ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហាញការសោកស្តាយដែលសេរីភាពនៅកម្ពុជាបន្តដាំក្បាលចុះ ក្នុងនោះគឺផ្នែកសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ហៅការបង្ហោះសារសោកស្តាយអំពីការធ្លាក់ចុះសេរីភាពនៅកម្ពុជារបស់ស្ថានទូតសហរដ្ឋអាមេរិកនាពេលនេះ ថាមានចរិតនយោបាយ។
ការបង្ហាញការសោកស្តាយនេះ ធ្វើឡើងក្នុងអត្ថបទខ្លីមួយបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតនៅថ្ងៃទី២៧ មិថុនា។
ស្ថានទូតសរសេរថា ជាការគួរឲ្យសោកស្តាយដែលការបន្តធ្លាក់ចុះសេរីភាព ផ្នែកសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា ក្នុងនោះបូករួមទាំងកង្វះដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ព្រមទាំងដំណើរធាក់ថយក្រោយដ៏គំហុកនៃវិស័យសារព័ត៌មានឯករាជ្យ បានធ្វើឲ្យកម្ពុជាស្ថិតនៅលើគន្លងដាំក្បាលចុះ។ អមជាមួយសារនេះ ស្ថានទូត ក៏មិនបានភ្លេចក្រើនរំឮកឡើងវិញ និងនិយាយយោងដល់ការដាក់ចំណាត់ថ្នាក់អំពីសេរីភាពនៅក្នុងពិភពលោកឆ្នាំ ២០១៩ ចេញផ្សាយដោយអង្គការឃ្លាំមើលសេរីភាព Freedom Houseដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាលពីដើមឆ្នាំ ២០១៩ កន្លងទៅ។ កាលណោះ អង្គការ Freedom House បន្តដាក់ចំណាក់ថ្នាក់ថា កម្ពុជាជាប្រទេសគ្មានសេរីភាព ហើយពិន្ទុសេរីភាពរបស់កម្ពុជាសម្រាប់ឆ្នាំ ២០១៩ នេះ គឺធ្លាក់ចុះដល់ទៅ ៤ ពិន្ទុ មកនៅត្រឹម ២៦ លើ ១០០ ពិន្ទុ។ ពិន្ទុសូន្យមានន័យថា គ្មានសេរីភាព ហើយពិន្ទុ ១០០ មានន័យថាមានសេរីភាពល្អបំផុត។
ស្ថានទូតសរសេរថា ជារៀងរាល់ឆ្នាំ អង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះថា Freedom House តែងធ្វើការវាយតម្លៃលើការប្តេជ្ញាចិត្តរបស់ប្រទេសនីមួយៗ ចំពោះលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស វិស័យសារព័ត៌មាន និងសេរីភាពរបស់មនុស្សម្នាក់ៗ។ ស្ថានទូតគូសបញ្ជាក់ថា ការកំណត់ចំណាត់ថ្នាក់នេះ មានឥទ្ធិពលទៅលើការយល់ឃើញជាអន្តរជាតិទៅលើប្រទេសនីមួយៗ។
តាមរយៈចំណាត់ថ្នាក់នេះ នៅក្នុងតំបន់ សេរីភាពនៅកម្ពុជា នៅទាប ឬអន់ជាង សេរីភាពនៅប្រទេសម៉ាឡេស៊ី (Malaysia) សិង្ហបុរី (Singapore) មីយ៉ាន់ម៉ា ឬភូមា (Myanmar) និងថៃ (Thailand) នៅឡើយ។ ក៏ប៉ុន្តែ ប្រសើរបន្តិចជាងក្រុមប្រទេសប្លុកកុម្មុយនិស្ត ក្នុងនោះរួមមានឡាវ (Laos) វៀតណាម (Vietnam) និងចិន (China) ជាដើម។
មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ហៅការបង្ហោះសារសោកស្តាយអំពីការធ្លាក់ចុះសេរីភាពនៅកម្ពុជារបស់ស្ថានទូតសហរដ្ឋអាមេរិកនាពេលនេះ ថាមានចរិតនយោបាយ និងថាមិនមែនជាការយកចិត្តទុកដាក់មកលើសេរីភាពនៃកម្ពុជានោះទេ។៖ « បាទ ! អាហ្នុងជាសារនយោបាយទេ មិនមែនជាសារមួយយកចិត្តទុកដាក់ទៅនឹងសេរីភាពនៅកម្ពុជានោះទេ ហើយសិទ្ធិរបស់ពលរដ្ឋទាំងអស់គ្នាហ្នឹង អាចមានសិទ្ធិធ្វើនយោបាយ។ យើងមានគណបក្សប្រឆាំងយើងមាន ២០ ដែរតើ។ វាមានគណបក្សមួយដែលត្រូវរម្លាយដោយតុលាការ។ នេះវាហួសពីព្រំដែននៃការគិតរបស់ខ្ញុំ ប៉ុន្តែអ្វីដែលតុលាការសម្រេច យើងត្រូវតែគោរព»។ »
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងមន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីសុំប្រតិកម្ម និងពន្យល់ជុំវិញការបង្ហោះសារអំពីការធ្លាក់ចុះសេរីភាពនៅកម្ពុជានេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
នេះមិនមែនជាលើកទីមួយទេដែលស្ថានទូតសហរដ្ឋអាមេរិក តែងក្រើនរំឮកពីរឿងបញ្ហាដាំក្បាលចុះនៃបញ្ហាសេរីភាពនៅកម្ពុជានេះ ដោយយកឧទាហរណ៍ពីបញ្ហាបាត់បង់សេរីភាពរបស់លោក កឹម សុខា នេះ។ កាលពីពាក់កណ្តាលខែកុម្ភៈ ស្ថានទូតបានសរសេរសារដាក់ជាសំណួរថា តើអ្នកមានដឹងទេថាលោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ។ កាលណោះស្ថានទូតសរសេរបន្តថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ ស្ថានទូតសង្កត់ធ្ងន់ៗថា មិនមានភស្តុតាងណាមួយប្រឆាំងនឹងលោក កឹម សុខា ឡើយ ហើយក៏មិនទាន់មានការកំណត់បើកសវនាការកាត់ទោសលោក កឹម សុខា នោះដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គឺគ្មានយុត្តិធម៌។ សាររបស់ស្ថានទូតសហរដ្ឋអាមេរិកនៅពេលនោះ បានធ្វើឲ្យរបបក្រុងភ្នំពេញខឹងសម្បារយ៉ាងខ្លាំង ដោយចោទថា ជាកាយវិការមិនមានលក្ខណៈការទូត និងរំលោភអធិបតេយ្យកម្ពុជា។ របបក្រុងភ្នំពេញ ក៏បានទាមទារឲ្យស្ថានទូត សហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលរបបនេះហៅថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងគ្មានលក្ខណៈការទូត។
ការបង្ហោះសារចុងក្រោយបង្ហាញការសោកស្តាយពីការធ្លាក់ដាំដូងចុះនៃសេរីភាពនៅកម្ពុជា ពីសំណាក់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅពេលនេះ មិនមែនជារឿងចៃដន្យឡើយ។ ស្ថានទូតបង្ហោះសារនេះឡើង ស្របពេលដែលប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា កំពុងជាប់ឃុំឃាំងនៅក្នុងផ្ទះនៅឡើយក្រោមបទចោទក្បត់ជាតិ ដែលក្នុងនោះរបបក្រុងភ្នំពេញបានដាក់ការសង្ស័យដោយគ្មានភស្តុតាងថា សហរដ្ឋអាមេរិកជាមេក្លោងបដិវត្តពណ៌។ ជាមួយគ្នានេះដែរ ថ្ងៃទី ២៧ មិថុនា ក៏ជាថ្ងៃខួបកំណើតរបស់លោក កឹម សុខា ឈានចូលវ័យ ៦៧ឆ្នាំ ហើយលោកនៅតែមិនអាចមានសេរីភាពដើរហើរ ឬជួបជុំជាមួយក្រុមអ្នកគាំទ្រលោកបានដដែល ក្រោយជាប់ឃុំទាំងក្នុងពន្ធនាគារ និងជាប់ឃុំក្នុងផ្ទះអស់រយៈពេលជិត ២ឆ្នាំមក។ ការបង្ហោះសាររបស់ស្ថានទូតនាពេលនេះ ក៏កើតមានឡើងក្នុងរយៈពេលតែជាងមួយសប្តាហ៍ក្រោយមន្ត្រីជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ចំនួនពីររូប បានសម្តែងការព្រួយបារម្ភរឿងរដ្ឋាភិបាលបន្តបំបិទ និងបង្ក្រាបសំឡេងប្រឆាំង។
កាលពីថ្ងៃទី១៩ មិថុនា អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាអ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith)និងអ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការពារសិទ្ធិនៃការបញ្ចេញនិងសម្តែងមតិ លោក ដាវីដ ខេយ៍ (David Kaye) បានបង្ហាញកង្វល់របស់ខ្លួនជុំវិញនិន្នាការកើនឡើងនៃការគាបសង្កត់ដោយរដ្ឋាភិបាលទៅលើសំឡេងប្រឆាំង។ មន្ត្រីជំនាញអង្គការសហប្រជាជាតិទាំងពីររូបនេះហៅនិន្នាការនេះថា ទំនងជាការប៉ុនប៉ងរបស់អាជ្ញាធរនៃរបបក្រុងភ្នំពេញក្នុងការបំភិតបំភ័យ ឬបំបិទសំឡេងក្រុមអ្នកនយោបាយគណបក្សប្រឆាំង។ ពួកគេក៏បានអំពាវនាវដល់រដ្ឋាភិបាលឲ្យស្តារស្ថានភាពឲ្យល្អប្រសើរឡើងវិញនិងងាកមករកវប្បធម៌សន្ទនា៕
ជារៀងរាល់ឆ្នាំ អង្គការមិនមែនរដ្ឋាភិបាលមួយដែលមានឈ្មោះថា Freedom House ធ្វើការវាយតម្លៃការប្តេជ្ញាចិត្តរបស់ប្រទេសមួយៗ...
Posted by U.S. Embassy Phnom Penh, Cambodia on Wednesday, June 26, 2019
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។