ក្រុមយុវជនជាង ៦០នាក់នៅខេត្តស្វាយរៀង កំពុងចូលរួមកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋាន រៀនសូត្រពីបទពិសោធន៍នៃការប្រឆាំងអំពើពុករលួយ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។
កម្មវិធីនេះ យុវជននឹងទទួលបានបទពិសោធន៍ពីអង្គការប្រឆាំងអំពើពុករលួយ មេធាវីដែលបង្ហាញអំពីច្បាប់ អាជ្ញាធរ និងអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន ទាក់ទងទៅនឹងកាតព្វកិច្ចតួនាទីរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍសង្គម និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្រៅពីនេះ យុវជនទាំងនោះក៏មានឱកាសចូលរួមក្នុងសកម្មភាពរៀនសូត្រដែលធ្វើឲ្យពួកគេមានទំនាក់ទំនង និងស្គាល់គ្នាថែមទៀត។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ហៅជាភាសាអង់គ្លេសថា ត្រេន ស្ពែរិនស៊ី អ៊ិនធឺណេសិនណល ខេមបូឌា (Transparency International Cambodia) លោក ព្រាប កុល មានប្រសាសន៍នៅថា សិក្ខាសាលាស្ដីអំពីការពង្រឹងសិទ្ធិអំណាចយុវជនមូលដ្ឋាន ស្វែងយល់ពីតម្លាភាព និងគណនេយ្យភាព នៅថ្ងៃទី១៥ កុម្ភៈ មានគោលដៅចង់ឲ្យយុវជនមានការយល់ដឹងអំពីអ្វីទៅហៅថាតម្លាភាព អ្វីទៅហៅថាគណនេយ្យភាពសង្គម អ្វីទៅជាបញ្ហាអំពើពុករលួយ យល់ដឹងអំពីច្បាប់អំពើពុករលួយ និងផលប៉ះពាល់នៃអំពើពុករលួយ ដើម្បីឲ្យពួកគេស្វែងយល់ និងចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយអំពើពុករលួយ។
លោកថា មិនត្រឹមតែប៉ុណ្ណេះ លោកចង់ឲ្យយុវជនយល់ដឹងអំពីតួនាទីរបស់ខ្លួនក្នុងនាមជាពលរដ្ឋដើម្បីឲ្យយុវជនរួមចំណែកក្នុងការទប់ស្កាត់អំពើពុករលួយទៅថ្ងៃអនាគត៖ «បាទ! មានសារៈសំខាន់ណាស់ ពីព្រោះយុវជនគាត់ជាសសរទ្រូងនៃប្រទេសជាតិ។ គាត់ជាអនាគតនៃអ្នកដឹកនាំ ហើយបច្ចុប្បន្ននេះ គាត់មានចំនួនច្រើននៅក្នុងប្រទេសកម្ពុជា យើង។ អីចឹង យើងគិតថាជាកម្លាំងសង្គមមួយយ៉ាងធំ ហើយបើសិនជាពួកគាត់មិនបានយល់ដឹងពីបញ្ហាអំពើពុករលួយនេះទេ គាត់មិនអាចចូលរួមជួយទប់ស្កាត់បានហើយ ឬក៏គាត់ជាអ្នកអាចប្រព្រឹត្តអំពើពុករលួយដោយផ្ទាល់ក្នុងប្រការណាមួយនោះជាបញ្ហាវាលវដ្តសង្សារមួយដែលយើងមិនអាចដោះស្រាយបាននៅថ្ងៃខាងមុខ។ ការវិនិយោគជាមួយយុវជននេះ គឺសំខាន់មែនទែន គឺយើងឲ្យគាត់ចូលរួមទប់ស្កាត់បញ្ហាអំពើពុករលួយបច្ចុប្បន្ន។ ទី២ យើងកសាងនូវអត្តចរិត និងភាពស្អាតស្អំនៅក្នុងឧត្ដមគតិនៅក្នុងផ្នត់គំនិតនៅក្នុងចរិតលក្ខណៈពេលដែលគាត់ទៅជាអ្នកដឹកនាំនោះ គាត់មិនដើរតាមគន្លងពេលបច្ចុប្បន្ន គាត់អាចដឹកនាំប្រទេសជាតិមួយថ្លៃថ្នូរ និងស្អាតស្អំ»។
យុវជនយុវតីដែលបានចូលរួមកម្មវិធីពង្រឹងសិទ្ធិអំណាចយុវជន បានសម្ដែងក្ដីរីករាយ និងប្ដេជ្ញាចិត្តថានឹងចែករំលែកការយល់ដឹងនេះទៅសហគមន៍របស់ពួកគេ។
យុវជន ចាន់ សុជា និស្សិតនៃសាកលវិទ្យាល័យស្វាយរៀង បានថ្លែងថា វាជាឱកាសដ៏វិសេសដែលផ្ដល់ឲ្យពួកគេងាកមកចាប់អារម្មណ៍ពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយខ្លួននឹងចែករំលែកចំណេះដឹងបានមកពីការជួបជុំនេះ ទៅឲ្យយុវជនក្នុងសហគមន៍របស់គេ។
យុវជន ចាន់ សុជា៖ «សម្រាប់និស្សិតទាំងអស់ដែលគាត់ចូលរួមថ្ងៃនេះ គាត់មានការភ្ញាក់ផ្អើល។ ប្រធានបទយើងនិយាយអំពីអំពើពុករលួយ។ ពីមុនមក គាត់មិនសូវចាប់អារម្មណ៍ខ្លាំងទេ គាត់រវល់តែការសិក្សារបស់គាត់នៅសកលវិទ្យាល័យភាគច្រើន។ ហើយគាត់ភ្លឺភ្នែកមែនទែន គាត់បានស្ដាប់ការបង្ហាញរបស់លោក សុក សំអឿន និងលោក ព្រាប កុល គាត់ភ្ញាក់ផ្អើល។ ប្រយោជន៍ធំធេងណាស់ និស្សិតទាំងអស់បានជួបនឹងវាគ្មិនដែលល្បីៗ គាត់បានប្រឹងស្ដាប់ដោយយកចិត្តទុកដាក់មែនទែន ហើយម្នាក់ៗប្ដេជ្ញាចិត្តថានឹងផ្ដើមដោយខ្លួនឯង ដើម្បីទប់ស្កាត់អំពើពុករលួយ»។
យុវតី ឡោ សុគន្ធារី ជានិស្សិតផ្នែកគណនេយ្យ និងអក្សរសាស្ត្រអង់គ្លេស ឆ្នាំទី២ នៃសាកលវិទ្យាល័យស្វាយរៀង មានមតិថា នេះជាលើកដំបូងដែលនាងបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដូច្នេះ។ ប្រធានបទនេះ គឺជាប្រធានបទមួយដែលនាងចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្ដីស្រមៃរបស់នាង គឺចង់បានសង្គមមួយដែលគ្មានអំពើពុករលួយ មានតម្លាភាព ហើយមានការរីកចម្រើន។
យុវតី ឡោ សុគន្ធារី៖ «ដូចជាប៉ូលិសចរាចរ បើយើងអត់មានមួកសុវត្ថិភាពអីចឹង បើថាគាត់ស្គាល់គ្នាគាត់ប៉ូលិសៗគ្នាគាត់អ៊ីចឹង គាត់ឲ្យទៅធម្មតា គាត់អត់ផាកពិន័យទេ។ ប៉ុន្តែសម្រាប់យើងដែលអត់អ៊ីចឹង គាត់មានការគាបសង្កត់យើងអ្នកតូចទាប គឺគាត់មើលមកថាយើងមិនបានស្មើអ៊ីចឹង។ គាត់ផាកពិន័យ ហើយគាត់ប្រើពាក្យមិនគួរសមជាច្រើនផងដែរ។ យើងចង់ឲ្យសង្គមទាំងមូលមានតម្លាភាព ហើយចូលរួមទាំងអស់គ្នា ដើម្បីឲ្យការងារហ្នឹងរីកចម្រើនទាំងអស់គ្នា»។
យ៉ាងណាក៏ដោយ នៅក្នុងសិក្ខាសាលាស្ដីអំពីការពង្រឹងសិទ្ធិអំណាចយុវជនមូលដ្ឋាន ស្វែងយល់ពីតម្លាភាព និងគណនេយ្យភាព នៅថ្ងៃទី១៥ កុម្ភៈ ក៏មានអាជ្ញាធរសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចូលរួមគាំទ្រដែរ។
ចៅសង្កាត់ចេក ក្រុងស្វាយរៀង លោក ញឹម ស៊ាំ មានប្រសាសន៍ថា លោករីករាយណាស់ដែលមានកម្មវិធីដូច្នេះ។ លោកចង់ឲ្យមានអង្គការក្រៅរដ្ឋាភិបាលផ្ដល់នូវវគ្គដូច្នេះឲ្យបានច្រើន ដើម្បីឲ្យយុវជនក្នុងខេត្តរបស់គាត់កាន់តែមានការយល់អំពីគណនេយ្យភាពក្នុងសង្គម ដែលគ្មានអំពើពុករលួយ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែពលរដ្ឋទូទៅក៏លោកចង់ឲ្យបានទទួលចំណេះដឹងពីវគ្គសិក្សាដូចគ្នានេះដែរ។
លោក ញឹម ស៊ាំ៖ «អូ! ចង់បានការងារនេះបន្តថែមទៀត។ ចង់ឲ្យដឹងដល់ពលរដ្ឋនៅក្នុងមូលដ្ឋានផង។ គ្រាន់ថានិស្សិត និងយុវជនគាត់ដឹងមួយចំនួន ឥឡូវនៅខាងប្រជាពលរដ្ឋគាត់មិនទាន់បានដឹង។ នៅទាល់តែចប់ហ្មង ដើម្បីអបអរសាទរជាមួយបងប្អូនគាត់មកធ្វើការហ្នឹង អរគុណណាស់។ ចង់ចេះដឹងខ្លួនឯងទៀត យកទៅអនុវត្តន៍»។
កម្មវិធីនេះ គឺបានទទួលការឧបត្ថម្ភថវិកាដោយអង្គការតម្លាភាពកម្ពុជា ក្រោមមូលនិធិពីប្រទេសអូស្ត្រាលី និងប្រទេសស៊ុយអែត។
មន្ត្រីអង្គការដដែលបានរំពឹងទុកថា តាមរយៈកម្មវិធីនេះ យុវជនរាប់ពាន់នាក់ទៀតនៅកម្ពុជា នឹងទទួលបានការយល់ដឹងរួមទាំងបទពិសោធន៍ ដើម្បីលើកស្ទួយតម្លាភាព និងសុចរិតភាពនៅក្នុងសង្គម។ យុវជននឹងបង្កើតវិធីសាស្ត្រក្នុងការចែករំលែកចំណេះដឹង ដែលពួកគេបានទទួលទៅដល់មិត្តភ័ក្ដិនៅក្នុងសហគមន៍របស់ខ្លួន ទាក់ទងនឹងតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវសង្គម និងតួនាទីរបស់ខ្លួន ក្នុងការរួមចំណែក និងលើកតម្កើងគណនេយ្យភាព និងសុចរិតភាពសង្គម។
ក្រៅពីនោះ យុវជននឹងបានយល់ដឹងពីមធ្យោបាយក្នុងការរាយការណ៍អំពីការប្រព្រឹត្តអំពើពុករលួយនៅក្នុងសហគមន៍ដែលគាត់រស់នៅ។ កម្មវិធីក៏នឹងផ្ដល់នូវផ្នត់គំនិត និងការកែលំអនូវចរិតលក្ខណៈរបស់យុវជនជំនាន់ក្រោយ ដែលនឹងក្លាយទៅជាអ្នកដឹកនាំនៅក្នុងជួររដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ ឬអាជីពការងារដទៃទៀត ដើម្បីឲ្យពួកគេផ្លាស់ប្ដូរនៅក្នុងសង្គមការងាររបស់គេប្រកបដោយការយល់ដឹងពីតម្លៃនៃភាពស្អាតស្អំ គ្មានអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។