មន្ត្រីសង្គមស៊ីវិលសង្ឃឹមថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងមានវិធានការលើធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលរំលោភសិទ្ធិមនុស្ស។ ទោះយ៉ាងណា ប្រធានធនាគារអេស៊ីលីដា ដែលរងការចោទប្រកាន់ក្នុងបណ្ដឹងនោះអះអាងថា ធនាគារតែងការពារសិទ្ធិអតិថិជន និងចាត់ទុកការចោទប្រកាន់នេះថា តែងតែកើតមានឡើងនៅពេលកៀកបោះឆ្នោតម្ដងៗ។
ការរំពឹងថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងចាត់វិធានការលើធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ក្រោយពេលIFCបានយល់ព្រមទទួលពាក្យបណ្ដឹង របស់អង្គការសង្គមស៊ីវិលចំនួនពីរ ដែលតំណាងឲ្យអ្នកខ្ចីប្រាក់ដោយចោទប្រកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារចំនួន៦ដែលរងការចោទប្រកាន់ថា បានរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពានលើបទដ្ឋានអនុវត្តស្តង់ដារ លើប្រាក់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ឲ្យដឹងថា នៅពេលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)យល់ព្រមទទួលបណ្ដឹងរបស់ពលរដ្ឋ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ នឹងពិនិត្យមើលឯកសារពាក់ព័ន្ធ ដែលឈានដល់ការសម្រេចណាមួយលើករណីនេះ។ លោកសង្ឃឹមថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នឹងចាត់ការធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលរំលោភសិទ្ធិមនុស្សតាមនីតិវិធីរបស់ខ្លួន។ លោករំលឹកថា មូលហេតុពលរដ្ឋប្ដឹងបែបនេះ ព្រោះស្ថាប័នផ្ដល់ប្រាក់កម្ចីទាំងនេះ បានបង្ខំពលរដ្ឋដែលជាកូនបំណុល ឲ្យលក់ដី លក់ផ្ទះ និងបង្កឲ្យមានពលរដ្ឋកុមារ ចំណាកស្រុក និងការរំលោភសិទ្ធិមនុស្សផ្សេងទៀត ដែលទង្វើទាំងនេះ ជាការ រំលោភបំពានលើបទដ្ឋានអនុវត្តស្តងដាសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ៖ «យើងចង់ឲ្យមានការស៊ើបអង្កេតប៉ុន្តែឥឡូវគេ ( សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ) កំពុងសិក្សាទៅលើនីតិវិធីរបស់គេថា គេត្រូវចាត់វិធានយ៉ាងម៉ិចនៅលើនីតិវិធីរបស់គេទេ បាទយើងរង់ចាំមើលសិន»។
ទាក់ទងបញ្ហានេះ ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាលោក អ៊ិន ចាន់នី លើកឡើងថា អង្គការសង្គមស៊ីវិល តែងចេញរបាយការណ៍និយាយមិនល្អពីការផ្ដល់ប្រាក់កម្ចីរបស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនារដូវបោះឆ្នោតម្ដងៗ។ លោកយល់ថា ការប្ដឹងនេះហាក់ខុសគោលដៅ ព្រោះលោកយល់ថា ករណីនេះពលរដ្ឋឬអតិថិជន គួរប្ដឹងមកស្ថាប័នដែលពួកគេខ្ចីលុយ ឬប្ដឹងទៅធនាគារជាតិរបស់កម្ពុជា។ ប្រធានធនាគារអេស៊ីលីដា រូបនេះថ្លែងអះអាងថា ធនាគារអេស៊ីលីដា មានយន្តការការពារសិទ្ធិកូនបំណុល ដោយនៅតាមសាខានានាមានកន្លែងទទួលពាក្យប្ដឹងរបស់អតិថិជន ហើយមន្ត្រីរបស់ធនាគារតែងរំលឹកប្រាប់ទៅពលរដ្ឋពីសិទ្ធិរបស់ពួកគេរាល់ពេលផ្ដល់ប្រាក់កម្ចី។ លោកឲ្យដឹងទៀតថា ប្រសិនមានបុគ្គលិកធនាគាររូបណាត្រូវបានរកឃើញថា រំលោភសិទ្ធិអតិថិជន ឬគំរាមកំហែង អតិថិជន ធនាគារនឹងចាត់វិធានការភ្លាម៖ «មិនអនុញ្ញាតដាច់ខាតឲ្យបុគ្គលិកទៅបំពានអតិថិជនដូចក្នុងរបាយការណ៍ទេ ហើយបើដឹងក៏មិនឲ្យបុគ្គលិកនៅបំពេញការងារដែរ ព្រោះបំពានគោលការណ៍ផ្ទៃក្នុងរបស់ធនាគារផងទៅលើក្រមប្រតិបត្តិដែលយើងអនុសារណៈនៅក្នុងសមាគមធនាគារផង រំលោភទៅលើអ្វីដែលជាបញ្ញត្តិរបស់ធនាគារជាតិទៅទៀត»។
ទោះយ៉ាងណា ប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ឲ្យដឹងថា ប្រសិន ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានធ្វើខុសដូចក្នុងពាក្យប្ដឹងមែននោះ សមាគមមីក្រូហិរញ្ញវត្ថុមិនអាចលើកលែងឲ្យបាននោះទេ។ លោកថា កន្លងទៅក៏មានការចោទប្រកាន់បែបនេះ ប៉ុន្តែ មិនដែលរកឃើញដូចការចោទប្រកាន់ឡើយ។ ទោះយ៉ាងណាលោកទទួលស្គាល់ថា ការរំលោភសិទ្ធិអតិថិជនក៏ធ្លាប់កើតមានដែរ ដោយបុគ្គលផ្ទាល់ដែលជាភ្នាក់ងារឥណទានបានប្រព្រឹត្តខុសគោលការណ៍ស្ថាប័ន៖ «យើងរកឃើញករណីមួយចំនួនតូចហ្នឹងគឺច្រើនពាក់ព័ន្ធជាមួយបុគ្គលិករបស់គ្រឹះស្ថានហ្នឹងគាត់គ្មានក្រមសីលធម៌ គាត់ប្រព្រឹត្តមានការឆ្គាំឆ្គងដែលជាទូទៅនៅពេលយើងចាប់បានបុគ្គលិកហ្នឹងនឹងប្រឈមនឹងការដាក់ពិន័យ ឬការបណ្ដេញពីការងារឬក៏ជួនកាលគឺយើងអាចប្ដឹងគាត់ឡើងទៅតុលាការក្នុងករណីធ្ងន់ធ្ងរ»។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុរូបនេះយល់ថា នៅពេលមានពាក្យបណ្ដឹងបែបនេះ តិចឬច្រើនអាចធ្វើឲ្យប៉ះពាល់វិស័យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬស្ថាប័នដែលរងការចោទប្រកាន់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារចំនួន៦ ថាបានរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពានលើបទដ្ឋានអនុវត្តស្តង់ដារ លើប្រាក់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា រួមមាន ៖ ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ ស្ថាប័នទាំង៦នេះ រួមគ្នាកាន់កាប់ប្រាក់កម្ចីខ្នាតតូចទូទាំងប្រទេសប្រមាណ៧៥ភាគរយ។
កាលពីឆ្នាំ២០២១ អង្គការលីកាដូ រកឃើញថា ''វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កំពុងធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សនៅក្នុងភូមិជាច្រើន''។ អង្គការលីកាដូឲ្យដឹងទៀតថា ពលរដ្ឋដែលជាកូនបំណុលទាំងនោះ បានបង្ខំចិត្តខ្ចីប្រាក់ពីអ្នកចងការឯកជន កាត់បន្ថយអាហារបរិភោគ លក់ទ្រព្យសម្បត្តិ លក់ដី ពលកម្មកុមារ កុមារបោះបង់ការសិក្សា ភាពតានតឹងនៅក្នុងគ្រួសារ បញ្ហាដំណេកនិងការធ្វើចំណាកស្រុកដោយសារបញ្ហាបំណុល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។