បទវិភាគ​៖ ហេតុផល​ដែល​បង្ហាញថា ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ គឺ​មិន​មែន​ដើម្បី​ប្រយោជន៍​ជាតិ​

0:00 / 0:00

សេចក្តីព្រាងច្បាប់​ស្តីពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​ ​សម្រាប់​មេដឹកនាំ​ស្ថាប័នជាតិ​កំពូល​ ​ដែល​បង្កើត​ឡើង​តាមរយៈ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​ត្រូវ​បាន​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​ចាត់ទុកជា​ការប្រញាប់​។​តើ​ការ​ប្រញាប់ប្រញាល់​កែ​រដ្ឋធម្មនុញ្ញ​ ​ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​នេះ​ ​ធ្វើឡើង​ដើម្បី​ប្រយោជន៍ជាតិ​ ​ឬ​ដោយសារ​គំនុំ​បុគ្គល​ ​និង​ភាព​អ​ត្មា​និយម​នៃ​មេដឹកនាំ​ខ្មែរ​?

ការ​កែ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ ​និង​ដែល​ត្រូវធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ ​ក្នុង​កាលៈទេសៈ​នេះ​ ​ទំនងជា​មិនមែន​ ​ធ្វើឡើង​ដើម្បី​ប្រយោជន៍ជាតិ​ពិតប្រាកដ​នោះ​ឡើយ​។​ តទៅ​នេះ​ ​គឺជា​ទឡ្ហីករណ៍ ​ឬ​សម្អាង​ហេតុ​ ​ដែល​គាំទ្រ​ដល់​ការយល់​ឃើញ​ខាងលើ​។​

ទីមួយ​៖​ ​ក្នុង​ពេលនេះ​ ​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ ​ដ៏​លំបាកលំបិន​បំផុត​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។​

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែល​ធ្លាប់​កើន​ដល់​ ​៧​ ​ភាគរយ​ប្រចាំ​ឆ្នាំ​ ​បាន​ធ្លាក់​មក​ក្រោមសូន្យ​ ​និង​ត្រូវការ​ច្រើន​ឆ្នាំ​ទម្រាំ​ស្តារ​បាន​មកវិញ​។​វិស័យ​​ទេសចរណ៍​ ​ក៏​ដាំ​ក្បាល​ចុះ​ដល់​ចំណុច​សូន្យ​ដែរ​។​ ​ជិត​ពីរ​ឆ្នាំ​មកនេះ​ ​រដ្ឋ​ខ្សោះ​អស់​ថវិកា​ ​ទាំង​ថវិកា​បម្រុង​ ​ដែល​តម្រូវ​ឲ្យ​រដ្ឋ​កាត់បន្ថយ​ថវិកាជាតិ​ ​សម្រាប់​ការ​ចំណាយ​ទូទៅ​ពាក់កណ្តាល​។​ ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​បាត់បង់​មុខរបរ​ ​ការងារ​ ​និង​ប្រភព​រក​ប្រាក់ចំណូល​ ​ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ ​ស្រប​ពេល​ដែល​ពួកគាត់​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​។​

មិនថា​អ្នក​នៅ​ក្នុងស្រុក​ទេ​ ​ដែល​ជួប​បញ្ហា​ ​ពលករ​ចំណាកស្រុក​ជិត​ ​២​ ​លាន​នាក់​ ​ក៏​ជួប​បញ្ហា​លំបាក​នេះ​ដែរ​។​ ​ពលករ​ជាង​ ​២​ម៉ឺន​នាក់​ ​ឆ្លង​ជំងឺ​កូវីដ-១៩​ ​និង​មិន​ទទួល​បានការ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ពេញលេញ​ពី​អាជ្ញាធរ​ប្រទេស​ថៃ​ ​និង​អាជ្ញាធរ​កម្ពុជា​នោះ​ទេ​។​ ​ពលករ​ជាច្រើន​សម្រុក​មក​កម្ពុជា​វិញ​។​ ​ប៉ុន្តែ​ ​ដោយសារ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុងស្រុក​ ​ពួកគាត់​ត្រូវ​ប្រថុយប្រថាន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ ​ដើម្បី​រក​ការងារ​ធ្វើ​ ​ទាំង​ប្រទេស​ថៃ​កំពុងតែ​ផ្ទុះ​ជំងឺ​កូវីដ-១៩​ ​ខ្លាំង​។

ក្នុងពេលជាមួយគ្នា​នេះ​ ​អង្គការ​យូនីសេហ្វ (UNICEF​) ​បាន​ព្រមាន​កាលពីដើម​ខែ​ ​តុលា​ ​ថា​កុមារ​ ​និង​យុវជន​ខ្មែរ​ជាច្រើន​ ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​ដោយសារតែ​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩​ ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​។​

បញ្ហា​ចំពោះមុខ​ទាំងអស់​នេះ​ ​ត្រូវការ​ដោះស្រាយ​ជាបន្ទាន់​ ​ប៉ុន្តែ​មិន​មានការ​ពាក់ព័ន្ធ​អ្វី​សូម្បីតែ​បន្តិច​ ​ទៅ​នឹង​ភាព​បន្ទាន់​ ​និង​ចាំបាច់​នៃ​ការ​កែ​រដ្ឋធម្មនុញ្ញ​ ​ដើម្បី​កំណត់សញ្ញាតិ​តែមួយ​នេះ​ទេ​។​

ទីពីរ​៖​ ​ទោះបី​របប​ក្រុងភ្នំពេញ​ ​ខំប្រឹង​បង្ហាញ​រូបភាព​នៃ​ការ​យល់ស្រប​ ​និង​ស្រុះគ្នា​តាម​គំនិត​របស់​លោក​ ​ហ៊ុន​ ​សែន​ក្តី​ ​ក៏​កម្ពុជា​នៅ​ពេលនេះ​ ​ពុំ​មាន​ឯកភាពជាតិ​នោះ​ទេ​ ​ព្រោះ​គណបក្សប្រជាជន​កម្ពុជា​ ​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​អ្នកគាំទ្រ​ជិត​ ​៣​ ​លាន​នាក់​ ​ឬ​ស្មើនឹង​ជិត​ពាក់កណ្តាល​ប្រទេស​។​ ​ក្រោយ​រម្លាយ​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​នេះ​ចោល​ ​កម្ពុជា​បាន​ក្លាយ​ជារបប​ឯក​បក្ស​ ​ទាំង​រដ្ឋាភិបាល​ ​និង​ស្ថាប័នរដ្ឋ​សភា​ ​និង​ព្រឹទ្ធសភា​។​

គណបក្សប្រជាជន​កម្ពុជា​ ​ខំប្រឹង​កៀរគរ​រក​អ្នកគាំទ្រ​របស់​ខ្លួន​ ​ឲ្យ​ជួយ​ចេញ​ញ្ញត្តិ​គាំទ្រ​លោក​ ​ហ៊ុន​ ​សែន​។​ ​សេចក្តីណែនាំ​ឲ្យ​ចេញ​ញ្ញត្តិ​គាំទ្រ​នោះ​ ​បាន​ស្នើ​ឲ្យ​មន្ទីរ​ ​និង​ក្រសួង​រដ្ឋ​នៅ​គ្រប់​ខេត្ត​ក្រុង​ ​ចេញ​ញ្ញត្តិ​គាំទ្រ​នេះ​ដែរ​។​ ​ជា​លទ្ធផល​ ញ្ញត្តិ​បាន​ចេញ​ព្រម​ៗ​គ្នា​ដូច​គេ​ហែ​កឋិន​។​

គ្មាន​ញ្ញត្តិ​ណាមួយ​ ​ដែល​ប្រឆាំង​នឹង​គំនិត​របស់​លោក​ ​ហ៊ុន​ ​សែន​ ​នោះ​ឡើយ​។​ ​សូម្បីតែ​ស្ថាប័ន​តុលាការ​ ​ដែលគេ​សង្ឃឹម​ថា​ជា​ស្ថាប័ន​ឯករាជ្យ​ ​ក៏​បង្ហាញ​ជំហរ​លម្អៀង​​ចេញ​ញ្ញត្តិ​គាំទ្រ​ជំហរ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ចង់​កែ​រដ្ឋធម្មនុញ្ញ​ ​រឿង​កំណត់​សញ្ជាតិ​មួយ​នេះ​ដែរ​។​

ប៉ុន្តែ​ញ្ញត្តិ​ទាំងនេះ​ ​មិនបាន​ចេញពី​ប្រជាពលរដ្ឋ​ជិត​ពាក់កណ្តាល​នគរ​ ​ដែល​បាត់​តំណាង​របស់​ខ្លួន​ ​និង​បាត់​សំឡេង​ក្នុង​ការ​តវ៉ា​នោះ​។​ ​តំណាងរាស្រ្ត​ណ​បក្ស​ប្រឆាំង​​ដែល​ធ្លាប់​តតាំង​ការ​ធ្វើ​ច្បាប់​ផ្សេងៗ​ ​នៅ​ក្នុង​រដ្ឋសភា​ ​បាន​បាត់បង់​ឱកាស​ធ្វើជា​តំណាង​សំឡេង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ ​ដោយសារតែ​គេ​រម្លាយ​បក្ស​របស់​ខ្លួន​ចោល​ ​និង​ហាមឃាត់​សិទ្ធិ​ធ្វើនយោបាយ​ប្រាំ​ឆ្នាំ​។​

ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់ឆ្នោត​ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​ ​៥,០០០​ ​នាក់​ (​៥,០០៧) ​ដែល​ឈ្នះ​ការបោះឆ្នោត​ឃុំ​សង្កាត់​ជិត​ ​៥០០​ (៤៨៩) ​នៅ​ទូទាំង​ប្រទេស​ ​កាលពី​ឆ្នាំ​ ​២០១៧​ ​ត្រូវ​គេ​ដកហូត​តំណែង​ស្រប​ច្បាប់​នេះ​ចោល​ ​និង​បាត់​ឱកាស​ចេញ​សំឡេង​តំណាង​ប្រជារាស្រ្ត​ម្ចាស់​ឆ្នោត​នៅ​មូលដ្ឋាន​។​ ​ពួកគាត់​ជាច្រើន​ ​ត្រូវ​បង្ខំចិត្ត​រត់​ភៀសខ្លួន​ទៅក្រៅ​ប្រទេស​ ​ឬ​ជាប់ឃុំ​ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ពីរបប​ក្រុងភ្នំពេញ​។​

ការ​ធ្វើ​ច្បាប់​ដែល​ប្រញាប់​ ​និង​ខ្វះ​ការ​ជជែក​ដេញដោល​ឲ្យបាន​ស៊ី​ជម្រៅ​ ​និង​មិន​មាន​មតិ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​បែប​នេះ​ ​វា​អាច​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ជាតិ​។​

ទីបី​៖​ ​ការបោះឆ្នោត​ជាតិ​នៅ​កៀក​បំផុត​ ​ក៏​ត្រូវ​រង់ចាំ​ដល់​ ​ឆ្នាំ​ ​២០២៣​ឯណោះ​។​ ​ក្នុង​ការបោះឆ្នោត​ជាតិ​នោះ​ទៀតសោត​ ​ក៏​ទំនងជា​មិន​ត្រូវការ​កំណត់​សញ្ជាតិ​តែមួយ​នេះ​នោះ​ដែរ​ ​ព្រោះ​វា​មិន​ខុសប្លែក​អ្វី​ពី​ការបោះឆ្នោត​កាលពី​ឆ្នាំ​ ​២០១៨​ ​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​នោះ​ទេ​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​ក៏​ធ្លាប់​ប្រកាស​ហើយ​ ​ថា​លោក​នឹង​ធ្វើជា​នាយក​រដ្ឋមន្រ្តី​​អស់មួយជីវិត​។​ ​ការបោះឆ្នោត​ជាតិ​ខាងមុខ​ ​ដែល​គ្មាន​គណបក្សប្រឆាំង​ធំ​ចូលរួម​ ​ក៏​គ្មាន​គូរ​ប្រជែង​ណា​ ​អាច​ទៅ​ដណ្តើម​តំណែង​នាយក​រដ្ឋមន្រ្តី​ពី​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ភ្លាមៗ​នោះ​ដែរ​។​

ទី​បួន​៖​ ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​បាន​ចែង​ច្បាស់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ជា​ម្ចាស់​ប្រទេស​។​ ​ខ្លឹមសារ​នៃ​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​នេះ​ ​ចែង​ថា​ ​ប្រជារាស្រ្ត​ខ្មែរ​ទាំងអស់​មាន​កាតព្វកិច្ច​ ​និង​ករណីយកិច្ច​ ​ចូលរួម​កសាង​ជាតិ​ ​ឲ្យ​មាន​ភាពសុខុដុមរមនា​នឹងគ្នា​ ​ឈ​រលើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ​សេរី​ពហុ​បក្ស​ ​ធានា​សិទ្ធិមនុស្ស​ ​គោរពច្បាប់​ ​និង​រួមគ្នា​ទទួលខុសត្រូវ​ខ្ពស់​ ​ចំពោះ​វាសនា​អនាគតជាតិ​។​

បុព្វកថា​នេះ​ ​មិនបាន​ចែង​កំណត់​ថា​ ​ទាល់តែ​ពលរដ្ឋ​មាន​សញ្ជាតិ​តែមួយ​ ​ទើប​ស្មោះត្រង់​នឹងជាតិ​នោះ​ដែរ​។​ ​គឺ​ចែង​ថា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ ​អាច​មាន​ទាំង​អ្នកមាន​សញ្ជាតិ​តែមួយ​ ​សញ្ជាតិ​ពីរ​ ​ឬ​ច្រើន​ ​គឺ​សុទ្ធតែ​អាច​ជួយ​កសាង​ជាតិ​បាន​ទាំងអស់គ្នា​។​

ជាង​នេះ​ទៅទៀត​ ​ប្រវត្តិសាស្រ្ត​បង្ហាញ​ថា​ ​មេដឹកនាំ​ដែល​មាន​សញ្ជាតិ​តែមួយ​គត់​ ​រួម​ទាំង​អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​ផង​ ​បាន​ធ្វើឲ្យ​ជាតិ​នេះ​លិច​លុង​ ​និង​ស្លាប់​មនុស្ស​រាប់​លាន​នាក់​ផង​។​ ​ក្នុងពេលជាមួយគ្នា​នេះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​នេះ​ ​ក៏​ធ្លាប់ធ្វើ​ជា​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​ ​និង​ក្រោយមក​ ​បាន​ចូលដៃ​ជាមួយ​កងទ័ព​វៀតណាម​ជាង​មួយ​សែន​នាក់​ ​បើក​ការឈ្លានពាន​ចូល​ទឹកដី​កម្ពុជា​ ​ក្រោម​រូបភាព​រំដោះ​ជាតិ​នោះ​ដែរ​។​ ​ក្រោយមក​ទៀត​លោក​ ​ហ៊ុន​ ​សែន​ ​បើកុំតែ​បាន​បរទេស​គឺ​វៀតណាម​ ​លើក​បន្តុប​ឲ្យ​ធ្វើ​មេដឹកនាំ​ ​កុំអី​លោក​មិនបាន​ត្រួតត្រា​ប្រទេស​ដល់​សព្វថ្ងៃ​នោះ​ឡើយ​។​

លើស​ពី​នេះ​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​អះអាង​ថា​ ​លោក​​​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​គត់​នេះ​ ​ក៏បាន​បើកដៃ​ ឱ្យ​ជន​អន្តោ​រ​ប្រវេសន៍​វៀតណាម​ខុសច្បាប់​ ​ហូរ​ចូល​ស្រុកខ្មែរ​រាប់​សែន​នាក់​ ​តាំងពី​ឆ្នាំ​ ​១៩៧៩ ​មក​។​ ​សព្វថ្ងៃ​ជនជាតិ​បរទេស​ទាំងនេះ​ជាច្រើន​ ​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ​ដែល​អាច​បោះឆ្នោត​ឲ្យ​គណបក្សប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ថែមទៀត​ផង​។​

ឥឡូវ​ ​ឧបមា​ដូច​អ្វី​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​អះអាង​ទៅចុះ​ ​គឺ​លោក​ថា​អ្នកមាន​សញ្ជាតិ​តែមួយ​ ​ជា​អ្នកស្មោះត្រង់​នឹងជាតិ ​ជាង​អ្នកមាន​សញ្ជាតិ​លើស​ពី​មួយ​។​

ចុះ​តើ​បញ្ហា​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ ​ការ​វាយ​និង​ចាប់​ពលរដ្ឋ​ស្លូតត្រង់​ដាក់គុក​ ​ព្រមទាំង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ ​រហូត​ធ្វើឲ្យ​កម្ពុជា​រងទុក្ខ​ ​ដោយសារ​ទណ្ឌកម្ម​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​ ​និង​ត្រូវ​ខ្ចី​ដង្ហើម​ចិន​ដក​បែប​នេះ​ ​ក្រែង​កំពុង​ដឹកនាំ​ដោយ​អ្នក​ដែល​មាន​សញ្ជាតិ​តែមួយ​?

ទី​ប្រាំ​​៖​ ​កម្ពុជា​ត្រូវការ​កម្លាំង​ ​និង​ធនធានមនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ ​រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ​ផង​។​

ភ័ស្តុតាង​​បាន​បង្ហាញ​ថា​ ​ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​​ ​និស្សិត​ ​បញ្ញវន្ត​ ​អ្នកជំនាញ​ ​និង​ ​អ្នកនយោបាយ​ខ្មែរ​ជាច្រើន​ ​ជាច្រើន​ដែល​បាន​ភៀសខ្លួន​ទៅក្រៅ​ប្រទេស​ ​និង​មាន​សញ្ជាតិ​លើស​ពី​មួយ​ ​បាន​ចូលរួម​យ៉ាងសកម្ម​ ​ក្នុង​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

ការ​ទៅ​រស់នៅ​ស្រុកក្រៅ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ ​ទទួល​បាន​សញ្ជាតិ​បរទេស​ ​ដែល​ជា​អត្តសញ្ញាណ​បន្ថែម​មួយ​ ​ដែល​ជា​លិខិត​បញ្ជាក់​ ​អំពី​ប្រវត្តិ​នៃ​ខ្សែ​ជីវិត​របស់​ពួកគាត់​ ​ដែល​មាន​ដើមកំណើត​ខ្មែរ​។​ ​ទោះ​ពួកគាត់​មានសញ្ជាតិបរទេស​បន្ថែម​ ​ក៏​គេ​នៅតែ​កំណត់​អត្តសញ្ញាណ​របស់​ពួកគាត់​ ​ថា​ជា​អ្នកមាន​ដើមកំណើត​ខ្មែរ​ដដែល​ ​ឧទាហរណ៍​ ​ជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ​ (​ឬ​ខ្មែរ​-​អាមេរិក​) ​ជន​ជាតិបារាំង​ដើមកំណើត​ខ្មែរ​ (​ឬ​ខ្មែរ​-​បារាំង​) ​ឬ​ជនជាតិ​អូស្រ្តាលី​ដើមកំណើត​ខ្មែរ​(​ឬ​ខ្មែរ​-​អូស្រ្តាលី​) ​ជាដើម​។​

នៅ​ប្រទេស​ជឿនលឿន​ ​និង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ ​គេ​បណ្តុះ​គំនិត​ ​និង​លើកទឹកចិត្ត​ពលរដ្ឋ​របស់​ខ្លួន​ ​ជាពិសេស​ក្មេងៗ​ ​ឲ្យ​មាន​ក្តី​សុបិន​ធំ​ៗ​ក្នុង​ជីវិត​ ​រួម​ទាំង​ក្តី​សុបិន​ចង់​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​ផង​។​

កូនខ្មែរ​ជាច្រើន​ដែល​មាន​សញ្ជាតិ​ពីរ​ ​ក៏មាន​ក្តី​សុបិន​ចង់​យក​ចំណេះវិជ្ជា​របស់​ខ្លួន​ ​ដែល​បាន​ក្រេបជញ្ជក់​នៅ​ប្រទេស​ជឿនលឿន​ ​ទៅ​ជួយ​កសាង​ប្រទេស​កម្ពុជា​ដែរ​ ​មិនថា​ក្នុង​មុខតំណែង​អ្វី​នោះ​ទេ​ ​រួម​ទាំង​តំណែង​ជា​នាយករដ្ឋមនន្រ្តី​ ​ប្រធានរដ្ឋសភា​ ​ប្រធាន​ព្រឹទ្ធសភា​ ​និង​ប្រធាន​ឧត្តមក្រុមប្រឹក្សា​ធម្មនុញ្ញ​ផង​ ​ឲ្យតែ​ពួកគាត់​មាន​សមត្ថភាព​ ​និង​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​។​

ប៉ុន្តែ​ ​សេចក្តីព្រាងច្បាប់​កែ​រដ្ឋធម្មនុញ្ញ​ ​ដើម្បី​កំណត់​សញ្ជាតិ​តែមួយ​នេះ​ ​មិន​ត្រឹមតែ​អាច​ជា​ឧបករណ៍​សម្លាប់​ក្តី​សុបិន​របស់​កូនខ្មែរ​ដែល​មាន​សញ្ជាតិ​ពីរ​ ​និង​ដែល​ចង់​កាន់​តំណែង​កំពូល​ៗ​នេះ​ប៉ុណ្ណោះ​ទេ​ ​គឺ​វា​ជា​ការរើសអើង​ជាតិសាសន៍​ថែមទៀត​ផង​។​ ​ជាង​នេះ​ទៅទៀត​ ​ការ​ផាត់ចោល​អ្នកមាន​សញ្ជាតិ​ពីរ​នោះ​ ​ហាក់ដូចជា​ចាត់​ទុក​ ​ថា​ពួកគាត់​មិនមែន​ខ្មែរ​។​

ដូច្នេះ​ ​បើ​និយាយ​អំពី​ប្រយោជន៍ជាតិ​ ​វា​ស្ទើរតែ​គ្មាន​សម្អាងហេតុ​ ​ឲ្យ​សម​ល្មម​អាច​ទទួលយក​បាន​ណាមួយ​ ​ដើម្បី​គាំទ្រ​គោលបំណង​នៃ​ច្បាប់​នេះ​នោះ​ឡើយ​។​

ប៉ុន្តែ​ ​បើ​និយាយ​អំពី​ហេតុផល​ផ្សេង​ពី​នេះ​ ​វា​ដូច​ទំនងជាង​នេះ​។​ ​ឥឡូវ​ ​យើង​សាក​ងាក​ត្រឡប់ទៅ​ក្រោយ​វិញ​បន្តិច​ ​ទៅ​មើល​ព្រឹត្តិការណ៍​មុន​លោក​ ​ហ៊ុន​ ​សែន​ ​ផ្តួចផ្តើម​ឲ្យ​ធ្វើ​ច្បាប់​នេះ​។​

កាលពី​ថ្ងៃ​ទី​៥​ ​ខែ​​តុលា​ ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​សម​ ​រង្ស៊ី ​ ចេញ​សេចក្តី​អំពាវនាវ​មួយ​ ​ដោយ​ចោទ​លោក​ ​ហ៊ុន​ ​សែន​ ​ថា​ជា​ជន​ក្បត់ជាតិ​ ​ចង់​រត់ចោលស្រុក​ ​ព្រោះ​សម្អាង​​លើ​អត្ថបទ​ចេញផ្សាយ​របស់​កាសែត​អង់គ្លេស​ ឌឹហ្កាឌាន​ (​ the​ ​Guardian​) ​ដែល​ចុះផ្សាយ​មុននេះ​ ​ថា​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ទិញ​លិខិតឆ្លងដែន​សញ្ជាតិ​ស៊ីប​ (Cyprus​)​។​ ​លោក​ ​សម​ ​រង្ស៊ី ​អំពាវនាវ​ឲ្យ​ប្រជារាស្រ្ត​ខ្មែរ​ ​និង​កងកម្លាំង​ប្រដាប់​ផង​ ​ត្រូវ​ជំរុញ​ឲ្យ​របប​លោក​ ​ហ៊ុន​ ​សែន​ ​ដួល​រលំ​ ​និង​ត្រូវ​រៀបចំ​ប្រទេស​កម្ពុជា​ឡើងវិញ​ ​ឲ្យ​ប្រជារាស្រ្ត​ខ្មែរ​ ​បាន​ស្គាល់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​

ក្រោយ​សារ​របស់​លោក​ ​សម​ ​រង្ស៊ី ​នេះ​ភ្លាម​ ​ប្រសិនបើ​លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន​ ​សែន​ ​យល់ថា​ ​ការផ្សាយ​របស់​កាសែត​អង់គ្លេស​នោះ​មិន​ពិត​ ​លោក​គួរតែ​សុំ​ការ​បំភ្លឺ​ភ្លាម​។​ ​ផ្ទុយទៅវិញ​ ​លោក​បែរជា​ឆ្លៀតឱកាស​នោះ​ ​ស្នើ​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​កំណត់​សញ្ជាតិ​តែមួយ​នេះ​ទៅវិញ​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​ សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ ​នៅ​ថ្ងៃ​ទី​​៥​ ​ខែ​​តុលា​ ដដែល​នោះ​ ​ថា៖ «​បើ​លេង​កុំ​ខឹង​ ​បើ​ខឹង​កុំ​លេង​ ​ព្រោះ​ទ្វារ​ត្រូវ​បាន​បិទ​ជា​រៀង​រហូត​ហើយ​ ​សម្រាប់​ពួក​សញ្ជាតិ​ពីរ​ ​ដែល​ប៉ុនប៉ង​កាន់​តំណែង​កំពូល​ ​ពិសេស​តំណែង​នាយករដ្ឋមន្ត្រី​»។​

ភ្លាម​នោះ​ ញ្ញត្តិ​គាំទ្រ​សេចក្តីស្នើ​ច្បាប់​នេះ​ ​បាន​ធ្លាក់​មក​ដូច​ភ្លៀង​បាក់​មេឃ​ ​គឺ​ធ្លាក់​មក​ពីគ្រប់ទិស​ទី​។​ទាល់តែ​ថ្ងៃ​បន្ទាប់​ ​គឺ​ថ្ងៃ​ទី​៦​ ​ខែ​តុលា​ ​ទើប ​ក្រសួងការបរទេស​កម្ពុជា​ ​សរសេរ​លិខិត​តវ៉ា​ ​ដោយ​សុំ​ការ​បញ្ជាក់​ឡើងវិញ​ ​ជុំវិញ​ការផ្សាយ​របស់​កាសែត​អង់គ្លេស​នេះ​។

នៅ​ថ្ងៃ​ទី​៦​ ​ខែ​​តុលា​នោះ​ដែរ​ ​កាសែត​អង់គ្លេស​ ​បាន​កែតម្រូវ​អត្ថបទ​របស់​ខ្លួន​ ​ដោយ​ដក​ឈ្មោះ​លោក​ ​ហ៊ុន​ ​សែន​ ពី​អ្នកទិញ​សញ្ជាតិ​ស៊ីប​។​ ​ប៉ុន្តែ​សរសេរ​ឃ្លា​បន្ថែម​ថា​៖ «មនុស្ស​សំខាន់​ៗ​ដែល​ជា​ជំនិត​របស់​លោក​ ​ហ៊ុន​ ​សែន​» បាន​ទិញ​សញ្ជាតិ​ស៊ីប​នេះ​។

មជ្ឈដ្ឋាន​ទូទៅ​ចោទ​ជា​សំណួរ​ថា​ ​ចុះបើ​គ្រាន់តែ​កាសែត​សរសេរខុស​ ​លោក​ ​សម​ ​រង្ស៊ី ​ដកស្រង់​សម្តី​តាម​ ​លោក​ ​ហ៊ុន​ ​សែន​ ​គួរ​គ្រាន់តែ​សុំ​ឲ្យ​កាសែត​នោះ​កែតម្រូវ​ទៅ​​ជាការស្រេច​ទៅ​ហើយ​ ​ចាំបាច់​អ្វី​រហូតដល់​ទៅ​ស្នើ​កែ​រដ្ឋធម្មនុញ្ញ​ ​ដើម្បី​កំណត់​សញ្ជាតិ​តែមួយ​ទៅវិញ​?

លោក​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​និយាយ​ ​និង​លេប​សម្តី​ខ្លួន​លោក​រាប់​ភ្លេច​ ​រឿង​ថា​លែង​ជ្រលក់​មាត់​ ​ឬ​លែងនិយាយ​អំពី​លោក​ ​សម​ ​រង្ស៊ី​។​ ​ប៉ុន្តែ​លោក​ ​ហ៊ុន​ ​សែន​ ​ប្រហែលមាន​ជំងឺ​ភ័យខ្លាច​ ​និង​មាន​ភាព​មិន​ទុកចិត្ត​ខ្លួនឯង​ ​ខ្លាច​បាត់​អំណាច​ពេក​ ​ទោះ​លោក​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​រួចហើយ​ ​និង​បាន​ប្តឹង​ផ្តល់​លោក​ ​សម​ ​រង្ស៊ី ​ជាច្រើន​ករណី​ទៅ​តុលាការ​ហើយក៏​ដោយ​ ​ក៏​លោក​ ​ហ៊ុន​ ​សែន​ ​ទំនងជា​នៅតែ​មើលឃើញ​ថា​លោក​ ​សម​ ​រង្ស៊ី ​នៅតែ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​លោក​ ​ហ៊ុន​ ​សែន​ ​គ្រប់ពេល​គ្រប់​វេលា​។​

នៅមុន​លោក​ ​ហ៊ុន​ ​សែន​ ​ស្នើ​ច្បាប់​កំណត់​សញ្ជាតិ​បំណង​បិទផ្លូវ​លោក​ ​សម​ ​រង្ស៊ី ​កុំឲ្យ​ធ្វើនាយ​ក​រដ្ឋមន្រ្តី​បាន​នេះ​ ​សមាជិកសភា​អាមេរិក​រួមគ្នា​ ​អនុម័ត​សេចក្តីស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​មន្រ្តី​របប​ក្រុងភ្នំពេញ​។​ ​ច្បាប់​ដាក់ទណ្ឌកម្ម​នេះ​ ​ត្រូវ​សភា​អាមេរិក​អនុម័ត​ ​ក្នុង​ពេល​លោក​ ​សម​ ​រង្ស៊ី ​និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប​ផ្សេងទៀត​ ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ ​និង​ជួប​តំណាង​រាស្រ្ត​អាមេរិក​ជាច្រើន​។​

ដូច្នេះ​ ​ការណ៍​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​ប្រញាប់​ស្នើ​ច្បាប់​សំដៅ​លើ​ការ​បិទផ្លូវ​លោក​ ​សម​ ​រង្ស៊ី​នេះ​ ​ក៏​អាច​ជា​ចេតនា​នយោបាយ​របស់​លោក​ ​ហ៊ុន​ ​សេន​ ​ដើម្បី​ប៉ុនប៉ង​ផ្តាច់​ក្តី​សង្ឃឹម​របស់​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ ​ដើម្បីឲ្យ​ពួកគាត់​យល់ថា​លោក​ ​សម​ ​រង្ស៊ី ​នឹង​មិន​អាច​វិល​មកកាន់​គណបក្សប្រឆាំង​នេះ​វិញ​បាន​។​

ជា​រួម​អ្វី​ដែលលោក​ ​ហ៊ុន​ ​សែន​ ​ប្រញាប់​ធ្វើ​ច្បាប់​ទាំង​តក់​ត្រ​ហល់​នេះ​ ​គឺ​អាច​គ្រាន់តែ​ដើម្បី​រម្ងាប់​បញ្ហា​ផ្លូវចិត្ត​របស់​លោក​ ​ដែល​ខ្លាច​លោក​ ​សម​ ​រង្ស៊ី ​ដណ្តើម​តំណែង​ជានា​យក​រដ្ឋ​មន្រ្តី ​និង​ដើម្បី​ប្រយោជន៍​បន្ត​ក្រាញ​អំណាច​យូរអង្វែង​របស់​លោក​ ​និង​ក្រុម​គ្រួសារ​របស់​លោក​តទៅទៀត​តែប៉ុណ្ណោះ​។​

បើ​ទោះបីជា​យ៉ាងនេះ​ក្ដី​ ​ការ​បង្ខំ​កែ​រដ្ឋធម្មនុញ្ញ​ធ្វើ​ច្បាប់​សញ្ជាតិ​តែមួយ​របស់​លោក​ ​ហ៊ុន​ ​សែន​នេះ​ ​ក៏​អាច​ជា​ការ​ឆក់ឱកាស​របស់​លោក​ ​ដោយ​យក​សម្ដី​ចោទប្រកាន់​របស់​លោក​ ​សម​ ​រង្ស៊ី ​ជា​លេស​ទៅ​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ថា​ ​មិន​មាន​ខ្មែរ​មកពី​បរទេស​ណា​ម្នាក់​ ​អាច​ដណ្តើម​តំណែង​នាយករដ្ឋមន្ត្រី​នេះ​បាន​ឡើយ​ ​គឺ​ដើម្បី​លោក​ហ៊ុន​ ​សែន​ ​ទុក​តំណែង​នេះ​ឱ្យ​គ្រួសារ​ ​និង​បក្សពួក​របស់​លោក​ ​ទៅ​ពេល​ខាងមុខ​។​

ទោះបី​ក្នុង​បំណង​ណាមួយ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ក៏ដោយ​ ​បើ​យោង​តាម​សម្អាង​ហេតុ​ខាងលើ​ ​ការ​កែ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ ​និង​ដែល​ត្រូវធ្វើ​ឡើង​ទាំង​ «មិន​មាន​ពេលដេក​ពួន» ​ក្នុង​កាលៈទេសៈ​បែប​នេះ​ ​គ្មាន​ហេតុផល​សមស្រប​ណាមួយ​ ​ដែល​ថា​ធ្វើ​ដើម្បី​ប្រយោជន៍ជាតិ​នោះ​ឡើយ​។​

ផ្ទុយទៅវិញ​ ​សេចក្តីព្រាងច្បាប់​នេះ​ ​ធ្វើឡើង​ដើម្បី​គ្រាន់តែ​បំពេញ​ភាព​អាត្មានិយម​ ​ជម្រុញ​ឱ្យ​មាន​ការរើសអើង​ខ្មែរ​គ្នាឯង​ ​ដែល​មាន​សញ្ជាតិ​ពីរ​ឬ​ច្រើន​ ​និង​បង្ហាញ​អំពី​ភាព​ដឹកនាំ​បែប​ផ្តាច់ការ​ ​តាម​អារម្មណ៍​ភ័យខ្លាច​បាត់​អំណាច​តែប៉ុណ្ណោះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។