គ្រួសារ​ជន​រង​គ្រោះ​មួយ​ចំនួន​ប្រតិកម្ម​ទៅ​នឹង​ការ​វាយ​កម្ទេច​ស្ពាន​ពេជ្រ

ស្ពាន​ឆ្លង​ទៅ​កោះ​ពេជ្រ ឬ​ហៅ​ថា ស្ពាន​ពេជ្រ ដែល​ជា​ទី​កន្លែង​ធ្លាប់​មាន​សោកនាដកម្ម​មនុស្ស​ផ្អើល​រត់​ជាន់​គ្នា​ស្លាប់​អស់​ជាង ៣៥០​នាក់ កាល​ពី​ឆ្នាំ​២០១០ ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ចាប់​ផ្ដើម​​វាយ​កម្ទេច​ចោល​ហើយ។

0:00 / 0:00

ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​មួយ​ចំនួន បាន​ចោទ​ប្រកាន់​ម្ចាស់​ក្រុមហ៊ុន អូ.ស៊ី. អាយ.ស៊ី (OCIC) ចំពោះ​ការ​វាយ​កំទេច​ស្ពាន​នោះ​ចោល​ថា ជា​រឿង​ចង់​បំបាត់​ភស្តុតាង​ដែល​មាន​មនុស្ស​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​ចំនួន ៣៥៣​នាក់​នោះ។

ឪពុក​អ្នក​រង​គ្រោះ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ថា លោក​មិន​គាំទ្រ​លើ​ការ​វាយ​កម្ទេច​ស្ពាន​ពេជ្រ ចោល​នោះ​ទេ ទោះ​បី​ជា​ស្ពាន​នោះ​លោក​បាន​ឃើញ​ហើយ​នឹក​ដល់​កូន​ប្រុស​របស់​គាត់​ដែល​ស្លាប់​នោះ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​លោក​ចង់​ឲ្យ​រក្សា​ស្ពាន​នេះ​ទុក ដើម្បី​ជា​ភស្ដុតាង និង​សម្រាប់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ដឹង​ថា នៅ​លើ​ស្ពាន​នេះ​មាន​មនុស្ស​ស្លាប់​ចំនួន ៣៥៣​នាក់ រួម​ទាំង​កូន​លោក​ផង។

លោក​មាន​ប្រសាសន៍​បន្ត​ថា៖ «តាម​ពិត​ខ្ញុំ​មិន​ឲ្យ​គេ​វាយ​ស្ពាន​ហ្នឹង​ចោល​ទេ ទុក​ជា​កេរដំណែល​ថា ស្ពាន​នោះ​ជា​ក្ដី​ឈឺ​ចាប់ ទោះ​បី​បិទ​ស្ពាន​នោះ​ចោល ឬ​បើក​ឲ្យ​គេ​ឆ្លង។ កាល​ណា​វាយ​កម្ទេច​ស្ពាន​នោះ​ចោល ក្មេង​ជំនាន់​ក្រោយ​មិន​បាន​ដឹង​ថា មនុស្ស​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ​ដោយ​របៀប​ម៉េច​ទេ»

ប្រធាន​គម្រោង​របស់​ក្រុមហ៊ុន អូ.ស៊ី. អាយ.ស៊ី លោក ទូច សំណាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ថា ការ​កំទេច​ស្ពាន​ពេជ្រ​នៅ​ពេល​នេះ ពុំ​មែន​ក្នុង​ន័យ​ថា វា​ជាប់​ទាក់ទង​ទៅ​នឹង​រឿង​មនុស្ស​ស្លាប់​កាល​ពី​ឆ្នាំ​២០១០ នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​រុះរើ​ស្ពាន​ពេជ្រ​ចេញ ដោយសារ​តែ​ក្រុមហ៊ុន​បាន​សាង​សង់​ស្ពាន​ភ្លោះ​នៅ​ក្បែរ​នោះ​រួច​រាល់ ដែល​ចំណាយ​ថវិកា​អស់​ជាង​បី​លាន​ដុល្លារ​អាមេរិក។

លោក ទូច សំណាង បន្ថែម​ដូច្នេះ៖ «មាន​បញ្ហា​អី​ទេ ព្រោះ​យើង​មាន​ស្ពាន​ពីរ​ហើយ ធម្មតា​ស្ពាន​ភ្លោះ​មាន​តែ​ពីរ វា​មិន​ដែល​មាន​បី​ទេ យើង​បាន​សាកល្បង​បើក​ស្ពាន​ពីរ​នេះ​មួយ​រយៈ​ហើយ គឺ​ចរាចរណ៍​វា​ល្អ​ហើយ ដូច្នេះ​បាន​ជា​សម្រេច​យក​សម្ភារៈ​ស្ពាន​ចាស់​ទៅ​ធ្វើ​ឃឿន​ថ្មី​ទៀត»

ស្ពាន​ពេជ្រ​មាន​បង្គោល ឬ​សរសរ​រាង​ជា​ត្បូង​ពេជ្រ​ចំនួន ៤ ដែល​គេ​បំពាក់​ភ្លើង​ស្តុប​ចម្រុះ​ពណ៌​ផ្សេងៗ​គ្នា សម្រាប់​បំភ្លឺ​នៅ​ពេល​រាត្រី​នោះ វា​ជា​ទី​កន្លែង​សោកនាដកម្ម​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​មនុស្ស​ផ្អើល​រត់​ជាន់​គ្នា​ស្លាប់​ចំនួន ៣៥៣​នាក់ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ។

លោក ទូច សំណាង ជា​ប្រធាន​គម្រោង​របស់​ក្រុមហ៊ុន អូ.ស៊ី. អាយ.ស៊ី បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​យក​សម្ភារៈ​ពី​ស្ពាន​ចាស់​ទៅ​សាងសង់​ស្ពាន​ថ្មី​មួយ​ទៀត នៅ​ឆ្ងាយ​ពី​ទីតាំង​ចាស់​ប្រមាណ ១​ពាន់​ម៉ែត្រ ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ដំណើរ​បន្ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុមសារ​អ្នក​រង​គ្រោះ​នៅ​លើ​ស្ពាន​ពេជ្រ​មួយ​ចំនួន បាន​លើក​ហេតុផល​ថា វា​ហួស​ពេល​ទៅ​ហើយ ចំពោះ​វិធានការ​គិតគូរ​អំពី​ការ​ការពារ​នៃ​ភាព​កក​ស្ទះ​ចរាចរណ៍​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តំបន់​កោះ​ពេជ្រ​នោះ៕