ខ្មែរ-​ថៃ​បន្ត​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ដើម្បី​បែង​ចែក​ធនធាន​រ៉ែ

រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​បន្ត​ដោះស្រាយ​បញ្ហា​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា ដើម្បី​ឈាន​ទៅ​រក​ការ​បែងចែក​ធនធាន​រ៉ែ​ប្រេង​កាត និង​ឧស្ម័ន​ជា​ច្រើន នៅ​បាត​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ។

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ូរ៉ាពុង តូវីចក្រឆៃគុល (Surapong Towijakchaikul) បាន​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​ថៃ មួយ​ក្រុម ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ថៃ លោក ពិឆៃ ណារីបថាផាន់ (Pichai Narip Thaphan) មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ ដើម្បី​ជួប​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ជា​ឧបនាយករដ្ឋមន្ត្រី និង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ឧបនាយក​រដ្ឋ​មន្រ្តី។

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ូរ៉ាពុង តូវីចក្រឆៃគុល នៅ​ក្រសួង​ការបរទេស​កម្ពុជា ថា កម្ពុជា និង​ថៃ សង្ឃឹម​ថា ការ​ចរចា​នេះ​នឹង​ឈាន​ទៅ​រក​ដំណោះស្រាយ​ក្នុង​ការ​ចែក​ភោគផល​នៃ​ធនធាន​រ៉ែ នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​នោះ។

លោក ហោ ណាំហុង៖ «ដោយ​បញ្ហា​ត្រួត​គ្នា​នៅ​សមុទ្រ​នេះ ជា​តំបន់​មួយ​ដែល​មាន​លទ្ធភាព​មាន​ប្រេង និង​ឧស្ម័ន​ច្រើន តាម​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ជំនាញ ហើយ​ប្រទេស​យើង​ទាំង​ពីរ​ក៏​កំពុង​ត្រូវ​ការ​នូវ​ប្រេង និង​ឧស្ម័ន​នេះ។ ត្រូវ​ការ​ចំណូល​ពី​ប្រេង និង​ឧស្ម័ន​នេះ យើង​គួរ​ឈាន​ទៅ​ដល់​ការ​ស្រុះស្រួល​គ្នា​ឲ្យ​បាន​ឆាប់»

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ូរ៉ាពុង តូវីចក្រឆៃគុល បាន​មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ​របស់​ថៃ កំពុង​ប្រមូល​ឯកសារ​នានា ដើម្បី​សុំ​ឲ្យ​គណៈរដ្ឋមន្ត្រី​ថៃ ពិនិត្យ និង​ឯកភាព ដើម្បី​ដាក់​ជូន​សភា​ថៃ អនុម័ត។

លោក​បាន​មាន​ប្រសាសន៍​ជា​ភាសា​ថៃ ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ហើយ​នៅ​ពេល​ណា ដែល​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​របស់​ថៃ​ហ្នឹង បាន​ពិភាក្សា និង​សិក្សា ពី​យន្តការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​រៀប​រយ​ហើយ គឺ​នឹង​ការ​ជំរុញ​ឲ្យ​មាន​កិច្ច​ប្រជុំ​បញ្ហា​នេះ​ជា​ផ្លូវ​ការ»

ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​នោះ គឺ​មាន​ទំហំ ២៧.០០០​គីឡូម៉ែត្រ​ក្រឡា។ តំបន់​ត្រួត​ស៊ី​គ្នា​នោះ គឺ​មាន​ធនធាន​ឧស្ម័ន​នៅ​បាត​សមុទ្រ​ចំនួន​ជាង ១១​ពាន់​លាន​ម៉ែត្រ​គូប និង​មាន​ធនធាន​ប្រេង​កាត​មហាសាល។

កាល​ពី​ខែ​មីនា ឆ្នាំ​២០០១ កន្លង​ទៅ រាជ​រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រាជរដ្ឋាភិបាល​ថៃ ដឹក​នាំ​ដោយ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ដើម្បី​កំណត់​ព្រំដែន​សមុទ្រ និង​តំបន់​អភិវឌ្ឍន៍​រួម​គ្នា។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​ធ្លាក់​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​មក ភាគី​ថៃ និង​កម្ពុជា មិន​ទាន់​បាន​ឈាន​ដល់​ការ​ដោះស្រាយ​បញ្ហា​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​នោះ​ឲ្យ​បាន​ជ្រះ​ស្រឡះ​នៅ​ឡើយ​ទេ៕