អ្នកវិភាគនិយាយថា របបក្រុងភ្នំពេញគ្មានថវិកាបម្រុងទុកក្នុងគ្រាមានអាសន្ន នៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រឈមមុខជំងឺកូវីដ១៩ ទើបបានជាសម្រេចខ្ចីលុយពីធនាគារចិនចំនួនជាង ៦៥លានដុល្លារ ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ និងស្ដារសមត្ថភាព តាមជនបទឡើងវិញ។ មន្ត្រីរដ្ឋាភិបាលថា កម្ពុជាស្វាគមន៍ចំពោះប្រភពធនធានទាំងអស់មកពីក្រៅប្រទេស ដើម្បីត្រៀមបន្ថែមថវិកា សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩។
អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមលោក បណ្ឌិត សេង សារី ឱ្យដឹងថា រដ្ឋាភិបាលធ្លាប់អះអាងថា មានកញ្ចប់ថវិកា សម្រាប់បម្រុងជំងឺកូវីដ ១៩ គឺជារឿងមិនពិត។ ដោយសារកាលពីពេលថ្មីៗ នេះរដ្ឋាភិបាលបានខ្ចីប្រាក់ពីធនាគារចិនចំនួនជាង ៦៥លានដុល្លារ។
លោកថា ប្រជាពលរដ្ឋមិនដែលបានទទួលព័ត៌មានពិតពីខាងរដ្ឋាភិបាលទេ ថាតើ ហេតុអ្វីបានជារដ្ឋាភិបាលខ្ចី ពីធនាគារ ចិន ហើយប្រាក់កម្ចីនោះយកមកធ្វើអ្វីខ្លះ៖ « បើក្នុងករណីកម្ចីហ្នឹង ដោះស្រាយបញ្ហាកូវីដ មែនបាទ។ អាហ្នឹងមានន័យថា រដ្ឋាភិបាលដែលប្រកាសកន្លងមកថា មានលុយប៉ុន្មាន ពាន់លានដុល្លារ គឺជាការអះអាងមិនពិតទាល់តែសោះ។បើសិនជាពិតមានន័យថា រដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកា ដើម្បីដោះស្រាយបញ្ហាហើយ។ប៉ុន្តែកន្លងមកយើងឃើញថា ជាការពន្យារម្ដងហើយម្ដងទៀត ហើយក៏យើងមិនដឹងថា លុយហ្នឹងនៅឯណា ?» ។
ការលើកឡើងរបស់អ្នកវិភាគសង្គមរូបនេះ បានកើតមានឡើងក្រោយពីរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ កញ្ញា កន្លងទៅនេះ បានស្នើសុំប្រាក់ កម្ចីចំនួន ៦៥លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា អេ អាយ អាយ ប៊ី (AIIB) របស់ប្រទេសចិន ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ និងស្ដារសមត្ថភាព តាមជនបទឡើងវិញ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារ អេ អាយ អាយ ប៊ី (AIIB) បានឲ្យដឹងថា ការស្នើសុំប្រាក់កម្ចីពីរបបក្រុងភ្នំពេញនេះ ស្ថិតក្រោម កម្មវិធីជាតិស្ដារសមត្ថភាពផលិតភាពជនបទឡើងវិញ» ដែលមានទឹកប្រាក់សរុបចំនួន ៦៥ លានដុល្លារ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ដារវិបត្តិជំងឺកូវីដ ១៩ ឡើងវិញរបស់ធនាគារ អេ អាយ អាយ ប៊ី(AIIB)។
អ្នកវិភាគសង្គមលោក គឹម សុខ ដែលកំពុងស្នាក់នៅប្រទេសហ្វាំងឡង់ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងខ្វះខាតថវិកាយ៉ាងខ្លាំងសម្រាប់ដោះស្រាយគ្រា មានអាសន្ន។លោកបន្ថែមថា រដ្ឋាភិបាលលោក ហ៊ុន សែន នៅពេលដែលប្រទេសជាតិជួបវិបត្តិធ្ងន់ធ្ងរ មិនត្រឹមតែគ្មានកញ្ចប់ថវិកា សម្រាប់ទ្រង់ទ្រង់សេដ្ឋកិច្ចជាតិ និងដោះទុក្ខលំបាករបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើនបន្ទុកបំណុលសម្រាប់ប្រទេសកម្ពុជា ថែមទៀតផង៖ « កម្ចីនានាពីប្រទេសចិនក្នុងដំណាក់កាលពេលនេះទៅមុខ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បង្កើនគ្រោះបីយ៉ាងធំសម្រាប់កម្ពុជា។ទី១ លុយកម្ចីនោះ ត្រូវលោកក្រុមលោក ហ៊ុន សែន យកទៅប្រើបំប៉នកម្លាំងការពារអំណាច ដើម្បីធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋខ្មែរ។ទី២ ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះពីការធ្វើទុក្ខបុកម្នេញ ដោយក្រុមលោក ហ៊ុន សែន ទៅហើយត្រូវត្រៀមខ្លួន សងបំណុលវ័ណ្ឌកកាន់តែច្រើនថែមទៀត។ទី៣ កាលណាខ្ចីកាន់តែច្រើន លើសបន្ទុកដែលអាចសងបាន ក្រុមលោក ហ៊ុន សែន នឹងប្រើវិធីប្រគល់តំបន់សេដ្ឋកិច្ច ណាមួយឲ្យចិនគ្រប់គ្រង ចាត់ចែងផ្ដាច់មុខតែម្ដង » ។
រដ្ឋសភាជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលចំណាយទឹកប្រាក់ប្រមាណជា៨,២ពាន់លានដុល្លារអាមេរិក។រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបង្កើនថវិកាវិនិយោគសាធារណៈចំនួន ១,៤ ពាន់លានដុល្លារ លើការសាងសង់ និងការ ស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ដោយកើនឡើង ១១៧,៩ ភាគរយ ធៀបនឹងការចំណាយកាលពីឆ្នាំ ២០១៩ ហើយ រដ្ឋាភិបាលនឹងខ្ចីមូលនិធិអន្តរជាតិ ២ ពាន់លានដុល្លារនៅឆ្នាំ២០២០នេះផងដែរ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក មាស សុខក្សេម ក្សាន្ត ថ្លែងការពាររដ្ឋាភិបាលថា កម្ពុជាស្វាគមន៍ចំពោះប្រភពធនធានទាំងអស់មកពីក្រៅប្រទេស ដើម្បីត្រៀមបន្ថែមថវិកា សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩។
លោកបន្ថែមថា ថវិកាសម្រាប់ប្រឆាំងជំងឺកូវីដ ១៩ គឺយើងប្រើប្រាស់ប្រភពធនធានទាំងអស់។ដោយឡែកសម្រាប់ប្រាក់កម្ចី និងប្រាក់សម្បទាននានា មិនមានអ្វីប៉ះពាល់ដល់កម្ពុជាទេ ដោយសារតាមច្បាប់បានអនុញ្ញាតឲ្យយើងខ្ចី ដោយផ្អែកលើអត្រាការប្រាក់សមហេតុសមផល ដែលអាចអោយកម្ពុជាមានលទ្ធភាពសងទៅម្ចាស់ដើមវិញ៖ « ថវិកាសម្រាប់កូវីដ១៩ នេះគឺយើងគ្រាន់តែជាការត្រៀមបន្ថែមទេ ហើយដូចបានជម្រាបជូនចឹងលក្ខខណ្ឌនៃការខ្ចីរបស់យើងគឺជាការប្រាក់មួយដែលច្បាប់ បានអនុញ្ញាត។អញ្ចឹងមិនមែនជាបញ្ហាអ្វីទេ។ការខ្ចីពីធនាគារគ្រាន់ជាការបម្រុងទុក បើសិនជាករណីក្នុងការពន្យាពេល អូសបន្លាយនៃជំងឺនេះវែងឆ្ងាយតទៅទៀត » ។
ព្រឹត្តិបត្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីខែមិនាឆ្នាំ២០២០ ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៩ បានចុះកិច្ចព្រមព្រៀង ខ្ចីឥណទានសម្បទាន ជាមួយដៃគូ អភិវឌ្ឍន៍នានា សរុបចំនួនជាង ១ម៉ឺន ២ពាន់លានដុល្លារ (១.២៨៨.២៧លានដុល្លារ) ឬស្មើនឹងប្រមាណ ៦៦,២២% នៃច្បាប់អនុញ្ញាត។
គិតត្រឹមដំណាច់ឆ្នាំ២០១៩ កម្ពុជាមានបំណុលសាធារណៈ សរុបចំនួនជាង៧ពាន់លានដុល្លារ(៧ ៥៩៩ លានដុល្លារ)។ក្នុងនោះមានបំណុល សាធារណៈក្នុងប្រទេសមានចំនួន ០,០៤% ស្មើប្រមាណ២,៧៤ លានដុល្លារ និងបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ ៩៩,៩៦% ស្មើចំនួន ៧ ៥៦៩លានដុល្លារ។
នៅក្នុងឆ្នាំ២០១៩ កម្ពុជា បានសងបំណុលជូនប្រទេសដៃគូអភិវឌ្ឍន៍សរុបចំនួនជាង៣រយលានដុល្លារ(៣០៨,៨៣លានដុល្លារ)។ ក្នុងនោះបំណុលសាធារណៈក្នុងប្រទេសចំនួន០,០៤លានដុល្លារ និងបំណុលសាធារណៈក្រៅប្រទេសមានចំនួនជាង៣រយលានដុល្លារ(៣០៨,៧៩លានដុល្លារ)។
កាលពីចុងឆ្នាំ ២០១៨ បំណុលជាតិត្រូវបានជំរុញភាគច្រើនតាមរយៈកម្ចីសម្បទានទ្វេភាគី និងពហុភាគី ភាគច្រើនមកពីប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។