មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ប្រកាសច្រានចោលព័ត៌មានដែលថា របបរបស់លោកបានចុះហត្ថលេខាជាសម្ងាត់ជាមួយភាគីចិន ឱ្យចិនតាំងមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។ ក៏ប៉ុន្តែ សារព័ត៌មានបរទេសបានលាតត្រដាង និងបង្ហាញភស្តុតាងជាក់ស្តែងជាច្រើនថា របបក្រុងភ្នំពេញកំពុងឃុបឃិតជាមួយក្រុងប៉េកាំង អនុញ្ញាតឱ្យកងទ័ពចិនឈរជើងនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខបដិសេធថា របបលោកមិនបានចុះហេត្ថលេខាជាសម្ងាត់ណាមួយជាមួយចិន ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជាឡើយ ពីព្រោះលោកថា នេះជាការរំលោភរដ្ឋធម្មនុញ្ញ។
បុរសខ្លាំងខាងប្រើអំពើហិង្សារូបនេះ អះអាងប្រាប់ប្រព័ន្ធឃោសនារបស់លោកនៅថ្ងៃទី២២ កក្កដាថា រដ្ឋាភិបាលកម្ពុជាមិនដែលបានពិភាក្សារឿងនេះជាមួយមេដឹកនាំចិនឡើយ កុំថាឡើយដល់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយនោះ។ លោកបានចោទជាសំណួរថា តើកម្ពុជាត្រូវការវត្តមានយោធាចិននៅលើទឹកដីរបស់ខ្លួនដើម្បីអ្វី? លោកស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយអំពីរឿងវត្តមានកងទ័ពចិននៅលើទឹកដីកម្ពុជាតទៅទៀត ពីព្រោះលោកថា នេះគ្រាន់តែជាព័ត៌មានក្លែងបន្លំ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា សារព័ត៌មានធំមួយរបស់សហអាមេរិក ឈ្មោះ The Wall Street Journal ដែលមានមូលដ្ឋាននៅបូរីញូវយ៉ក (New York) សហរដ្ឋអាមេរិក បានចុះផ្សាយរឿងនេះអមដោយភស្តុតាងជាច្រើនពីមន្ត្រីអាមេរិកថា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយរដ្ឋាភិបាលចិន កាលពីប៉ុន្មានខែមុននេះ ដើម្បីអនុញ្ញាតឱ្យកងទ័ពចិន អាចបោះទីតាំងឈរជើងក្នុងមូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា។ កិច្ចព្រមព្រៀងដែលត្រូវបានភាគីទាំងពីរលាក់កំបាំងនោះ បានផ្តល់សិទ្ធិផ្តាច់មុខឱ្យភាគីចិន កាន់កាប់ផ្នែកមួយនៃមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។
The Wall Street Journal ដែលជាកាសែតធំជាងគេលំដាប់ទី៣ នៅសហរដ្ឋអាមេរិក ឱ្យដឹងទៀតថា សេចក្តីលម្អិតនៃកិច្ចព្រមព្រៀងស្ថាពរ មិនមានអ្នកណាដឹងច្បាស់ទេ ក៏ប៉ុន្តែសេចក្តីព្រាងដែលមន្ត្រីអាមេរិកបានអាននោះ បង្ហាញថា រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានទ័ពនោះ រយៈពេល ៣០ឆ្នាំ ហើយកុងត្រានេះអាចបន្តទៀតដោយស្វ័យប្រវត្តិ ជារៀងរាល់ ១០ឆ្នាំម្តង បន្ទាប់ពីនោះ។ លើសពីនេះទៅទៀត សេចក្តីព្រាងនោះបានឱ្យដឹងថា ភាគីកម្ពុជាអនុញ្ញាតឱ្យភាគីចិនអាចដាក់កងទ័ព ព្រមទាំងរក្សាទុកអាវុធ និងនាវាចម្បាំងរបស់ខ្លួន នៅលើទីតាំងនោះបានទៀតផង។
សេចក្តីព្រាងនោះបញ្ជាក់ទៀតថា ចិននឹងសាងសង់កំពង់ផែពីរនៅមូលដ្ឋានទ័ពជើងទឹករាម ដែលមួយសម្រាប់កម្ពុជា និងមួយទៀតសម្រាប់ចិនខ្លួនឯង។ ជាងនេះទៅទៀត សេចក្តីព្រាងនោះបានអនុញ្ញាតឱ្យមន្ត្រីយោធាចិនកាន់កាប់អាវុធ និងកាន់កាប់លិខិតឆ្លងដែនកម្ពុជា ហើយបើពលរដ្ឋខ្មែរណាចង់ចូលទៅទីតាំងដី ២៥ហិកតារក្រោមការគ្រប់គ្រងរបស់ចិន ក្នុងមូលដ្ឋានទ័ពជើងទឹករាមនោះ គឺដាច់ខាតត្រូវតែសុំការអនុញ្ញាតពីភាគីចិន។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា ការកកើតមូលដ្ឋានទ័ពចិននៅកម្ពុជានេះ ទំនងជារឿងពិតពីព្រោះលោក ហ៊ុន សែន ត្រូវការកម្លាំងយោធាចិន ដើម្បីបន្តអំណាចរបស់ខ្លួន និងផ្ទេរអំណាចនេះទៅឱ្យកូនចៅរបស់លោកបន្តទៀត។ ម្យ៉ាងវិញទៀត លោកថា របបក្រុងភ្នំពេញបានត្រឹមតែបញ្ចេញប្រតិកម្មតបតរតាមប្រព័ន្ធផ្សព្វផ្សាយ ដោយមិនហ៊ានអនុញ្ញាតឱ្យអ្នកជំនាញការបរទេស ចូលត្រួតពិនិត្យទីតាំងដែលមានការសង្ស័យនោះឡើយ។ លោកបន្ថែមថា ប្រសិនបើរបបក្រុងភ្នំពេញព្រមព្រៀងជាមួយចិនតាមលក្ខខណ្ឌដូចបានរៀបរាប់មែននោះ មានន័យថា លោក ហ៊ុន សែន កំពុងតែលក់អធិបតេយ្យជាតិខ្លួនឯង៖ «របៀបនេះ គឺជាការលក់អធិបតេយ្យជាតិ រំលោភរដ្ឋធម្មនុញ្ញខ្លួនឯង ក្បត់ប្រជារាស្ត្រឯង ដោយប្រើយុទ្ធសាស្ត្រពឹងរដ្ឋបរទេស។ រកបង្អែកយោធាដើម្បីរក្សាអំណាចត្រកូលរបស់ខ្លួន ដូចដែលគាត់ធ្លាប់លក់ឱ្យយួនក្រោយថ្ងៃ ៧ មករា ១៩៧៩ ហើយមកដល់ពេលនេះ ដោយឃើញចិនជាបង្អែកយោធាខ្លាំងជាងយួន ក៏ប្រើវិធីលក់ឱ្យចិនទៀត ដើម្បីជាឧបាយកលក្នុងការរក្សាប្រយោជន៍អំណាចត្រកូលហ៊ុនរបស់គាត់»។
កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ផ្នែកយោធារបស់អាមេរិកបានទាមទារឱ្យរបបក្រុងភ្នំពេញបកស្រាយឱ្យបានច្បាស់លាស់ អំពីមូលហេតុនៃការបដិសេធជំនួយរបស់អាមេរិកក្នុងការជួសជុលហេដ្ឋារចនាសម្ពន្ធនៅទីតាំងមូលដ្ឋានទ័ពជើងទឹករាម ដែលសហរដ្ឋអាមេរិកធ្លាប់ផ្តល់ជំនួយជាហូរហែរមកនោះ។ មន្ត្រីអាមេរិកសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា កម្ពុជាអាចមានផែនការអនុញ្ញាតឱ្យកងទ័ពចិនឈរជើងនៅទីតាំងនោះ។ ក៏ប៉ុន្តែ ក្រសួងការពារជាតិបានច្រានចោលការលើកឡើងនេះ និងបានបកស្រាយថា ទីតាំងដែលត្រូវជួសជុលនោះត្រូវប្តូរទៅកន្លែងផ្សេងវិញ។
កាសែត The Wall Street Journal ក៏បានបោះពុម្ពផ្សាយនូវរូបភាពពីផ្កាយរណបដែលបង្ហាញថា មានទីតាំងមួយនៅក្នុងមូលដ្ឋានទ័ពជើងទឹករាម កំពុងត្រូវបានឈូសឆាយ ដើម្បីសាងសង់សំណង់ ដែលទំនងជាសំណង់យោធារបស់ចិននេះឯង។
មូលដ្ឋានទ័ពជើងទឹករាមស្ថិតនៅចម្ងាយជាង ៦០គីឡូម៉ែត្រពីទីតាំងព្រលានយន្តហោះតារាសាគររបស់ក្រុមហ៊ុនចិន យូឌីជី (UDG) ក្នុងខេត្តកោះកុង។ ក្រុមហ៊ុនរដ្ឋចិនកំពុងពន្លឿនការសាងសង់ព្រលានយន្តហោះដ៏ធំមួយនេះ ហើយក្រុមហ៊ុនគ្រោងដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិធំជាងគេនៅកម្ពុជានេះ នៅឆ្នាំក្រោយ។
រូបភាពពីផ្កាយរណបបង្ហាញទៀតថា ផ្លូវយន្តហោះប្រវែងជាង ៣គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុនធ្វើរួចហើយ ដែលសមល្មមសម្រាប់យន្តហោះខ្នាតធំប្រភេទប៊ូអ៊ីង ៧៤៧ (Boeing 747s) និងអ៊ែរប៊ឺស ៣៨០ (Airbus A380s)។ ព្រលានយន្តហោះនេះក៏មានសមត្ថភាពទទួលយន្តហោះទម្លាក់គ្រាប់បែកខ្នាតវែង និងយន្តហោះដឹកជញ្ជូនសម្ភារៈសឹករបស់ចិនផងដែរ។ មន្ត្រីអាមេរិកប្រាប់កាសែត The Wall Street Journal ថា បើទោះបីជាក្រុមហ៊ុនបញ្ជាក់ថាព្រលានយន្តហោះនេះសាងសង់សម្រាប់គោលដៅពាណិជ្ជកម្មក៏ដោយ ក៏ព្រលានយន្តហោះថ្មីនេះ មានកន្លែងផ្ទុកយន្តហោះចម្បាំងប្រមាណ ១០គ្រឿង និងផ្លូវសម្រាប់យន្តហោះចម្បាំងចេញដំណើរ និងចុះចតជាបន្ទាន់ដែរ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាហាមមិនឱ្យមានការដាក់ទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។ លោកបន្តថា ប្រសិនបើមានការអនុញ្ញាតណាមួយឱ្យកងទ័ពចិនបោះទីតាំងនៅកម្ពុជា ដូចការចេញផ្សាយរបស់សារព័ត៌មានបរទេសមែន នោះមានន័យថា ជាការបំពានរដ្ឋធម្មនុញ្ញ និងធ្វើឱ្យបាត់បង់អធិបតេយ្យជាតិ។ លោកជុំរុញឱ្យរដ្ឋាភិបាលបកស្រាយរឿងនេះឱ្យបានច្បាស់ តាមរយៈការធ្វើសន្និសីទកាសែត ឬអនុញ្ញាតឱ្យអ្នកជំនាញការបរទេស អ្នកសារព័ត៌មាន និងមន្ត្រីទូតនានា ចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែងដើម្បីបំបាត់មន្ទិលសង្ស័យ។ លោកបន្ថែមថា ប្រសិនបើរឿងនេះនៅតែបន្តស្ថិតក្នុងភាពស្រពេចស្រពិលបែបនេះទៀត វាអាចនឹងប៉ះពាល់ដល់សន្តិសុខ និងអនាគតរបស់ប្រទេសកម្ពុជា៖ «ប្រសិនបើប្រកាន់យកជំហរតែទៅចិន អ៊ីចឹងសហរដ្ឋអាមេរិកនឹងប្រើយន្តការផ្សេងៗ ដែលអាចគាបសង្កត់លើវិស័យការទូត លើវិស័យពាណិជ្ជកម្មដាក់លើយើង ហើយគេអាចបញ្ចូលមនោគមវិជ្ជា។ គេអាចប្រើបច្ចេកវិទ្យាផ្សេងៗ អាចរំខានដល់ការអភិវឌ្ឍជាតិរបស់យើង។ អ៊ីចឹងកម្ពុជាយើងនៅមានលក្ខណៈមិនទាន់រឹងមាំសម្រាប់ទប់ទល់ឥទ្ធិពលទាំងអស់ហ្នឹងបានទេ។ អ៊ីចឹងយើងគួរតែប្រើគោលនយោបាយសម្របសម្រួលការទូត និងពាណិជ្ជកម្មយ៉ាងម៉េច ឱ្យទទួលបានផលប្រយោជន៍សម្រាប់ជាតិ។ ព្រោះបើកម្ពុជាប្រឈមជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប ខ្ញុំគិតថា យើងអត់អាចប្រឈមបានទេ។ គ្រាន់តែប្រទេសជិតខាង កម្ពុជាយើងនៅពិបាកប្រឈមផង រឿងអីយើងទៅប្រឈមជាមួយមហាអំណាចធំៗ វាអាចបង្កហានិភ័យសម្រាប់កម្ពុជាទៅវិញទេ»។
កាលពីប៉ុន្មានឆ្នាំមុននេះ ប្រទេសចិនកុម្មុយនីស្តបានបង្កើតមូលដ្ឋានទ័ពនៅក្រៅប្រទេសបានដោយជោគជ័យ នៅប្រទេសជីប៊ូទី (Djibouti) ស្ថិតក្នុងតំបន់អាហ្រ្វិកខាងកើត។ ក្រុងប៉េកាំងបានអះអាងថា មូលដ្ឋានទ័ពនោះ គឺដើម្បីសម្របសម្រួលប្រតិបត្តិការទាំងឡាយក្នុងមហាសមុទ្រឥណ្ឌា និងតំបន់អាហ្វ្រិក។ ទោះជាយ៉ាងណា នៅមុនការបង្កើតមូលដ្ឋានទ័ពនេះ រដ្ឋាភិបាលចិន និងរដ្ឋាភិបាលជីប៊ូទី សុទ្ធតែបានបដិសេធរាល់ព័ត៌មានទាំងឡាយអំពីរឿងនេះ។
ចំពោះករណីកម្ពុជា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិអះអាងថា ប្រសិនបើចិនអាចបង្កើតមូលដ្ឋានទ័ពជើងទឹកនៅរាម និងមានកន្លែងផ្ទុកយន្តហោះចម្បាំងនៅខេត្តកោះកុងមែន នោះចិននឹងមានអំណាចកាន់តែខ្លាំងក្នុងការទាមទារយកតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនសម្បើម។ លើសពីនេះទៅទៀត ចិននឹងអាចពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតលើច្រកសមុទ្រម៉ាឡាកា (Malacca) ដែលជាតំបន់យុទ្ធសាស្ត្រសំខាន់នៅក្នុងតំបន់ ដែលនេះគឺជាការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រទេសសម្ពន្ធមិត្តរបស់អាមេរិកក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទោះជាយ៉ាងណា ក្រុមអ្នកសង្កេតការណ៍ជឿថា សហរដ្ឋអាមេរិកនឹងមិនបណ្តោយឱ្យរឿងនេះកើតឡើងនោះឡើយ ដោយមហាអំណាចមួយនេះនឹងប្រើគ្រប់មធ្យោបាយ ដើម្បីរាំងខ្ទប់ឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រសិនបើកម្ពុជានៅតែប្រកាន់ជំហរយកចិនជាខ្នងបង្អែកទៀតនោះ ប្រទេសដែលធ្លាប់ជាប់ផុងក្នុងភ្នក់ភ្លើងសង្គ្រាមនេះ អាចនឹងដើរជាន់ប្រវត្តិសាស្ត្ររបស់ខ្លួនជាថ្មីម្តងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។