ប្រជា​នេសាទ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ប្រឈម​អត់​អង្ករ​ច្រក​ឆ្នាំ​ដោយសារ​គ្រោះ​រាំងស្ងួត

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង មួយ​គ្រួ​សារ​បាន​បង្ខំចិត្ត​ឱ្យ​កូន​២​នាក់​ឈប់​រៀន​ក្នុង​វ័យ​កុមារ ដោយសារ​ជីវភាព​ក្រីក្រ បណ្ដាល​មក​ពី​រាំងស្ងួត​ហួតហែង​នៅ​បឹង​ទន្លេសាប និង​ផល​នេសាទ​ធ្លាក់​ចុះ។ ក្នុងចំណោម​ក្នុង​កុមារ​២​នាក់​នោះ ដោយ​ម្នាក់​ទៅ​ស៊ីឈ្នួល​ជួស​មង​ឱ្យ​អ្នកស្រុក​ជួយ​រក​ប្រាក់​គ្រួសារ និង​ម្នាក់ទៀត​ដើរ​ដាក់​លាន់​ចាប់​អន្ទង់​ជាមួយ​ឪពុក​តាម​ដងស្ទឹង​ជាប់​បឹង​ទន្លេសាប។

ប្រជា​នេសាទ​នៅ​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង លើកឡើង​ថា ជីវភាព​របស់​ពួកគាត់​កាន់តែ​ដុនដាប​ខ្លាំង ដោយសារតែ​ប្រមាណ​៣​ឆ្នាំ​មកនេះ​ជួប​គ្រោះ​រាំងស្ងួត រីង​ហួតហែង​តាម​បឹងបួ​ដងអូរ និង​រីង​គោក​មាត់​បឹង​ទន្លេសាប។

ឪពុក​កុមារទាំង​២​នាក់​រស់នៅ​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ លោក លន់ ហីង ប្រាប់​អាស៊ីសេរី​ថា កូន​របស់​លោក​ចំនួន​២​នាក់​នោះ មាន​ស្រី​ម្នាក់ និង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​ឈប់​រៀន​ប្រមាណ ៣​ឆ្នាំ​ហើយ ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ​មិន​មាន​លទ្ធភាព​រក​ប្រាក់​ឱ្យ​កូន​ទៅ​សាលារៀន។ បុរស​វ័យ​៥០​ឆ្នាំ​ប្លាយ​រូប​នេះ​បន្ត​ថា លោក​មិនបាន​ហាម​កូន​មិន​ឱ្យ​ទៅ​រៀន​នោះ​ទេ គឺ​ពួកគេ​សម្រេច​ចិត្ត​ឈប់​ដោយ​ខ្លួនឯង ដោយសារ​ឃើញ​គ្រួសារ​ក្រីក្រ​ពេក ពួកគេ​ក៏​នាំ​ឈប់​រៀន​ទៅ​ជួយ​រក​ប្រាក់​ឪពុកម្ដាយ ដោះស្រាយ​ជីវភាព​គ្រួសារ។ លោក​បន្ថែម​ថា ថ្វីត្បិតតែ​កូន​ឈប់​រៀន​ទាំង​២​នាក់​ក៏ដោយ ក៏​ជីវភាព​គ្រួសារ​របស់​លោក​នៅតែ​ក្រីក្រ​ដដែល ហើយ​កាន់តែ​ក្រ​ជាង​មុន ដោយសារ​គ្រោះ​រាំងស្ងួត និង​ផល​នេសាទ​ថយ​ចុះ។ លោក​បន្ត​ទៀត​ថា លោក​មាន​លាន់​មួយ​ចំនួន ដាក់​បាន​អន្ទង់​ប្រមាណ ៥​គីឡូក្រាម ក្នុង​មួយ​សប្ដាហ៍ ហើយ​ពេល​ទូទាត់​សោហ៊ុយ​ថ្លៃ​ដើម​ទិញ​ជន្លេន​សម្រាប់​ធ្វើ​នុយ​អន្ទង់​ហើយ នៅ​ប្រាក់​ប្រមាណ​ពី ៤​ទៅ ៥​ម៉ឺន​រៀល ក្នុង​មួយ​សប្ដាហ៍៖ «កូន​អត់​បាន​រៀន​វា​ចេះតែ​តាម វា​ឃើញ​ឪពុក​ចាស់​ហើយ​វា​មិន​សូវ​ហ៊ាន​ទៅ​ព្រៃ​ម្នាក់ឯង។ ខ្ញុំ​អត់​មាន​របរ​អី​ទេ មានតែ​ដាក់​លប និង​លាន់ ហើយ​ដល់​ខែវស្សា​ដាក់​ឡើ និង​ចិញ្ចឹម​ត្រី​នៅ​ខែវស្សា​ខ្លះ។ ខ្ញុំ​ឈឺ​ស្កាត់​អីចេះ​តែ​ស្រវេស្រវា អ្នកណា​គេ​គ្រាន់​ចេះតែ​រក​គេ​ទៅ ចងការ​គេ​ខ្លះ​យក​ប្រើប្រាស់​សិន»។

​លោក​បន្ត​ថា​សព្វថ្ងៃ​កូនពៅ​អាយុ​១៣​ឆ្នាំ ដើរ​ជាមួយ​លោក​រក​កន្លែង​មាន​ទឹក​ដាក់​លាន់ ចាប់​អន្ទង់​នៅ​តាម​ដងស្ទឹង​ជាប់​បឹង​ទន្លេសាប ចំណែក​ឯ​កូនស្រី​អាយុ​១៥​ឆ្នាំ​វិញ ទៅ​ស៊ីឈ្នួល​ជួស​មង​ឱ្យ​អ្នកភូមិ​ដែល​មាន​ជីវភាព​ធូរធារ​នៅ​ក្នុង​មូលដ្ឋាន​ជួយ​រក​ប្រាក់​ឪពុកម្ដាយ។

កុមារី ហីង ហួ ថ្លែង​ថា នាង​រៀន​បាន​ថ្នាក់​១ ក៏​សម្រេចចិត្ត​ឈប់​រៀន ដើម្បី​ទៅ​ធ្វើ​ការងារ​ជួយ​រក​ប្រាក់​ចំណូល​ឪពុកម្ដាយ​តាំងពី​១២​ឆ្នាំ​មក ដោយសារ​ឃើញ​ឪពុកម្ដាយ​ធ្វើការ​រក​ប្រាក់​លំបាក​ពេក។ កុមារី​រូប​នេះ​បន្ត​ថា នៅ​រដូវប្រាំង​នាង​ទៅ​ស៊ីឈ្នួល​ជួស​មង​ជួស​អួន​ឱ្យ​អ្នកភូមិ​ក្បែរ​ខាង​បាន​ប្រាក់​ប្រមាណ​១​ម៉ឺន ៥​ពាន់​រៀល (១៥.០០០)​ក្នុង​មួយថ្ងៃ ប៉ុន្តែ​មិន​ទៀងទាត់​ទេ ថ្ងៃ​ខ្លះ​ក៏បាន​ទៅ​ថ្ងៃ​ខ្លះ​ក៏​មិនបាន​ស៊ីឈ្នួល​ដែរ គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ជួល ហើយ​នៅ​រដូវវស្សា​ស៊ីឈ្នួល​កាត់​ក្បាល​ត្រី​គេ។ កុមារី ហីង ហួ បន្ថែម​ថា ប្រាក់ចំណូល​ទាំងនេះ​នាង​ប្រគល់​ឱ្យ​ម្ដាយ​នាង​ទាំងអស់ ក៏​នៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ដែរ ព្រោះ​នៅ​ក្នុង​ផ្ទះ​មាន​សមាជិក​គ្រួសារ​ដល់​ទៅ ៤​នាក់ ហើយ​ត្រូវ​ចំណាយ​លើ​ចំណីអាហារ​និង​សំលៀកបំពាក់៖ «ខ្ញុំ​ចង់​រៀន​ឱ្យ​បាន​ខ្ពស់​ដូច​គេ​ដូច​ឯង​ដែរ ប៉ុន្តែ​ម៉ែឪ​ខ្ញុំ​ក្រ​ពេក​ខ្ញុំ​ស្ដាយ។ បើ​និយាយ​ទៅ​ខ្ញុំ​ទើប​ចេះ​ជួស​មង​ឱ្យ​គេ​បាន​២​ឆ្នាំ បើ​ខ្ញុំ​មិន​ខំប្រឹង​វា​អត់​លុយ​ចាយ​ខ្លួនឯង ខ្ញុំ​បើ​គេ​ហៅ​ទៅ​ប្រើ​ខ្ញុំ​ចេះតែ​ទៅ​ស៊ីឈ្នួល​គេ​ទៀត»។

ទោះបីជា​យ៉ាងណា​កុមារី​រូប​នេះ អះអាង​ថា នាង​ក៏​នៅ​តែ​មាន​ចិត្ត​ចូលរៀន​វិញ​ដែរ ប្រសិនបើ​មាន​ស្ថាប័ន​ណា​ជួយ​ផ្ដល់​ប្រាក់​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​នាង អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​សមរម្យ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នោះ។

ចំណែក​អ្នកស្រី ស្រី សុខ ជា​ម្ដាយ​របស់​កុមារី​រូប​នេះ​មានប្រសាសន៍ថា អ្នកស្រី​អាណិត​កូន​ទាំង​២ និង​ព្រួយបារម្ភ​អំពី​អនាគត​របស់​ពួកគេ​ដែរ ប៉ុន្តែ​ពុំ​លទ្ធភាព​ជួយ​ដល់​ពួកគេ​ឱ្យ​បាន​ទៅ​សាលារៀន​វិញ​នោះ​ទេ ព្រោះ​ឪពុកម្ដាយ​មាន​វ័យ​កាន់តែ​ចាស់​ណាស់​ទៅ​ហើយ ម្យ៉ាងទៀត​ក៏​គ្មាន​មុខរបរ​ផ្សេង​ក្រៅ​អំពី​ការ​ធ្វើ​នេសាទ​ត្រី​និង​ចាប់​អន្ទង់​នេះ​ដែរ​៖ «ខ្ញុំ​បង្ខំ​ឱ្យ​វា​រៀន​ដែរ​ប៉ុន្តែ​ថ្ងៃ​ណា​វា​ទៅ​សាលា​ឱ្យ​លុយ​គ្រូ​ដឹង​តែ​៥០០​រៀងរាល់​ថ្ងៃ យើង​អត់​លុយ ៥០០​ឱ្យ ហើយ​ពេល​ខ្លះ​ទៅ​ដាក់​លាន់​ក៏​មិនសូវ​បាន​ដែរ​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​ណាមួយ​ប្ដី​ក៏​ឈឺ​កាន់តែ​យ៉ាប់​ខ្លាំង​គ្រួសារ​ខ្ញុំ ហើយ​រក​មិន​បាន​ផង មើល​ថ្ងៃនេះ ឪ​វា​ទៅ​ដាក់​មកវិញ​បាន​អន្ទង់​ប្រហែល​កន្លះ​គីឡូក្រាម»។

អ្នកស្រី​បន្ត​ថា បញ្ហា​នេះ​ចម្បង​ដែល​បណ្ដាល​ឱ្យ​ពួកគាត់​ក្រីក្រ ដោយសារ​ឆ្នាំនេះ​នៅ​តំបន់​បឹង​ទន្លេសាប​ជួប​គ្រោះ​រាំងស្ងួត​តាំងពី​ខែ​មេសា​រហូត​មក ហើយ​មកទល់​ថ្ងៃ​ទី​១៨ កក្កដា មិន​ទាន់​មាន​ភ្លៀង​ជោកជាំ​នៅឡើយ​ទេ​។​ម្យ៉ាងទៀត​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប ធ្វើ​ឱ្យ​អាកាសធាតុ​ក្ដៅ​ហួតហែង រីង​អស់​បឹងបួ​ដងអូរ ធ្វើ​ឱ្យ​បាត់បង់​ទីកន្លែង​នេសាទ។

អនុប្រធាន​ភូមិ​ក្បាល​តោល លោក ឡេង ខេង ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក​ដែល​ខ្វះខាត​ខ្លាំង មាន​ប្រមាណ ៧០​គ្រួសារ ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង​៨០០​គ្រួសារ ក្នុង​​នោះ​មាន​ពលរដ្ឋ​មិន​​តិច​ជាង​៦០​គ្រួសារ​ទេ ដែល​កុមារ​បោះបង់​ការសិក្សា ដើម្បី​ទៅ​ជួយ​ធ្វើការ​រក​ប្រាក់​ឪពុកម្ដាយ។ លោក​បន្ត​ថា ថ្មីៗ​នេះ​លោក​មេឃុំ​កោះជីវាំង បាន​បញ្ជា​ឱ្យ​មេភូមិ​ក្បាល​តោ​ល​ស្រង់​ឈ្មោះ​ពលរដ្ឋ​បាន​ចំនួន​២០​គ្រួសារ​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​ថ្នាក់លើ ដើម្បី​សុំ​ស្បៀង​ជួយ​ដល់​ពួកគាត់​៖ «បាទ​!​វា​អីចេះ​ដល់​គាត់​រក​មិន​លុយ​ហើយ​ឪពុកម្ដាយ​មិន​មាន​លុយ​ឱ្យ​កូន​រៀន ហើយ​កូន​វា​មិន​ដឹង​នៅផ្ទះ​ធ្វើ​អី​យក​កូន​ទៅ​នេសាទ​ជាមួយ​ទៅ​គ្រាន់​បាន​អុំទូក ថ្វី​ត្បិត​វា​មិនបាន​កម្លាំង​ពេញ​ក៏​គ្រាន់​បាន​ជួយ​អុំ​ទប់​ទូក​កុំ​ឱ្យ​វិល​ដែរ កូន​អ្នក​ទន្លេសាប​តែ ៨ ទៅ ៩​ឆ្នាំ​វា​ចេះ​អុំទូក​ហើយ»។

​ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាលខេត្ត​បាត់ដំបង​លោក ងួន រតនៈ ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ថ្នាក់ជាតិ​បាន​ត្រៀម​ស្បៀងអាហារ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ឃុំ​កោះ​ជី​វាំង​រួចហើយ​។​ទោះជា​យ៉ាងណា​លោក​អះអាង​ថា ស្បៀងអាហារ​ទាំងនេះ​ជួយ​រយៈពេល​ខ្លី អំឡុង​ពេល​ពលរដ្ឋ​បាត់បង់​ប្រាក់ចំណូល​ពីរ​បរ​នេសាទ​តែប៉ុណ្ណោះ៖ «ជួយ​សម្រាល​បន្ទុក​គាត់​ក្នុង​រដូវ​នេះ​ដែល​គាត់​នេសាទ​មិនសូវ​បាន រឿង​នេះ​វិធីសាស្ត្រ​មានតែ​ផ្ដល់​ស្បៀង​នឹង​ឯង ក្នុង​វិធីសាស្ត្រ​វា​ទាល់តែ​រៀបចំ​ឱ្យ​គាត់​រក​លំនៅឋាន​អី​ឱ្យ​សមរម្យ បើ​គាត់​នៅ​អីចឹង​ធ្វើ​ម៉េច​បាន​។​ជូន​កាល​អ្នកខ្លះ​គាត់​មាន​ដី​នៅ​ខាងលើ​ណេះ​ដល់​រដូវ​នេសាទ​គាត់​ទៅវិញ ដល់ពេល​ទឹក​លិច​គាត់​ទៅលើ ជូន​កាល​ក៏​មាន​បែបនេះ​ខ្លះ​ដែរ មិនមែន​ខាំ​ស្មៅ​នៅ​ទីនោះ​ទាំងអស់​ទេ បើ​តាម​យើង​ក្ដាប់​បាន»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបាត់ដំបង​លោក យិន ម៉េងលី លើកឡើង​ថា ជំនួយ​ស្បៀងអាហារ​នេះ​គ្រាន់តែ​ជា​ការ​ដោះស្រាយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ឱ្យ​ជីវភាព​របស់​ពលរដ្ឋ​ទាំងនោះ​ប្រសើរ​ឡើង​នោះ​ទេ។ លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​យូរអង្វែង អាជ្ញាធរ​ត្រូវ​រក​ដី​ចែក​ឱ្យ​ពួកគាត់​ដាំ​ដុះ នៅ​រដូវប្រាំង ដើម្បី​បាន​ប្រាក់ចំណូល​បន្ថែម​នៅ​ពេល​ពួកគាត់​បាត់បង់​របរ​នេសាទ។ បន្ថែម​ពី​នេះ​លោក​សង្កាត់​ធ្ងន់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែរ ដោយ​មិន​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ទៅ​មុន​ទៀត​នោះ​ឡើយ ព្រោះ​កុមារ​នៅ​តំបន់​ទន្លេសាប​អាច​នឹង​បោះបង់​ការសិក្សា​កាន់តែ​ច្រើន​ថែមទៀត៖ «អ៊ីចឹង​ខេត្ត​គប្បី​លើក​ផែនការ​លើ​បញ្ហា​នេះ​ដាក់​ជូន​ថ្នាក់​ជាតិ​ជា​បន្ទាន់ ដើម្បី​រួមគ្នា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ឬ​ក្រសួង​អប់រំ​ដើម្បី​មាន​វិធាន​ការ​ជួយ​ដល់​សិស្ស​ដែល​ឪពុកម្ដាយ​មាន​ជីវភាព​ក្រីក្រ ដើម្បី​ឱ្យ​ពួកគាត់​កុំ​ឱ្យ​កូន​ទៅ​ធ្វើ​ចំណាកស្រុក ដើម្បី​ឱ្យ​បាន​ចូល​សាលា ទើប​ធនធាន​មនុស្ស​របស់​យើង​អាច​ជៀស​ផុត​បញ្ហា​ប្រឈម​ទៅ​ថ្ងៃ​អនាគត»។

តំបន់​បឹង​ទន្លេសាប​នៅ​ស្រុក​ឯក​ភ្នំ មាន​ប្រជាពលរដ្ឋ​ពីរ​ឃុំ​រស់នៅ គឺ​ឃុំ​ព្រៃចាស់ និង​ឃុំ​កោះជីវាំង ដែល​មាន​ចំនួន​រាប់ពាន់​គ្រួសារ​។ ពលរដ្ឋ​រស់នៅ​ពឹងផ្អែក​ទាំង​ស្រុក​ទៅលើ​របរ​នេសាទ ដោយ​មិន​មាន​ដីស្រែ​សម្រាប់​ដាំ​ដុះ និង​ប្រកបមុខរបរ​ផ្សេង ដូច​ប្រជាពលរដ្ឋ​នៅ​តំបន់​ដទៃ​នោះ​ទេ។ អនុប្រធាន​ភូមិ​ក្បាល​តោល លោក ឡេង ខេង ឱ្យ​ដឹង​ថា ក្នុង​ចំណោះ​នោះ​មាន​ពលរដ្ឋ​នៅ​ឃុំ​កោះជីវាំង ប្រមាណ​៧០០​គ្រួសារ​ហើយ ដែល​មាន​ជីវភាព​ក្រីក្រ និង​ខ្វះខាត​ស្បៀងអាហារ​ប្រចាំថ្ងៃ។​លោក យិន ម៉េងលី កត់សំគាល់​ថា ពលរដ្ឋ​រក​ប្រាក់​ចំណូល​មិន​បាន បណ្ដាល​មក​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ចេះតែ​បណ្ដោយ​ជនល្មើស​លួច​នេសាទ​ខុសច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប​ជា​រៀងរាល់​ឆ្នាំ និង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ដែល​បណ្ដាល​ឱ្យ​បាត់បង់​ដល់​ជម្រក​ត្រី​ពង​នៅ​តំបន់​នោះ។ លោក​បន្ថែម​ថា បញ្ហា​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ការ​រក​ចំណូល​របស់​ពលរដ្ឋ​កាន់តែ​ខ្លាំង ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​មិន​ធ្វើ​មិន​ដឹង​មិន​ឮ មិន​ព្រម​ដោះស្រាយ​ជូន​ពួកគាត់​ដូច​សព្វ​ថ្ងៃ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។