ក្រសួងការពារជាតិ ប្រកាសថា នឹងដឹកនាំអ្នកសារព័ត៌មានទៅទស្សនកិច្ចមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីមានការចោទថា កម្ពុជាអនុញ្ញាតឱ្យចិនសាងសង់មូលដ្ឋានទ័ព នៅទីនោះ។ អ្នកវិភាគ យល់ថា អ្នកកាសែតកម្ពុជា មិនមានជំនាញនិងសមត្ថភាពគ្រប់គ្រាន់ដើម្បី មើលដឹងថា តំបន់នោះ គឺជាមូលដ្ឋានកងទ័ពចិនឡើយ ហើយដំណើរទស្សនកិច្ចនេះ គឺគ្រាន់តែយុទ្ធសាស្ត្ររបស់របបក្រុងភ្នំពេញ ឱ្យកាសែតក្នុងស្រុកជួយផ្សព្វផ្សាយឱ្យបានច្រើនដើម្បីលាងជម្រះនូវមន្ទិល សង្ស័យនានា។
របបក្រុងភ្នំពេញ បានប្រកាសថា ដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមស្ថិតនៅក្នុង ខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែកក្កដា គឺមានតែក្រុមអ្នកកាសែតជាតិ និងអន្តរជាតិប៉ុណ្ណោះ ប៉ុន្តែ មិនអនុញ្ញាតឱ្យមានការចូលរួមពីមន្ត្រីជំនាញរបស់ស្ថានទូតបរទេសនោះឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា មូលហេតុដែលដឹកនាំអ្នកកាសែតទៅពិនិត្យមើលទីតាំងកងទ័ពជើងទឹករាមនេះ គឺដើម្បីបង្ហាញពីតម្លាភាព និងភាពស្មោះត្រង់របស់កម្ពុជាថា គ្មានការសាងសង់មូលដ្ឋានកងទ័ពចិន ដូចការសង្ស័យនិងការចោទប្រកាន់នោះទេ។ ទន្ទឹមគ្នានេះ លោក ផៃ ស៊ីផាន ជំរុញឱ្យអ្នកកាសែតក្នុងស្រុក ឈប់ផ្សាយបន្ទរតាមកាសែតបរទេស និងត្រូវចូលរួមផ្សព្វផ្សាយប្រឆាំង ចំពោះព័ត៌មានរបស់កាសែតបរទេសណា ដែលផ្សាយប៉ះពាល់ដល់កម្ពុជា ព្រោះលោកចាត់ទុកថា ព័ត៌មានទាំងនោះ គឺជាព័ត៌មានក្លែងក្លាយ។
« មូលដ្ឋានពិតរបស់ពួកយើងគឺតាមរយៈភ្នែកមាត់និងត្រចៀករបស់អ្នកសារព័ត៌មានក្នុងស្រុក។យើងនាំគ្នាប្រឆាំងព័ត៌មានប្រឌិត (Fake news) ។ »
គម្រោងដឹកនាំអ្នកកាសែតទៅមើលមូលដ្ឋានកងទ័ពជើងទឹករាមនេះ បន្ទាប់ពីសារព័ត៌មានដ៏ធំមួយរបស់សហរដ្ឋអាម៉េរិកឈ្មោះ the Wall Street Journal ;បានចុះផ្សាយថា របបលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយរដ្ឋាភិបាលចិន កាលពីប៉ុន្មានខែមុននេះ ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងក្នុងមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។ របបលោក ហ៊ុន សែន និងរដ្ឋាភិបាលចិន បានបដិសេធជាបន្តបន្ទាប់ និងបានចាត់ទុកការចុះផ្សាយព័ត៌មាននេះថា ជាការបំផ្លើសព័ត៌មានដើម្បីប្រឆាំងនឹងខ្លួន។
ទោះជាយ៉ាងណា កាសែត The Wall Street Journal បានចុះផ្សាយដោយស្រង់សម្ដី មន្ត្រីសហរដ្ឋអាមេរិកថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងបង្ហាញថា របបក្រុងភ្នំពេញបានផ្ដល់សិទ្ធិផ្ដាច់មុខឱ្យភាគីចិន កាន់កាប់ផ្ទៃដី ២៥ហិកតារនៃផ្ទៃដីសរុបជាង ៧០ហិកតារនៃមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ។ សេចក្ដីព្រាងនេះបានអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានទ័ពនោះ រយៈពេល ៣០ឆ្នាំ ហើយកុងត្រានេះអាចបន្តទៀតដោយស្វ័យប្រវត្តិ ជារៀងរាល់ ១០ឆ្នាំម្តង បន្ទាប់ពីនោះ។ ប្រភពដដែលឱ្យដឹងទៀតថា របបលោក ហ៊ុន សែន បានអនុញ្ញាតឱ្យភាគីចិនដាក់កងទ័ព និងរក្សាទុកអាវុធយុទ្ធ ភណ្ឌ និងនាវាចម្បាំងរបស់ខ្លួននៅលើទីតាំងនោះទៀតផង។ ជាងនេះទៅទៀត របបក្រុងភ្នំពេញបានអនុញ្ញាតឱ្យមន្ត្រីយោធាចិនកាន់កាប់អាវុធ និងកាន់លិខិតឆ្លងដែនកម្ពុជា ហើយបើពលរដ្ឋខ្មែរណាចង់ចូលទៅទីតាំងដី ២៥ហិកតារក្រោមការគ្រប់គ្រងរបស់ចិនក្នុងមូលដ្ឋានទ័ពជើងទឹករាមនោះ គឺត្រូវតែសុំការអនុញ្ញាតពីភាគីចិនជាមុនសិន។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា របបលោក ហ៊ុន សែន កំពុងប្រើយុទ្ធសាស្ត្រដកថយ ដោយការប្រកាសដឹកនាំអ្នកកាសែតក្នុងស្រុកទៅមើលតំបន់ដែលរងការចោទប្រកាន់ និង ជួយផ្សព្វផ្សាយព័ត៌មានគាំទ្ររបបលោក ដើម្បីបន្សាបព័ត៌មានពិត។ លោក យល់ថា អ្នកកាសែតក្នុងស្រុក ប្រហែលជាមិនមានជំនាញនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីមើលនិងវិភាគឱ្យដឹងថា តំបន់នោះ ជាតំបន់កំពុងសាងសង់បង្កើតជាមូលដ្ឋានកងទ័ពចិនឡើយ។ « ការពិតអំពីមូលដ្ឋានទ័ពចិននៅលើទឹកដីកម្ពុជាវាស្ទើតែ១០០ភាគរយទៅហើយ ក៏ប៉ុន្តែការដែល លោក ហ៊ុន សែនប្រកាសឲ្យសារព័ត៌មានទៅមើលនេះអាចមានមូលហេតុពីរយ៉ាងទី១ គម្រោងដែលគេសាងសង់នៅវាទើបតែចាប់ផ្តើមដែលគេអាចបិទបាំងបានដោយមិនទាន់បានបំពាក់ឧបករណ៍ក្នុងគោលដៅយោធាកម្រិតខ្ពស់នោះទេ។ ទី២ អ្នកសារព័ត៌មានដែលគេឲ្យទៅមើលនោះ អាចភាគច្រើនជាមនុស្សរបស់ភាគីលោក ហ៊ុន សែន តែមិន មានអ្នកសារព័ត៌មានបរទេសដែលមានជំនាញ និងសមត្ថភាពវិភាគអំពីរឿងចារកម្មទេ »
លោក គឹម សុខ បន្ថែមថា ប្រសិនបើរបបលោក ហ៊ុន សែន ចង់បង្ហាញតម្លាភាព និងបញ្ចប់មន្ទិល សង្ស័យនោះ គឺត្រូវតែអនុញ្ញាតឱ្យអ្នកកាសែតបរទេសធំៗ និងមន្ត្រីស្ថានទូតបរទេសដែលមានជំនាញ និងមានសមត្ថភាពច្បាស់លាស់ក្នុងការវិភាគរឿងមូលដ្ឋានយោធា ទើបអាចធ្វើឱ្យគេទុកចិត្ត បាន។ « បើចង់បង្ហាញតម្លាភាពមែនទែនទាល់តែក្រុមលោក ហ៊ុនសែន ក្លាហានឲ្យក្រុមអ្នកកាសែតដែលមានបទពិសោធន៍និងសមត្ថភាពអំពីព័ត៌មានចារកម្មយោធា ដូចជាអ្នកកាសែត CNN និង BBC និងសារព័ត៌មានល្បីៗនៅលើសកលលោកដែលគេធ្វើការងារនេះ រាប់ឆ្នាំទើបជាព័ត៌មានគេជឿទុកចិត្តបាន។ចំណុចមួយទៀតគឺអនុញ្ញាតឲ្យមានអ្នកជំនាញពីអង្គទួត នានាដែលមានទំនាក់ទំនងជាមួយកម្ពុជាជាពិសេសអ្នកជំនាញយោធាពីអង្គការសហប្រជាជាតិ ទៅ ពិនិត្យមើល ទើបគេដឹងថា តើឧបករណ៍ដែលគេបំពាក់នៅលើមូលដ្ឋានដែលគេសាងសង់នោះ វាគឺ ជាឧបករណ៍ដែលមានគោលដៅយោធាឬអត់ ? »
អ្នកវិភាគនយោបាយរូបនេះ យល់ថា អត្ថបទរបស់កាសែត the Wall Street Journal គឺមានភាពច្បាស់លាស់និងជឿទុកចិត្តបានដោយសារមានប្រភពនិងសំអាងហេតុគ្រប់គ្រាន់ ពោលគឺមិនមែនចេះតែ ផ្សព្វផ្សាយផ្តេសផ្តាស់នោះទេ។
ក្រោយពីសហគមន៍អន្តរជាតិថ្កោលទោសរបបលោក ហ៊ុន សែន ជុំទិស រឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនោះមក កម្ពុជា ត្រូវបានគេមើលឃើញថា ងាកទៅពឹងពាក់ចិនខ្លាំង ដើម្បីទប់ទល់នឹងសម្ពាធអន្តរជាតិនេះ។ របបលោក ហ៊ុន សែន បានផ្តល់កិច្ចសន្យាជាច្រើន ឱ្យក្រុមហ៊ុនចិនវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលក្នុងនោះ មានគម្រោងជួលដីនៅខេត្តកោះកុងរយៈពេល ៩៩ឆ្នាំ ដែលមានទំហំទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ និងមានសាងសង់់ព្រលានយន្តហោះខ្នាតធំ ដែលអាចឱ្យយន្តហោះចម្បាំងចិនចុះចតបានផងដែរ។
សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក មានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខតំបន់ យ៉ាងខ្លាំង ប្រសិនបើកម្ពុជា ពិតជាមានកិច្ចព្រមព្រៀងសម្ងាត់ឱ្យរដ្ឋាភិបាលចិនសាងសង់មូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។