លោក សម រង្ស៊ី ថា ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​ មាន​គោលដៅ​មួយ​យ៉ាង​ច្បាស់​ គឺ​ ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រស់​ឡើងវិញ

0:00 / 0:00

នៅ​ទន្ទឹម​និង​លោក​ កឹម សុខា​សំដែង​ការ​មិន​ស្ដាយ​ក្រោយ​ដែល ​របប​លោក ហ៊ុន សែន ​ចាប់​លោក​ឃុំឃាំង​ដើម្បី​ទាមទារ​ប្រជាធិបតេយ្យ​និង​សិទ្ធិសេរិភាព​នេះ លោក សម រង្ស៊ី​ និង​គណៈ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​ជួបជុំ​ជា​មួយ​មេ​ដឹកនាំ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចស៊ែល​ ប្រទេស​ប៊ែលហ្សិក​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦​មិថុនា​នេះ​។​

លោក ​សម រង្ស៊ី​ បញ្ជាក់​ថា ​ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​មាន​គោលដៅ​មួយ​យ៉ាង​ច្បាស់​ គឺ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រស់​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា​ពី​ព្រោះ​គេ​យល់ថា​មិន​អាច​មាន​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ទេ​បើ​គ្មាន​គណបក្ស​ប្រឆាំង​។

ហើយ​ពុំ​មាន​គណបក្ស​ប្រឆាំង​ណា​ពិត​ប្រាកដ​នៅ​កម្ពុជា​ក្រៅ​ពី​គណបក្សសង្គ្រោះជាតិ​ដែរ​។

លោក​ សម រង្ស៊ី​អះអាង​ថា​លោក ​ហ៊ុន សែន​បាន​បរាជ័យ​ ៣ ​លើក​ហើយ​ក្នុង​ការ​ប៉ុនប៉ង​កម្ចាត់​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បេះដូង​ប្រជារាស្ត្រ​ខ្មែរ​និង​ក្នុង​ការ​ប៉ុនប៉ង​បង្កើត​គណបក្ស​ប្រឆាំង​ក្លែងក្លាយ​។​

លោក ​សម រង្ស៊ី ​បាន​រៀបរាប់​ថា​បរាជ័យ​ទី​១​គឺ​អូស​ទាញ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ៥០០៧​ រូប​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ចុះ​ចូល​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​តែ​សាមី​ខ្លួន​ជាង​៩០ ​ភាគរយ​មិន​ព្រម​ដាច់​ខាត។

បរាជ័យ​ទី​២​គឺ​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​ឆ្នាំ​២០១៨ ​ដោយ​បង្កើត​គណបក្ស​ប្រឆាំង​ក្លែងក្លាយ​រហូត​ដល់​ទៅ​ ១៩​ គណបក្ស​តែ​គណបក្ស​ប្រឆាំង​ក្លែងក្លាយ​ទាំង​នោះ​ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ទាត់​ចោល​ទាំងអស់​គ្មាន​ទទួល​បាន​អសនៈ​ទាល់​តែ​សោះ​នៅ​ក្នុង​រដ្ឋសភា​ទីងមោង​សព្វ​ថ្ងៃ​។
បរាជ័យ​ទី​៣​គឺ​ចង់​អូសទាញ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ១១៨​ នាក់​ឲ្យ​ក្បត់​គណបក្ស​ខ្លួន​ដោយ​ទៅ​សុំ​ច្បាប់​ពី​ ហ៊ុន សែន​ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​ក្រោម​បញ្ជា​ ហ៊ុន សែន​តែ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ១១៨​នាក់​នោះ​មាន​តែ​ ៩ ​នាក់​ទេ​ដែល​ចាញ់​បោក​ហ៊ុន សែន ​ឬ​ព្រម​លក់​ខ្លួនឲ្យ​គេ។

លោក ​សម រង្ស៊ី​បន្ថែម​ថាដើម្បី​ជៀសវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នោះ​ លោក​ ហ៊ុន សែន ​ដាច់ខាត​ត្រូវ​តែ​ដោះលែង​លោក​ កឹម សុខា ​ដោយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ហើយ​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រឆាំង​ដំណើរ​ការ​ឡើង​វិញ​ជា​បន្ទាន់​៕​