ប្រជាកសិករមួយចំនួននៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ប្រឈមនឹងការបោះបង់មុខរបរចិញ្ចឹមសត្វគោ ដោយសារតែការនាំចូលសាច់បង្កកកើនឡើងធ្វើឱ្យតម្លៃសាច់គោនៅក្នុងស្រុកធ្លាក់ចុះ។ អ្នកជំនាញទទូចដល់អាជ្ញាធរពាក់ព័ន្ធថា គួរតែចាត់វិធានការច្បាប់លើការនាំចូលសាច់បង្កកខុសច្បាប់ ដើម្បីឱ្យកសិករមានលទ្ធភាពអាចរកប្រាក់ចំណូលចិញ្ចឹមជីវិត។
នៅចម្ងាយប្រមាណជិត៤០ (៣៩) គីឡូពីទីរួមខេត្តត្បូងឃ្មុំ តាមបណ្ដាញផ្លូវលេខ៧៣ ស្ថិតនៅស្រុកតំបែរ ភូមិតារាម ឃុំចុងជាច មានកសិករមួយចំនួននាំគ្នាចិញ្ចឹមគោ ដើម្បីរកប្រាក់កម្រៃដោះស្រាយជីវភាព។ ប៉ុន្តែ ការចិញ្ចឹមគោលក់នេះធ្វើឱ្យកសិករមួយចំនួនជំពាក់លុយធនាគារ គឺដោយសារតែតម្លៃធ្លាក់ចុះ និងការនាំចូលសាច់បង្កកពីប្រទេសជិតខាងមកលក់នៅលើទីផ្សារមានតម្លៃថោក។
ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគោនៅស្រុកតំបែរ ឃុំចុងជាច លោក ហ៊ត លាង ឱ្យវិទ្យុអាស៊ីសេរីដឹងថា បច្ចុប្បន្នកសិដ្ឋានរបស់លោកប្រឈមនឹងការបិទទ្វារដោយសារតែតម្លៃសាច់សត្វគោធ្លាក់ចុះ និងគ្មានទីផ្សារលក់ចេញ។ លោកបន្តថា មូលហេតុដែលសាច់សត្វគោធ្លាក់ចុះ គឺដោយសារតែការនាំចូលសាច់បង្កក ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសាច់គោក្នុងស្រុក។
លោក ហ៊ត លាង៖ «ខ្ញុំចាំមិនសូវដឹងទេ ប៉ុន្តែកត្តាខ្លាំងជាងគេ គឺមកពីសាច់បង្កកហ្នឹងហ្មងបានវាអ៊ីចឹងសាច់បង្កក ដូចថា សាច់ថោកជាងយើង សាច់គេលក់ ១ម៉ឺន ៦ពាន់រៀល មួយគីឡូដល់អ៊ីចឹង យើងអ្នកចិញ្ចឹមគោអត់មានអ្នកណាហូបទេគេហូបសាច់កញ្ចប់»។
ម្ចាស់កសិដ្ឋានរូបនេះ បន្ថែមថា លោកមិនចង់បោះបង់មុខរបរចិញ្ចឹមគោចោលនោះទេ ប៉ុន្តែ ដោយសារលោកខាតប្រាក់ក្នុងមួយថ្ងៃចំនួន ៣០០ដុល្លារ និងថ្លៃចំណាយទៅលើចំណីគោ ព្រមទាំងជួលកម្មករក្នុងមួយថ្ងៃ ៨លានរៀលផ្សេងទៀត។ បញ្ហានេះ ធ្វើឱ្យលោក និងកសិករមួយចំនួនទៀតគ្មានប្រាក់សម្រាប់បង្វិលទិញគោលក់ទៀតនោះទេ។
លោក ហ៊ត លាង៖ «ប៉ះពាល់ខ្លាំងវាបើយើងលក់អត់ដាច់យើងមានលុយណាបង្វិល បើយើងចិញ្ចឹមគោសាច់វិញ មួយថ្ងៃវាស៊ី ១ម៉ឺន ២ពាន់រៀលឡើងទៅ ហើយចុះគោ ៨០០ក្បាល? យើងគុណលុយទៅ ១ម៉ឺន ២ពាន់រៀល គុណ ៨០០ក្បាល ហើយដល់យើងវិលអាលក់ហ្នឹង អត់ទាន់គ្រប់ចំណី យើងពិបាកមែនទែនរាល់ថ្ងៃ»។
លោក ហ៊ត លាង ចាប់ផ្ដើមចាប់អាជីពចិញ្ចឹមគោតាំងពីឆ្នាំ២០១៣ រហូតមកទល់បច្ចុប្បន្ន គឺមានរយៈពេល ១១ឆ្នាំ ហើយកត្តាដែលជំរុញឱ្យលោកចង់ចិញ្ចឹមសត្វគោ ដោយសារលោកមើលឃើញពីតម្រូវការសាច់គោនៅស្រុក និងមានបំណងចងក្រងជាសហគមន៍ ដើម្បីប្រែក្លាយទៅជាស្រុកផ្គត់ផ្គង់សាច់គោនៅទូទាំងប្រទេស។ កសិកររូបនេះមានគោចំនួនជិត ១ពាន់ក្បាលនៅក្នុងក្រោល ហើយក្រៅពីចិញ្ចឹមសត្វគោហើយនោះ លោក ហ៊ត លាង ក៏ទទួលទិញសត្វគោ ក្របីពីកសិករនៅគ្រប់ខេត្តក្រុង ហើយបង្រៀនពីការព្យាបាលជំងឺសត្វគោ ការថែទាំ ការជ្រើសរើសចំណី និងការដាំស្មៅធ្វើជាចំណីគោជាដើម។
បើទោះជាតម្លៃសាច់សត្វគោរស់ចុះថោក ដោយក្នុង ១គីឡូតម្លៃ ៨ពាន់រៀល (៨.០០០) យ៉ាងណាក្ដី ក៏សាច់គោលក់នៅលើទីផ្សារនៅតែមានតម្លៃថ្លៃដដែល ពោលគឺ មានតម្លៃចន្លោះពី ៣ម៉ឺន ២ពាន់រៀល ដល់តម្លៃ ៣ម៉ឺន ៥ពាន់រៀល ទៅតាមប្រភេទសាច់គោ។
អាជីវករលក់សាច់គោនៅស្រុកពញាក្រែក លោកស្រី ទល័ក ម៉ារីយ៉ាស់ ដែលជាអតិថិជនរបស់លោក ហ៊ត លាង ថ្លែងថា លោកស្រីលក់សាច់គោមានតម្លៃចាប់ពី ៣ម៉ឺន ២ពាន់រៀល ដល់ ៣ម៉ឺន ៥ពាន់រៀល ។ លោកស្រីបន្តថា ពីមុនធ្លាប់លក់អស់ ១តោនក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន នៅសល់តែ ៧០០គីឡូប៉ុណ្ណោះ។ លោកស្រីបន្ថែមថា ដោយសារការនាំចូលសាច់ក្លាស្សេមានតម្លៃថោក ទើបធ្វើឱ្យសាច់គោលក់លេងដាច់ ហើយអតិថិជនមួយចំនួនងាយទៅទិញសាច់បង្កកបរិភោគវិញ។
លោកស្រី ទល័ក ម៉ារីយ៉ាស់៖ «បារម្ភម៉េចថា មិនបារម្ភ បារម្ភខ្លាំងណាស់ បារម្ភសាច់គោនាំចូលហ្នឹងគឺធ្ងន់ធ្ងរហ្មងប្រសិនជាអត់មានសាច់គោនាំចូលទេ ខាងកសិដ្ឋានក៏ដំណើរការល្អខាងចិញ្ចឹមគោក៏ល្អហាងឆេងក៏ល្អដល់ពេលសាច់គោនាំចូលឆ្នាំពេកអ៊ីចឹងបារម្ភទាំងយើងរកស៊ីបារម្ភខាងកសិដ្ឋានគេហ្នឹងដួល បារម្ភទាំងសុខភាពទៀត»។
សត្វគោដែលកសិករចិញ្ចឹមយកសាច់លក់ភាគច្រើនគឺជាគោខ្មែរ ឬគោទន្លេ ហើយគោប្រភេទនេះចិញ្ចឹមចន្លោះពី ២ខែ ទៅដល់ ៣ខែ អាចលក់ចេញបាន។ គោប្រភេទនេះស៊ីដំឡូងមី ស្មៅ និងកាកស្រាបៀរជាអាហារដោយលាយជាមួយចំណីគោម៉ាក ឌីខេ ១៤ (DK14) ដើម្បីធ្វើឱ្យគោធំធាត់សាច់ហាប់ណែនល្អ។ ក៏ប៉ុន្តែក្នុងការដាក់ចំណីចែកចេញជាពីរ ពោលគឺគោញីឱ្យស៊ីស្មៅ ឬដំឡូងមីលាយជាមួយចំណី ពីព្រោះគោញីភាគច្រើនគឺចិញ្ចឹមយកកូន។ រីឯគោឈ្មោលឱ្យស៊ីកាកស្រាបៀរលាយជាមួយចំណីដើម្បីឱ្យឆាប់លូតលាស់ និងឡើងសាច់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ លោក ហេង ពិសិទ្ធ និងអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ដើម្បីសុំការបកស្រាយជុំវិញតម្លៃគោធ្លាក់ចុះនេះបានទេ នៅថ្ងៃទី៦ ខែមករា ជុំវិញបញ្ហានេះអ្នកឯកទេសចិញ្ចឹមសត្វកម្ពុជា លោក រស់ ឆាំងគី មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើការនាំចូលសាច់បង្កកដោយខុសច្បាប់។ លោកបន្តថា ការនាំចូលសាច់បង្កកនេះធ្វើឱ្យប៉ះពាល់ដល់ទីផ្សារកសិករនៅក្នុងស្រុក និងធ្វើឱ្យពួកគាត់បាក់ទឹកចិត្តឈប់ចិញ្ចឹម។
លោក ជាម ច័ន្ទសោភ័ណ៖ «សម្រាប់ខ្ញុំផ្ទាល់សុំស្នើសុំទៅដល់ភាគីពាក់ព័ន្ធទាំងអស់ទាំងសាមីក្រសួង ទាំងអ្នកនាំចូលគួរតែពិនិត្យឱ្យបានមែនទែន ហើយយើងគួរតែមានគំនិតជាតិនិយមមួយលើកទឹកចិត្តដល់បងប្អូនអ្នកចិញ្ចឹម ដើម្បីកុំឱ្យគាត់ហ្នឹងបាក់ទឹកចិត្ត កុំឱ្យគាត់ខាតបង់ទៅលើការចិញ្ចឹម ហើយកាលណាបងប្អូននៅស្រុកគាត់ចិញ្ចឹមបានច្រើន វាធ្វើឱ្យចរន្តសេដ្ឋកិច្ចវិលមួយនៅពេលគាត់ចិញ្ចឹមបានកសិផល ក៏ដូចជាវត្ថុធាតុដើមក្នុងស្រុកគាត់ប្រមូលទិញយកមកផ្គត់ផ្គង់ក្នុងការចិញ្ចឹមរបស់គាត់»។
កន្លងទៅ បើទោះជារដ្ឋាភិបាល និងក្រសួងកសិកម្មអះអាងថា បានទប់ស្កាត់ការនាំចូលសាច់គោបង្កកពីប្រទេសជិតខាង និងគ្មានការនោះចូលក៏ដោយ ប៉ុន្តែកំណើន នៃការលួចនាំចូលសាច់គោខូចគុណភាពខុសច្បាប់ផ្សេងៗ នៅតែកើតមាន និងកាន់តែច្រើនជាងមុន ។ កាលពីពេលថ្មីៗ នេះ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានអនុញ្ញាតឱ្យមានការនាំចូលសាច់បង្កកឡើងវិញ ដែលសាច់បង្កកទាំងនោះនាំចូលពីប្រទេសអូស្ត្រាលី (Australia) អាមេរិក (USA) រុស្សី (Russia) ប្រេស៊ីល (Brazil ) ជប៉ុន (Japan) និងប្រទេសឥណ្ឌា (India)។ លោក គុណ ញឹម បញ្ជាក់ថា អ្នកនាំចូលសាច់បង្កកទាំងនោះ ត្រូវមានលិខិតអនុញ្ញាត ចេញដោយក្រសួងកសិកម្ម និងច្រកអន្តរជាតិទើបអាចនាំចូលសាច់បង្កកបាន។
ទោះជាយ៉ាងណាកាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០២៣ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប បានចុះបង្ក្រាបការលួចនាំចូល និងរក្សាទុកសាច់បង្កកចំនួន ១៣តោន នៅខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។ ក្នុងនោះការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធខេត្តត្បូងឃ្មុំ បានរកឃើញសាច់បង្កកចំនួន ១០តោន លួចនាំចូលពីប្រទេសវៀតណាម តាមរយៈរថយន្តបង្កកសាច់។ ជាងនេះទៀត កាលថ្ងៃទី៣១ តុលា ឆ្នាំ២០២៣ មន្ត្រីជំនាញ ក.ប.ប ក៏បានរកឃើញសាច់បង្កក ៣ពាន់ ៥រយ គីឡូក្រាមទៀត ក្រោយឆែកឆេរឃ្លាំងស្តុក និងចែកចាយសាច់បង្កកមួយកន្លែងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កសិករចិញ្ចឹមគោ និងសង្គមស៊ីវិល ជំរុញដល់រដ្ឋាភិបាល និងស្ថាប័នឱ្យពន្លឿនការដោះស្រាយបញ្ហាតម្លៃគោចុះថោក និងទប់ស្កាត់ការនាំចូលសាច់គោកកពីប្រទេសជិតខាង ហើយងាកមកលើកកម្ពស់កសិករចិញ្ចឹមគោលក្ខណៈគ្រួសារ និងសហគមន៍វិញ ដើម្បីឱ្យពួកគាត់មានជីវភាពរស់នៅសមរម្យ ព្រមទាំងផ្ដល់ឱកាសឱ្យពលរដ្ឋក្នុងសហគមន៍មានការងារធ្វើផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។