ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​គ្រោង​​ឡើង​តវ៉ា​នៅ​ភ្នំពេញ ដើម្បីសុំរដ្ឋាភិបាល​បន្ត​រកស៊ី​រាវ​លៀស​តាម​បឹង​ទន្លេ​សាប

0:00 / 0:00

តំណាង​ប្រជា​នេសាទ​រាប់​រយ​គ្រួសារ​រស់នៅ​ក្នុង​ស្រុក​ចំនួន៣ ក្នុង​ខេត្តកំពង់ឆ្នាំង​ព្រមាន​ថា នឹង​ប្រមូល​ផ្ដុំ​គ្នា​សា​ជា​ថ្មី ឡើង​តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ការ​អនុញ្ញាត​បន្ត​រកស៊ី​រាវ​លៀស​ខ្ចៅ​ខ្យង និង​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ។ ពួក​គាត់​បាន​ស្នើសុំ​ដល់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ឱ្យ​បញ្ឈប់​ការ​គំរាមកំហែង​ប្រជា​នេសាទ និង​អះអាង​ថា ការ​ប្រកប​របរ​នេសាទ​លក្ខណៈ​គ្រួសារ​របស់​ពួក​គាត់​មិន​មែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ឡើយ។

ពលរដ្ឋ​រស់នៅ​ស្រុក​ចំនួន៣ គឺ​ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង ស្រុក​ជល់គិរី និង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែល​ចាត់​ទុក​មុខ​របរ​នេសាទ​តាម​ដង​បឹង​ទន្លេសាប​ជា​ឆ្នាំង​បាយ និង​ជា​ចំណូល​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជីវភាព​គ្រួសារ ឈឺចាប់​នឹង​ទង្វើ​របស់​ក្រុម​ទាហាន និង​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បន្ត​សម្លុត​គំរាម​កំហែង និង​ហាម​មិន​ឱ្យ​អ្នក​ភូមិ​រកស៊ី​រាវ​លៀស និង​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ។

តំណាង​ប្រជាពលរដ្ឋ​ប្រកប​របរ​រាវ​លៀស​រស់​នៅ​ភូមិ​ឆ្នុកទ្រូ ស្រុកបរិបូរណ៍ គឺ​លោកស្រី ច័ន្ទ ដេ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បច្ចុប្បន្ន​ក្រុម​ទាហាន និង​សមត្ថកិច្ច​នៅ​តែ​បន្ត​ពង្រាយ​កម្លាំង​យាម​ល្បាត​តាម​បឹង​ទន្លេសាប និង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​បន្ត​រាវ​លៀស​ទៀត​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា អាជ្ញាធរ​បាន​ប្រាប់​អ្នក​រាវ​លៀស​ថា អាច​រាវ​បាន​គឺ​រាវ​ដោយ​ដៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ឧបករណ៍​រាវ​លៀស​ទៀត​នោះ​ទេ តែ​លោកស្រី​បញ្ជាក់​ថា ចំណាត់​ការ​បែប​នេះ​ពលរដ្ឋ​មិន​អាច​រកស៊ី​បាន​ទេ​ព្រោះ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នៅ​តំបន់​ខ្លះ​មាន​ជម្រៅ​ជ្រៅ​លិច​ក្បាល។ តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ទៀត​ថា អ្នក​ភូមិ​ឆ្នុក​ទ្រូ​ដែល​រកស៊ី​រាវ​លៀស អាច​នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​មេ​ដឹកនាំ​អនុញ្ញាត​ឱ្យ​ពួកគាត់​ប្រកប​របរ​នេះ​ជា​លក្ខណៈ​គ្រួសារ​បន្ត​ទៀត ដោយសារ​តែ​អ្នក​ភូមិ​ភាគ​ច្រើន​គ្មាន​ដី​ធ្លី​ធ្វើ​ស្រែ​ចម្ការ​ដាំដុះ​ដំណាំ​កសិកម្ម​នោះ​ទេ។

លោកស្រី ច័ន្ទ ដេ៖«ចង់​និយាយ​ថា យើង​នៅតែ​លួច​ទៅ​រក​អ៊ីចឹង។ យើង​អត់​មាន​អី​រក យើង​ត្រូវ​ការ​ចំណាយ​ច្រើន កូន​ក៏​ច្រើន។ ណា​មួយ​កូន​រៀន កូន​ស៊ី យើង​ចំណាយ​ច្រើន។ ការណ៍​ដែល​យើង​ស្នើ គឺ​ស្នើសុំ​ម៉ាស៊ីន​មួយ​សុំ​ចាក់​ទូក​តូច។ ប្រសិនបើ​បង​ទាហាន​គាត់​នៅ​តែ​ផ្ដាច់ការ គាត់​ឱ្យ​យើង​រក​បាន​ខ្លះ​ប្រហែល​ជា​តវ៉ា​ដល់​ភ្នំពេញ។ យើង​អត់​មាន​អី​រក​ចូល បើ​រង់ចាំ​ចម្លើយ​ក៏​យូរ យើង​នៅតែ​លួច​ទៅ​រក​អ៊ីចឹង។ ប៉ុន្តែ​ពេល​ខ្លះ ក៏​ជួប​ទាហាន​គាត់​ស្លូត គាត់​ចេះ​តែ​ឱ្យ​រក​ខ្លះៗ អ៊ីចឹង​ទៅ។ ប៉ះ​ទាហាន​ខ្លះ គឺ​ដាច់ខាត​អត់​ឱ្យ​យើង​រក សម្លុត​គំរាម​យើង ប្រមាថ​រក​ចាប់​យើង។ ពេល​ខ្លះ​ទៅ សម្លុត​ខ្លាំងៗ ដល់​ថ្នាក់​យើង​បាក់»។

អ្នក​ភូមិ​ឆ្នុក​ទ្រូ​បាន​ដាក់​ញត្តិ​ចំនួន​ពីរ​ដង​រួច​មក​ហើយ ទៅ​កាន់​សាលាស្រុក​បរិបូរណ៍ និង​សាលា​ខេត្តកំពង់ឆ្នាំង កាល​ពី​ដើម​ខែកុម្ភៈ ដើម្បី​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​គំរាមកំហែង និង​ហាម​អ្នក​ភូមិ​មិន​ឱ្យ​រាវ​លៀស​តាម​ដង​បឹង​ទន្លេ​សាប។ កាល​ពី​ថ្ងៃ​ទី៦ ខែកុម្ភៈ មន្ត្រី​សាលាស្រុក​បរិបូរណ៍​ក៏​បាន​កោះហៅ​តំណាង​ប្រជា​នេសាទ​ក្នុង​ភូមិ​ឆ្នុក​ទ្រូ​ប្រមាណ ១០០នាក់ ទៅ​ពិភាក្សា ក្រោយ​ពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ តវ៉ា​ស្នើសុំ​បន្ត​រកស៊ី​រាវ​លៀស ប៉ុន្តែ​តំណាង​ពលរដ្ឋ​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​នៅ​តែ​គ្មាន​ដំណោះស្រាយ ដោយ​អាជ្ញាធរ​គ្រាន់​តែ​បញ្ជាក់​ថា ពួក​គេ​នឹង​ដាក់​សំណើ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ជា​មុន​សិន។

ចំណែកកាល​ពី​ថ្ងៃ​ទី១៤ ខែកុម្ភៈ ប្រជា​នេសាទ​រាប់​រយ​នាក់​រស់​នៅ​ក្នុង​ស្រុក៣ និង​នៅ​ក្រុង​កំពង់ឆ្នាំង​ក៏​បាន​លើកគ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ទៀត ដើម្បី​ដាក់​ញត្តិ​តវ៉ា​ស្នើសុំ​អាជ្ញាធរ​ពន្យារ​ពេល​រុះរើ​សម្រាស់​ដាក់​ត្រី និង​សុំ​អាជ្ញាធរ និង​រដ្ឋាភិបាល​ឱ្យ​កំណត់​តំបន់ នៃ​ទីតាំង​ដែល​ពួក​គាត់​អាច​នេសាទ​ត្រី និង​រាវ​លៀស​បន្ត​ទៀត​បាន។

សម្រាស់ គឺ​សំដៅ​ទៅ​លើ​សកម្មភាព​ប្រជា​នេសាទ​កាប់​មែក​ឫស្សី ឬ​មែក​ឈើ​តូចៗ ដាក់​ក្នុង​បឹង​ទន្លេសាប​ឱ្យ​ត្រី​រស់​នៅ ហើយ​ប្រជា​នេសាទ​ប្រើ​ឧបករណ៍​អួន និង​មង ដើម្បី​អូស​ត្រី។ ប្រជា​នេសាទ​អះអាង​ថា វិធីសាស្ត្រ​នេះ គឺ​ធ្វើ​តាំង​ពី​ដូនតា ហើយ​ពលរដ្ឋ​ភាគ​ច្រើន ក៏​គ្មាន​លទ្ធភាព​រាយ​មង និង​អួន​រាប់​ពាន់​គីឡូ​ម៉ែត្រ ដើម្បី​អូស​យក​ត្រី​ច្រើន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​នោះ​ទេ។

ការណែនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី១៧ ខែកុម្ភៈ បាន​ប្រកាស​ថា អាជ្ញាធរ​ជំនាញ និង​ក្រុម​ទាហាន​ត្រូវ​តែ​អនុវត្ត​ដោយ​យក​ប្រជាពលរដ្ឋ​ជា​ធំ និង​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​ឡាយ​ណា​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​ទិន្នផល​ត្រី​សម្រាប់​ប្រជា​នេសាទ​តូច​តាច។

លោក ហ៊ុន ម៉ាណែត៖«ក្រសួង​ការពារ​ជាតិ ក៏​ដូច​កងទ័ព​ជើង​គោក ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ការងារ​នេះ ព្រោះ​នេះ​សុំ​ឱ្យ​ច្បាស់ គឺ​ប្រជា​ពលរដ្ឋ​ជា​គោល។ បើ​យើង​អនុវត្តៗ ទៅ​លើ​អ្នក​ដែល​ទ្រង់ទ្រាយ​ធំ ហើយ​ខូច​ប្រយោជន៍​ធំ ហើយ​សម្រាប់​ប្រជាពលរដ្ឋ ត្រូវ​មាន​ភាព​បត់បែន​ដូច​ការ​លើក​អ៊ីចឹង ព្រោះ​ជួនកាល​ប្រជាពលរដ្ឋ​អត់​មាន​ទេ អួន​ខ្លះ​មួយ​គីឡូ​ដី​នោះ ប្រសិន​ប្រជា​សហគមន៍​មាន​អួន​មួយ​គីឡូ​ដី ខ្ញុំ​ពិបាក​ជឿ​ណាស់ ហើយ​យើង​អនុវត្ត​ទៅ​ជាមួយ​មន្ទីរ​ជំនាញ បើ​មិន​ចុះ​ខ្លួន​ឯង​ទេ សហការ​ទៅ​ហើយ​ល្បាត​មើល​ផង។ ខ្ញុំ​ឃើញ​ថា ការណ៍​ធ្វើ​នេះ​ហើយ ដែល​ឈាន​ដល់​គេ​ស្រែក​ថា ត្រី​ច្រើន​អត់​ទីផ្សារ សុខ​ចិត្ត​ឱ្យ​គេ​ត្រី​ច្រើន​អត់​ទីផ្សារ ប្រសើរ​ជាង​អត់​ត្រី​ឱ្យ​ប្រជាជន ដោយសារ​យើង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​អត់​បាន។ នេះ គឺ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំង លោក ស្រ៊ន សំឫទ្ធី និង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែកុម្ភៈ។

អនុសាសន៍របស់មន្ត្រីអង្គការសង្គមស៊ីវិល

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) ប្រចាំ​ខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មាន​ប្រសាសន៍​ថា ចំណាត់​ការ​ដ៏​ប្រញាប់ប្រញាល់​របស់​អាជ្ញាធរ​ឱ្យ​ប្រជា​នេសាទ​ត្រី​រុះរើ​សម្រាស់ និង​ហាម​មិន​ឱ្យ​អ្នក​រាវ​លៀស​បន្ត​រក​ស៊ី​បែប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ។ លោក​បន្ថែម​ថា របរ​រាវ​លៀស​តាំង​ពី​ដើម​មក​ពុំ​មាន​ហាម​ឃាត់​នោះ​ទេ ប៉ុន្តែ បច្ចុប្បន្ន​ផ្ទៃ​បឹង​ទន្លេសាប​កំពុង​រង​ផល​ប៉ះពាល់​ដល់​ធនធាន​ជីវចម្រុះ​ជា​បន្ត​បន្ទាប់ ដូច្នេះ​លោក​ថា អ្នក​ប្រកប​របរ​នេះ​ត្រូវ​ប្រើប្រាស់​ឧបករណ៍​ខ្លះ​ទើប​រាវ​បាន។

លោក សំ ចាន់គា៖«រដ្ឋាភិបាល​គួរតែ​រក​វិធី​ទាំងឡាយ​ណា ដើម្បី​ឱ្យ​ប្រជា​នេសាទ​គាត់​អាច​ដូរ​មុខ​របរ​ណា​ផ្សេង​ទៅ​ជំនួស ដើម្បី​ចិញ្ចឹម​ជីវិត​គាត់​បាន ហើយ​រយៈ​ពេល​នៃ​ការ​ដាក់​ឱសានវាទ ក៏​គួរ​ដាក់​ឱ្យ​វែង​ដែរ ដើម្បី​ឱ្យ​គាត់​ងាក​ចេញ​រើ​ខ្លួន​ចេញ​ពី​មុខ​របរ​នេសាទ​ដែល​ខ្សត់​ទៅៗ នេះ។ ប្រសិនបើ​យើង​ធ្វើ​ទៅ​ចាប់​បង្ខំ​បែប​នេះ​ប៉ះពាល់​ណាស់ ប៉ះពាល់​ដល់​ជីវិត​ការ​រស់នៅ​របស់​គាត់ នៅ​ពេល​ដែល​គេ​ផ្ដាច់​លែង​ឱ្យ​រក​ភ្លាម​អ៊ីចឹង​ទៅ គាត់​មាន​មុខ​របរ​ឯណា រក​មុខ​របរ​ថ្មី ឬ​ចាប់​មុខ​របរ​ថ្មី​ឯណា​កើត។ អ៊ីចឹង ធ្វើ​ឱ្យ​ប៉ះពាល់​ការ​រស់​នៅ​របស់​ពួក​គាត់»។

អត្ថបទដែលទាក់ទង៖

ពលរដ្ឋច្រើនគ្រួសារនៅកំពង់ឆ្នាំងតវ៉ា​សុំ​បន្តរកស៊ីរាវលៀសតាមដងទន្លេចិញ្ចឹមជីវិត

ជនជាតិវៀតណាមរស់នៅលើដី៤០ហិកតារ ក្នុង​ខេត្តកំពង់ឆ្នាំង​ត្អូញ​អំពី​ជីវភាព​លំបាក និង​ខ្លះវិល​ទៅ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​វិញ

តំណាង​ប្រជា​នេសាទ​អះអាង​ថា ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់​នៅ​តាម​បឹង​ទន្លេ​សាប​ដាក់​មង និង​អួន​មាន​មុខ​ខ្នាត​តូច​ប៉ុណ្ណោះ និង​ស្រប​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​អូស​យក​លៀស​ខ្ចៅ​ខ្យង និង​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​ដោះស្រាយ​បញ្ហា​បំណុល​ធនាគារ និង​ទប់ទល់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​មិន​គួរ​អាជ្ញាធរ​ចោទ​អ្នក​ភូមិ​ថា បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ និង​ហាម​មិន​ឱ្យ​ប្រកប​មុខ​របរ​លើ​ផ្ទៃ​ទឹក​បែប​នេះ​ទេ។ តំណាង​ប្រជា​នេសាទ​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ចង់​ឱ្យ​រដ្ឋាភិបាល​កំណត់​ច្បាប់​ឱ្យ​បាន​ច្បាស់លាស់ និង​កំណត់​ទីតាំង​ឱ្យ​អ្នក​ភូមិ​បន្ត​រកស៊ី​នៅ​តំបន់​មួយ​ចំនួន​នៃ​ផ្ទៃ​បឹង​ទន្លេសាប ដើម្បី​អាច​ទាញ​បាន​ចំណូល​សម្រាប់​ដោះស្រាយ​បំណុល​ធនាគារ ទប់ទល់​បញ្ហា​ជីវភាព​គ្រួសារ និង​ចំណាយ​លើ​ថ្លៃ​សិក្សា​របស់​កូនៗ ជាដើម។

អ្នកភូមិ​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​គ្មាន​ដំណោះស្រាយ​ឱ្យ​ពលរដ្ឋ​អាច​បន្ត​រកស៊ី​នេសាទ​ត្រី និង​រាវ​លៀស​បាន ពួក​គាត់​មាន​តែ​ជម្រើស​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ការងារ​ធ្វើ។ ប៉ុន្តែ ពួក​គាត់​មិន​ចង់​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ស្រុក​កំណើត​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។