អ្នកវិភាគគោលនយោបាយ ថា កម្ពុជានឹងជួបវិបត្តិធំ បើរងទណ្ឌកម្មអន្តរជាតិមែននោះ ព្រោះផលប៉ះពាល់ នឹងកើតមានលើគ្រប់វិស័យ។ ប្រតិកម្មរបស់អ្នកវិភាគនេះ ធ្វើឡើងក្រោយមន្ត្រីធនាគារជាតិ និងលោក ហ៊ុន សែន អួតអំពីភាពធន់នឹងទណ្ឌកម្មណាមួយ។
អ្នកវិភាគគោលនយោបាយលោក បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា នៅពេលដែលទណ្ឌកម្មអន្តរជាតិ ចាប់ផ្តើមអនុវត្តនៅកម្ពុជា ដូចជាការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម ប្រជាពលរដ្ឋខ្មែរជាច្រើន នឹងបាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល។
បណ្ឌិត អៀ សុផល សាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ាថា ពេលប្រទេសរងទណ្ឌកម្ម កុំថាឡើយទុនបម្រុងអន្តរជាតិ ឬប្រាក់ចំណូលរដ្ឋ ដែលមន្ត្រីធនាគារជាតិ និង លោក ហ៊ុន សែន អួតថា មានអាចទប់ទល់បានរាប់ខែ ឬ រហូតដល់ជាងមួយឆ្នាំនោះ គឺវានឹងរីងស្ងួតហួតអស់មួយរំពេច។ ចំណែកឯវិនិយោគិន នឹងដកសេចក្ដីទុកចិត្ត ពីវិស័យវិនិយោគនៅទូទាំងប្រទេស។ ដែលប្រការនេះ នឹងប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។
ប្រតិកម្មរបស់អ្នកវិភាគគោលនយោបាយរូបនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ចចេសមិនព្រមស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ តែបែរជាខឹងសម្បានឹងអ្នកណា ដែលហ៊ានថា របបលោកនឹងជួបវិបត្តិ បើរងទណ្ឌកម្មអន្តរជាតិ។ លោក ហ៊ុន សែន និយាយអួតអាងថារបបលោក មិនខ្វះលុយ ដើម្បីបើកប្រាក់ខែ ឱ្យមន្ត្រីរាជការបានមួយរយៈនោះដែរ៖ «ផ្តាំទៅ ! អញសុំផ្តាំ ! បើទោះបីគ្មានប្រាក់ចំណូលបន្ថែម ក៏ ហ៊ុន សែន មានលទ្ធភាពបើកប្រាក់ខែ លើសពីមួយឆ្នាំ សុំប្រាប់ឱ្យហើយ ! ដល់ពេលនេះ ខ្ញុំនិយាយឱ្យអ្នកឯងបានភ្លឺភ្នែក ! មួយខែយើងចាយប្រមាណជា ៣០០ លានដុល្លារទេ តែប្រាក់ចំណូលរបស់យើង មានលើសពី ៤០០ លានដុល្លារក្នុងមួយខែ ! អ្ហែងត្រូវចាំ !»។
ទោះបីលោក ហ៊ុន សែន អះអាងថា ប្រាក់ចំណូលមានលើសពី ៤០០លានដុល្លារ ក្នុងមួយខែ យ៉ាងណាក្តី បើតាមរបាយការណ៍បូកសរុបលទ្ធផលប្រមូលចំណូលពន្ធរយៈពេល ៥ ខែដំបូង ក្នុងឆ្នាំ ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៣ ខែ មិថុនា បញ្ជាក់ថា ពន្ធសរុបប្រមូលបានតែជាង ១ ៣០០ (១ ៣៣៥,៨៥) លានដុល្លារអាមេរិក ឬ ជាង ២៦០ លានដុល្លារ (២៦៧,១១ លានដុល្លារ) ប៉ុណ្ណោះក្នុងមួយខែ។ បើតាមការអះអាង របស់លោក ហ៊ុន សែន ដែលថា ចាយតែប្រមាណ ៣០០ លានដុល្លារក្នុងមួយខែ សម្រាប់បើកប្រាក់ខែ ក៏ឃើញថា ប្រាក់ចំណូលប៉ុណ្ណេះ មិនគ្រប់គ្រាន់ទេ នេះមិនទាន់គិតការចំណាយលើសេវាសាធារណៈផ្សេងៗទៀត នៅឡើយផង។
បើតាមប្រាក់ចំណូល ដែលរាយការណ៍ដោយអគ្គនាយកដ្ឋានពន្ធដារ បង្ហាញថា ក្នុងឆ្នាំ ២០១៩ នេះ កម្ពុជាអាចនឹងប្រមូលពន្ធសរុបបានប្រមាណ ៣ ពាន់លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែ ថវិកាសរុបដែលរដ្ឋាភិបាល ត្រូវការសម្រាប់ការចំណាយប្រចាំឆ្នាំ ២០១៩ នេះ គឺមានដល់ជិត ៧ លានដុល្លារឯណោះ។
ស្របពេល ដែលលោក ហ៊ុន សែន អះអាងថា របបនេះអាចមានប្រាក់គ្រប់ល្មម ដើម្បីបើកប្រាក់ខែមន្ត្រីរាជការ រហូតដល់ជាងមួយឆ្នាំ ទោះរងទណ្ឌកម្មពីអន្តរជាតិ ក៏អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ឯណោះ ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្ដី កាលពីថ្ងៃទី២៨ ខែ កក្កដា ដោយអះអាងថា កម្ពុជា អាចធន់នឹងទណ្ឌកម្មអន្តរជាតិបានជិត ៥ ខែ (៤,៩ ខែ)ដែរ ដោយសារតែធនាគារជាតិ មានទុនបម្រុងអន្តរជាតិរហូតដល់ ១១,១ ប៊ីលានដុល្លារ៖ «ប្រទេសមួយគួរតែមានលុយខ្លួនឯង ដើម្បីយកទៅទិញទំនិញ ដែលយើងត្រូវការចាំបាច់ឱ្យបានបីខែ ព្រោះយើងគិត ថា រយៈពេលបីខែហ្នឹង ជារយៈពេលសមរម្យមួយដែល អាជ្ញាធរអាចពិភាក្សា រកដំណោះស្រាយអ្វីផ្សេងៗ»។
លោក អៀ សុផល ដែលជាអ្នកនិពន្ធសៀវភៅ មានចំណងជើងថា «ការពឹងផ្អែកលើជំនួយនៅកម្ពុជា៖ តើជំនួយបរទេស ធ្វើឱ្យខ្សោយលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្ដេច?» បន្តទៀតថា បើរបបលោក ហ៊ុន សែន ឆ្លាតវៃ គួរនាំគ្នាគិតលកលៃ រកច្រកដោះស្រាយបញ្ចៀសទណ្ឌកម្ម ដែលអាចចៀសវាងបាន ជាជាងនិយាយអំពីថា តើកម្ពុជាអាចរស់បានដល់ពេលណា បើរងទណ្ឌកម្មនោះ?
លោកបន្ថែមថា ទុនបម្រុងអន្តរជាតិ នេះប្រែប្រួលមិនទៀងទាត់ទេ ហើយផលប៉ះពាល់ពីទណ្ឌកម្មអន្តរជាតិលើប្រទេសនីមួយៗ ក៏មិនដូចគ្នានោះដែរ។ ប្រទេសខ្លះ មានវិបត្តិធំ ក្រោយពីវិនិយោគិនបរទេស ដកទុនវិនិយោគ ស្របពេលដែលប្រទេសខ្លះទៀត ជួបវិបត្តិភ្លាមៗ ដោយការបាត់បង់ចំណូលនាំចេញជាដើម។
លោកបន្តថា ចុះបើទណ្ឌកម្មអន្តរជាតិ មានរយៈពេលយូរជាងអ្វី ដែលកម្ពុជាអាចស៊ូទ្រាំបាននោះ តើកម្ពុជាបានអ្វីពឹង? លោកព្រមានថា កម្ពុជាមិនអាចពឹងចិនបានយូរអង្វែងនោះឡើយ ដោយសារប្រទេសចិន ក៏មានបង្វេច ដែលត្រូវរែកពុនរបស់ខ្លួនដែរ ព្រោះចិនត្រូវយកចិត្តទុកដាក់ជួយកូរ៉េខាងជើងផង។ ដូច្នេះចិននឹងប្រលែងកម្ពុជាចោល ព្រោះសេដ្ឋកិច្ចចិន ក៏កំពុងធ្លាក់ចុះជាបណ្ដើរនោះដែរ។
សាររបស់លោក ហ៊ុន សែន និងមន្ត្រីរបបនេះ ក៏មិនអាចធ្វើឱ្យគ្រូបង្រៀនស្ងប់ចិត្តនោះដែរ។ តំណាងសមាគមគ្រូបង្រៀន ថា អ្វីដែលលោក ហ៊ុន សែន និង មន្ត្រីរបបនេះ ថ្លែងសារនោះ គឺគ្រាន់តែជាការលួងចិត្តខ្លួនឯង និង អ្នកគាំទ្របក្សកាន់អំណាច កុំឱ្យអស់សង្ឃឹម និងអស់ទឹកចិត្ត ដោយសារតែរបបនេះ អស់ច្រកដើរតែប៉ុណ្ណោះឯង។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បន្ថែមថា បើលោក ហ៊ុន សែន អួតថា មានប្រាក់ច្រើនបម្រុងទុក ដូចការអះអាងមែន ចុះហេតុអ្វី មិនដំឡើងប្រាក់ខែ ឱ្យលោកគ្រូអ្នកគ្រូឱ្យបានសមរម្យ ព្រោះជីវភាពគ្រូបង្រៀនកំពុងលំបាកខ្លាំង។ អ្នកស្រីថា កុំថាឡើយមានលុយបើកបានមួយឆ្នាំ សូម្បីតែមានលុយបើកបានដប់ឆ្នាំ ក៏គង់តែវេទនាដែរ ព្រោះនៅពេលគេបិទសេដ្ឋកិច្ច គឺដូចបិទខ្យល់អុកស៊ីហ្សែន ធ្វើឱ្យថប់ដង្ហើមដល់គ្រូបង្រៀន និង កម្មករ ដែលនឹងនាំគ្នាត្រដរខ្យល់យ៉ាងលំបាក៖ «គឺខ្ញុំគិតថា ខ្វល់ខ្វាយខ្លាំងមែនទែន។ គ្រូបង្រៀន មិនឱ្យយកចិត្តទុកដាក់ម្តេចនឹងបាន ? បើពួកគាត់ជាស្ថាប័នមួយដែលធ្វើឱ្យប្រទេសជាតិ បានរីកចម្រើន ធ្លាក់ទឹក ក៏ដោយសារតែការអប់រំដែរ បើការអប់រំធ្លាក់ដល់កម្រិតសូន្យហើយ ទោះបីជាមានលុយ ឬ មុខមាត់ប៉ុនណា ក៏ត្រូវតែធ្លាក់ដោយមិនបាច់គេច្រាននោះដែរ»។
អ្នកស្រី អ៊ុក ឆាយ៉ាវី បន្តថាដំណោះស្រាយដែលសមស្រប ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជាតិ គឺការស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ដែលកម្ពុជាគួរតែអាចធ្វើបាន ដើម្បីបញ្ចៀសមហន្តរាយជាយថាហេតុនេះ៖ «ក្នុងនាមខ្ញុំជាគ្រូបង្រៀន ខ្ញុំអត់ចង់ឱ្យមានចេតនាណាមួយ ដែលធ្វើឱ្យជាតិខ្លួនឯង ធ្លាក់ទៅក្នុងគ្រោះដ៏សែនជ្រៅ ធ្វើឱ្យរាស្ត្រទឹកភ្នែក ធ្វើឱ្យរាស្ត្រវេទនានោះទេ។ ខ្ញុំចង់ឱ្យមានការចរចាមួយ ដើម្បីឱ្យភាគីទាំងសងខាងរស់ទាំងអស់គ្នា»។
ពេលវេលាសម្រាប់ស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យសម្រាប់របបលោក ហ៊ុន សែន គឺកាន់តែខើចណាស់ទៅហើយ ក្រោយសហភាពអឺរ៉ុប នឹងបិទបញ្ចប់នីតិវិធីប្រាំមួយខែដំបូង ក្នុងការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពកម្ពុជា នៅថ្ងៃទី១២ ខែ សីហា ខាងមុខនេះ មុននឹងសម្រេចព្យួរការអនុគ្រោះពន្ធពីកម្ពុជា។ ចំណែកឯសមាជិកសភាអាមេរិក ក៏កំពុងពន្លឿននីតិវិធីសេចក្ដីព្រាងច្បាប់ព្យួរការអនុគ្រោះពន្ធទូទៅ ឬ GSP របស់អាមេរិកដែរ។
ដំណោះស្រាយបញ្ចៀសទណ្ឌកម្មជាយថាហេតុគឺ ដោះលែង និងទម្លាក់ចោលរាល់បទចោទប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា អនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ បើកដំណើរការឡើងវិញ និងរៀបចំការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។