អ្នក​បរិស្ថាន​​បារម្ភ​ពី​​គម្រោង​ផលិត​អគ្គិសនី​ដុត​ធ្យូង​​ថ្ម ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន​​ និង​សង្គម​​កម្ពុជា

0:00 / 0:00

រដ្ឋាភិបាល​លោក ហ៊ុន សែន ទើបតែ​បាន​អនុម័ត​គម្រោង​អភិវឌ្ឍ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ចំនួន​ពីរ​កន្លែង ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ ដោយ​មួយ​មាន​ទីតាំង​នៅ​ខេត្ត​កោះកុង និង​មួយ​ទៀត​នៅ​ខេត្ត​ឧត្តរមានជ័យ។ អ្នក​ជំនាញ​ និង​សកម្មជន​​បរិស្ថាន​ព្រួយ​បារម្ភ​ពី​គម្រោង​ផលិត​អគ្គិសនី​​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​នេះ​ថា អាច​បង្ក​ផល​​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន និង​សង្គម​​ ច្រើន​ជាង​ផល​ចំណេញ។

អ្នក​តាម​ដាន​បញ្ហា​បរិស្ថាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ប្រញាប់​ប្រញាល់​ក្នុង​ការ​អនុម័ត​គម្រោង​អភិវឌ្ឍ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ពីរ​កន្លែង​ទៀត ទាំង​ដែល​គម្រោង​នោះ​មិន​ទាន់​មាន​ការ​វាយ​តម្លៃ​ហេតុ​​ប៉ះពាល់​បរិស្ថាន (EIA) បាន​ត្រឹម​ត្រូវ​នៅឡើយ។

អ្នក​ប្រឹក្សា​យោបល់​​ផ្នែក​អភិបាលកិច្ច​ធនធាន​ធម្មជាតិ និង​​បរិស្ថាន លោក ហែម ឧត្តម មាន​ប្រសាសន៍​ថា គម្រោង​រោងចក្រ​ថាមពល​ខ្នាត​ធំ​បែប​នេះ ត្រូវ​តែ​មាន​ការ​សិក្សា​ហេតុ​ប៉ះពាល់​​បរិស្ថាន​ជា​មុន ដើម្បី​​ឱ្យ​ការ​​​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​ត្រឹម​ត្រូវ និង​គ្រប់​​ជ្រុងជ្រោយ។ លោក​​ថា ជាគោល​ការណ៍​​ ការ​សិក្សា​ហេតុ​ប៉ះ​ពាល់​​បរិស្ថាន​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ឯករាជ្យ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រសួង​បរិស្ថាន ក៏​ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ករណី​ជាក់​ស្ដែង​នៅ​កម្ពុជា ​ក្រុមហ៊ុន​​ច្រើន​​តែ​ធ្វើ​​ការ​វាយ​​តម្លៃ​នេះ​ដោយ​ខ្លួន​​ឯង ហើយ​ករណី​ខ្លះ​​ទៀត​គម្រោង​វិនិយោគ​​របស់​​ក្រុមហ៊ុន​ចាប់​ផ្ដើម​​ដំណើរ​ការ​ទៅ​ហើយ ទើប​មាន​ការ​វាយ​​តម្លៃ​ហេតុ​ប៉ះពាល់​ជា​ក្រោយ៖ « នៅ​ក្នុង​​អនុក្រឹត្យ​​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (EIA) គេ​តម្រូវ​ឱ្យ​ធ្វើ​​ការ​​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដើម្បី​​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល ឱ្យ​ដឹង​ថា តើ​ទំហំ​ប៉ុណ្ណា វិសាល​ភាព​នៃ​ផល​​ប៉ះពាល់​ទៅ​លើ​បរិស្ថាន សត្វព្រៃ និង​​សង្គម​ ប្រជាពលរដ្ឋ​ហ្នឹង​ប៉ុនណា ដើម្បី​ឱ្យ​រាជ​រដ្ឋាភិបាល​យក​មក​ធ្វើការ​សម្រេច​ចិត្ត និង​​អនុម័ត។ ប៉ុន្តែ​ជាក់​ស្ដែង​ថ្មីៗ នេះ ការ​សម្រេច​ចិត្ត​បាន​ធ្វើ​ឡើង​ដោយ​យើង​អត់​ទាន់​ដឹង​ថា តើ​ការសិក្សា​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ហ្នឹង​វា​នៅ​កម្រិត​ណា »

ប្រតិកម្ម​របស់​អ្នក​ជំនាញ​នេះ ធ្វើ​​ឡើង​ក្រោយ​ពេល​​គណៈរដ្ឋ​មន្ត្រី​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ កុម្ភៈ បាន​អនុម័ត​គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​​ធ្យូង​ថ្ម​ចំនួន​​ពីរ​កន្លែង​ទៀត នៅ​ខេត្ត​​កោះកុង និង​ខេត្ត​ឧត្តរមានជ័យ បន្ថែម​លើ​រោងចក្រ​ដុតធ្យូងថ្ម៣ កន្លែង​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ក្នុង​​នោះ២ កំពុង​ដំណើរ​ការ​ផលិត​អគ្គិសនី និង​​មួយ​ទៀត​កំពុង​ដំណើរការ​សាងសង់។ គម្រោង​ថ្មីទាំង​ពីរ​នេះ មួយ​​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​ឧកញ៉ា គិត ម៉េង ដែល​ជា​អ្នក​​ជំនួញ​ស្និទ្ធ​នឹង​លោកនាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​​មួយ​​ទៀត​វិនិយោគ​ដោយ​ក្រុមហ៊ុន​ ហាន សេង ឃូល ម៉ាញ (HAN SENG COAL MINES Co., LTD) របស់​​ឧកញ៉ា វិញ ហួរ ដែល​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច។

ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឱ្យ​ដឹង​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នោះ​ថា ក្រុមហ៊ុន រ៉ួយ៉ាល់​គ្រុប របស់​លោក គិត​ ម៉េង ទទួល​បាន​​សិទ្ធិ​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម ៧០០មេហ្កាវ៉ាត់ នៅ​ក្នុង​ស្រុក​​បុទុមសាគរ ខេត្ត​កោះកុង។ ទំហំ​វិនិយោគ​​សរុប​នៅ​ក្នុង​​គម្រោង​នេះ គឺជាង១ ពាន់​​៣ រយ​លាន​ដុល្លារ​អាមេរិក (១៣៤៤) ក្នុង​នោះ​ទុន​ផ្ទាល់​របស់​​ក្រុមហ៊ុន​មាន៣០% និង​កម្ចី​ពី​ធនាគារ​មាន ៧០%។ ធ្យូង​ថ្ម​ដែល​ត្រូវ​ប្រើ​ក្នុង​រោងចក្រ​នៅ​ខេត្ត​កោះកុង​នេះ ត្រូវ​នាំ​ចូល​ពី​បរទេស ហើយ​អគ្គិសនី​កម្ពុជា​ធានា​ទិញ​ថាមពល ៨០% ដែល​​រោងចក្រ​នេះ​ផលិត​បាន ក្នុង​មួយឆ្នាំៗ។ រោងចក្រ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​​ដំណើរការ​នៅឆ្នាំ២០២៣ និង​២០២៤ ហើយ​ដំណើរការ​​អាជីវកម្ម​របស់​រោងចក្រ​អគ្គិសនី​នេះ មាន​​រយៈពេល ៣៥ឆ្នាំ។

ចំណែក​ឯ​ក្រុមហ៊ុន​ ហាន សេង ឃូល ម៉ាញ (HAN SENG COAL MINES Co., LTD) វិញ ត្រូវ​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម ដែល​ជីក​បាន​នៅ​​ក្នុង​​មូលដ្ឋាន​​ស្រុក​​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ក្នុង​ទំហំ ២៦៥​មេហ្កាវ៉ាត់ ហើយ​អគ្គិសនី​កម្ពុជា​ត្រូវ​ធានា​ទិញ​ថាមពល ៨៥% ដែល​រោងចក្រ​ផលិត​បាន ក្នុង​មួយឆ្នាំៗ។ រោងចក្រ​នៅ​ខេត្ត​​ឧត្តរមានជ័យ​នេះ មាន​ទំហំ​វិនិយោគ​សរុប ២៩៤​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ទុន​ផ្ទាល់​របស់​ក្រុមហ៊ុន​មាន ៣០% និង ៧០% ទៀត ជា​កម្ចី​​ពី​ធនាគារ។ រោងចក្រ​នេះ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២១ និង២០២២ ខាងមុខ ដោយ​​ដំណើរ​ការ​អាជីវកម្ម​មាន​រយៈពេល ២៥ឆ្នាំ។

គិត​ជា​សរុប​ទំហំ​វិនិយោគ​​​នៃ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ទាំង​ពីរ​នេះ មាន​ជាង ១ពាន់ ៦រយ​​លាន​ដុល្លារ​អាមេរិក ហើយ​រដ្ឋាភិបាល​រំពឹង​ថា រោងចក្រ​ទាំងពីរ​នឹង​អាច​ផលិត​អគ្គិសនី​​បាន​ជិត ១ពាន់​មេហ្កាវ៉ាត់។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​​សម្រេច​លើក​លែង​ពន្ធ​នាំ​ចូល​គ្រឿងចក្រ គ្រឿងម៉ាស៊ីន ឧបករណ៍ និង​សម្ភារៈ​នានា សម្រាប់​ការ​សាងសង់​ក្នុង​រយៈពេល​សាងសង់ និង​ឆ្នាំទី១ នៃ​ប្រតិបត្តិការ​អាជីវកម្ម ជាពិសេស​លើ​ក​​លែង​ពន្ធ​លើ​ប្រាក់​ចំណូល​រយៈ​ពេល ៩ឆ្នាំ ចាប់​ពី​ថ្ងៃ​ប្រតិបត្តិការ​អាជីវកម្ម ហើយ​ព្រម​ទាំង​ផ្ដល់​លក្ខខណ្ឌ​អនុគ្រោះ​ជា​ច្រើន​ទៀត​ដល់​ក្រុមហ៊ុន។ ក៏​ប៉ុន្តែ ជាមួយ​​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​​អនុវត្ត​តាម​ច្បាប់ និង​បំពេញ​​លក្ខខណ្ឌ​ដទៃ​ទៀត ពាក់ព័ន្ធ​នឹង​រឿង​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិស្ថាន​ផង​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ស្ថាបនិក​​ចលនា​​មាតា​ធម្មជាតិ និង​ជា​សកម្មជន​​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) យល់​ថា គម្រោង​ផលិត​​អគ្គិសនី​​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​នេះ ក៏​ដូច​ជា គម្រោង​ទំនប់​​វារីអគ្គិសនី​នា​ពេល​​កន្លងទៅ​ដែរ គឺ​ធ្វើ​ឡើង​ដោយ​​គ្មាន​តម្លាភាព។ លោក​ពន្យល់​ថា គម្រោង​ដែល​គ្មាន​​តម្លាភាព​ប្រភេទ​នេះ នឹង​បើក​ផ្លូវ​ឱ្យ​​មាន​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​ការ​នាំចូល​​វត្ថុធាតុដើម ការ​ដេញ​​ថ្លៃ និង​ចំណូល​ដែល​​រដ្ឋ​ទទួល​​បាន​ ពី​ព្រោះ​ម្ចាស់​ក្រុមហ៊ុន​​វិនិយោគ​ទាំង​នោះ​សុទ្ធ​តែ​​មាន​ទំនាក់ទំនង​​​ជិត​ស្និទ្ធ​នឹង​ក្រុម​អ្នក​កាន់​អំណាច ។ ម្យ៉ាង​វិញ​ទៀត លោក​បារម្ភ​ថា រោងចក្រ​ផលិត​អគ្គិសនី​​នេះ អាច​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​បរិស្ថាន​​ និង​ជីវិត​មនុស្ស​​សត្វ ដោយ​​សារ​តែ​​ធ្យូង​ថ្ម​នឹង​​បញ្ចេញ​សារធាតុ​ពុល​​ខ្ពស់​ចូល​ទៅ​ក្នុង​​បរិយាកាស « ធ្យូងថ្ម​ហ្នឹង​វា​អាច​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​ដូចជា តម្លៃ​នៃ​ធ្យូង​ថ្ម​ដែល​យើង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ វា​ថ្លៃ​ពេក ធ្វើ​ឱ្យ​យើង​រត់​មិន​រួច វា​អត់​ចំណេញ​ទេ ឬក៏​លក់​អគ្គិសនី​​ដោយ​ថ្លៃ។ ចំណុច​ទីពីរ​ នៅ​ពេល​ដែល​សាងសង់​កន្លែង​ធ្យូង​ថ្ម​ហ្នឹង​ប្រហែល​ជា​អត់​ចាំបាច់​ជម្លៀស​ប្រជាជន​ អត់​ចាំបាច់​កាប់​ឈើ អត់​ចាំបាច់​ធ្វើ​វារី​អគ្គិសនី​មែន ក៏​​ប៉ុន្តែ​បន្ទាប់​ពី​យើង​ចាប់​​ផ្ដើម​ផលិត​អគ្គិសនី​ហ្នឹង វា​មាន​ផល​ប៉ះពាល់​ពីរ​ចំណុច។ ចំណុច​ទី​មួយ សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដោយសារ​គេ​នឹង​ទទួល​​ផ្សែង​ពុល ហើយ​ទី​ពីរ ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ធ្យូង​ថ្ម​រួម​ចំណែក​យ៉ាង​ខ្លាំង​ទៅលើ​បម្រែបម្រួល​អាកាសធាតុ​ជា​សាកល »

លោក អាឡិច សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​​ធ្វើ​​​ផ្ទុយ​ពី​និន្នាការ​ពិភពលោក ព្រោះ​សហគមន៍​អន្តរជាតិ​កំពុង​រួម​គ្នា​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ធ្យូង​ថ្ម ឬ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​សាយ​ភាយ​ឧស្ម័ន​កាបូនិច ដើម្បី​ការពារ​ភពផែន​ដី ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន ​​អនុវត្ត​​គម្រោង​ផលិត​អគ្គិសនី​ដោយ​ធ្យូង​ថ្ម​ទៅ​វិញ។ លោក​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​​បង្ហាញ​តម្លាភាព ចំពោះ​គម្រោង​វិនិយោគ​នេះ និង​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជា​សាធារណៈ « យើង​ឃើញ​ថា ប្រទេស​មួយ​ចំនួន​ធំ​ចាប់​ផ្ដើម​​ថយ​ខ្លាំង​មែន​ទែន​រឿង​ផលិត​​អគ្គិសនី​ដោយ​ធ្យូង​ថ្ម ដោយសារ​គេ​យល់​ថា បើ​យើង​ចង់​កាត់​បន្ថយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ យើង​ត្រូវ​តែ​កាត់​បន្ថយ​ឱ្យ​អស់​ពី​លទ្ធភាព​នូវ​ការ​ផលិត​អគ្គិសនី​ដោយ​ពឹង​លើ​ធ្យូង​ថ្ម។ ប៉ុន្តែ​ឃើញ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​កាត់​បន្ថយ​ទេ គឺ​ចាប់​ផ្ដើម​ដូច​ជា​ផ្ដោត​ស្ទើរ​តែ​ទាំងស្រុង​ទៅលើ​​ថាមពល​មួយ​នេះ ដែល​ប្រទេស​មួយ​ចំនួន​​គេ​ចាត់​ទុក​ថា ជា​ថាមពល​កខ្វក់ ថាមពល​ដែល​ប៉ះពាល់​​លើ​បរិស្ថាន »

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​កម្ពុជា លោក ផៃ ស៊ីផាន បដិសេធ​មិន​បកស្រាយ​បន្ថែម​អំពី​គម្រោង​រោងចក្រ​​អគ្គិសនី​ដុត​ធ្យូង​ថ្ម​នេះ​ទេ ដោយ​លោក​បង្វែរ​​ឱ្យ​ទៅ​សួរ​ក្រសួង​ជំនាញ​​វិញ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​​បំភ្លឺ​រឿង​នេះ​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក វិចទ័រ ហ្សូនា ជាច្រើន​ដង​តាម​ទូរស័ព្ទ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ដោយឡែក អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា វិញ ថ្លែង​ថា ក្រសួង​អរគុណ​ចំពោះ​មតិ​​ព្រួយ​បារម្ភ​របស់​ក្រុម​អ្នក​តាម​ដាន​​បញ្ហា​បរិស្ថាន​ជុំវិញ​គម្រោង​ទាំង​នេះ​។ ​លោក​បញ្ជាក់​ថា គម្រោង​នេះ​ទើប​តែ​មាន​ការ​ឯកភាព​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល ដូច្នេះ​មិន​ទាន់​មាន​ការ​សិក្សា​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅឡើយ​ទេ។ លោក​អះអាង​ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​បំពេញ​ការងារ​តាម​ជំនាញ​របស់​ខ្លួន​ដើម្បី​ចៀសវាង​ផល​វិបាក​ផ្សេងៗ៖« រាល់​គម្រោង​សាងសង់​ទាំងអស់ មិន​​ថា​គម្រោង​ណា ឬ​គម្រោង​ណា​ទេ គឺ​ត្រូវ​ឆ្លង​កាត់​ការ​​វាយ​តម្លៃ​លើ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម​ជាមុន​សិន ដែល​នៅ​ក្នុង​របាយការណ៍​វាយ​តម្លៃ​នោះ គឺ​នឹង​បញ្ជាក់​​លម្អិត​អំពី​​វិធានការ​នានា ដើម្បី​ធ្វើ​ឱ្យ​គម្រោង​មាន​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​តិច​តួច​បំផុត ហើយ​ប្រសិនបើ​យើង​អាច​ចៀស​ផុត​ពី​ការ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ធ្ងន់ធ្ងរ​នោះ គឺ​កាន់​តែ​ល្អ​ថែ​ម​ទៀត »

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​អះអាង​ថា គម្រោង​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម​នេះ​មាន​ភាព​ចាំបាច់​ ដើម្បី​ធានា​សុវត្ថិភាព និង​​សន្តិសុខ​នៃ​​ការ​​ផ្គត់ផ្គង់​​អគ្គិសនី​នៅ​កម្ពុជា ពី​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៤ ខាង​មុខ ជា​ពិសេស ធានា​ស្ថិរភាព​ផ្គត់ផ្គង់​​អគ្គិសនី​នៅ​រដូវ​ប្រាំង ដែល​វារី​អគ្គិសនី​មួយ​ភាគ​ធំ​ពុំ​មាន​លទ្ធភាព​ផលិត​អគ្គិសនី​​បាន​​ច្រើន​តាម​​តម្រូវ​ការ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ប្រឹក្សា​យោបល់​​ផ្នែក​អភិបាល​​កិច្ច​ធនធាន​ធម្មជាតិ និង​​បរិស្ថាន លោក ហែម ឧត្តម យល់​​ថា ការ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម មិន​មែន​ជា​ការ​វិនិយោគ​ឆ្លាត​វៃ​លើ​វិស័យ​ថាមពល​ក្នុង​រយៈពេល​​វែង​នោះ​ទេ ដោយ​សារ​តែ​កត្តា​តម្លៃ​វត្ថុធាតុ​ដើម និង​ផល​ប៉ះពាល់​ទៅលើ​​បរិស្ថាន និង​សង្គម​​។ លោក​ស្នើ​ឱ្យ​​រដ្ឋាភិបាល​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​ផល​​ប៉ះពាល់ ជា​ពិសេស ទៅ​លើ​សុខភាព​របស់​ប្រជាពលរដ្ឋ ជាជាង​​ការ​ផ្ដោត​សំខាន់​ទៅលើ​តែ​ផល​ចំណេញ​ពី​រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ធ្យូងថ្ម​នេះ៖ « បើ​យើង​និយាយ​អំពី​ផល​​ចំណេញ​ជា​សេដ្ឋកិច្ច ហើយ​និង​ផល​​ប៉ះពាល់​​​សុខភាព និង​​បរិស្ថាន​ ឬក៏​ខ្យល់​អាកាស​នោះ ខ្ញុំ​អត់​ដឹង​ថា វា​អាច​ទូទាត់​គ្នា​បាន​យ៉ាង​ដូច​ម្ដេច​ទេ ព្រោះ​មួយ​​ជា​ជីវិត​មនុស្ស ហើយ​មួយទៀត​ជា​ភាព​រីក​ចម្រើន​នៃ​​សេដ្ឋកិច្ច។ ​​នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​គិត​គូរ​ឱ្យ​បាន​​ដិត​ដល់។ មួយ​​វិញ​​ទៀត ទាក់ទង​នឹង​ទិដ្ឋភាព​នៃ​ការ​វិនិយោគ។ នៅ​ក្នុង​ការ​វិនិយោគ​ថាមពល​ធ្យូង​ថ្ម​នេះ តម្លៃ​វា​កំពុង​តែ​កើន​​ឡើង សូម្បី​តែ​ប្រៀប​ធៀប​ជាមួយ​ទំនប់​វារីអគ្គិសនី ក៏​អគ្គិសនី​ចេញ​ពីទំនប់​ហ្នឹង​វា​ចាប់​ផ្ដើម​ថយ​ចុះ ( តម្លៃ ) ។ បើ​យើង​ប្រៀប​ធៀប​ជាមួយ​ថាមពល​កើត​ឡើង​វិញ ដូច​ជា សូឡា ខ្យល់ ឬ​ជីវម៉ាស់ ក៏​តម្លៃ​ទាំងអស់​នោះ​ចាប់​ផ្ដើម​ថយ​ចុះ ស្រប​ពេល​ដែល​តម្លៃ​របស់​ធ្យូង​ថ្ម​នេះ​វា​កើន​ឡើង។ នេះ​ជា​លក្ខណៈ​សាកល​លោក​តែ​ម្តង ហើយ​យើង​គិត​មើល៣៥ ឆ្នាំ បច្ចេកវិទ្យា​ថ្មីៗ រីក​ចម្រើន​ជា​រៀង​រាល់​ថ្ងៃ មិន​​អ៊ីចឹង ? អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​​យើង​វិនិយោគ​រយៈពេល​វែង​នេះ យើង​នឹង​ខាត​ ព្រោះ​តម្លៃ​ដែល​​យើង​ឯកភាព​ជាមួយ​ក្រុមហ៊ុន​ឱ្យ EDC ( អគ្គិសនី​កម្ពុជា ) ទិញ​យក​នោះ គឺ​តម្លៃ​ថេរ​រហូត រហូត​ដល់ប្រមាណ៣៥ ឆ្នាំ​អ៊ីចឹង​ទៅ »

ទិន្នន័យ​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA)​ កាល​​ពី​សប្ដាហ៍​មុន បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ២០១៩ កន្លងទៅ ​​ការ​សាយ​ភាយ​​ឧស្ម័ន​​កាបូនិច​​ទៅ​ក្នុង​បរិយាកាស​នៅ​​តំបន់​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ដល់​ទៅ១២% ដោយ​សារ​តែ​ប្រទេស​​ជាច្រើន​​នៅ​ក្នុង​សហភាព​អឺរ៉ុប​​​​បាន​បង្កើន​​និន្នាការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​​ឧស្ម័ន​​ធម្មជាតិ ​​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ថាមពល​បាន​មក​ពី​ធ្យូង​ថ្ម។ ចំណែក ការ​​សាយ​ភាយ​ឧស្ម័ន​កាបូនិច​ចេញ​ពី​ការ​ប្រើ​ធ្យូង​ថ្ម​នៅ​លើ​ពិភពលោក​​វិញ បាន​​ថយ​ចុះ​ប្រមាណ ២០០លាន​តោន ឬ ១,៣% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៨។ នេះ​គឺ​ដោយ​សារ​ក្រុម​​ប្រទេស ដែល​មាន​​សេដ្ឋកិច្ច​ជឿន​លឿន បាន​នាំ​គ្នា​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធ្យូង​ថ្ម​ជា​ប្រភព​ផលិត​អគ្គិសនី ដើម្បី​កាត់​បន្ថយ​ការ​​សាយ​ភាយ​ឧស្ម័ន​កាបូនិច​ទៅ​ក្នុង​បរិយាកាស​ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឱ្យ​ភព​ផែន​ដី​ឡើង​កម្ដៅ។

អគ្គលេខាធិការ​​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (Antonio Guterres) បាន​មាន​​ប្រសាសន៍​នៅ​ក្នុ​ង​កិច្ច​​ប្រជុំ​​កំពូល​អាស៊ាន​កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០១៩ នៅ​ទីក្រុង​បាងកក ថា លោក​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​អនាគត​នៃ​រោងចក្រ​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ថ្មីៗ ជា​​ច្រើន​នៅ​លើ​​ពិភពលោក ក្នុង​​នោះ​ក៏​រួម​មាន​ទាំង​ប្រទេស​មួយ​ចំនួន​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។ លោក​អំពាវនាវ​ដល់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឱ្យ​​ធ្វើ​ជា​គំរូ​​​ក្នុង​ការ​​គិត​ថ្លៃ​កាបូន (Carbon Pricing) បញ្ឈប់​ការ​ឧបត្ថម្ភ​ធនធាន​លើ​គម្រោង​ឥន្ធនៈ​ហ្វូស៊ីល (Fossil Fuels) ព្រម​ទាំង​បញ្ឈប់​​ការ​ស្ថាបនា​រោងចក្រ​អគ្គិសនី​​ដើរ​ដោយ​​ថាមពល​ធ្យូង​ថ្ម ដើម្បី​ទប់​ស្កាត់​ការ​ប្រែប្រួល​​អាកាសធាតុ និង​​ថែរក្សា​ទីកន្លែង​ដ៏​ស្រស់​ស្អាត​​ទាំងឡាយ​នៅ​លើ​ពិភពលោក ​ទុក​ជា​កេរដំណែល​​​សម្រាប់​មនុស្ស​ជាតិ​ជំនាន់​ក្រោយ​ជា​រៀង​ដរាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។