យចាស់ទុំភូមិផាកពិន័យជាស្រាពាងនិងមាន់ រួចហើយក៏នាំកូនត្រឡប់មករស់នៅភូមិកំណើតវិញកាលពីឆ្នាំ២០០៦កន្លងមកនេះ។
ស្រ្ដីឈ្មោះ ដាំ ម៉ូ បានឲ្យដឹងបន្ថែមតាមរយៈអ្នកបកប្រែដូច្នេះ ៖ «គាត់និយាយថា នៅតែបង្ខំគាត់ បើមិនយកមិនបានទេ ព្រោះថាប្រពៃណីគេអ៊ីចឹង ប៉ុន្តែ វ៉ន ក៏បានចាកចេញពីភូមិនោះ។ ក្រោយពី វ៉ន ចាកចេញរួច គាត់ក៏សម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញនៅតងណងឡិះនេះ»។
ស្រ្តីគ្រឹងម្នាក់ទៀតឈ្មោះ ចាវីន រំផ្លាយ អាយុ៤០ឆ្នាំ ក៏បាននាំកូនគេចចេញពីភូមិទំពួន នាស្រុកអណ្តូងមាស មករស់នៅភូមិកំណើតវិញដែរ ខណៈដែលប្រពៃណីទំពួនរបស់ប្តីគាត់បង្ខំឲ្យគាត់ទទួលយកប្រុសកម្លោះម្នាក់ទៀតជាប្អូនថ្លៃធ្វើជាប្តីទីពីរបន្ទាប់ពីប្តីរបស់ខ្លួនបានស្លាប់។
អ៊ំប្រុស ហ្វា ប្លឹក អាយុ៦៥ឆ្នាំ ជាចាស់ទុំជនជាតិទំពួន នៅភូមិក្រាំងល្មីស ឃុំអូរជុំ ស្រុកអូរជុំ និយាយឲ្យដឹងថា ខ្លួនលោកផ្ទាល់ពេញចិត្តនឹងប្រពៃណីនេះណាស់ ហើយកាលពីប៉ុន្មានឆ្នាំមុននេះ លោកបានលើកក្មួយស្រីម្នាក់ឲ្យបងប្រុសរបស់លោកផ្ទាល់ម្នាក់ធ្វើជាប្រពន្ធ និងក្រោយមកទៀតបានលើកប្អូនស្រីថ្លៃម្នាក់ទៀតឲ្យធ្វើជាប្រពន្ធបន្ថែមរបស់ប្អូនប្រុសសាច់ឆ្ងាយម្នាក់ផ្សេងទៀត ក្រោយពេលដែលប្រពន្ធរបស់ពួកគេបានស្លាប់។
ទាក់ទងទៅនឹងប្រពៃណីថែមប្រពន្ធឬថែមប្តីនេះ លោក អ៊ំ ហ្វា ប្លឹក និយាយថា ជាប្រពៃណីល្អរបស់ជនជាតិដើមទំពួន មានតាំងពីយូរលង់មកហើយបន្តដល់ពេលបច្ចុប្បន្ន។
ការថែមប្រពន្ធឲ្យនេះគឺវាអាស្រ័យទៅលើបុរសនោះដែរ ប្រសិនឧស្សាហ៍ព្យាយាមធ្វើស្រែចម្ការ ចេះគោរពសាច់ញាតិខាងស្រីទើបគេថែមឲ្យ បើមិនដូច្នេះគេមិនថែមឲ្យទេ ហើយបើក្នុងករណីអាយុខុសគ្នាច្រើន ក្មេងស្រីមិនព្រមទទួលធ្វើជាប្រពន្ធទីពីរឬទីបីក៏ដោយ តែឪពុកម្តាយរបស់ស្រីក្រមុំនោះនឹងនិយាយលួងលោមផ្តល់ថ្នូរដូចជា គោ ក្របី និងលុយជាដើមឲ្យទៅក្មេងស្រីនោះដើម្បីឲ្យនាងព្រម។
មូលហេតុនៃការថែមប្រពន្ធឬប្តីនេះ បើតាមសហគមន៍ទំពួនឲ្យដឹងថា ធ្វើឡើងក្នុងបំណងបន្តពូជពង្សសាច់ឈាមគ្រួសារពួកគេផង និងដើម្បីថែរក្សាទ្រព្យសម្បត្តិសំខាន់ៗ ដូចជាគោ ក្របី ដីធ្លីស្រែចម្ការ ឧបករណ៍ភ្លេងគង និងរបស់របរផ្សេងទៀតដែលគ្រួសារគេមានមិនឲ្យធ្លាក់ចូលទៅដៃអ្នកដទៃ។
អ្នកស្រី ដាំ ចន្ធី ជនជាតិដើមទំពួនកាត់ចារ៉ាយ ជាប្រធានសមាគមខែ្មរលើបានឲ្យដឹងដែរថា ប្រពៃណីថែមប្រពន្ធឬប្តី ក្រោយពីប្តីឬប្រពន្ធគេស្លាប់នោះ មិនមែនតែជនជាតិទំពួនមួយទេ ផ្ទុយទៅវិញជនជាតិចារ៉ាយនិងកាចកក៏មានប្រពៃណីនេះដែរ។ ឥឡូវនេះគ្រាន់បើបន្តិចហើយ បើកាលពីមុនក្នុងពេលដែលប្រពន្ធស្លាប់ទៅ បុរសជាប្តីនឹងសម្លឹងមើលសាច់ញាតិរបស់អតីតប្រពន្ធខ្លួន ទោះបីនៅក្មេងតូចក្តីគេនឹងឲ្យឪពុកម្តាយក្មេកថែទាំនាងទុករហូតដល់ពេញវ័យហើយរៀបការយកធ្វើជាប្រពន្ធថែមតែម្តង។
អ្នកស្រី ដាំ ចន្ធី បានឲ្យដឹងដូច្នេះ ៖ «ពីដើមមែនទែន បើសិនណាម្នាក់ហ្នឹងស្លាប់ បងប្អូនគេមានកូនចៅក្មេងតូចអ៊ីចឹង អាយុត្រឹម១០ឆ្នាំ ថែវាតាំងពីក្មេង ទាល់តែគ្រប់ការបានគេការឲ្យ»។
លោក រចំ ធីត ជនជាតិចារ៉ាយនៅស្រុកអណ្តូងមាស និយាយថា ប្រពៃណីជនជាតិចារ៉ាយមានដូចគ្នា តែការថែមនេះសំដៅធ្វើតែចំពោះមនុស្សប្រុសប៉ុណ្ណោះ ឯចំពោះមនុស្សស្រីវិញគេមិនថែមប្រុសកំលោះឲ្យធ្វើប្តីទេ។ លោកថា ឥឡូវនេះវាមានលក្ខណៈល្អប្រសើរជាងមុនទៀតនៅត្រង់ថា បើស្រីនោះមិនព្រមទទួលយកទេ គេមិនបង្ខំឡើយ ហើយបុរសនោះត្រូវទៅរកអ្នកផ្សេងដោយខ្លួនឯងចុះ។
លោក អ៊ុន ស្រេង ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី មានប្រសាសន៍ថា ការលើកបន្ថែមសាច់ញាតិរបស់ខ្លួនឲ្យធ្វើប្រពន្ធឬប្តី ក្រោយពេលដែលប្រពន្ធឬប្តីគេស្លាប់នោះ ខ្មែរយើងក៏មានដូចគ្នា ព្រោះគេស្រឡាញ់អ្នកដែលនៅរស់នោះគេរៀបចំផ្សំផ្គុំឲ្យទៅ។ ដោយឡែកចំពោះប្រពៃណីបងប្អូនជនជាតិដើមវិញ លោកជួបតែករណីថែមប្រពន្ធប៉ុណ្ណោះ មិនធ្លាប់ជួបករណីថែមប្តីឲ្យទេ ហើយករណីទាំងនេះជាការព្រមព្រៀងគ្នា មិនមែនជាការបង្ខិតបង្ខំអ្វីឡើយ។
លោក អ៊ុន ស្រេង មានប្រសាសន៍ដូច្នេះ ៖ «ឥឡូវហ្នឹងកន្លែងក្បែរក្រុងក៏មានការប្រែប្រួលដែរ។ ពាក់ព័ន្ធនឹងវប្បធម៌និងប្រពៃណីហ្នឹង បើសិនជាប្រុសចាស់ហើយស្រីក្មេងខ្ញុំធ្លាប់ឃើញ បើសិនជាស្រីហ្នឹងចាស់ប្រុសហ្នឹងក្មេង ជាប្អូនថ្លៃអីទៀត កម្រជួបប្រទះណាស់»។
លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីផ្នែកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាដហុក និយាយថា ប្រពៃណីនេះមានផលប៉ះពាល់ដល់ផ្លូវចិត្ត ហើយជាការបង្ខំដែលជាការរំលោភទៅលើសិទ្ធិមនុស្ស។ ម្យ៉ាងទៀតការតម្រូវឲ្យមនុស្សវ័យខុសគ្នាយ៉ាងច្រើនទទួលយល់ព្រមធ្វើប្តី ឬប្រពន្ធថែមនេះ ក៏អាចនឹងមានផលប៉ះពាល់ដូចជា សុខភាពមិនគ្រប់គ្រាន់អាចជំរុញឲ្យមានអំពើផិតក្បត់ អំពើហិង្សាក្នុងគ្រួសារ ហើយក៏អាចជាបន្ទុកមួយសម្រាប់អ្នកដែលជាប្តី ឬប្រពន្ធក្រោយត្រូវរែកពុនក្នុងការចិញ្ចឹមកូនពេលដែលប្តីឬប្រពន្ធចាស់ៗនេះស្លាប់ចោលទៅទៀត។ លោកបានស្នើឲ្យបញ្ឈប់នូវប្រពៃណីបង្ខិតបង្ខំនេះ។
លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ៖ «ជាប្រពៃណី យើងឃើញមានការបង្ខំ។ ភាគីមួយអត់ទទួលយកភាគីមួយទៀត គឺមានការចាប់បង្ខំហើយ។ ប៉ះពាល់ដល់ជីវភាពរស់នៅ ប្ដីត្រូវស្លាប់ទៅមុន ហើយបន្ទុកអីត្រូវស្ថិតនៅលើប្រពន្ធ វាហុចផលលំបាកច្រើន វាអាចមានឈានដល់ផិតក្បត់អ៊ីចឹងដែរ»។
ទាក់ទងទៅនឹងប្រពៃណីថែមប្តីឬប្រពន្ធនេះ ស្រ្តី២នាក់គឺ ដាំ ម៉ូ និង ចាវីន រំផ្លាយ ដែលបានគេចចេញពីការបង្ខំនោះ បានរៀបការប្តីក្រោយជាជនជាតិគ្រឹងដែលរស់នៅភូមិតងណងឡិះដូចៗគ្នា និងមានវ័យប្រហាក់ប្រហែលគ្នា។ ពួកគេប្រកបមុខរបរធ្វើស្រែចម្ការរស់នៅយ៉ាងសុខសាន្ត៕