អ្នក​ជំនាញ​​ចង់​ឃើញ​​រដ្ឋាភិបាល​​បង្ក​បរិយាកាស​ងាយស្រួលនិង​គាំទ្រ​ផលិតផល​ក្នុងស្រុក​ដើម្បី​ទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីធំៗ

0:00 / 0:00

អ្នកជំនាញ​ចង់ឃើញ​រដ្ឋាភិបាល​បង្ក​បរិយាកាស​ងាយស្រួល​ដល់​ក្រុមអ្នកវិនិយោគ​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត និង​គាំទ្រ​ផលិតផល​ក្នុងស្រុក​ ដើម្បី​ទាញយក​ប្រយោជន៍​ពី​​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​សេរីធំៗ។

ការលើកឡើង​នេះ ធ្វើឡើង​ស្របពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំៗ ពីរ​បានចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ២០២២ ​នេះ ក្នុងនោះ​រួមមាន​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន (Cambodia-China Free Trade Agreement) និង​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ (អាសិប-RCEP)​ ដែល​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏ធំបំផុត​លើ​ពិភពលោក​រវាង​សមាជិក​អាស៊ាន ១០ ប្រទេសជាមួយនឹង​ប្រទេសអូស្ត្រាលី​ (Australia) ​ចិន​ (China)​ ជប៉ុន​ (Japan)​ កូរ៉េខាងត្បូង​ (South Korea)​ និង​​ណូវែលហ្សេឡង់ (New Zealand) ​ត្រូវ​​ចូលជាធរមាន​ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ​នេះ​​ត​ទៅ។

អ្នកជំនាញ​កសិកម្ម​ក្លាយជា​អ្នកនយោបាយបណ្ឌិត យ៉ង សាំងកុមារ ពន្យល់​ប្រាប់​វិទ្យុអាស៊ីសេរី កាលពី​ថ្ងៃទី៣ ខែមករា​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំៗ​ ទាំងនេះ នឹង​នាំ​មកនូវ​ឱកាស​កាន់តែ​ច្រើន​សម្រាប់​កម្ពុជា។ ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ លោកថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទាំងនេះ​ ក៏អាច​បង្កើត​នូវ​បញ្ហា​ប្រឈម​ជាច្រើន​​សម្រាប់​ផលិត​ក្នុងស្រុក​ដែរ៖ « ដើម្បី​ឱ្យ​កម្ពុជា​កាន់តែ​ទទួល​ផលប្រយោជន៍​ថែមទៀត​នោះ គឺ​បង្កើន​ការផលិត​ក្នុងស្រុក​យើង ហើយនឹង​អ្នកវិនិយោគទុន​ក្នុងស្រុក ដូចជា​ផលិតករ និង​សិប្បករ ដើម្បី​ឱ្យ​គាត់ទទួលបាន​នូវការ​គាំទ្រ​ថែមទៀត មាន​សមត្ថភាព​ប្រកួតប្រជែង។ ទីមួយ ដើម្បី​ផលិត​សម្រាប់​ការនាំចេញ ទីពីរ ប្រកួតប្រជែង​ក្នុងការ​នាំចូល។ អ្វីដែលជា​ហានិភ័យ​មួយពិសេស​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នោះ គឺ​ផលិតផល​ប្រើប្រាស់​ជាច្រើន​នឹងហូរ​ចូលមក​ពីចិន​ចូលមកដល់​ប្រទេស​កម្ពុជា​ងាយស្រួល​ជាងមុន​ដោយសារ​អត់ពន្ធ​អត់មាន​របាំងអី​សំខាន់ៗ។ វាអាច​ល្អ​សម្រាប់​អ្នកប្រើប្រាស់ ប៉ុន្តែ​ទាក់ទងនឹង​ការផលិត​ក្នុងស្រុក វាអាចជា​ហានិភ័យ។ ក៏ប៉ុន្តែ បើសិន​ជា​យើងមាន​គោលការណ៍​គាំទ្រ​ដល់​ផលិតករ​ក្នុងស្រុក​ដើម្បី​ផលិត ដើម្បី​ប្រកួតប្រជែង ជាចំណុច​ដែល​ត្រូវ​យកចិត្ត​ទុកដាក់ »។

កម្ពុជា​បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដោយ​ចាត់ទុកថា ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុងការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាលើក​ដំបូង​បង្អស់។ ការឈាន​ទៅចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នេះ កើតមានឡើង​ក្នុងពេល​ដែល​សហភាព​អឺរ៉ុប​បាន​សម្រេច​ដកហូត​ផ្នែកខ្លះ​នៃ​ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ» ពី​កម្ពុជា ចំនួន ២០% កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារតែ​បញ្ហា​រំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរ​ជាប្រព័ន្ធ» និង​ការរម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ កម្ពុជា​អះអាង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ​ចិន​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន ជាពិសេស ការបើក​ទីផ្សារ​កាន់តែ​ធំ​ប្រសើរជាងមុន និង​ការទទួល​បាន​លំហូរ​ទីផ្សារ​ពាណិជ្ជកម្ម​សេវាកម្ម​បន្ថែមទៀត​ជាដើម។ ក៏ប៉ុន្តែ អ្នកជំនាញ​មួយ​ចំនួន​មើលឃើញថា កម្ពុជា​នឹងខាតបង់​ប្រយោជន៍​ច្រើន​ពី​ការចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នេះ ដោយ​សារតែ​កម្ពុជា​នាំទំនិញចូលក្នុងប្រទេស​កាន់តែច្រើន ហើយគ្មាន​ផលិត​ត្រូវនាំចេញ​បន្ថែម។ អ្នកជំនាញ​ទាំងនោះ​អះអាង​ថា វានឹង​ក្លាយ​ជា​ការធ្វើ​អត្តឃាត​ខ្លួនឯង តាមរយៈ​ការបើក​ច្រកទ្វា​ប្រកួតប្រជែង​ពាណិជ្ជកម្ម​សាកល ហើយ​បណ្តាល​ឱ្យ​ឧស្សាហកម្ម​ទន់ខ្សោយ​ក្នុងស្រុក​របស់​កម្ពុជា​ត្រូវ​ដួលរលំ។

ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​អះអាង​ថា តាម​រយៈ​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់ (អាសិប)​ កម្ពុជា​​អាចនឹង​មាន​កំណើន​ប្រចាំឆ្នាំ​ការនាំចេញ​ជាង ៧% ​(៧,៣%) វិនិយោគ​ជាង ២៣% (២៣,៤%) និង​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ ២% លើ​ផលិតផល​ក្នុង​ស្រុក​សរុប​ដែលមាន​បច្ចុប្បន្ន។ ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា កម្ពុជា​ទទួលបាន​នូវ​ភាពអនុគ្រោះពន្ធ​ពីកិច្ចព្រមព្រៀងនេះ​លើ​មុខទំនិញ​សំខាន់ៗជាច្រើន ដូចជា ​ទំនិញ​កសិកម្ម ទំនិញ​កសិកម្ម​កែច្នៃ ទំនិញ​ឧស្សាហកម្ម និង​ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ព្រមទាំង​ជំនាញ​ថ្មីៗ​ ពី​ការវិនិយោគ​ផ្ទាល់​របស់​បរទេសជាដើម។ ក៏ប៉ុន្តែ ​ ការសិក្សា​ស្រាវជ្រាវរួមគ្នា​មួយ​ចេញផ្សាយ​កាលពី​ដើមឆ្នាំ២០២១​ ដោយ​មជ្ឈមណ្ឌល​គោលនយោបាយ​អភិវឌ្ឍ​សាកល​ (Global Development Policy Center)​ នៃ​សាកលវិទ្យាល័យ​បូស្តុន (Boston University) នៅសហរដ្ឋអាមេរិក ដោយ​មន្ត្រីជំនាញ​របស់​អង្គការ​សហប្រជាជាតិ (UNCTAD)​ និង​​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​នេះ បាន​រកឃើញ​ថា កម្ពុជា​អាចនឹង​ខាតបង់​ចំណូល​ពន្ធ​ពាណិជ្ជកម្ម​ប្រមាណ ជិត ៣០០លាន​ដុល្លារ ​​(៣៣៤,៦ លាន​ដុល្លារ)​ ក្នុង​មួយ​ឆ្នាំៗ ឬស្មើនឹង ១,២៩% នៃ​ផលិតផល​ក្នុងស្រុក​កាលពី​ឆ្នាំ២០១៩។ លើសពីនេះទៀត មន្ត្រីជំនាញ​ដដែល​ក៏រកឃើញ​ថា កិច្ចព្រមព្រៀង​អាសិប​នេះ ក៏នឹង​ធ្វើ​ឱ្យ​​ជញ្ជីង​​ពាណិជ្ជកម្ម​របស់​កម្ពុជា​ធ្លាក់ចុះ ឬ​មាន​ឱនភាព​រហូតដល់ទៅ​ជាង -២ពាន់​លាន​ដុល្លារ (-២,៣១៨​ពាន់លានដុល្លារ) ក្នុង​មួយឆ្នាំ ឬ​ប្រមាណ -១៧% (១៧,៣%)៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។