ខ្យល់ព្យុះ ស្លាប់​មនុស្ស ៣​នាក់ នៅ​ខេត្ត​កំពង់ធំ

មនុស្ស ៣​នាក់ បាន​ស្លាប់ និង​២នាក់​របួស​ស្រាល​ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដោយ​ហេតុការណ៍​ខ្យល់​ព្យុះ​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បោក​បក់​ចំ​ស្រុក​នេះ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​មេសា ឆ្នាំ​២០១២។

លោក ឈុន ឈន់ អភិបាល​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា​ខ្យល់​ព្យុះ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​បាន​បក់​បោក​ប៉ះ​ចំ​ភូមិមួយ​ឈ្មោះ​ភូមិ៩៩ ក្នុង​ឃុំ​មាន​ឬទ្ធិ ស្រុក សណ្ដាន់ បាន​​បណ្តាល​ឲ្យ​ស្រ្តី​២នាក់ និង​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​ស្លាប់ និង​ស្ត្រី​២នាក់​ទៀត​របួស​ស្រាល​ដោយ​សារ​ដើម​ឈើ​រលំ​សង្កត់លើ។

អភិបាល​ខេត្ត​កំពង់ធំ​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ខេត្ត​បាន​ចាត់​ចែង​បញ្ជូន​សព​ជនរងគ្រោះ​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​អោយ​ក្រុម​គ្រួសារ​បាន​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។