រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ច្រានចោលព័ត៌មានដែលថា ក្រសួងការពារជាតិមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ជួយជួសជុលអាគារបណ្តុះបណ្តាលនៅឯមូលដ្ឋានកងទ័ពជើងទឹករាម។ ការបដិសេធនេះ កើតមានឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានស្នើភាគីកម្ពុជា ឲ្យពន្យល់ជុំវិញមូលហេតុដែលកម្ពុជា ផ្លាស់ប្តូរជំហរ មិនព្រមទទួលយកសំណើរបស់ភាគីអាមេរិកក្នុងការជួយជួសជុលអាគារបណ្តុះបណ្តាលនៅឯមូលដ្ឋានកងទ័ពជើងទឹករាមនេះ។

ថ្លែងប្រាប់អាស៊ីសេរី កាលពីព្រលប់ថ្ងៃទី ០១ កក្កដា លោក ទៀ បាញ់ ថាក្រសួងការពារជាតិបានជូនដំណឹងច្បាស់លាស់រួចហើយទៅភាគីអាមេរិកជុំវិញករណីនេះ។លោកថា កម្ពុជា មិនដែលធ្លាប់បដិសេធម្តងណាឡើយជុំវិញបញ្ហានេះទេហើយថា កម្ពុជានៅតែរីករាយ និងចាំទទួលស្វាគមន៍ចំពោះជំនួយនានា។ លោកទៀ បាញ់ គូសបញ្ជាក់ថា ទីតាំងដែលបម្រុងនឹងជួសជុលនោះ ត្រូវផ្លាស់ប្តូរទៅទីកន្លែងផ្សេងទៀតដើម្បីអភិវឌ្ឍន៍តំបន់រាមនេះ។ យ៉ាងណាក៏ដោយ លោក ទៀ បាញ់ បដិសេធផ្តល់ព័ត៌មានលម្អិតអំពីទីតាំងថ្មីនោះដោយអះអាងថា នោះជាសិទ្ធិរបស់កម្ពុជា។
« គ្មានរឿងអីដែលយើងត្រូវបដិសេធអីទាំងអស់។ដូច្នេះរឿងនេះ កុំនិយាយហួសពីនេះ វាអត់មានអីលើសពីនេះទេ។យើងត្រូវការអភិវឌ្ឍន៍នៅតំបន់រាមហ្នឹង។ដូច្នេះទីតាំងហ្នឹងគឺយើងរៀបចំ ទៅធ្វើនៅកន្លែងផ្សេងគឺឲ្យវាបានសមស្របហ្នឹង និងតាមតម្រូវការចាំបាច់របស់ខាងសន្តិសុខលំហរសមុទ្ររបស់យើងដែលមានមួយផ្នែកកាលមុននេះគឺសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុនបានជួយរៀបចំទីបញ្ជាការមុខនៅទីនោះ។ ដូច្នេះគឺយើងនៅរក្សាកន្លែងនោះ ហើយយើងក៏នៅតែស្វាគមន៍ដែរ។យើងក៏អរគុណណាស់ចំពោះការរៀបចំហ្នឹង។ តែឥឡូវយើងត្រូវរៀបចំកន្ឡែងមួយថ្មីឲ្យមានការសមស្របមានការសមស្របជាង មានការរីកចម្រើនជាងធ្វើឲ្យវាកាន់តែល្អឡើង។ »
សារព័ត៌មានជប៉ុន Nikkei Asian Review រាយការណ៍កាលពីថ្ងៃទី ០១ កក្កដា ម្សិលម៉ិញថា មន្ត្រីជាន់ខ្ពស់នៃមន្ទីរបច្ចកោណ និងជាឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុក ភូមិភាគអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លោក ចូសេហ្វ ហ្វែលធ័រ (Joseph Felter) បានសរសេរលិខិតមួយច្បាប់ ទាមទារឲ្យកម្ពុជាពន្យល់លម្អិតអំពីមូលហេតុ ដែលលែងចង់ឲ្យសហរដ្ឋអាមេរិក ជួយជួសជុលកែលម្អបរិវេណនៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ ក៏ដូចជាផែនការនាពេលអនាគតសម្រាប់អភិវឌ្ឍទីតាំងនេះ។ សារព័ត៌មានដដែលនេះ បានដកស្រង់ខ្លឹមសារនៃលិខិតរបស់លោក ចូសេហ្វ ហ្វែលធ័រ ដែលសរសេរក្នុងអត្ថន័យដែលគេអាចយល់ថា ការបដិសេធរបស់ក្រសួងការពារជាតិកម្ពុជានេះ សរបញ្ជាក់ឲ្យឃើញថា កម្ពុជាអាចមានផែនការធំធេងជាងនេះ ក្នុងការអនុញ្ញាតឲ្យមានវត្តមានយោធាចិននៅឯមូលដ្ឋានទ័ពជើងទឹករាមនេះ ដែលសេណារីយ៉ូនេះនឹងជះឥទ្ធិពលខ្លាំងដល់សន្តិសុខតំបន់ ខណៈចិនបានស្វះស្វែងពង្រីកឥទ្ធិពលរបស់ខ្លួន។ ក្នុងលិខិតនោះ លោក ចូសេហ្វ ហ្វែលធ័រ បានរំឮកថា មេបញ្ជាការរងទទួលបន្ទុកគណៈកម្មាធិការជាតិសម្រាប់ទីបញ្ជាការដ្ឋានសន្តិសុខលំហរសមុទ្រ ធ្លាប់បានស្នើសុំទៅលោក ឲ្យជួយជួសជុលកែលម្អទីតាំងនោះ នៅពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាម កាលពីខែមករា កន្លងទៅ។ ទីតាំងជួសជុលនោះ រួមមានអាគារបណ្តុះបណ្តាល និងកន្លែងជួសជុលនាវា ដែលត្រូវបានកសាងឡើងក្រោមថវិការបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧ ។ លោក ហ្វែលធ័រ សរសេរថា ថវិកាសម្រាប់កែលម្អទីតាំងនោះ បានទទួលការឯកភាពកាលពីខែមេសា តែផ្ទុយទៅវិញ ក្នុងខែមិថុនា ក្រសួងការពារជាតិកម្ពុជា បានប្រាប់ទៅភាគីសហរដ្ឋអាមេរិកថា ផែនការកែលម្អនេះ លែងចាំបាច់ទៀតហើយ។ លោក សរសេរបន្តថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយ និងការគាំទ្រយ៉ាងច្រើនដល់វិស័យយោធាកម្ពុជាក្នុងរយៈពេល ២៨ ឆ្នាំចុងក្រោយនេះ ហើយលោកសង្ឃឹមថា កម្ពុជានឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងតំបន់ដែលមានអត្ថប្រយោជន៍រួមនេះ។
ជុំវិញការសង្ស័យនេះលោក ទៀ បាញ់ ជាថ្មីម្តងទៀតបដិសេធថា ជាព័ត៌មានមិនពិតនិងថ្លែងការពារថា រដ្ឋាភិបាល គ្រាន់តែអនុញ្ញាតឲ្យចិនធ្វើការវិនិយោគនិងអភិវិឌ្ឍន៍តំបន់នៅខេត្តកោះកុងនោះ ទៅជាតំបន់ទេសចរណ៍ប៉ុណ្ណោះក្រោមរូបភាពជាការផ្តល់សម្បទាន។
« ហើយរឿងថាមូលដ្ឋាននេះ មូលដ្ឋាននោះ រឿងកោះកុងរឿងនោះគឺជារឿងផ្សេង ខុសពីរឿងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទស្រឡះ។គេធ្វើកិច្ចការវិនិយោគ កិច្ចការទេសចរណ៍ ដែលទទួលការសម្បទានពីរដ្ឋាភិបាលដើម្បីកសាងតំបន់ផ្សេងៗទៅជានាំគ្នាបកស្រាយទ្រហឹងអឺងកងថា ចុះថាចេះ។អាហ្នុងគឺទៅតាមឆន្ទៈរបស់អ្នកដែលចង់ឲ្យវាទៅអញ្ចឹង។ »
សាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental College នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា ការប្រើប្រាស់ទីតាំងដែលធ្លាប់ ផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅឯតំបន់រាមនេះ ឲ្យក្លាយទៅជាប្រយោជន៍ដល់យោធាចិន ជារឿងធ្វើឲ្យស្ថានការណ៍រឹតតែដុនដាប។ លោកថា របបក្រុងភ្នំពេញ អាចបដិសេធបានតាមអ្វីដែលខ្លួនចង់ធ្វើ ប៉ុន្តែ រឿងរ៉ាវនេះ មិនអាចលាក់កំបាំងបានឡើយ នៅពេលដែលរូបភាពពីប្រព័ន្ធផ្កាយរណប សញ្ញាបញ្ជូនពីការស៊ើបការសម្ងាត់ និងក្រុមអ្នកស៊ើបការសម្ងាត់ ប្រាប់ឲ្យដឹងនូវរឿងរ៉ាវផ្ទុយពីការបដិសេធទាំងនោះ។ ជារឿយៗរដ្ឋាភិបាលរបបក្រុងភ្នំពេញតែងបដិសេធព័ត៌មានដែលថា ខ្លួនអាចនឹងមានផែនការអនុញ្ញាតឲ្យចិនសាងសង់មូលដ្ឋានកងទ័ពនៅខេត្តកោះកុងដោយចាត់ទុកថាជាព័តមានមិនពិត។
របបក្រុងភ្នំពេញតែងបញ្ជាក់ថារដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។ក៏ប៉ុន្តែ របបនេះ នៅមិនទាន់បានបង្ហាញជំហរឲ្យបានច្បាស់លាស់នៅឡើយទេ ជុំវិញការអនុញ្ញាតឲ្យភាគីអន្តរជាតិចុះទៅធ្វើការត្រួតពិនិត្យនៅ ខេត្តកោះកុងដែលមានការសង្ស័យនោះឡើយ។ មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ធ្លាប់ហៅហេតុការណ៍នេះ ថារបបលោក ហ៊ុន សែន កំពុងតែបើកដៃឲ្យចិនអនុវត្តគោលនយោបាយវាតទីនិយមនៅកម្ពុជា ដែលកំពុងធ្វើឲ្យប្រទេសជិតខាងក្នុងតំបន់មានការព្រួយបារម្ភខ្លាំង។ ដោយឡែក អ្នកវិភាគ លោក គឹម សុខ ព្រមានថាដំណើរការអនុវត្តនយោបាយវាតទីនិយមរបស់ចិននិងការជួយជ្រោមជ្រែងចិនឲ្យធ្វើដូច្នេះពីសំណាក់របបលោក ហ៊ុន សែន នេះគឺជាគ្រោះជាន់គ្រោះសម្រាប់កម្ពុជាស្របពេលដែលប្រទេសវៀតណាម ក៏មានមហិច្ឆតាចង់គ្រប់គ្រងកម្ពុជាផងដែរនោះតាមរបៀបអ្វីមួយដែលលោក គឹម សុខ ហៅថា ជានយោបាយឥណ្ឌូចិនទីពីរឬឥណ្ឌូចិនតូច៕