គណៈកម្មការ​អឺរ៉ុប អំពាវនាវ​ជាថ្មី​ឲ្យ​កម្ពុជា​ផ្សះផ្សា​ជាតិ​ឡើងវិញ​ដើម្បី​ធានា​ការគោរព​សិទ្ធិ​ចូលរួម​ក្នុង​ឆាក​នយោបាយ

0:00 / 0:00

គណៈកម្មការ​អឺរ៉ុប សម្ដែង​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​​យ៉ាង​ធ្ងន់ធ្ងរ​ប្រព្រឹត្តិ​ដោយ​អាជ្ញាធរ​កម្ពុជា មក​លើ​សំឡេង​រិះគន់។ ជា​ថ្មី​ម្ដង​ទៀត គណៈកម្មការ​អឺរ៉ុប នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ភាគី​រដ្ឋាភិបាល​កម្ពុជា ផ្ដួចផ្ដើម​ឲ្យ​មាន​នូវ​ដំណើរការ​ផ្សះផ្សា​ជាតិ​ឡើងវិញ​ដើម្បី​ធានា​នូវ​ការ​គោរព​សិទ្ធិ​ចូលរួម​ក្នុង​ឆាក​នយោបាយ។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច អះអាង​ដាច់​ណាត់​ថា គណបក្ស​នេះ នឹង​មិន​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង «ខុស​ច្បាប់» ឡើយ។

ការ​ជំរុញ​ឲ្យ​ភាគី​រដ្ឋាភិបាល​កម្ពុជា ផ្ដួចផ្ដើម​ឲ្យ​មាន​នូវ​ដំណើរការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សារ​អេឡិចត្រូនិក​ឆ្លើយតប​នឹង​សំណួរ​របស់ អាស៊ី​សេរី កាល​ពី​ថ្ងៃទី១៥ មករា។ ការ​ជំរុញ​នេះ ក៏​កើត​មាន​ឡើង​ស្រប​ពេល​ដែល​តុលាការ​កម្ពុជា កំពុង​ដំណើរការ​កាត់​ក្ដី​លើ​សំណុំ​រឿង​ប្រឆាំង​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង សរុប​មិន​តិច​ជាង ១០០នាក់ ដែល​មកទល់​ពេល​នេះ នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ។

ប្រភព​ពី​គណៈកម្មការ​អឺរ៉ុប គូស​បញ្ជាក់​ថា ការ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ជាពិសេស​ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ និង​សម្ដែង​មតិ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នោះ កំពុង​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ សហភាព​អឺរ៉ុប កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ចំពោះ​ដំណើរការ​កាត់​ក្ដី​មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ​សម្បើម​ក្នុង​ពេល​តែមួយ​របស់​តុលាការ​កម្ពុជា ប្រឆាំង​នឹង​សមាជិក សកម្មជន និង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ព្រមទាំង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ គណៈកម្មការ​អឺរ៉ុប​ថា ខ្លួន​មាន​កង្វល់​អំពី​អ្វីមួយ​ដែល​ទំនង​ដូចជា​ការ​ខ្វះ​នូវ​មូលដ្ឋាន​ច្បាប់​សម្រាប់​ការ​កាត់​ក្ដី​ទាំងនេះ និង​ការរំលោភ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ។ ប្រភព​ដដែល​បន្ត​ថា តាម​រយៈ​យន្តការ​ពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា​ជុំវិញ​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ» ឬ EBA សហភាព​អឺរ៉ុប នៅតែ​បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ផ្ដួចផ្ដើម​ឲ្យ​មាន​នូវ​ដំណើរការ​ផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ច​សន្ទនា​នយោបាយ​ពិតប្រាកដ និង​ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ថា មាន​ការ​គោរព​នូវ​សិទ្ធិ​ចូលរួម​ក្នុង​ឆាក​នយោបាយ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ហៅ​ការ​ជំរុញ​របស់​គណៈកម្មការ​អឺរ៉ុប​នេះ ថា​ជា «សម្ពាធ» របស់​ក្រុម​ប្រទេស​លោកសេរី។ លោក​ថា នេះ​គឺ​ជា​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ងាក​មក​គោរព​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​ការចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ ជាពិសេស គឺ​មិន​អាច​ជៀស​ផុត​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាង​គេ​នោះ​បាន​ឡើយ៖ « អ្វី​ដែល​ខ្ញុំ​កំពុង​តែ​និយាយ​គឺ​សម្ពាធ​មក​លើ ហ៊ុន សែន កាន់តែ​ខ្លាំង។ សម្ពាធ​សេដ្ឋកិច្ច​ដែល​ខ្ញុំ​កំពុង​តែ​និយាយ​អម្បាញ់មិញ​ដែរ​នោះ គឺ​ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ ហ៊ុន សែន ឆ្លេឆ្លា​ត្រូវការ​ជំនួយ​លោកសេរី ប៉ុន្តែ ទៅ​ធ្វើ​រណប​ចិន។ ដល់​ធ្វើ​រណប​ចិនៗ អត់​ជួយ។ ចិន​អត់​មាន​មធ្យោបាយ​ជួយ ត្រូវ​បែរ​មក​លោក​សេរី​វិញ។ ឥឡូវ​បែរ​មក​លោក​សេរី​វិញៗ ដាក់​លក្ខខណ្ឌ។ លោកសេរី​ដែល​គេ​និយាយ​អម្បាញ់មិញ​ថា ត្រូវ​តែ​ផ្សះផ្សា​ជាតិ ត្រូវ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ចូលរួម​ជជែក​គ្នា អា​ហ្នុង​គេ​ដាក់​លក្ខខណ្ឌ​ហើយ​ ថាបើ​ចង់​បាន​ជំនួយ​ពី​គេ ត្រូវ​តែ​ទទួល​ស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ បោះឆ្នោត​ឡើងវិញ »

សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ដែល​លោក សម រង្ស៊ី តែង​សង្ឃឹម​នេះ មិន​ត្រូវ​បាន​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បន្ទន់​ជំហរ​ឡើយ។ លោក សុខ ឥសាន បញ្ជាក់​ប្រាប់​ អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​ទី១៩ មករា នូវ​ជំហរ​ដាច់​ណាត់​របស់​គណបក្ស​កាន់​អំណាច​ថា គណបក្ស​នេះ​នឹង​មិន​ចរចា​ជាមួយ​នឹង​អ្វីមួយ​ដែល​លោក​ហៅថា​ជា​គណបក្ស «ខុសច្បាប់» ឬ «ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់» នោះ​ឡើយ៖ « គណបក្ស​ប្រជាជន​ អត់មាន​ចង្អៀត​ចង្អល់​ចំពោះ​ការពិភាក្សា​នយោបាយ​ សម្របសម្រួល​នយោបាយ​ជាមួយ​គណបក្ស​ដែល​ស្រប​ច្បាប់​នោះ​ទេ។ តែ​ចំពោះ​គណបក្ស​ដែល​អត់​ស្រប​ច្បាប់​ទេ អា​ហ្នុង​មិន​អាច​ធ្វើការ​ជាមួយ​អ្នក​ដែល​អត់​ស្រប​ច្បាប់​បានទេ។ ដូច​បញ្ហា​សំខាន់​ដែល​ប្អូន​លើកឡើង​អំពី​បញ្ហា​អតីត​បក្ស​សង្គ្រោះ​ជាតិ​ហ្នុង មិនមែន​ជា​បក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ វា​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​រួច​ទៅ​ហើយ។ អ៊ីចឹង​ទេ មិន​អាច​រាជរដ្ឋាភិបាល​ស្របច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​ដែល​ឯករាជ្យ​ មាន​អធិបតេយ្យភាព មាន​បូរណភាព​ទឹកដី មាន​ប្រជាជន​ ១៦លាន​នាក់​ទូទាំង​ប្រទេស​គាំទ្រ​ មិន​អាច​ទៅ​ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​កំពុង​រត់គេច​ខ្លួន​នៅ​បរទេស​ ហើយ​ធ្វើ​សកម្មភាព​វិច្ឆេទកម្ម​គ្រប់បែប​យ៉ាង​ដើម្បី​បំផ្លាញ​សន្តិភាព​ ស្ថិរភាព​នយោបាយ និង​សេចក្ដី​សុខ​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ជា​ដាច់ខាត »

សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២០ បាន​ចាប់​ផ្ដើម​អនុវត្ត​ជា​ផ្លូវការ​ការ​គិត​ពន្ធ​ពី​កម្ពុជា ក្រោយ​គណៈកម្មការ​អឺរ៉ុប បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ដោយសារ​រក​ឃើញ​ថា មាន​ការរំលោភ​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កើត​មាន​ឡើង​ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ផ្ទួនៗ។ ជាក់​ស្ដែង ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយសារ​ការ​រាតត្បាត​ជាសាកល​នូវ​ជំងឺ​កូវីដ-១៩ និង​ការ​ដាក់​ឈ្មោះ​កម្ពុជា​ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​ដោយ​សហភាព​អឺរ៉ុប។ ទន្ទឹម​នឹង​នេះ កាល​ពី​ដំណាច់​ឆ្នាំ២០២០ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក ដែល​អាច​ឲ្យ​កម្ពុជា​ចំណេញ​ជិត ២០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ការ​មិន​គិត​ពន្ធ ក៏​ត្រូវ​ផុត​សុពលភាព ខណៈ​ការ​បន្ត​ផ្តល់​សុពលភាព​នូវ​ប្រព័ន្ធ​នេះ​ឲ្យ​ដល់​កម្ពុជា កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅឡើយ​ក្រោម​រដ្ឋបាល​ថ្មី​របស់​លោក​ប្រធានាធិបតី ចូហ៍ បៃឌិន (Joe Baiden)។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក សៀង ថៃ ពន្យល់​ប្រាប់​អាស៊ី​សេរី តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា ក្រសួង​ពាណិជ្ជកម្ម នៅ​មិនទាន់​អាច​វាយតម្លៃ​អំពី​ទំហំ​ប្រាក់​ពន្ធ​សរុប​ក្នុងរយៈពេល​៥ខែ​ចុងក្រោយ​ដែល​កម្ពុជា​ត្រូវ​បង់​ទៅ​ឲ្យ​សហភាព​អឺរ៉ុប ក្រោយ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% នេះ បាន​នៅ​ឡើយ​ទេ។ លោក​ថា លោក​កំពុង​សុំ​ឲ្យ​អ្នក​ជំនាញ​រក​តួលេខ​ផ្លូវការ​មក​ពិនិត្យ​ ព្រោះ​ក្រសួង​ពាណិជ្ជកម្ម​មិនមែន​ជា​អ្នក​កត់ត្រា​តួលេខ​នាំចេញ-នាំចូល​នោះ​ទេ។

អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត សេង សារី ហៅ​ការ​រឹង​ទទឹង​មិនព្រម​ចរចា​ត្រូវរ៉ូវ​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ រហូត​ដល់​ត្រូវ​គណៈកម្មការ​អឺរ៉ុប ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ​ថា គឺ​ជា​រឿង «អាម៉ាស់» មួយ​សម្រាប់​កម្ពុជា៖ « វា​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​អាម៉ាស់​មែនទែន​សម្រាប់​កម្ពុជា ដែល​ផ្ទៃក្នុង​គ្រួសារ​ខ្លួនឯង​សោះ ធ្វើឲ្យ​អ្នកដទៃ​ស្នើសុំ​ឲ្យ​ឈប់​ឈ្លោះ​គ្នា​នោះ។ វា​មិនមែន​ជា​លើក​ទី​មួយ​ទេ។ កន្លងមក យើង​ឃើញ​ថា ក្នុង​ឆ្នាំ១៩៩១ ក៏​ជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អឺរ៉ុប​ដើម្បី​ឲ្យ​មាន​ការផ្សះផ្សា ដើម្បី​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម និង​ធ្វើ​ឲ្យ​មាន​សន្តិភាព​នៅ​កម្ពុជា​ដែរ។ ម្តង​នេះ​ទៀត យើង​ឃើញ​ថា អឺរ៉ុប ក៏​ប្រឹងប្រែង​ប្រើប្រាស់​តាំងពី​វិធី​ការ​ទូត រហូត​ដល់​ប្រើប្រាស់​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បី​ក្នុង​គោលបំណង​តែ​មួយ ដូច​កាលពី​ឆ្នាំ១៩៩១ ដែរ ដើម្បី​ឲ្យ​កម្ពុជា​ត្រឡប់​មក​មាន​ការចរចា​ផ្នែក​នយោបាយ​ឡើង​វិញ »

បណ្ឌិត សេង សារី ព្រមាន​ថា ការ​ធ្វើ​នយោបាយ​របស់​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន​នេះ នឹង​ក្លាយ​ជា​គម្រូ​អាក្រក់​មួយ​សម្រាប់​អនាគត​អ្នកនយោបាយ​ជំនាន់​ថ្មី ស្រប​ពេល​ដែល​ការ​បែកបាក់​ជាតិ​ក៏​កាន់​តែ​កើតមាន​ឡើង​កាន់តែ​ធ្ងន់ធ្ងរ៖ « សម្រាប់​អ្នកដឹកនាំ​ជំនាន់​ថ្មី គឺ​អាច​ក្លាយ​ទៅ​ជា​គំរូ​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​ជំនាន់​ថ្មី គាត់​មើល​ឃើញ​ពី​របៀប​របប​ធ្វើ​នយោបាយ ដែល​មិន​ចេះ​ចូល​តុ​ចរចា​និយាយ​គ្នា។ ស្ថានភាព​កម្ពុជា បើ​សិន​ជា​មាន​អ្នក​នយោបាយ​ជំនាន់​ថ្មី​ទទួល​ឥទ្ធិពល​ពី​របៀប​ធ្វើ​នយោបាយ​បច្ចុប្បន្ន​នេះ វា​ធ្វើ​ឲ្យ​ស្ថានភាព​កម្ពុជា​ វា​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ ... ។ បើ​សិន​ជា​ស្ថានភាព​នយោបាយ​មាន​ស្ថានភាព​មិនទៅ​មុខ​ដូច្នេះ ក៏​ស្ថានភាព​សេដ្ឋកិច្ច ហើយ​នឹង​វិស័យ​ផ្សេងៗ​ក៏​ទៅ​ដោយ​ពិបាក​ដែរ ដោយសារ​តែ​យើង​ដឹង​ថា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា មិនមែន​ជា​សេដ្ឋកិច្ច​ដែល​មាន​ភាព​ឯករាជ្យ​ទេ។ វា​ជា​សេដ្ឋកិច្ច​ដែល​ពឹង​ទៅ​លើ​ដង្ហើម​សេដ្ឋកិច្ច​របស់​អ្នក​ដទៃ »

ជុំវិញ​ការ​បរាជ័យ​របស់​អ្នក​នយោបាយ​ខ្មែរ​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ខ្លួន​ឯង​នេះ គណៈកម្មការ​អឺរ៉ុប គូស​បញ្ជាក់​ថា វា​ជា​ការ​ឆាប់​រហ័ស​ពេក​ក្នុង​ការ​និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ដក​ប្រព័ន្ធ EBA ២០% នេះ និង​ថា​តើ​គណៈកម្មការ​អឺរ៉ុប អាច​នឹង​ឈាន​ទៅ​ពិចារណា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​នៅ​សេសសល់ ៨០% ទៀត​ឬ​យ៉ាងណា​នោះ។ សហភាព​អឺរ៉ុប ថា ខ្លួន​នឹង​នៅ​តែ​បន្ត​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​យ៉ាង​ដិតដល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​នូវ​ដំណើរ​វិវឌ្ឍន៍​ចាំបាច់​នានា។ យ៉ាងណា គណៈកម្មការ​អឺរ៉ុប សង្កត់​ធ្ងន់​ថា ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ទទួល​បាន​មកវិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង និង​ការធានា​ឲ្យបាន​នូវ​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​អាស្រ័យ​លើ​ភាគី​រដ្ឋាភិបាល​កម្ពុជា​តែ​ម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។