ប្រជាកសិកររស់នៅស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ត្អូញត្អែរពីតម្លៃដំណាំបន្លែធ្លាក់ចុះថ្លៃខ្លាំង ធ្វើឱ្យពួកគាត់ត្រូវខាតបង់ច្រើន និង ខ្វះប្រាក់សងម្ចាស់បំណុល។ ប្រជាកសិករទាំងនោះ បន្តអំពាវនាវឱ្យរដ្ឋាភិបាល ទប់ស្កាត់ការនាំចូលបន្លែពីប្រទេសវៀតណាម ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក។
ប្រជាកសិកររាប់ពាន់គ្រួសារ ដែលប្រកបរបរ ដាំបន្លែតាមបណ្តោយទន្លេបាសាក់ ឋិតក្នុងស្រុកកោះធំ និងស្រុកស្អាង កំពុងបាក់ទឹកចិត្ត រឿងតម្លៃដំណាំបន្លែ បន្តធ្លាក់ថ្លៃ ហើយកសិករខ្លះទៀតបានបោះបង់មុខរបរនេះដោយបង្ខំចិត្តធ្វើចំណាកស្រុកដោយសារតែមុខរបរដាំបន្លែលក់មិនធ្វើឱ្យជីវភាពគ្រួសារពួកគាត់ប្រសើរឡើយ។
ពលរដ្ឋរស់នៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង លោកស្រី មឿន វ៉ាន់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែមករា ថា អ្នកភូមិភាគច្រើនដាំបន្លែស្ពៃតឿ សណ្តែកគួ និងសាឡាត់ ជាដើម កំពុងប្រឈមការខាតបង់ច្រើន នៅពេលប្រមូលផលឆ្នាំនេះ។
លោកថា ស្ពៃតឿ តម្លៃ ៥រយ រៀល (៥០០) ក្នុងមួយគីឡូក្រាម ថោកជាងឆ្នាំមុនៗ អាចលក់បានចន្លោះ ២ ពាន់រៀល (២០០០) ទៅ ៣ ពាន់រៀល(៣០០០) ក្នុងមួយគីឡូក្រាម។ លោកបន្ថែមថា បញ្ហានេះ ធ្វើឱ្យប្រជាកសិករបាក់ទឹកចិត្ត ក្នុងការដាំដុះបន្លែបែបធម្មជាតិ៖
«វាថោកពេក លែងនិយាយចេញ និយាយលែងចេញ។ ឱ្យសម្តេចជួយមើល ប្រជាជនងាប់អស់ហើយ ម្នាក់ៗជំពាក់ធនាគារ ចង់គ្រប់ស្ថាប័ន។ បើតម្លៃថោកបានលុយពីណាបង់សងគេវិញ»។
កសិករម្នាក់ទៀត រស់នៅភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ លោក ណយ សុខ សង្កេតឃើញថា បន្លែធ្លាក់ថ្លៃខ្លាំង ដោយសារអាជ្ញាធរបណ្តែតបណ្តោយឱ្យនាំចូលបន្លែពីប្រទេសវៀតណាមកាន់តែច្រើន មកលក់នៅទីផ្សារក្នុងស្រុក។ លោកថា បន្លែនាំចូលពីក្រៅប្រទេសថោកជាងបន្លែក្នុងស្រុក ហើយឈ្មួញកណ្តាល តែងតែទម្លាក់តម្លៃបន្លែ របស់កសិករខ្មែរ៖
«បើបិទគេជាប់ អាហ្នឹងអាចមានសង្ឃឹម បើឱ្យគេមកណែនៗ អត់មានសង្ឃឹមអីទេ។ អ្នកដាំគ្រាន់បានមួយនឿយហត់ អត់មានតម្លៃ។ ស្រុកខ្មែរយើង អត់បានចាំ យកពីយួនមក ក៏ធ្វើហូបមិនអស់ដែរ ឱ្យតែខ្មែរផលិត មិនសូវប្រើគីមី ច្រើនតែប្រើអាចម៍គោ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និង អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បាននៅឡើយទេ នៅថ្ងៃទី ០៩ មករា ដោយទូរសព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។
ប៉ុន្តែ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្តាល លោក សែ ឈុនទ្រី បានប្រាប់សារព័ត៌មាន (ភ្នំពេញប៉ុស្តិ៍) ក្នុងស្រុកថាកម្ពុជានាំចូលបន្លែចម្រុះពីវៀតណាមតាមច្រកព្រំដែនជ្រៃធំគិតជាមធ្យមចន្លោះពី ២០ តោន ក្នុង ១ ថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា។ លោកបញ្ជាក់ថា បន្លែនាំចូលពីវៀតណាមភាគច្រើន គឺបោះដុំលក់នៅខ្មែរតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ ។
កាលពីឆ្នាំ២០២១ ក្រសួងកសិកម្មបានប្រកាសថា កម្ពុជាចាំបាច់នាំចូលបន្លែពីប្រទេសជិតខាង២០ ភាគរយ ដើម្បីបំពេញតម្រូវការក្នុងស្រុក ព្រោះកម្ពុជាអាចផលិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានចន្លោះពី ៧៥ ទៅ ៨០ ភាគរយនៃតម្រូវការសរុប ១ លានតោនក្នុង១ឆ្នាំ។
ប្រជាកសិករសង្កេតឃើញថា ជារៀងរាល់ព្រឹកម៉ោង៤ ទាបភ្លឺ មានរថយន្ត និងម៉ូតូនាំបន្លែចម្រុះ ផ្លែឈើ ត្រី សាច់ ពីប្រទេសវៀតណាម មកលក់តាមបណ្ដាស្រុកជាប់ព្រំដែនក្នុងខេត្តកណ្តាល និងធ្លាយដល់រាជធានីភ្នំពេញ មកផ្គត់ផ្គង់នៅផ្សារដើមគរ និងផ្សេងមួយចំនួនទៀត។
កសិករលក់បន្លែនៅផ្សារដើមគរ អះអាងថា បន្លែដែលតាំងលក់នៅផ្សារដើមគររួមមាន ត្រសក់ល្ពៅ សណ្តែក ម្រះ ត្រកួន និងស្ពៃក្តោប ជាដើម ភាគច្រើននាំចូលពីប្រទេសវៀតណាម ព្រោះបន្លែទាំងនេះថោកជាង បន្លែក្នុងស្រុក។ រីឯម្ចាស់ភោជនីយដ្ឋាន និង អាហារដ្ឋាននានា ក្នុងរាជធានីភ្នំពេញ តែងតែបញ្ជាទិញបន្លែដែលនាំចូលពីប្រទេសវៀតណាម ទៅធ្វើម្ហូបលក់។
អ្នកទិញបន្លែពីកសិករយកទៅលក់បន្ត គឺលោកស្រី សែម សុផល សង្កេតឃើញថា តម្លៃបន្លែឡើងចុះ ផ្អែកតាមបរិមាណដែលកសិករប្រមូលតាមរដូវ។ លោកស្រីបញ្ជាក់ថា បើបន្លែណាសំបូរច្រើនតម្លៃនឹងធ្លាក់ចុះខ្លាំង ពេលខ្លះលក់មិនសូវដាច់ ហើយនៅពេលដែលបន្លែខ្សត់ តម្លៃបែរជាកើនឡើង៖
«សូមឱ្យរដ្ឋាភិបាលជួយចុះមើលពលរដ្ឋតាមផ្សារ តាមចម្ការ និងដាំបន្លែ បន្លែណា ត្រូវឱ្យគាត់ដាំចំណេញ ណែនាំពលរដ្ឋបានចំណូល គ្រាន់ចិញ្ចឹម។ កុំឱ្យងងឹតល្ងង់ តាំងពីម៉ែ ដល់កូនចៅទៀត»។
កាលពីឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាក់ការទទួលខុសត្រូវចំពោះករណីនេះ ទៅលើប្រជាពលរដ្ឋ។ លោកថា ជារឿងជ្រុលពេក ដែលមកស្ដីបន្ទោសរដ្ឋាភិបាល រឿងអាហារដែលមានជាតិគីមីនេះ ដែលតាមពិត គួរតែពលរដ្ឋខ្លួនឯងទៅវិញទេ ដែលមិនចេះមើលបន្លែមុននឹងទិញ៖
«នាំគ្នាធ្វើពហិការកុំទិញបន្លែបង្ការឬសាច់ ដែលមានសារជាតិគីមី វាចប់រឿងហើយ។ តែចាំបាច់មកជេររដ្ឋាភិបាលធ្វើអី?តែខ្លួនឯងទិញអាហ្នឹងមកស៊ី ស៊ីហើយ មានជំងឺ ហើយមកជេររដ្ឋាភិបាល។ រឿងជេររដ្ឋាភិបាលគឺជេរ ហ៊ុន សែន តែម្តងស៊ីមិនរើស លាងមិនស្អាត»។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង សង្កេតឃើញថា បន្លែនាំចូលពីក្រៅប្រទេសថោកជាង បន្លែក្នុងស្រុក ដោយសារបន្លែនាំចូលចំណាយថ្លៃដើមតិច កម្លាំងពលកម្មតិច និង ដាំដុះមានរយៈពេលខ្លី។ លោកយល់ថា រដ្ឋាភិបាលគួរតែរកមធ្យោបាយដោះស្រាយរឿងនេះ ដើម្បីជួយកសិករឱ្យមានជីវភាពធូរធា៖
«យើងពិនិត្យមើលដែរ បន្លែពីក្រៅវាចេញច្រើនពេក យើងអាចបង្អង់ដែរដើម្បីទុកលទ្ធភាព ឱ្យអ្នកផលិតក្នុងស្រុកគ្នាមានដង្ហើមរស់ដែរ។ នេះជារឿងសំខាន់។ យើងបើកលំហរហូតនេះក៏ជាបញ្ហាដែរ»។
កាលពីចុងឆ្នាំ ២០២២ របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចូលបន្លែជិត២ ពាន់ ៥រយតោន (២.៥០០តោន ) ក្នុង១ ថ្ងៃៗ ដោយសារតែផលិតកម្មដំណាំបន្លែក្នុងស្រុកមានបញ្ហាប្រឈមច្រើន មិនអាចផ្គត់ផ្គង់តម្រូវការក្នុងប្រទេសបានគ្រប់គ្រាន់។ ក្រសួងថា ការនាំបន្លែពីក្រៅប្រទេសដោយសារកម្ពុជា មានបញ្ហាបច្ចេកទេសដាំដុះ សម្ភារកសិកម្មថ្លៃ និងគ្រោះធម្មជាតិ ទើបវិស័យឯកជនបាននាំចូលបន្លែពីក្រៅស្រុកបន្ថែម ដើម្បីមកបំពេញតម្រូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។