រដ្ឋសភា ឯកបក្ស នៃរបបក្រុងភ្នំពេញ បានសម្រេចឱ្យក្រុមហ៊ុន ចំនួន៣ សាងសង់វារីអគ្គិសនីមួយកន្លែង និងកន្លែងផលិតអគ្គិសនីក៏កើតឡើងវិញចំនួនពីរកន្លែងបន្ថែមទៀត ស្ថិតនៅខេត្ត កំពង់ឆ្នាំង ខេត្ត កំពង់ស្ពឺ និងនៅខេត្តពោធិ៍សាត់ ទៅតាមសំណើរបស់មេដឹកនាំរបបក្រុងភ្នំពេញ ។
ក្រុមហ៊ុនទាំង៣ដែលរដ្ឋសភាឯកបក្សបានអនុម័តយល់ព្រមនៅក្នុងសម័យប្រជុំរដ្ឋសភាកាលពីព្រឹកថ្ងៃទៅ១កក្កដា ម្សិលមិញនោះ រួមមាន ក្រុមហ៊ុន ខេធីស៊ី (KTC Cable Co.,) ក្រុមហ៊ុន ស្នេថេក រីញូអេប៊ល(Schneitec renewable Co.,) និងក្រុមហ៊ុន ស្នេថេក (Schnei Tec Co.,)។
ទីតាំងភូមិសាស្ត្រដែលគ្រោងអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីនោះមានបីខេត្ត គឺទី១ ស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ;ជាគម្រោងវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ដែលអាចផលិតថាមពលមានកម្លាំង៨០មេហ្កាវ៉ាត់ ដែលមានទុនវិនិយោគសរុបចំនួនជាង២៣០លានដុល្លារអាមេរិក។ ទី២ ស្ថិតនៅក្នុងស្រុកឧដុង្គ នៃខេត្ត កំពង់ស្ពឺ ជាគម្រោងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលអាចផលិតថាមពលមានកម្លាំង៨០មេហ្កាវ៉ាត់។ និងទី៣ នៅខេត្ត កំពង់ឆ្នាំង គឺជាគម្រោងវិនិយោគសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលអាចផលិតថាមពលមានកម្លាំង១២០មេហ្កាវ៉ាត់ ហើយដែលអាចចំណាយថវិកាអស់ជាង១០០លានដុល្លារអាមេរិក។
ទាក់ទងនិងការបង្កើតវារីអគ្គិសនីថ្មីនេះ សកម្មជនការពារបរិស្ថានលោកអាឡិចធ្លាប់ប្រាប់ អាស៊ីសេរីថ្មីៗនេះថា ព្រៃឈើនៅខេត្តពោធិ៍សាត់អាចនឹងត្រូវបាត់បង់ដូចនៅខេត្តកោះកុង និងនៅខេត្តស្ទឹងត្រែង ដែរ ក្រោមហេតុផលថា កាប់ឈើដើម្បីស្ដារបាតអាង។ សកម្មជនការពារបរិស្ថានរូបនេះទាមទារឱ្យមេដឹកនាំរបបក្រុងភ្នំពេញ ប្រាប់ពលរដ្ឋខ្មែរឱ្យបានច្បាស់អំពីផល ចំណេញនិងការខាតបង់ដែលកើតចេញពីគម្រោងវារីអគ្គិសនីនេះ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ប្រទេសកម្ពុជាគ្រោងបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ទៅជាង២ពាន់៨រយមេហ្កាវ៉ាត់ នៅឆ្នាំ២០២០ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។