ពលរដ្ឋរស់នៅព្រំដែនប៉ោយប៉ែត និងអ្នកឃ្លាំមើលសិទ្ធិកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រេកអរដែលអាជ្ញាធរនៃប្រទេសកម្ពុជា និងថៃ នឹងបើកដំណើរការច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែតឡើងវិញ នៅថ្ងៃទី០១ឧសភា ។ ពួកគាត់លើកឡើងថា ការបើកច្រកព្រំដែនអន្តរជាតិដ៏សំខាន់នេះ មិនត្រឹមតែដើម្បីឲ្យប្រជាជនកម្ពុជា ថៃ និងជនបរទេសឯទៀតងាយស្រួលឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យពលរដ្ឋនៅតាមច្រកព្រំដែនងាយស្រួលប្រកបរបរចិញ្ចឹមជីវិត ខណៈដែលពួកគាត់រងផលប៉ះពាល់ជីវភាពជាខ្លាំង បន្ទាប់ពីបិទអស់រយៈពេលជាងពីរឆ្នាំកន្លងមក។
នៅតាមច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ នៅថ្ងៃទី៣០ ខែមេសា នាំគ្នាប្រុងប្រៀបបោសសម្អាតលាងជម្រះផ្លូវថ្នល់ ដើម្បីបើកទទួលឲ្យប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវអន្តរជាតិ បានធ្វើដំណើរចេញចូលដោយងាយ ចាប់ពីថ្ងៃទី១ ខែឧសភា តែត្រូវមានលិខិតឆ្លងដែនប៉ាស្ព័រ (Passport) ឬប័ណ្ណឆ្លងដែន (Border Pass) ភ្ជាប់ជាមួយប័ណ្ណចាក់វ៉ាក់សាំងទើបអាចឆ្លងដែនបាន។ ការបើកថ្ងៃដំបូងនេះ អាជ្ញាធរប្រទេសទាំងពីរ ក៏ត្រៀមកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ដែរ ដោយរំពឹងថា នឹងមានមនុស្សច្រើនឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។
បុគ្គលិកកាស៊ីណូក្រុងប៉ោយប៉ែត លោក យស រ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃ៣០ មេសានេះថា លោកសាទរចំពោះការបើកច្រកព្រំដែនឡើងវិញនេះ ព្រោះប្រជាពលរដ្ឋនៅប៉ោយប៉ែតនេះនឹងមានការងារធ្វើដូចធម្មតាវិញ។លោកបន្ថែមថា ក្រោយពីមានជំងឺកូវីដ-១៩មក នៅក្រុងប៉ោយប៉ែតនេះមានមនុស្សធ្វើដំណើរតិចតួចប៉ុណ្ណោះ មិនអ៊ូអរដូចពីមុនឡើយ ។ លោកបន្តថា នៅពេលឮថាបើកឲ្យចេញចូលវិញ ម្នាក់ៗមានចិត្តរីករាយ ហើយយល់ថា ប្រហែលស្ថានការណ៍កូវីដធូរស្រាលឡើងវិញ៖ «បាទ បើថាតាមអ្នកនៅតាមជាយដែននេះ តែគេបើកច្រកគឺមានចិត្តសប្បាយហើយ ព្រោះយើងអាចមានចំណូល ជាងកាលដែលមិនទាន់បើកអីចឹងណា»។
ចំណែកឯ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ក៏ស្វាគមន៍ចំពោះការបើកច្រកព្រំដែននេះដែរ។ លោកថា ការបិទព្រំដែនកន្លងមកនេះ វាមានផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដល់កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងអ្នកលក់ទំនិញខ្នាតតូច។ លោកឲ្យដឹងបន្ថែមថា ពេលគេបិទច្រកព្រំដែននោះ ឃើញថាប្រជាពលរដ្ឋខ្មែរមានផលលំបាកជាងប្រជាពលរដ្ឋថៃ ព្រោះខ្មែរយើងចូលទៅលក់ដូរនៅថៃច្រើន ហើយគាត់ចុះឡើងញឹកញាប់ធ្វើឲ្យបង់ថ្លៃធ្វើដំណើរច្រើនពេលឆ្លងដែន ដល់ឮថាស្អែកបើកផ្លូវបែបនេះពលរដ្ឋមានការត្រេកអរគ្រប់ៗគ្នា៖ «ប្រជាពលរដ្ឋនៅប៉ោយប៉ែតទីមួយស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចេញចូលរកទទួលទានទាំងអស់គ្នា ទាំងកម្មករអូសរទេះម៉ូតូឌុប ចង់និយាយថា ដឹកអីវ៉ាន់ចេញមកនៅច្រកហ្នឹង។ ចង់និយាយថា អ៊ីចឹង។ ហើយអាជីវករអីនឹងអាចចេញចូលតាមធម្មតាដូចមុនវិញ អាហ្នឹងជាសំណូមពររបស់ប្រជាពលរដ្ឋ បើសិនជាបើកទៅនៅមានកម្រិតគាត់នៅតែពិបាកដដែលហ្នឹង។សម្រាប់យើងមើលស្ថានភាពរយៈពេលកន្លងមកកម្មករអូសរទេះនេះគាត់មិនដែលប្រើប័ណ្ណឆ្លងព្រំដែននឹងទេ ភាសាអង់គ្លេសហៅថា បរដឺផាស (Border Pass)»។
វិទ្យុអាស៊ីសេរី បានទាក់ទងទៅអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បីសួរនាំអំពីរឿងនេះ តែលោក ប្រាប់ថា កំពុងជាប់ប្រជុំមិនអាចនិយាយបាន។
ប្រទេសថៃបានអនុញ្ញាតឲ្យមានភ្ញៀវបរទេសចេញចូលប្រទេសដោយមិនចាំបាច់ធ្វើតេស្តរកវីរុសកូវីដ-១៩ដូចពីមុនឡើយ គឺសុំឲ្យតែមានប័ណ្ណចាក់វ៉ាក់សាំងប៉ុណ្ណោះ។ សេចក្តីសម្រេចនេះគឺបានចេញដោយក្រសួងសុខាភិបាលថៃនៅថ្ងៃទី២២មេសាកន្លងទៅនេះ។ មជ្ឈមណ្ឌលបង្ការជំងឺឆ្លងប្រទេសថៃ ហៅកាត់ថា CCSA បានប្រជុំជាមួយផ្នែកត្រួតពិនិត្យជំងឺឆ្លង ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ថា សេចក្តីសម្រេចនេះ នឹងចូលជាធរមាននៅថ្ងៃទី០១ខែឧសភា២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។