តំណាងម៉ាកយីហោជាង៦០ ក្នុងតំបន់អឺរ៉ុប ប្រកាសគាំទ្រការប្ដេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការលើកស្ទួយបទដ្ឋានការងារ និងសង្គមនៅកម្ពុជា ហើយថ្កោលទោសទង្វើរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិការងារ។ សហជីពឯករាជ្យថា វិធានការដក EBA ២០% កំពុងលេចត្រដែតឡើងជាបញ្ហាធំហួសការស្មានសម្រាប់កម្ពុជា ជាពិសេសនៅពេលក្រុមហ៊ុនបញ្ជាទិញបង្ហាញជំហររបស់ខ្លួនជាបន្តបន្ទាប់បែបនេះ។
សម្ព័ន្ធម៉ាកយីហោសំលៀកបំពាក់អឺរ៉ុប (European Branded Clothing Alliance) ដែលជំនួសមុខឱ្យម៉ាកយីហោសំលៀកបំពាក់ជាង៦០ សោកស្ដាយចំពោះកង្វះខាត ការកែប្រែជាក់លាក់ជុំវិញកង្វល់លើវិស័យដែលសហភាពអឺរ៉ុបបានគូសបញ្ជាក់ ដែលនាំឱ្យគណៈកម្មការអឺរ៉ុបសម្រេចចិត្តដកផ្នែកខ្លះនៃការអនុគ្រោះពន្ធពីកម្ពុជា។ តំណាងម៉ាកយីហោអន្តរជាតិនេះ សង្កត់ធ្ងន់ថា សេចក្តីសម្រេចនេះនឹងមានផលប៉ះពាល់ធំធេងទាំងលើវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសប៉ះពាល់ដល់កម្មករនៅក្នុងផ្នែកដែលត្រូវដកការអនុគ្រោះពន្ធ។
តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៣ កុម្ភៈ សម្ព័ន្ធម៉ាកយីហោសំលៀកបំពាក់អឺរ៉ុប លើកទឹកចិត្តឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បន្តបំពេញទៅតាមលក្ខខណ្ឌរបស់គណៈកម្មការអឺរ៉ុប ដើម្បីឱ្យអឺរ៉ុបផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្លួនវិញ ស្របទៅតាមបទបញ្ញត្តិស្ដីពីការអនុគ្រោះពន្ធទូទៅ។ លក្ខខណ្ឌទាំងនោះ រួមមាន ការកែលម្អទង្វើរំលោភបំពានធ្ងន់ធ្ងរផ្ទុយពីកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងការលើកស្ទួយសិទ្ធិការងារឱ្យស្របទៅតាមបទដ្ឋានរបស់អង្គការអន្តរជាតិខាងការងារ (ILO)។
ជំហររបស់តំណាងម៉ាកយីហោជាង៦០ នៅតំបន់អឺរ៉ុបនេះ ក៏ប្រហាក់ប្រហែលគ្នាទៅនឹងជំហររបស់ក្រុមហ៊ុនសំលៀកបំពាក់លំដាប់ពិភពលោក អេច្ឆអ៊ែនអ៊ែម (H&M Group) ដែរ។ ក្រុមហ៊ុន H&M ដែលជាអ្នកបញ្ជាទិញផលិតផលវាយនភណ្ឌច្រើនសន្ធឹកសន្ធាប់នោះ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៣ កុម្ភៈថា ប្រសិនបើគ្មានការអនុគ្រោះពន្ធ EBA ទេ នោះកម្ពុជានឹងពិបាកផ្លាស់ប្ដូរឧស្សាហកម្មវាយនភណ្ឌរបស់ខ្លួន។ ម្យ៉ាងវិញទៀត វានឹងប៉ះពាល់ជាអវិជ្ជមានដល់ការវិនិយោគក្នុងថ្ងៃអនាគត ព្រមទាំងការរំពឹងទុក និងជំនឿចិត្ត ដែលជាធាតុផ្សំពីរដ៏សំខាន់នៃឧស្សាហកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀត ក្រុមហ៊ុន H&M មើលឃើញថា កម្ពុជានឹងពិបាកបង្កើតបាននូវឧស្សាហកម្មជឿនលឿន ដែលមានលក្ខណៈប្រកួតប្រជែងជាមួយកម្លាំងពលកម្មជំនាញ និងមានការគោរពសិទ្ធិការងារពេញលេញ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ចាត់ទុកសេចក្ដីថ្លែងការណ៍របស់តំណាងម៉ាកយីហោនៅអឺរ៉ុប និងក្រុមហ៊ុនបញ្ជាទិញទាំងនេះថា មិនឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែងនៅ កម្ពុជា និងធ្វើឡើងក្រោមហេតុផលនយោបាយ ក្នុងទិសដៅប្រស់ឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។ លោកថា រដ្ឋាភិបាលគ្មានសិទ្ធិបង្ខិតបង្ខំក្រុមហ៊ុនណាឱ្យមកទិញផលិតផលកម្ពុជាឡើយ ដូច្នេះការសម្រេចចិត្តទិញ ឬមិនទិញ ជារឿងរបស់ក្រុមហ៊ុនទាំងនោះ។ ជាពិសេសលោកថា បើក្រុមហ៊ុនទាំងនោះឈប់ទិញផលិតផលពីកម្ពុជា នោះរដ្ឋាភិបាលនឹងរកទីផ្សារផ្សេងទៀត៖ « យើងមិនមានជម្រើសអ្វីនោះទេ គឺថា យើងរកម៉ូយផ្សេងទៀត។ បើគាត់មិនទិញមួយ ក៏មានម៉ូយមួយផ្សេងគេទិញដែរ ពីព្រោះមនុស្សលើពិភពលោកជិត១ ម៉ឺនលាននាក់ហើយ។ បើថាប្រទេសមួយមិនស្លៀកពាក់ខោអាវកម្ពុជាទេ អាហ្នឹងអាចមានប្រទេសមួយ ឬពីរទៀត គេស្លៀកពាក់ខោអាវកម្ពុជាដែរ ព្រោះខោអាវកម្ពុជាថោកជាងប្រទេសនានាដែរ។ អាហ្នឹង ខ្ញុំយល់អ៊ីចឹង ពីព្រោះទីផ្សារសេរី យើងមិនអាចទៅបង្ខិតបង្ខំនរណាបានទេ ក៏ប៉ុន្តែយើងមានការហួសចិត្តនឹងការវាយតម្លៃ
ពីខាងក្រៅដែលមិនបានផ្សារភ្ជាប់នឹងសភាពការណ៍ពិតជាក់ស្ដែងនៅកម្ពុជាដែលមានបច្ចុប្បន្ននេះ » ។
ប៉ុន្តែប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា នេះជាការលើកឡើងបែបគ្មានការទទួលខុសត្រូវ។ លោកថា ក្រុមហ៊ុនម៉ាកយីហោល្បីៗ របស់លោកខាងលិច គឺជាអ្នកបញ្ជាទិញផលិតផលពីកម្ពុជាច្រើនជាងគេបំផុត ហើយក្រុមហ៊ុនទាំងនេះមានឆន្ទៈពិតប្រាកដក្នុងជួយអភិវឌ្ឍប្រទេសកម្ពុជា។ លោកមើលឃើញថា កម្ពុជាមិនអាចពឹងលើទីផ្សារប្រទេសចិន ឬប្រទេសផ្សេងទៀត ដើម្បីនាំចេញផលិតផលរបស់ខ្លួន ក្រៅពីទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នោះឡើយ៖ « ការលើកឡើងបែបនេះ វាគ្រាន់តែជាការដោះបន្ទុក ហើយមិនទទួលខុសត្រូវនោះទេ ពីព្រោះយើងដឹងហើយថា អ្វីៗដែលសហភាពអឺរ៉ុប និងក្រុមហ៊ុនបញ្ជាទិញ គេចង់ចូលរួមជួយអភិវឌ្ឍសង្គមកម្ពុជាយើង ទើបបានជាគេដាក់ការវិនិយោគទុនមកកម្ពុជាយើង ហើយមានប្រព័ន្ធអនុគ្រោះពន្ធ។ អស់ពីក្រុមហ៊ុនអ្នកបញ្ជាទិញដែលមានម៉ាកយីហោល្បីៗ ហ្នឹង យើងមើលទៅហាក់បីដូចជា គ្មានក្រុមហ៊ុនបញ្ជាទិញណាយកមកជំនួសក្រុមហ៊ុនបញ្ជាទិញទាំងអស់នេះទេ » ។
មេដឹកនាំសហជីពរូបនេះយល់ស្របថា ការដក EBA ត្រឹម ២០% អាចថា ជាចំនួនមិនច្រើនណាស់ណាទេ បើគិតជាទឹកប្រាក់ដែលត្រូវបង់ពន្ធ ក៏ប៉ុន្តែវាបានប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងក្រុមហ៊ុនបញ្ជាទិញធំៗ រួចទៅហើយ។ លោកជឿថា ប្រសិនបើកំណត់ត្រាអាក្រក់ផ្នែកសិទ្ធិមនុស្សមិនត្រូវបានកែលម្អទេ នោះការដក EBA ២០% ដែលជាជំហានដំបូងនេះ នឹងត្រូវពង្រីកកាន់តែធំ ហើយក្រុមហ៊ុនបញ្ជាទិញក៏អាចនឹងបញ្ឈប់ការទិញផលិតផលពីកម្ពុជាដែរ៖« បើគេដក២០ % ហើយ ពុំមានការកែលម្អទេ នោះនឹងមានអ្វីកើតឡើងបន្តបន្ទាប់ទៀត ឬក្រុមហ៊ុនបញ្ជាទិញហ្នឹង ក៏គេមិនអាចបញ្ជាទិញ។ បើក្រុមហ៊ុនអ្នកបញ្ជាទិញ គេឈប់បញ្ជាទិញហើយ អាហ្នឹងប្រឈមធ្ងន់ជាងអ្វីដែលដក EBA ទៀត។ អ្វីដែលគេចេញសេចក្ដីថ្លែងការណ៍ហើយ គេនឹងអនុវត្ត គេនឹងធ្វើហើយ បើយើងមិនធ្វើការកែលម្អស្ថានភាពវិបត្តិនយោបាយនៅកម្ពុជា » ។
ប្រសិនបើគ្មានការជំទាស់ពីសភា និងក្រុមប្រឹក្សាអឺរ៉ុបទេ សេចក្ដីសម្រេចដក EBA ២០% របស់គណៈកម្មការអឺរ៉ុប នឹងចូលជាធរមាននៅខែសីហាខាងមុខ។ ពេលនោះ កម្ពុជាត្រូវបង់ពន្ធប្រមាណ ១០០លានដុល្លារអាមេរិក ចំពោះទំនិញនាំទៅសហភាពអឺរ៉ុប ដែលពីមុនមក កម្ពុជាបានរួចកាតព្វកិច្ចពន្ធទាំងស្រុងចំនួនជិត ៧០០លានដុល្លារអាមេរិក។
សម្ព័ន្ធម៉ាកយីហោសំលៀកបំពាក់អឺរ៉ុប (European Branded Clothing Alliance) ជំរុញឱ្យអាជ្ញាធរកម្ពុជាប្ដេជ្ញាចិត្តគោរពសិទ្ធិមនុស្សឱ្យបានខ្លាំងជាងនេះ ព្រមទាំងបើកចំហថែមទៀតឱ្យមានកិច្ចសន្ទនានយោបាយនៅក្នុងប្រទេស។ ជាមួយគ្នានេះ ស្ថាប័ននេះអំពាវនាវដល់គណៈកម្មការអឺរ៉ុបឱ្យបង្កើតផែនទីចង្អុលផ្លូវច្បាស់លាស់ និងកំណត់ពេលជាក់លាក់សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីតាមដានដំណើរការវិវឌ្ឍនៅពេលប៉ុន្មានខែខាងមុខទៀតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។